ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​សែន​ជម្រះ​ការ​និយាយ​ស្មានៗ​ថា​ កូន​ប្រុស​គាត់​នឹង​ក្លាយ​ជា​មេ​ដឹកនាំ​ខ្មែរ​បន្ត​ពី​គាត់


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឆ្វេង) និង​កូន​ប្រុស​ ហ៊ុន ម៉ាណែត ពិនិត្យមើល​ទាហាន​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឆ្វេង) និង​កូន​ប្រុស​ ហ៊ុន ម៉ាណែត ពិនិត្យមើល​ទាហាន​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក​ហ៊ុន​សែន​និយាយ​ថា​​កូន​ប្រុស​គាត់​ឈ្មោះ​ហ៊ុន ម៉ាណែត​ត្រូវ​មាន​ការ​គាំទ្រ​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ដើម្បី​កាន់​តំណែង​ត​ពី​គាត់។​

នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក​ហ៊ុន​សែន​បាន​ផ្គូរផ្គង​កូន​ប្រុស​ច្បង​របស់​គាត់​ឈ្មោះ​ហ៊ុន​ ម៉ាណែត​ឱ្យ​បន្ត​តំណែង​ពី​គាត់​ចាប់​តាំង​ពីកូន​ប្រុស​រូប​នេះ​បាន​ទទួល​បរិញ្ញាបត្រ​ពី​បណ្ឌិត​សភា​យោធា​ស.រ.អា.​នៅ​ West Point​ កាល​ពី​ជិត​២០​ឆ្នាំ​កន្លង​ទៅ​នេះ។​ គាត់​ទស្សន៍ទាយ​ប្រកប​ដោយ​ការ​ទុក​ចិត្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​នឹង​បន្ត​កាន់​អំណាច​១០០​ឆ្នាំ​ទៀត។​

ពួក​អ្នក​វិភាគ​និយាយ​ថា​ ការ​ឡើង​កាន់​តំណែង​បែប​នេះ​មិន​ប្រាកដ​ប្រជា​ទេ​ហើយ​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត​ដែល​ជា​អគ្គ​មេ​បញ្ជាការ​នៃ​កង​ទ័ព​ជើង​គោក​ដែរ​នោះ​នឹង​ត្រូវ​ធ្វើ​ការ​ចរចា​ជាមួយ​ការិយាល័យ​នយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បក្ខ​ពួក​នានា​ សាធារណជន​ដែល​មិន​គាំទ្រ​គាត់​ និង​ប្រទេស​ចិន​ដើម្បី​ឱ្យ​បាន​ការ​គាំទ្រ​គ្រប់​គ្រាន់​សម្រាប់​គ្រប់គ្រង​រដ្ឋ​ដែល​មាន​គណបក្ស​តែ​មួយ​នេះ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ដែល​ជា​មេ​ដឹកនាំ​កាន់​តំណែង​យូរ​ជាង​គេ​ក្នុង​តំបន់​បាន​បន្ថយ​ការ​និយាយ​ស្មានៗ​ដែល​ថា​ កូន​ប្រុស​គាត់​នឹង​កាន់​តំណែង​ខ្ពស់​ជាង​គេ​នេះ ​ដោយ​គាត់​បាន​និយាយ​ថា ​មាន​បេក្ខជន​មាន​សមត្ថភាព​ច្រើន​នាក់​ដែល​អាច​ប្រកួត​ប្រជែង​សម្រាប់​តំណែង​នេះ​ក្នុង​ពេល​អនាគត។​

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្រោយ​មាន​ការ​និយាយ​ស្មានៗ​ថ្មីៗ​បំផុត​អំពី​ការ​ដឹក​នាំ​ប្រទេស​នេះ​លោក​ហ៊ុន សែន​បាន​និយាយ​ថា៖ «ប៉ុន្តែ​បញ្ហា​វា​ឋិត​លើ​អ្នក​បោះ​ឆ្នោត​ទេ។ ​ដំបូង​នៅ​ក្នុង​បក្ស​ខ្លួន​ឯង​ ទទួល​យក​បាន​ឬ​អត់។ ​អា​ហ្នឹង​ទីមួយ។​ ទីពីរ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ពី​ប្រជាជន។​ បើ​បក្ស​យើង​ឈ្នះ​ទើប​មាន​លទ្ធភាព»។

