ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត សន្សំ​ឥទ្ធិពល​ក្នុង​បក្ស​ជាមួយ​តំណែង​ថ្មី


រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (AP Photo/Heng Sinith)

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​នៃ​«គណៈ​ចលនា​មហាជន» ដែល​ជា​តួនាទី​ធំ​មួយ​ទៀតក្នុង​គណបក្ស បន្ទាប់​ពី​លោក​ក្លាយ​ជាប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

​អ្នក​វិភាគ​លើក​ឡើង​ថា​តាម​រយៈ​ការ​ទទួល​តួនាទី​សំខាន់​បន្ថែម​ថ្មី​នេះ​លោក ហ៊ុន ម៉ាណែត កាន់​តែ​មាន​ឥទ្ធិពល និង​អំណាច​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​លោក​ក្លាយ​ជាប្រធាន​យុវជន​មជ្ឈឹម​របស់បក្ស។

លោក ហ៊ុន ម៉ាណែត អាយុ​៤៣​ឆ្នាំ ជា​សមាជិក​ក្មេង​ជាង​គេ​នៃគណៈ​អចិន្រ្តៃយ៍​ដែល​ជា​ស្ថាប័ន​កាច់​ចង្កូត​ដ៏​មាន​អានុភាព​របស់​បក្សកាន់​អំណាច ដែល​មាន​សមាស​ភាព​៣៦រូប។

ការ​សម្រេច​ដំឡើង​លោក ហ៊ុន ម៉ាណែត ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​នៃ«​គណៈ​ចលនា​មហាជន»ធ្វើ​ឡើង​ក្នុងសេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ដោយ​លោក​សាយ ឈុំ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ដែល​ជា​ប្រធានគណបក្ស​នោះ​ទេ។

បើ​តាម​លិខិត​តែង​តាំង​នោះ លោក សាយ ឈុំ ដែលជា​ប្រធាន​ព្រឹទ្ធសភា​ផង​នោះ លើក​ឡើង​ថា​គណៈអចិន្ត្រៃយ៍សម្រេច​ដំឡើងឋានៈ​លោក ហ៊ុន ម៉ាណែត ជា​អនុ​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈ​កម្មាធិការ​កណ្តាល​តាម​សំណើ​របស់​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មាធិការ​កណ្តាល។

«គណៈ​ចលនា​មហាជន»​នេះ មាន​លោក​ស្រី ម៉ែន សំអន ដែល​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​គណបក្ស ជា​ប្រធាន និង​លោក ហ៊ុន ម៉ានី ដែល​ជា​ប្អូនប្រុស​ពៅ​របស់​លោក​ហ៊ុន ម៉ាណែត ជា​អគ្គលេខាធិការ។ នេះ​បើ​តាម​គេហទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​តាម​បណ្តា​ខេត្ត អភិបាល​ខេត្ត​ជា​ប្រធាន​គណៈ​ចលនា​មហាជន​នេះ។ ចំណែក​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា ក៏​មាន​តំណាង​នៃ​គណៈ​ចលនា​មហា​ជន​នេះ​ដែរ។

បើ​តាម​គេហទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គណៈ​ចលនា​មហាជន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាង​៥​ឆ្នាំ​មក​ហើយ ជា​ស្ថាប័ន​ជំនួយ​ការ​គណៈកម្មាធិការ​កណ្តាលរបស់​គណបក្ស​លើ​ការងារ​ដឹកនាំ ណែនាំ តម្រង់​ទិស ​និង​សម្រប​សម្រួល​ការងារ​ចលនា​មហាជន​នៅ​គ្រប់​ស្រទាប់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ទូលំ​ទូលាយ​តាមរ​យៈ​ចលនា​ពង្រឹង​សមត្ថភាព បង្កើន​សកម្មភាព​និងទំ​នួល​ខុស​ត្រូវ។

មុន​នឹង​ទទួល​បាន​តំណែង​នេះ លោក ហ៊ុន ម៉ាណែត ដែលបញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point និង​មាន​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ចលនា​យុវជន​ថ្នាក់​កណ្ដាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។

VOA​ មិន​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហ៊ុន ម៉ាណែត បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ព្រឹទ្ធសមាជិក​មួយ​រូប មាន​ប្រសាសន៍​ថា​គណៈចលនា​មហាជន​នេះ មាន​ខ្សែ​បណ្តាញ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ទៅ​ដល់​មូលដ្ឋាន​ភូមិ​ឃុំ ដែល​លោក​ថា​ជា​រចនា​សម្ព័ន្ធ​ដើម្បី​ឲ្យ​គេ​គាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​សុខ ឥសាន ថ្លែង​ប្រាប់​VOA​បន្ត​ថា​គណៈ​ចលនា​មហាជន​មាន​តួនាទី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សាធារណ​ជន​ចូលរួម​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​និង​រដ្ឋាភិបាល។

