ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រាប់មេដឹកនាំពិភពលោកថាការដក EBA ជាការសម្រេចមាន«ភាពលម្អៀង» និង«អយុត្តិធម៌»


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​តាម​អនឡាញ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៥ ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ២០២០។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​តាម​អនឡាញ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៥ ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ កាល​ពី​សៅរ៍ ​បាន​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ពិភពលោកក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ថា ការ​ដក​ប្រព័ន្ធអនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា គឺ​ជាការ​សម្រេច​ដោយមាន«ភាព​លម្អៀង»និង​«អយុត្តិធម៌»។

លោក ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ តាមរយៈ​វីដេអូ​ថតទុកមួយ ដែល​បង្ហាញ​នៅ​ក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ ក្រោមមូលបទ «អនាគតដែលយើងចង់បាន អង្គការសហប្រជាជាតិដែលយើងត្រូវការ៖ ការបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាសារជាថ្មីរបស់យើងចំពោះពហុភាគីនិយម- សកម្មភាពពហុភាគីប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» នៅសាលប្រជុំមហាសន្និបាតអង្គការ​សហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុង​វីដេអូ​ថត​ទុក​ប្រមាណ​២០នាទី លោក ហ៊ុន សែន​ បាន​លើកចំណុច​មួយ​អំពី​«ការ​បដិសេធ​ចំពោះ​ភាព​អយុត្តិធម៌»។ ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន​ ថ្លែង​ថា ​ប្រទេស​កម្ពុជា​ស្រឡាញ់​សន្តិភាព និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ប្រជាធិបតេយ្យ ប៉ុន្តែវា​ជា​រឿង​គួរ​ឲ្យសោក​ស្តាយ ​ដែល​ប្រទេស​មួយ​ចំនួន ដែល​មាន​«មហិច្ឆតានយោបាយ ​និង​របៀប​វារៈឱកាស​និយមលាក់​ពុត​» ដែល​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវប្រឈមមុខ​ដោយ​«ស្តង់ដារ​ទ្វេ»​។ ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន បន្ថែម​ថា វា​ជា​ការ​សម្រេចចិត្តក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​កម្ពុជា ដែលលោក​ថា«​មាន​ភាព​លម្អៀង​ និង​មាន​ចេតនា​នយោបាយ»។

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «ការ​ដែល​សហភាព​អឺរ៉ុប​ដក​ហូតEBAមួយ​ផ្នែក​នៅ​ពេល​នេះ​ នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែងតស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូវីដ១៩ គឺជា​រឿង​ច្រំដែល​នៃ​ប្រវត្តិសាស្រ្ត។ ទោះ​ជា​យ៉ាងណា កម្ពុជា​នៅ​តែ​ប្តេជ្ញាចិត្ត​យ៉ាងពេញទំហឹង​ ដូចដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​អស់​រយៈពេល៤០ឆ្នាំ​កន្លង​មក​នេះ​ ក្នុង​ការ​ការពារ​នូវ​អ្វី​ដែល​ខ្លួន​ជឿជាក់​ថា​មាគ៌ា​ដ៏​ត្រឹម​ត្រូវ នោះ​គឺ​ការ​គោរព​អធិបតេយ្យភាព និង​ការ​ថែ​រក្សា​សន្តិភាព​ដែល​កសាង​បាន​យ៉ាង​លំបាក​លំបិន និង​ទទួល​បាន​នូវ​ការ​សាទរពេញ​ទំហឹងដោយ​ប្រជាជាតិ​កម្ពុជា​ទាំង​មូល…»។

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ​ ឬ​ Everything But Arms​ (EBA)» ​ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​២០​ភាគរយ​លើ​ទំនិញ​កម្ពុជា ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ «រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

កន្លងទៅ លោក ហ៊ុន សែន ​បាន​លើក​ឡើងថា​ គណបក្ស​ប្រឆាំង​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពី​ក្រោយ៕

XS
SM
MD
LG