លោក​បន្ត​ថា៖ ​«ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ឪពុក ​យ៉ាង​ណា​ក៏​ខ្ញុំ​គាំទ្រ​កូន​ខ្ញុំអប់រំ​កូន​ខ្ញុំ​ឱ្យ​វា​មាន​សមត្ថភាព។​ បើមិន​បាន​ប៉ុន​ឪ​វា​ក៏​បាន​៨០%​ ឬ​៩០%​របស់​ឪ​វា​ទៅ​ចុះ»។

លោក​ហ៊ុន​ម៉ាណែត​បាន​ឡើង​ឋាន្តរស័ក្តិ​យ៉ាង​លឿន​ក្នុង​ជួរ​កងទ័ពហើយ​ការ​តែង​តាំង​គាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​យុវជន​គណបក្ស ​ប្រជាជន​កម្ពុជា​ និង​បេសក​កម្ម​នយោបាយ​របស់​គាត់​ទៅ​ប្រទេស​ចិន​ គួប​ផ្សំ​នឹង​ការ​គ្រប់គ្រង​ផ្តាច់​ការ​របស់​ឪពុក​គាត់​ បាន​បង្កើន​ការ​ជជែក​អំពី​មហិច្ឆិតា​នយោបាយ​របស់​គាត់​ថែម​ទៀត។​

លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក​ Gavin Greenwood ​ជា​អ្នក​វិភាគ​ម្នាក់​ធ្វើ​ការ​ជាមួយ​អង្គការ​ A2 Global Risk ​ដែល​ជា​អង្គការ​ពិគ្រោះ​យោបល់​ខាង​សន្តិសុខ​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង។​ លោក​បាន​និយាយ​ប្រាប់​ VOA ថាការ​លើក​ឡើង​អំពី​សក្តានុពល​របស់​លោក​ហ៊ុន ម៉ាណែត​បន្ត​តំណែង​ពី​លោក​ហ៊ុន សែន​ ក៏​នាំ​ឱ្យ​មាន​ការ​លើក​ឡើង​នូវ​សំណួរ​អំពី​ការ​គ្រប់​គ្រង​របស់​ហ៊ុន​សែន​ដែរ​ គឺ​តាំង​ពី​បញ្ហា​សុខភាព​របស់​នាយក​រដ្ឋមន្ត្រី​រូប​នេះ​រហូត​ដល់​ភក្តីភាព​របស់​ពួក​យោធា​ផង​ដែរ។​

លោក ​Greenwood​ បាន​និយាយ​ថា៖​ «នៅ​កន្លែង​ដែល​មាន​អ្នក​កាន់​អំណាច​ខ្លាំង​ ជានិច្ចកាល​តែង​តែ​មាន​វិបត្តិ។​ ការ​គំរាម​កំហែង​ចេញ​ពី​ស្រទាប់​មហាជន​ថ្នាក់​ក្រោម​របស់​ប្រទេស​កម្រ​មាន​ណាស់។​ ការ​គំរាម​កំហែង​គឺ​ចេញ​ពី​ពួក​មនុស្ស​នៅ​ជុំវិញ​អ្នក​កាន់​អំណាច​ខ្លាំង​នោះ»។​

លោក​បាន​និយាយ​បន្ថែម​ថា​ ការ​ចរចា​គ្នា​អំពី​ថ្នាក់​ដឹក​នាំ​ជា​វិធី​មួយ​ដើម្បី​រក្សា​ជំហរ​ទាហាន​ កុំ​ឱ្យ​បែក​ឆ្វេង។​

លោក ​Greenwood ​បាន​សួរ​ថា៖​ «ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ហ៊ុន​សែន​លើក​យក​បញ្ហា​នេះ​មក​និយាយ​ជាពិសេស​នៅ​ពេល​នេះ? ឬ​មួយ​គាត់​មាន​អារម្មណ៍​ថា​ គាត់​ត្រូវ​គំរាម​កំហែង?​ តើ​ការណ៍​នេះ​ជា​ការ​ព្រមាន​ដល់​ផ្នែក​កងយោធា​ថា​ ពួក​គេ​ត្រូវ​តែ​មាន​ការ​ស្មោះ​ត្រង់​ និង​ដើរ​តាម​សន្តតិវង្ស​របស់​គាត់ ​និង​កូន​ប្រុស​គាត់​ឬ​ទេ?»​

លោក​បាន​ថ្លែង​ទៀត​ថា៖​ «មាន​សំណួរ​ច្រើន​ជាង​ចម្លើយ​ ក៏​ប៉ុន្តែ​របប​ផ្តាច់​ការ​តែង​មាន​ករណី​បែប​នេះ​ជា​ធម្មតា»។​