លោក​ថ្លែង​ប្រាប់​VOA​ថា៖

«អញ្ចឹង​ទេ បើ​គាត់[ហ៊ុន ម៉ាណែត]​កាន់​យុវជន​ហើយ គាត់​នៅ​ដាច់​ដោយ​ឡែក​ពី​គណៈ​ចលនា​មហាជន អាហ្នឹង​វា​មាន​ការ​រយាល​ក្នុង​ការងារ​ដែរ។ អញ្ចឹង​ហើយ​បើ​គាត់​កាន់​យុវជន ក្តោប​ក្តាប់យុវជន​ហើយ ឲ្យ​គាត់​ទៅ​នៅ​ក្រោម​គណៈ​ចលនា​មហាជន​ហ្នឹង វាទៅ​ក្នុង​អង្គការ​តែ​មួយ»។

លោក​ថា​ពី​មុន​មក មិន​មាន​អនុ​ប្រធាន​សម្រាប់​គណៈ​ចលនា​មហាជន​នេះ​ទេ។

លោក សុខ ឥសាន បន្ថែម​ថា​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​តំណែង​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ។

លោក​បញ្ជាក់​ថា៖

«ខ្ញុំ​យល់​ថា​គាត់​ជា​មនុស្ស​សំខាន់​ម្នាក់ ក៏​ប៉ុន្តែ​នៅក្នុង​ជួរ​ទំពាំង​ស្នង​ឫស្សី​របស់​គណបក្ស​ប្រជាជន​មិន​មែន​មាន​ម្នាក់​ទេ វា​មាន​ច្រើន​នាក់។ ហើយ​មាន​ជួរ​ឈាន​មុខ ជួរ​បន្ទាប់។ បន្ទាប់​មក​ជួរ​បន្ទាប់​ទៀត»។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា​ការ​តែងតាំងលោក ហ៊ុន ម៉ាណែត ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ មាន«ភាព​ញឹក​ញាប់»ក្នុង«តំណែងសំខាន់ៗ»របស់​គណបក្ស។

លោក​បន្ថែម​ថា​នេះ«ប្រហែល​ជា»​ទាក់​ទង​ទៅ​ការ​បន្ត​វេន​ដឹក​នាំ​គណបក្ស​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក ប៉ា ចន្ទរឿន បញ្ជាក់​ថា​ការ​តែង​តាំង​ថ្មី​នេះ ផ្តល់​អំណាច​បន្ថែម​ដល់​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​បក្ស។

លោក​ថ្លែង​ថា៖

«ជា​ការ​ពិត គឺ​នៅ​ពេល​ដែល​គាត់​ទទួល​បានតួនាទី​ថ្មី​នេះ រួមទាំង​ឥទ្ធិពល​របស់​គាត់ គឺ​ជា​កូន​ប្រុសរបស់​ប្រធាន​បក្ស​ថែម​ទៀត អញ្ចឹង​ឥទ្ធិពល​គាត់អំណាច​របស់​គាត់​នៅ​ក្នុង​បក្ស​ហ្នឹង កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន»។

​លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា នេះ​ជា​តួនាទី​បន្ថែមសម្រាប់​បង្ហាញ​ថា​លោក ហ៊ុន ម៉ាណែត​នឹង​ឈរ​ប្រជែង​យក​តំណែង​នាយក​រដ្ឋមន្រ្តី​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​លោក​ថា​លោក ហ៊ុន ម៉ាណែត ត្រូវ​ការ​ការ​គាំទ្រ​បន្ថែម​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖

«ពី​ព្រោះ​ក្នុង​ជួរ​បក្ស​នេះ មាន​ចាស់ៗ​ ខាង​គណបក្ស​មាន​ច្រើន​ទៅ​ទៀត ទីមួយ។ ទីពីរវា​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​សកម្មភាព។ បើ​សិន​ជា​លោក ហ៊ុន ម៉ាណែត ធ្វើ​សកម្ម​ភាព​ឲ្យ​មាន​ការ​គាំទ្រពី​ស្រទាប់​មហាជន​កាន់​តែ​ច្រើន ប្រហែល​ជា​អាច​ទៅ​រួច។ ប្រ​សិន​វា​នៅ​ក្នុង​ការ​គាំទ្រ​កម្រិតបច្ចុប្បន្ន​ភាព​នេះ នៅ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ទទួលតំណែង»។

លោក​បន្ថែម​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន«អំណាច​ពេញ​ដៃ»ដើម្បី​រៀបចំ​ឲ្យ​កូន​ប្រុស​ច្បង ទទួល​យក​តំណែង​ជា​នាយករដ្ឋមន្រ្តី​បន្ទាប់​ពី​រូប​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «គណបក្ស​កាន់​អំណាច​មិន​សូវ​មានធ្វើ​ការ​ប្រជែង[តំណែង​នាយករដ្ឋមន្រ្តី] ឬ​ក៏​ប្រឈម​គ្នា​ខ្លាំង​ទេ។ ហើយ​នាយករដ្ឋមន្រ្តី​លោក​កាន់​អំណាច​ពេញ​ដៃ​រឹងមាំ គ្រប់គ្រង​ស្ថានភាព​បាន។ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់​ទៅ​លើ​បញ្ហា​នៃ​ការ​ទទួល​ការ​គាំទ្រពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​វា​ត្រូវ​ការ​បោះ​ឆ្នោត វា​ត្រូវ​ការ​គាំទ្រ។ ហើយ​អញ្ចឹង​វា​ត្រូវ​ការភាព​ខ្លាំង​ក្លា ការ​រឹងមាំ ការ​ជួយ​ជ្រោម​ជ្រែង​ពី​ផ្ទៃ​ក្នុង​បក្ស ជា​កិច្ចការ​ចាំបាច់»។

លោក គង់ ម៉ូនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​មាន​ប្រសាសន៍​ថា​ការ​តែង​តាំង​តួនាទី​បន្ថែម​របស់​លោក ហ៊ុន ម៉ាណែត ​បង្ហាញ​ថា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុង​រៀបចំ​ឲ្យ​មានការ​បន្ត​វេន​ពី​លោកទៅ​កូន​ប្រុស​នៅ​ពេល​ណាមួយ។ លោក​ មូនីកា ដែល​ជា​កូន​ប្រុស​របស់​លោក គង់ គាំ អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះជាតិ​បន្ត​ថាគណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ក៏​កំពុង​រៀបចំ​«ឈាម​ថ្មី​»របស់​ខ្លួន​សម្រាប់កាន់​អំណាចទៅ​ថ្ងៃ​អនាគត។

លោក គង់ ម៉ូនីកា ​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ដែល​ជា​ស្ថាប័ន​បង្កើត​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន​ សែន មាន​ប្រសាសន៍​ថា៖ «ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា​នេះគឺជា​ការ​រៀបចំដំណើរ​ក្នុង​ការ​ស្នង​តំណែង​របស់​គាត់ ជំនួស​លោក​ឪពុក​របស់​គាត់ គឺ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ហ្នឹង ដើម្បី​ឲ្យ​គាត់​មាន​ឥទ្ធិពល​ក្នុង​ការ​គ្រប់គ្រង​នៅ​ក្នុង​គណបក្ស​ផង ហើយ​និង​ស័ក្តិសម​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​ទៅ​ថ្ងៃ​អនាគត​ផង»។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ផ្ទាល់​មាត់​ថា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​នេះ គឺ​លោក អូន ព័ន្ធ​មុនីរ័ត្ន ដែល​លោក​ថា​លោក«បាន​បណ្តុះ​បណ្តាល​តាំង​ពី​នៅ​ជា​លេខា​ផ្ទាល់»របស់​លោក ជា​បេក្ខ​ភាព​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី។

លោក​បន្ត​ថា​ការ​លើក​លែង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​និយាយ​ថា​លោក​ហ៊ុន ម៉ាណែត ជា​អ្នក​បន្តតំណែង​ពី​រូប​លោក។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​រៀប​ចំ«៣​ឬ​៤​ខ្សែ​ត្រៀម»សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ដែល​លោក​ថាខ្សែ​ត្រៀម​ទីមួយ គឺ​មនុស្ស​ក្នុង​ជំនាន់​របស់​លោក។

គួរ​បញ្ជាក់​ថា​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា​លោក​នឹង​កាន់​អំណាច​មិន​តិច​ជាង​១០​ឆ្នាំ​ទៀត ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​កាន់​អំណាចទៅ​ដល់​១០០​ឆ្នាំ​ទៀត៕

XS
SM
MD
LG