លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រះការមន្ទិលដែលមានជាយូរឆ្នាំមកហើយថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អាចក្លាយជាអ្នកស្នងតំណែងតត្រកូល ពោលគឺតំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជានៅថ្ងៃណាមួយនាពេលអនាគត។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា លោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតលើកក្រោយ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន មិនបានកំណត់នៅឡើយថា កូនប្រុសច្បងវ័យ៤៣ ឆ្នាំរបស់លោក នឹងអាចដាក់បេក្ខភាពក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលណាជាក់លាក់នោះទេ។
សម្រាប់លោក អ៊ូ វីរៈ ស្ថាបនិកវិទ្យាស្ថានវេទិកាអនាគត ការប្រកាសរបស់ប្រមុខរដ្ឋាភិបាល កើតឡើងដោយសារតែគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាឯកបក្ស ដោយគ្មានគូប្រជែងនយោបាយ។ មួយវិញទៀត វាគឺជានិន្នាការជំរុញអ្នកដឹកនាំវ័យក្មេងឲ្យឡើងជំនួសតួនាទីអ្នកដឹកនាំវ័យចំណាស់ក្នុងគណបក្ស ដែលកាន់អំណាចយូរនេះ។
«គណបក្សប្រជាជនកាន់អំណាចផ្តាច់មុខរួចទៅហើយ មិនមានគណបក្សណាអាចប្រកួតប្រជែងបាន។ ដូច្នេះបើសិនជាគណបក្សប្រជាជនកម្ពុជា ចង់រើសអ្នកណាក៏មិនមានអ្វីប្រឈម ដែលអាចធ្វើឲ្យមានការបាត់បង់ការគាំទ្រក្នុងការបោះឆ្នោត ឬការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារគ្មានជម្រើសដទៃដែលអាចប្រកួតប្រជែងបាន»។
លោក ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ពោលគឺលោកកាន់តំណែងនេះអស់រយៈ៣៥ ឆ្នាំមកហើយ។ប៉ុន្តែ ប្រធានគណបក្សប្រជាជនកម្ពុជាដដែលនេះ ធ្លាប់បានអះអាងជាសាធារណៈថា លោកនឹងបន្តអង្គុយលើកៅអីនាយករដ្ឋមន្ត្រីរហូតដល់អាយុ៩០ឆ្នាំ ឬ ក៏អាចធ្វើជានាយករដ្ឋមន្ត្រីពីរអាណត្តិបន្តទៀត។
ទោះជាយ៉ាងណានៅពេលនេះលោក ហ៊ុន សែន បង្ហាញកាន់តែច្បាស់ជាងមុនអំពីការត្រួសត្រាយផ្លូវសម្រាប់លោក ហ៊ុន ម៉ាណែត។
បច្ចុប្បន្នជាឧត្តមសេនីយ៍ឯកពាក់ផ្កាយបី លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក West Point និងបណ្ឌិតសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កូនប្រុសច្បងរបស់ប្រមុខរដ្ឋាភិបាលខ្មែររូបនេះ ត្រូវបានដំឡើងតួនាទី និងការទទួលខុសត្រូវជាន់ខ្ពស់ជាបន្តបន្ទាប់។ លោក ហ៊ុន ម៉ាណែត បានកាន់មុខតំណែងគន្លឹះជាច្រើន ក្នុងនោះ លោកជាអគ្គមេបញ្ជាការរងកងទ័ពនិងជាមេបញ្ជាការកងទ័ពជើងគោក។ លោកក៏ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សផងដែរ។ ជាសមាជិកគណៈកម្មការអចិន្ត្រៃនៃគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវជ្រើសតាំងជាប្រធានក្រុមយុវជននៃគណបក្សនេះបន្ថែមទៀត កាលពីពេលថ្មីៗនេះ។
