ប៉ុន្មានសប្តាហ៍ក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហើបច្បាស់ៗជាងពេលមុនថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អាចក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបក្នុងការបោះឆ្នោតនាថ្ងៃអនាគតនោះ ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច បានបង្ហាញជំហរគាំទ្រដល់ការសម្រេចចិត្តរបស់មេបក្សផងខ្លួន។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ៗថា លោកគ្មានអ្វីត្រូវប្រឆាំងនឹងគោលជំហររបស់លោក ហ៊ុន សែន ដែលជាប្រធានគណបក្សនោះទេ។
«រឿងអី(ដែល)ខ្ញុំ(ត្រូវ)ជំទាស់ជាមួយនឹងប្រសាសន៍របស់ប្រធានគណបក្ស?»
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកហ៊ុន ម៉ាណែត អាចនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតលើកក្រោយ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន មិនបានកំណត់នៅឡើយថា កូនប្រុសច្បងវ័យ៤២ឆ្នាំរបស់លោក នឹងអាចដាក់បេក្ខភាពក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលណាជាក់លាក់នោះទេ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាអធិប្បាយថា ជាគោលការណ៍គណបក្សកាន់អំណាច លើកតម្កើងខ្ពស់បេក្ខភាពរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តអាណត្តិដោយសារតែរូបលោកមានឧត្តមភាពក្នុងការប្រកួតប្រជែង។ ទោះជាបែបនេះ ក្តីមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចដដែលនេះ បានគូសបញ្ជាក់ការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត សម្រាប់ពេលអនាគត។
«យើងដឹងថា ក្នុងការស្នង(តំណែងជានាយករដ្ឋមន្ត្រី) ឯកឧត្តម ហ៊ុន ម៉ាណែត មានបទពិសោធន៍ច្រើន ទាំងចំណេះដឹង និងចំណេះធ្វើក្នុងចំណោមយុវជនរបស់គណបក្សប្រជាជនកម្ពុជា។ ហើយលោក ក៏ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាដែរ។ ដូច្នេះសមស្របជាបេក្ខភាពនាយករដ្ឋមន្ត្រី»។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាឧត្តមសេនីយ៍ឯក ពាក់ផ្កាយបី។ លោកកាន់កាប់មុខតំណែងគន្លឹះជាច្រើនក្នុងជួរកងទ័ព។ ក្នុងនោះលោកជាអគ្គមេបញ្ជាការរងកងទ័ពនិងជាមេបញ្ជាការកងទ័ពជើងគោក។ លោក ក៏ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សផងដែរ។ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវជ្រើសតាំងជាប្រធានក្រុមយុវជននៃគណបក្សនេះបន្ថែមទៀត កាលពីពេលថ្មីៗនេះ។
ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក West Point និងបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស លោក ហ៊ុន ម៉ាណែត ត្រូវបានតម្លើងតួនាទីនិងការទទួលខុសត្រូវជាន់ខ្ពស់ជាបន្តបន្ទាប់ ហើយការទទួលខុសត្រូវនិងតួនាទីទាំងនោះ ត្រូវក្រុមអ្នកសង្កេតការណ៍មើលឃើញថា ហាក់ដូចជាកម្រាលផ្លូវមួយដែលត្រូវរៀបចំសម្រាប់ជំនួសការកាន់ចង្កូតប្រទេសបន្តពីឪពុករបស់លោក។
លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា មិនបានបង្ហាញជំហរបែបណាចំពោះសេចក្តីថ្លែងការណ៍របស់លោក ហ៊ុន សែន ដែលចង់ឲ្យកូនប្រុសរបស់ខ្លួនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនោះទេ។
លោក ហេង សំរិន បានចុចផ្តាច់ទូរសព្ទ័ជាច្រើនដងរាល់ពេលដែលវីអូអេ ព្យាយាមស្នើសុំមតិយោបល់ពីរូបលោក។
«អាឡូ ! ពីណាគេណុង?»
