ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​ លោក​គ្រោងបន្ត​កាន់​តំណែង​រហូត«ឈប់​ចង់​ធ្វើ»


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ដែល​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ដែល​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រកាស​ថា ​លោក​គ្រោង​ស្ថិត​ក្នុង​តំណែង​រហូត​ដល់​ពេល​មួយ​ដែលលោក«ឈប់​ចង់​ធ្វើ» តែអ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ បាន​ហៅ​ប្រសាសន៍​ប្រធាន​បក្ស​ខ្លួន​ថា ​ត្រឹម​ជា​«វោហាស័ព្ទនយោបាយ»។​

ប្រមុខ​អង្គ​នីតិប្រតិបត្តិ​ដែល​ស្ថិត​ក្នុង​តំណែង​រយៈ​ពេល​៣៦​ឆ្នាំ​ តាំង​ពី​ឆ្នាំ​១៩៨៥​មក បាន​ថ្លែង​ដូច្នេះ​ ក្រោយ​ពេល​លោក ​និង​ក្រុម​មន្ត្រី​វ័យ​ចំណាស់​នៃ​គណៈ​រដ្ឋមន្ត្រី និង​ការិយាល័យ​នយោ​បាយ​គណបក្ស​ប្រជាជន​កម្ពុជា​ ចាក់​វ៉ាក់​សាំង AstraZeneca ដែល​ទទួល​ស្គាល់​ដោយអង្គការ​សុខភាព​ពិភព​លោក (WHO)។

នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ អំឡុង​សន្និសីទ​សារព័ត៌មាន​ដែល​អនុញ្ញាត​ឱ្យ​ចូល​តែ​បណ្ដាញ​ទូរទស្សន៍​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចំនួន​៥​ស្ថាប័ន​ លោក ហ៊ុន សែន ដែល​មាន​វ័យ​៦៨​ឆ្នាំ បាន​លើក​ឡើង​ថា ​គូ​ប្រជែង​របស់​លោក ​មិន​អាច​ផ្ដួល​លោក​បានឡើយ។

លោក​បន្ថែម​ថា៖ «ព្រោះ​ខ្ញុំ​នៅ​តែ​បន្ដ​នៅ​ហ្នឹង។ ងាយ​ងាប់​ទៅ​ណា​? ​ឥឡូវ​បាន​វ៉ាក់សាំង​ចូល​ខ្លួន​ទៀត ​អត់​ងាយ​ងាប់​សោះ។ ហើយ​ខ្ញុំ​អត់​ប្រកាស ​ឥឡូវ​ឈប់​ប្រកាស​ពី​រឿង​១០ឆ្នាំ ឬ​២០ឆ្នាំ ធ្វើ​ហ្អែង​ទាល់​តែ​ឈប់​ចង់​ធ្វើ។ កុំ​ឱ្យ​វា​ពិបាក​ពេក។ បន្ដិច​ផ្ទេរ​អំណាច​ឱ្យ ហ៊ុន ម៉ាណែត បន្ដិច​ផ្ទេរ​អំណាច​ឱ្យ​ទៅ​អ្នក​នេះ ឱ្យ​ទៅ​អ្នក​នោះ។ ឥឡូវ​មិន​បាច់​ផ្ទេរ​តែ​ម្ដង នៅ​អ៊ីចឹង​តែ​ម្ដង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

កាល​ពី​មុន ​លោក ហ៊ុន សែន ​ធ្លាប់​លើក​ឡើង​ថា​ លោក​នឹង​ចាក​ចេញ​ពី​តំ​ណែង​ជា​នាយករដ្ឋមន្រ្តី​នៅ​ឆ្នាំ​២០២៨ ឬ​ឆ្នាំ​២០៣០។​

កាល​ពី​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០ លោក ហ៊ុន សែន ថ្លែង​ថា​ ពេល​លោក​ចាក​ចេញ​ពី​តំ​ណែង​នៅ​ឆ្នាំ​២០៣០ លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន ឬ​ក៏​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក អាច​ជា​បេក្ខភាព​ជំនួស​រូប​លោក​បាន។

ហើយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ លោក​ហ៊ុន សែន​ បាន​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក ​នឹង​បន្តដឹកនាំ​ប្រទេស​កម្ពុជា​រហូត​ដល់​១០០​ឆ្នាំ​ទៀត។

លោក សុខ ឥសាន អ្នក​នាំពាក្យ​បក្សប្រជាជន​កម្ពុជា លើក​ឡើង​ថា​ ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី​គ្រាន់​ជា«វោហា​ស័ព្ទនយោ​បាយ»​ ឆ្លើយ​តប​នឹង​អ្នក​រិះគន់​ដែល​លោក​ថា​ តែង​លើក​ឡើង​អំពី​«ឯកជន​ភាវូបនីយ​កម្ម»​តំណែង​នាយក​រដ្ឋមន្ត្រី​ជូន​គ្រួសារ​ត្រកូល​«ហ៊ុន»។​

សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​ប្រាប់​វីអូអេ​ថា៖

«តាម​ខ្ញុំ​យល់ ចិត្ត​ខ្ញុំ​ទេ ពួក​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​ចង់​លាប​ពណ៌​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ហ្នឹង ថា​ចង់ផ្ទេរ​តំណែង​ត​កូន​ត​ចៅ ដែល​វា​អត់​ត្រូវ​រឿង វា​ផ្ទុយ​ពី​គោល​ការណ៍​របស់​គណ​បក្សប្រជា​ជន​កម្ពុជា។ អ៊ីចឹង​ទេ សម្ដេច​ជ្រេញ​ពេក សម្ដេច​ឆ្លើយ​តប​របៀប​នេះ​ទៅ»។

នៅ​ពេល​ត្រូវ​បាន​វីអូអេ​សួរ​ថា​ តើ​ប្រសាសន៍​លោក ហ៊ុន សែន ជា​ការ​ផ្លាស់​ប្ដូរ​គម្រោង​ចូល​និវត្តន៍​ដែល​លោក​ថា ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០៣០ ​ឬ​យ៉ាង​ណា​ លោក សុខ ឥសាន បាន​ឆ្លើយ​ថា៖

«ខ្ញុំ​អត់​ដឹង​ដែរ។ អា​ហ្នឹង​ទាល់​តែ​សួរ​សម្ដេច​បាន​ដឹង​។ ក៏​ប៉ុន្តែ​ទៅ​តាម​គោលការណ៍​របស់​គណ​បក្សប្រជាជននិង​លក្ខន្ដិកៈ​និង​បទ​បញ្ជា​ផ្ទៃក្នុង ​គឺពេល​ណា​ដែល​ឧទ្ទេសនាម​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ហ្នឹង ​គឺ​អាស្រ័យ​ទៅ​លើ​មហា​សន្និបាត​ជា​អ្នក​សម្រេច យើង​មិនអាច​ប៉ាន់ស្មាន​ត្រូវ​មុន​ទេ​»។

កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរ​ភាសា បាន​ធ្វើ​សេចក្ដី​រាយការណ៍​មួយ​អំពីតួ​នាទី​កាន់​តែ​សកម្ម​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​របស់រដ្ឋា​ភិបាល​ថា​ ជា​«ការ​ពង្រីកឥទ្ធិពលរបស់លោក»​ក្នុង​សមរភូមិ​នយោបាយ​ត្រៀម​ទៅ​កាន់​អំណាច។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ឆ្នាំ​២០១៧ គណបក្ស​ប្រជាជន​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ទាំង​អស់​នៅ​រដ្ឋ​សភា ​ហើយ​ក្រុម​រដ្ឋា​ភិបាលបស្ចិម​លោក​បាន​សម្ដែង​ក្ដី​បារម្ភ​អំពី​លម្ហ​នយោបាយ​«រួម​តូច»។

លោក​បណ្ឌិត មាស នី អ្នក​អត្ថាធិប្បាយ​នយោ​បាយ បាន​យល់​ឃើញ​ថា ទោះ​មាន​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ នឹង​ចង់​កាន់​អំណាច​រហូត​លោក​លែង​ចង់​ធ្វើ​មែន តែ​ផ្លូវ​ឈាន​ទៅ​ស្នង​តំ​ណែង​លោក ហ៊ុន សែន ដោយ​លោក​ ហ៊ុន ម៉ាណែត នៅ​តែ​បន្ត​លេច​ចេញ​ជា​រូប​រាង។

លោក​មាន​ប្រសាសន៍​ថា៖

«ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ខ្ញុំ​យល់​ថា​ ជា​ការ​បង្ហាញ​អំពី​អារម្មណ៍​ធុញទ្រាន់​របស់​គាត់សម្រាប់​អ្នករិះគន់ទៅ​លើ​រឿង​ហ្នឹង ប៉ុន្តែ​ក្នុង​ទិដ្ឋ​ភាព​ជាក់​ស្ដែង​ យើង​ក៏​បាន​ឃើញ​ដែរ​ការ​ខំ​ប្រឹងប្រែងហ្នឹង​ កំពុង​ប្រព្រឹត្ត​ទៅ​(is underway) គ្រាន់​ថា​ពេលណា​នោះ​ យើង​មិន​ទាន់​ដឹង​ទេ»។

លោក​ ហ៊ុន ម៉ាណែត ​បច្ចុប្បន្ន​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក មាន​ឋានន្តរស័ក្ដ​ជាឧត្ដម​សេនីយ៍​ឯក ហើយ​នៅ​ក្នុង​ជួរ​បក្ស លោក​ជា​អនុ​ប្រធានគណៈ​ចលនា​មហាជន​ ជា​ប្រធានយុវជន​ថ្នាក់​កណ្ដាល​របស់​បក្ស និង​ជា​សមាជិក​ការិយាល័យ​នយោបាយ ​ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍៕

XS
SM
MD
LG