ការទទួលខុសត្រូវ និងតួនាទីទាំងនេះ ហាក់ដូចជាកម្រាលផ្លូវមួយដែលត្រូវរៀបចំសម្រាប់ជំនួសការកាន់ចង្កូតប្រទេសពីឪពុករបស់លោក។
ប៉ុន្តែលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបកស្រាយដោយគាំទ្រគោលការណ៍មេគណបក្សរបស់ខ្លួនថា លោក ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រីជំនាន់ថ្មីរបស់គណបក្សកាន់អំណាច ដែលមានសមត្ថភាពលេចធ្លោ។
«សម្តេចមានប្រសាសន៍ថា ហ៊ុន ម៉ាណែត អាចជាបេក្ខជន (នាយករដ្ឋមន្ត្រី) គឺត្រឹមត្រូវហើយ (ព្រោះ) ក្នុងចំណោមយុវជន គាត់លេចធ្លោជាងគេ»។
លោក ឈាង វុន បន្ថែមថា ការសម្លឹងមើលបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត នាពេលអនាគត គឺជាផ្នែកមួយនៃផែនការនយោបាយនៃគណបក្សកាន់អំណាច ដែលកំពុងជំរុញក្រុមយុវជនជំនាន់ថ្មីឲ្យឡើងបន្តវេនដឹកនាំ។
ប៉ុន្តែ ទោះជាបែបនេះក្តី ចង់ឬមិនចង់ ប្រសិនបើលោក ហ៊ុន ម៉ាណែត នឹងត្រូវតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីជំនួសលោក ហ៊ុន សែន រូបភាពនេះ នឹងរំឭកឲ្យគេពិចារណាលើការអនុវត្តដ៏តិចតួចនៅក្នុងពិភពលោក។ ហើយមានប្រទេសដ៏កម្រដែលបានចាប់យកគោលការណ៍ដ៏តិចតួចនេះ។
ដោយឡែកក្នុងតំបន់អាស៊ីប្រទេសកុម្មុយនិស្តដ៏ឆ្អិនឆ្អៅកូរ៉េខាងជើង មានការដឹកនាំអំណាចតត្រកូលពីជីតា គឹម អ៊ីលស៊ុង ដល់កូន គឹម ជុងអ៊ីល ហើយលោកគឹម ជុងអ៊ីល ក៏បានផ្ទេរតំណែងបន្តដល់កូនប្រុស គឹម ជុងអ៊ុន ដែលកំពុងតែក្តាប់អំណាចដែកថែបក្រុងព្យុងយ៉ាងសព្វថ្ងៃ។
ដោយឡែកនៅក្នុងបរិបទនេះដែរ ប្រទេសសិង្ហបុរីដែលជាកូននាគសេដ្ឋកិច្ចមួយនៅអាស៊ី អតីតនាយករដ្ឋមន្ត្រីលោក លី ក្វាន់យូ បានផ្ទេរតំណែងទៅឲ្យកូនប្រុស លី ស៊ាន ឡុង ដែលជាកូនច្បងក្នុងគ្រួសារ និងដែលកំពុងកាន់តំណែងសព្វថ្ងៃ។ ដោយឡែកប្រទេសម៉ាឡេស៊ី ក៏មានការប៉ុនប៉ងបែបនេះដែរ ប៉ុន្តែក្រោយមកក៏បានបរាជ័យទៅវិញ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល មិនទាន់ដឹងពីមូលហេតុពិត ដែលលោក ហ៊ុន សែន បានបង្ហើបពីលទ្ធភាពនៃបេក្ខជននាយករដ្ឋមន្ត្រីនៃកូនប្រុសរបស់ខ្លួននាពេលនេះទេ។ ប៉ុន្តែអ្នកនយោបាយប្រឆាំងរូបនេះយល់ថា នេះ «ជាសញ្ញាមិនល្អសម្រាប់ប្រទេសកម្ពុជា»។
«ចង់បង្កើតគ្រួសារដែលដឹកនាំប្រទេសជារៀងរហូត ដូចកូរ៉េខាងជើងពីជីតាដល់កូន ពីកូនដល់ចៅ។ ប៉ុន្តែ សូមប្រាប់លោក ហ៊ុន សែន វិញថា ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិឯកជនដាច់ថ្លៃរបស់ត្រកូល ហ៊ុន សែន ទេ គឺអាស្រ័យលើឆន្ទៈប្រជារាស្ត្រ»។
ទោះជាយ៉ាងណាលោក ឈាង វុន តំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាថ្លែងការពារថា នេះ«មិនមែនជាការផ្ទេរអំណាចពីឪពុកដល់កូនទេតែជារបៀបប្រជាធិបតេយ្យ» ដែលបក្សកាន់អំណាចមានសិទ្ធិជ្រើសរើសបេក្ខជន និងកំណត់បេក្ខជននាយករដ្ឋមន្ត្រីទុកជាមុន។