លោក​ហ៊ុន​សែន​បាន​ធ្វើ​ឲ្យ​ប្រទេស​គាត់​ក្លាយ​ទៅ​ជា​រដ្ឋ​មាន​គណបក្ស​តែ​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨​ដែល​ត្រូវបាន​ចំអក​មើល​ងាយ​ជា​ទូទៅ​ថា​ ជា​ការ​បោះឆ្នោត​គួរ​ឲ្យ​អៀន​ខ្មាស​ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​ឈ្នះ​ឆ្នោត​ទទួល​បាន​អាសនៈ​ទាំង​អស់​១២៥​នៅ​ក្នុង​រដ្ឋ​សភា។​

ជ័យ​ជម្នះ​នេះ​ត្រូវ​បាន​ធានា​ ក្រោយ​ពី​គណបក្ស​ប្រឆាំង​ខាង​នយោបាយ​ធំ​បំផុត​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ កាសែត​ឯករាជ្យ​ត្រូវ​បាន​បិទ​ ឬ​ត្រូវ​លក់​ទៅ​ឱ្យ​ពួក​អ្នក​មាន​អត្ថប្រយោជន៍​ដែល​គាំទ្រ​រដ្ឋាភិបាល​ហើយ​ក្រុម​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ ឬ​ត្រូវ​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស។​

លោក​កឹម​សុខា​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​តែ​ជាប់​បទ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ។​

លោក​ Carl Thayer​ ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកល​វិទ្យាល័យ​ New South Wales។​ លោក​បាន​និយាយ​ថា​ ដោយ​បាន​ផ្គូរផ្គង​កូន​ប្រុស​គាត់​ឱ្យ​ធ្វើ​ជា​មេដឹក​នាំ​ប្រទេស​តាម​រយៈ​ការ​តែងតាំង​ខាង​នយោបាយក៏​ប៉ុន្តែ​មិន​បង្ហាញ​សេចក្តី​សង្ឃឹម​របស់​គាត់​ជា​សាធារណៈ​នោះ​ ​លោក​ហ៊ុន​សែន​បាន​កំហិត​ចំនួន​អ្នក​ប្រជែង​សម្រាប់​តំណែង​ដឹក​នាំ​ប្រទេស។​

លោក ​ Carl Thayer ​បាន​និយាយ​ថា៖ ​«នៅ​នាទី​ដែល​លោក​ហ៊ុនសែន​និយាយ​អំពី​រឿង​នេះ វា​ជា​ការ​ប្រសិទ្ធិ​ពរ​មួយ​ដល់​លោក​ហ៊ុន ម៉ាណែត។ ​ ការណ៍​នេះ​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំង​គឺ​ អ្នក​ដែល​ទោមនស្ស​ មាន​ឱកាស​ព្យាយាម​រៀបចំ​និង​រារាំង​វិធានការ​នេះ។​ ដូច្នេះ​ការ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​ចេះ​តែ​គិត​ស្មានៗប្រហែល​ជា​ល្បិច​កល​ល្អ​បំផុត»។​

នៅ​មុន​ការ​បោះឆ្នោតកាល​ពី​ពីរ​ឆ្នាំ​មុន​នេះ​ ​ លោក​ហ៊ុន សែន​អាយុ​៦៧​ឆ្នាំ​បាន​និយាយ​ថា​ ទោះ​ណា​ជា​គាត់​មាន​កង្វល់​អំពី​សុខ​ភាព​ក៏​ដោយ​ ក៏​គាត់​នឹង​ដឹក​នាំ​ប្រទេស​កម្ពុជា​១០​ឆ្នាំ​ទៀតរហូត​ដល់​គាត់​មាន​អាយុ​៧៥​ឆ្នាំ។គាត់​ក៏​បាន​ចៀសវាង​ពួក​បស្ចឹម​ប្រទេស​និង​ចៀសវាង​ការ​រិះគន់​របស់​ប្រទេស​ទាំងនេះ​ នៅ​ពេល​ដែល​គាត់​រឹត​ចំណង​ជិត​ស្និទ្ធ​ជាង​មុន​ជា​មួយ​ប្រទេស​ចិន​ដែល​បាន​បណ្តាក់​ទុន​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ថ្លែង​អំពី​ការ​ផ្ទេរ​អំណាច​របស់​លោក​ហ៊ុន សែន​ឲ្យ​ទៅ​កូន​ប្រុស​នោះ​ ​ លោក ​Greenwood​ បាន​និយាយ​ថា៖ ​«ប្រទេស​ចិន​ជា​តួអង្គ​សំខាន់​ដាច់​ខាត»។​