លោក អ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគត ធ្លាប់បានអះអាងថា ចេតនាផ្ទេរបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ទៅឲ្យកូនប្រុសនៅពេលនេះដោយសារពុំមានបេក្ខជនមកពីគណបក្សណាមួយដទៃទៀត គួរឲ្យគណបក្សកាន់អំណាចព្រួយបារម្ភក្នុងការប្រកួតដណ្តើមសំឡេងឆ្នោត។
ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។ ប៉ុន្តែគេសម្គាល់ឃើញជាទូទៅថា បេក្ខជននាយករដ្ឋមន្ត្រី គឺជាគោលដៅសម្រាប់ទាក់ទាញចំណាប់អារម្មណ៍និងការគាំទ្រពីម្ចាស់ឆ្នោត។ ហើយនាពេលកន្លងមក បើទោះជាមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក៏ប៉ុន្តែបេក្ខជននាយករដ្ឋមន្ត្រី ដែលលេចធ្លោ គឺបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជានិងបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ។
ដោយឡែកក្នុងពេលនេះ គណបក្សសង្គ្រោះជាតិដែលជាគូប្រជែងគួរឲ្យព្រួយបារម្ភបំផុតរបស់គណបក្សកាន់អំណាច ត្រូវបានរំលាយចោលក្រោមការចោទប្រកាន់ពីបទពាក់ពន្ធ័នឹងទង្វើ«ក្បត់ជាតិ»។
ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ អធិប្បាយថា លោកហ៊ុន សែន «ចង់បង្កើតគ្រួសារដែលដឹកនាំប្រទេសជារៀងរហូត ដូចកូរ៉េខាងជើង»។ ហើយកត្តានេះ «ជាសញ្ញាមិនល្អសម្រាប់ប្រទេសកម្ពុជា»នោះទេ។
ដោយឡែកសមាជិកមូលដ្ឋានខ្លះរបស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញបានសម្តែងសមានចិត្តចំពោះលោក ហ៊ុន ម៉ាណែត។
អ្នកស្រី វ៉ា ធារី ជាអ្នកភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខ័ណ្ឌពោធិ៍សែនជ័យ។
ក្នុងវ័យ៦៣ ឆ្នាំ អ្នកស្រី ធារី បានទទួលដំណឹងពីសេចក្តីប្រកាសរបស់លោកហ៊ុន សែន ដែលចង់ឲ្យកូនប្រុសរបស់លោកស្នងតំណែងនាយករដ្ឋមន្ត្រី តាមរយៈបណ្តាញផ្សព្វផ្សាយ។
ជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋាន អ្នកស្រី វ៉ា ធារី គូសបញ្ជាក់ថាអ្នកស្រីនឹងផ្តល់សំឡេងគាំទ្រដល់កូនប្រុសច្បងរបស់លោកហ៊ុន សែន ប្រសិនបើគាត់ឈរជាបេក្ខជននាយករដ្ឋមន្ត្រី។
«ពេលបោះឆ្នោត ខ្ញុំបោះឲ្យគាត់រហូត។កាលពីសម្តេចតេជោក៏ខ្ញុំបោះឲ្យដែរ។ក្រុមគ្រួសារខ្ញុំបោះឲ្យគាត់ទាំងអស់គ្នាហ្នឹង។»
សាន ណារ៉ាន់ កំពុងអាំងភ្លៅនិងស្លាបមាន់លក់នៅមិនឆ្ងាយប៉ុន្មានពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ។
បុរសវ័យ៣៦ ឆ្នាំរូបនេះគាំទ្របេក្ខជនលោកហ៊ុន ម៉ាណែត តាមរយៈចំណេះដឹងនិងសីលធម៌។
«ទី១ គាត់មានចំណេះដឹងខ្ពស់។ហើយការនិយាយស្តីរបស់គាត់មានសីលធម៌ និងមានវិជ្ជាជីវៈ។ (ខ្ញុំ)ចង់និយាយថាសមត្ថភាពគាត់ បើតាមពិនិត្យមើលទៅ គឺគាត់អាចក្លាយជាអ្នកដឹកនាំបាន។»
បើទោះជាមានការបង្ហាញការគាំទ្រលើបេក្ខភាពលោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាពីសមាជិកបក្សជាន់ខ្ពស់និងសមាជិកមូលដ្ឋានមួយចំនួនរបស់គណបក្សកាន់អំណាចយូរមួយនេះ ប៉ុន្តែការសម្រេចជាផ្លូវការលើបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងមហាសន្និបាទពេញអង្គរបស់គណបក្ស មុនការបោះឆ្នោតមកដល់។
នេះបើផ្អែកតាមក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា៕