យោងតាមសារព័ត៌មាន Aljazeera នៅខែមិនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន ឈរក្នុងលំដាប់ទី៤ ក្នុងចំណោមមេដឹកនាំចំនួន១១ ប្រទេសក្នុងពិភពលោក ដែលកាន់អំណាចយូរបំផុតក្នុងពេលបច្ចុប្បន្ន គឺនៅពីក្រោយប្រទេស ហ្គីនណេ អេក្វាទ័រ ប្រទេសកាម៉េរូន និងប្រទេសកុងហ្គោ។
ដោយឡែកតាមគេហទំព័រ Brookings នៅឆ្នាំ ២០១៥ មានមេដឹកនាំនៃប្រទេសអាហ្វ្រិកចំនួនប្រាំពីរ ដែលបានបន្តអំណាចពីឪពុកដល់កូន ក្នុងនោះមានប្រទេស បូស្វាណា (Botswana) ប្រទេសកេនយ៉ា (Kenya) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Congo) ប្រទេសហ្គាបុង (Gabon) ប្រទេសតូហ្គោ (Togo) ប្រទេសម៉ូរីទ្យើស (Mauritius) និងប្រទេសម៉ាឡាវី (Malawi)។
យ៉ាងណាក៏ដោយប្រទេសកម្ពុជា ទំនងជាមិនអាចស្ថិតតាមលំអានបរទេសទាំងស្រុងនោះទេ។ អ្នកវិភាគខ្លះយល់ថា យ៉ាងហោចណាស់កម្ពុជា គួរតែក្រឡេកមើលគម្រូល្អមួយចំនួនរបស់ប្រទេសសិង្ហបុរី។ បើទោះជាមានការបន្តដឹកនាំកាន់កាប់ប្រទេសពីលោក លី ក្វាន់យូ រហូតដល់កូន ប៉ុន្តែប្រទេសនេះ មានកិត្តិសព្ទ និងសេដ្ឋកិច្ចមុតស្រួចក្នុងឆាកអន្តរជាតិ។
លោក អ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគតថ្លែងថា៖ «សិង្ហបុរីដូរ(អំណាច)តាមរយៈគ្រួសារប៉ុន្តែ គេធ្វើតាមរយៈផ្ទៃក្នុងគណបក្ស និងតាមរយៈការប្រកួតប្រជែង ប៉ុន្តែគណបក្សកាន់អំណាចគេខ្លាំង ដោយសារគេសម្អាត។ គេសម្អាតអំពើពុករលួយ ជួយសេដ្ឋកិច្ចឲ្យរឹងមាំ។ ប្រជាពលរដ្ឋគេ ត្រូវតែចង់បានគណបក្សកាន់អំណាចហើយ។ដូច្នេះគណបក្សកាន់អំណាចនៅនឹង(មាំ)»។
ស្រដៀងគ្នានេះដែរ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយមួយរូបក្នុងក្រុងភ្នំពេញ ជឿថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ស្នងតំណែងឪពុករបស់លោកកម្ពុជា ទំនងជាពិបាកធ្វើតាមលំនាំប្រទេសសិង្ហបុរី។
«សិង្ហបុរី ទី១មានការគ្រប់គ្រងបែបតម្លាភាព ពុករលួយមិនបាន។ នៅកម្ពុជាធ្វើមិនបានទេ ថ្វីដ្បិតតែយើងមានអង្គភាពប្រឆាំងអំពើពុករលួយក៏ដោយ។ ទី២ ការឆ្លើយតបទៅនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញនៅកម្ពុជា យើងនៅខ្វះខាតច្រើន។ ខ្ញុំលើកមួយករណី គឺពលរដ្ឋកម្ពុជាមានសិទ្ធិធ្វើបាតុកម្មសម្តែងមតិ ប៉ុន្តែយើងសួរពលរដ្ឋយើង ទិដ្ឋភាពនេះ បាត់បង់ហើយ។ គ្រាន់តែអ្នកសម្តែងមតិតាមបណ្តាញសង្គម តាមហ្វេសប៊ុក ត្រូវបានឃាត់ខ្លួន ត្រូវបានកាត់ទោស។ នៅសិង្ហបុរីមានការរឹតត្បឹតផ្នែកសារព័ត៌មាន ប៉ុន្តែពលរដ្ឋគេ មានមតិ អាចលើកមតិនោះបាន។ គេមិនរងសម្ពាធអំពីការចាប់ឃុំឃាំង ឬ រងសម្ពាធផ្នែកស្មារតីណាមួយទេ»។
ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត តែងតែបង្ហាញមុខតំណាងឲ្យកម្ពុជា ក្នុងការធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅក្រៅប្រទេស។ ក្នុងឆ្នាំ២០១៩លោកធ្វើដំណើរទៅជួបជាមួយប្រមុខយោធាប្រទេសប្រមាណដប់ ក្នុងនោះមានប្រទេសចិនកុម្មុយនិស្តផងដែរ ដែលធ្វើឲ្យលោកអាចបង្កើតបណ្តាញក្នុងតំបន់ និងទំនាក់ទំនងផ្ទាល់ខ្លួន ខណៈដែលឪពុករបស់លោក គឺលោក ហ៊ុន សែន ហាក់ដូចជាបានរៀបចំផ្លូវទុកសម្រាប់លោក ដើម្បីក្លាយជាអនាគតប្រមុខដឹកនាំកម្ពុជា។
ក្នុងពេលនេះ ការកត់សម្គាល់មួយចំនួនលើកឡើងថា លោក ហ៊ុន ម៉ាណែត មិនទាន់បង្ហាញឲ្យមានការចាប់អារម្មណ៍ទូលំទូលាយក្នុងចំណោមពលរដ្ឋកម្ពុជានៅឡើយ។ ប៉ុន្តែគេមើលឃើញថា ក្នុងការរៀបចំខ្លួនដើម្បីស្នងតំណែងពីឪពុកលោក ហ៊ុន ម៉ាណែត អាចនឹងចាប់ផ្តើមជំនួសការងារឪពុករបស់លោកបណ្តើរៗ នៅពេលខាងមុខ។ ហើយលោកក៏នឹងអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រផងដែរក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣។ ប៉ុន្តែបញ្ហាប្រឈមផ្ទៃក្នុងគណបក្សទំនងជាគន្លឹះដើម្បីលោក ហ៊ុន ម៉ាណែត អាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីកម្ពុជានាពេលខាងមុខបាន។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សកាន់អំណាចត្រូវ «ធ្វើការស្ទាបស្ទង់» អំពីទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទៅ និងការរៀបចំផ្ទៃក្នុងគណបក្សផងដែរ។
អ្វីដែលគេមើលឃើញក្នុងពេលនេះ គឺគណបក្សប្រជាជនកម្ពុជា កំពុងជំរុញក្រុមយុវជនដែលជាកូនៗរបស់មន្ត្រីជាន់ខ្ពស់ក្នុងគណបក្ស ឲ្យឡើងកាន់តួនាទីជាន់ខ្ពស់។ បើគេសម្លឹងមួយភ្លែតគោលការណ៍នេះ គឺជាយន្តការធម្មតាដើម្បីជួយសម្រាលការទទួលខុសត្រូវនៃអ្នកដឹកនាំវ័យចំណាស់កាន់តំណែងយូររាប់ទសវត្សរ៍។ ប៉ុន្តែជ្រុងមួយទៀតការលើកដំឡើងក្រុមយុវជនទាំងនោះ ក៏ជាផ្នែកមួយនៃគោលនយោបាយបន្សាប និងបិទមាត់គូប្រជែងផ្ទៃក្នុងតាមរយៈការរុញកូនចៅរបស់ពួកគេទៅកាន់មុខតំណែងជួរមុខ។
ក្រុមអ្នកវិភាគមិនសូវយល់ស្របគ្នាលើកាលៈទេសៈដែលលោក ហ៊ុន សែន អាចនឹងផ្តល់ឱកាសដល់លោក ហ៊ុន ម៉ាណែត ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនោះទេ។
សម្រាប់លោក អ៊ូ វីរៈ ស្ថាបនិកវិទ្យាស្ថានវេទិកាអនាគតលោក ហ៊ុន សែន ត្រូវប្រគល់អំណាចឲ្យកូនប្រុសច្បងកាន់តែឆាប់កាន់តែល្អ មុននឹងអ្វីៗអាចនឹងប្រែប្រួលនៅប្រទេសកម្ពុជា។
ដោយឡែកលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថាលោក ហ៊ុន ម៉ាណែត ប្រហែលជាមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានទេ ដរាបណាឪពុករបស់លោក គឺលោក ហ៊ុន សែន នៅកាន់ជំហរបន្តកាន់កាប់អំណាចដប់ឆ្នាំទៅមុខទៀតនោះ៕