ប្រវត្តិ​នានា​បង្ហាញ​ថា ប្រទេស​ទាំង​អស់​ដែល​មាន​ព្រំដែន​ជា​មួយ​ប្រទេស​ចិន ប្រទេស​ចិន​តែង​មាន​បញ្ហា​នេះ​ជា​មួយ​ ដរាបណា​មាន​អ្វី​ទាក់ទង​នឹង​ចិន។​

លោក​បាន​ថ្លែង​បន្ថែម​ថា៖​ «លទ្ធផល​ចុង​ក្រោយ​បំផុត​ដែល​គេ​ចង់​បាន​ក្នុង​ប្រទេស​ទាំង​នេះ​គឺ​អ្វី​ដែល​នឹង​មាន​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ និង​របៀប​រៀប​រយ​និង​បណ្តាល​ឱ្យ​មាន​ផលវិបាក ​និង​បញ្ហា​ខ្ទរខ្ទារ​ដែល​អាច​កើត​មាន​ទៅ​ហួស​ពី​ព្រំដែន​ទៅ​ដល់​ពួកគេ»។​

លោក Carl Thayer​ ក៏​បន្ទរ​ទស្សនៈ​ទាំង​នោះ​ដែរ។​

លោក​បាននិយាយ​ថា៖​ «នៅ​ពេល​មាន​ការ​ផ្ទេរ​អំណាច​អ្នក​ដឹក​នាំ​ប្រទេស ​ឬ​ពេល​ជិត​មាន​ការ​ផ្ទេរ​អំណាច ​ប្រទេស​ចិន​និយាយ​ច្បាស់​លាស់​ប្រាប់​ពួក​មិត្តភក្តិ​របស់​ពួក​គេ​ថា នរណា​ដែល​ចិន​មិន​ចូល​ចិត្ត​ អ្នក​ណា​ដែល​ចិន​យល់​ឃើញ​ថាប្រឆាំង​នឹង​ចិន ​ហើយ​នរណា​ដែល​ចិន​នឹង​ជំទាស់​មិន​ឱ្យ​កាន់​តំណែង​ជា​មេដឹកនាំ​ប្រទេស​នោះ»។​

លោក​ Carl Thayer ​បាន​ថ្លែង​ថែម​ទៀត​ថា៖ ​«ដូច្នេះ​លោក​ហ៊ុន សែន​ត្រូវ​តែ​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​ចិន​ជឿ​ថាលោក​ហ៊ុន​ម៉ាណែត​នឹង​ធ្វើ​ដូច​ឪពុក​គាត់ ​និង​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ចិនហើយ​ថា​ ការ​ផ្ទេរ​អំណាច​នឹង​មិន​នាំ​ឱ្យ​មាន​អស្ថិរភាព​ទេ»។​

លោក​ Carl Thayer ​បាន​និយាយ​ថា រហូត​ដល់​ពេល​នោះលោក​ហ៊ុនសែន​នឹង​នៅ​តែ​ជា​មនុស្ស​តែ​មួយ​គត់​ដែល​នឹង​សម្រេច​ថា​ នរណា​នឹង​កាន់​តំណែង​ជំនួស​គាត់ហើយ​គាត់​មាន​ការ​គាំទ្រ​ពី​លោក​ហ៊ុន ម៉ាណែត​និង​កូនប្រុស​ម្នាក់​ទៀត​ឈ្មោះ​ហ៊ុនម៉ានិត​ដែល​ជា​ទាហាន​ហើយ​ជា​ប្រធាន​នៃ​នាយកដ្ឋាន​ស៊ើប​ការណ៍​សម្ងាត់​របស់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។​

លោក​ Carl Thayer ​ បាន​ថ្លែង​ថា៖​ «លោក​ ហ៊ុន​សែន​ជា​មនុស្ស​សំខាន់​ជាង​គេ​នៅ​ក្នុង​របប​គ្រប់គ្រង​របស់​គាត់ហើយ​បណ្តាញ​របស់​គាត់​ការពារ​គាត់។​ គាត់​មាន​កូន​ពីរ​នាក់​ក្នុង​កងទ័ព។​ នៅ​ពេល​ជា​មួយ​គ្នា​នេះ ​កូន​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ពួក​យោធា​នឹង​មិន​ប្រឆាំង​នឹង​លោក​ហ៊ុន​សែន​ ឬ​នឹង​មិន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​គាត់​ទេ»៕​

ប្រែសម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG