ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ប្រាប់​មេដឹកនាំ​ពិភព​លោក​ថា​ ប្រទេស​ក្រីក្រ​រង​គ្រោះ​ដោយសារ​នយោបាយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អភិវឌ្ឍន៍


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ថ្លែង​តាមរយៈវីដេអូនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រំលឹកខួបលើកទី ៧៥ របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០។ (រូបថត​ពី​ Facebook បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អ.ស.ប)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ថ្លែង​ទៅ​កាន់​មេ​ដឹកនាំ​ពិភព​លោក​ថា​ ប្រទេស​ក្រីក្រ​បាន​រង​គ្រោះ​ ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​អភិវឌ្ឍន៍ ​ក្រោម​ហេតុ​ផល​សិទ្ធិ​មនុស្ស ​និង​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ។​

នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆាំ្ន​២០២០ ​តាម​រយៈ​វីដេអូ​អនឡាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​រំឭក​ខួប​លើក​ទី​៧៥​នៃ​អង្គការ​សហ​ប្រជាជាតិ​ ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក។​

កិច្ច​ប្រជុំ​នេះ​ ក្រោម​មូល​បទ​«អនាគត​ដែល​យើង​ចង់​បាន​ អង្គការ​សហ​ប្រជាជាតិ​ដែល​យើង​ត្រូវ​ការ៖ ​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ជា​ថ្មី​ឡើង​វិញ​របស់​យើង​ចំពោះ​ពហុភាគី​និយម»។​

ក្នុង​វីដេអូ​ថត​ទុក​៧​នាទី ​លោក​ ហ៊ុន សែន​ ថ្លែង​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​មាន​សមត្ថភាព​ខ្វះ​ខាត​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​ស្រប​តាម​ស្តង់​ដារ​របស់​ប្រទេស​អភិវឌ្ឍន៍។​លោក​បញ្ជាក់​ថា​ ការណ៍​នេះ​នាំ​ឲ្យ​ប្រទេស​ទាំង​នោះ​រង​ទណ្ឌកម្ម​ពី​ប្រទេស​អភិវឌ្ឍន៍។

លោក ​ហ៊ុន សែន​ ថ្លែង​ថា៖ ​«ជំនួស​ការ​ទទួល​បាន​ការ​គាំទ្រ​ជា​រឿយៗ ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​កិច្ច​ដំណើរ​ការ​ប្រឹង​ប្រែង​កសាង​ជាតិ​របស់​ខ្លួន​ ដែល​មិន​បាន​ល្អ​ឥត​ខ្ចោះ ​ស្រប​តាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​ដែល​សមត្ថភាព​ប្រទេស​ទន់​ខ្សោយ​ទាំង​នោះ​នៅ​មាន​ការ​ខ្វះ​ខាត​ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន ​ដូច​ជា​សិទ្ធិ​ទទួល​បាន​សន្តិភាព​ សិទ្ធិ​រស់​រាន​មាន​ជីវិត​ សិទ្ធិ​ទទួល​បាន​អាហារ ​ទី​ជម្រក និង​ការងារ​ជា​ដើម»។​

លោក​ចាត់​ទុក​ថា ​នេះ​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​មាន​«ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ»​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ ​តាម​រយៈ​«ការ​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ធ្វើ​ជា​រឿង​នយោបាយ​ឲ្យ​ស្រប​តាម​របៀប​វារៈ​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន»។​

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ត្រូវ​បាន​រិះគន់​ដោយ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​លោក​ខាង​លិច ​អំពី​ការ​មិន​គោរព​សិទ្ធិ​មនុស្ស ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ ​តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ការ​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត។​ជា​រឿយៗ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា​ ប្រទេស​លោក​ខាង​លិច​បាន​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​រិះគន់​វាយ​ប្រហារ​រដ្ឋាភិបាល​របស់​លោក ​ជា​ពិសេស​សហ​រដ្ឋ​អាមេរិក ​និង​ប្រទេស​នៅ​សហភាព​អឺរ៉ុប។​

នៅ​ក្នុង​សារ​ថ្លែង​ទៅ​មេ​ដឹកនាំ​ពិភព​លោក​ដែល​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ លោក​ ហ៊ុន សែន​ បន្ត​ថា​ ​ការ​ប្រកួត​ប្រជែង​គ្នា​របស់​ប្រទេស​មហា​អំណាច​ក៏​ជា​ឧបសគ្គ​នៃ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ជ្រើស​រើស​យក​ឯករាជ្យ​និង​អធិប​តេយ្យភាព។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា​ នេះ​ជា​ឧបសគ្គ​ពិត​ប្រាកដ​ដ៏​ចម្បង​មួយ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោល​ដៅ​របៀប​រវាៈ​(អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០)​ បន្ថែម​លើ​បញ្ហា​ប្រឈម​បន្ទាន់​ទាំង​ឡាយ ​ដែល​បង្ក​ឡើង​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩»។​

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ​ ឬ​ Everything But Arms​ (EBA)» ​ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​២០​ភាគរយ​លើ​ទំនិញ​កម្ពុជា ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ «រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​W. Patrick Murphy ​ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​នេះ​ដូច​គ្នា​នឹង​សហភាព​អឺរ៉ុប​ផង​ដែរ។​

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ឈ្មោះ​Union Development Group ​(UDG)​ ដែល​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ប្រមាណ​៣៨០០​លាន​ដុល្លារ ​ក្រោម​ហេតុ​ផល​នៃ​ការ​រឹបអូស​យក​ដីធ្លី ​និង​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​កម្ពុជា ​នៅ​ខេត្ត​កោះកុង។ ​

នៅ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា ​លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​នៅ​ក្នុង​សារ​របស់​លោក​ថា​ ប្រទេស​មហា​អំណាច​និង​លោក​ខាង​លិច​ខ្លះ​បាន​និង​កំពុង​សហការ​ប្រទាក់​ក្រឡា​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការ​ដាក់​សម្ពាធ​ គាប​សង្កត់​ឲ្យ​កម្ពុជា ​ដើរ​តាម​គន្លង​នយោបាយ​របស់​ខ្លួន ​ដូច​ដែល​ពួកគេ​ធ្លាប់​បាន​ប្រព្រឹត្ត​មក​លើ​កម្ពុជា​កាល​ពី​ទសវត្សរ៍​១៩៧០​និង​១៩៨០។​លោក​ថា ​នេះ​ជា​ការ​រំលោភ​បំពាន​លើ​គោល​ការណ៍​សមភាព​អធិប​តេយ្យភាព​រវាង​បណ្តា​រដ្ឋ ​និង​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដ​ទៃ​ទៀត​ ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ​និង​ក្នុង​ច្បាប់​អន្តរ​ជាតិ។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ការ​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​តែ​ត្រូវ​ការ​ជំនួយ​ពី​ប្រទេស​អភិវឌ្ឍន៍ ​ដែល​ចង់​ឃើញ​ការ​ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ​ លោក​បន្ត​ថា​ប្រសិន​បើ​មិន​មាន​ការ​គោរព​តាម​ពួកគេ​នឹង​រិះគន់​ឬ​ក៏​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​បើ​សិន​ជា​គេ​នៅ​មើល​ឃើញ​ថា​ ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ តែ​នៅ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​នៅ​មាន​ការ​បំពារ​បំពាន ​ទាក់​ទង​នឹង​ផ្នែក​សេរីភាព​ជា​មូលដ្ឋាន​ ឬ​ក៏​សិទ្ធិ​មនុស្ស​ហ្នឹង ​ អាហ្នឹង​គេ​តែង​តែ​មាន​ដាក់​លក្ខខណ្ឌ​ឬ​ក៏​អាច​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​អី​ដែរ​បាទ»។​

លោក​ អំ សំអាត​បន្ត​ថា​ រដ្ឋាភិបាល​ប្រទេស​ណា​ក៏​ដោយ ​ក៏​តែង​តែ​ថ្លែង​ការពារ​ប្រទេស​របស់​ខ្លួន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប៉ុន្តែ​ប្រទេស​អភិវឌ្ឍន៍​ដែល​គោរព​ប្រជា​ធិបតេយ្យ ​វាយ​តម្លៃ​ការ​មិន​គោរព​សិទ្ធិ​មនុស្ស​ ដើរ​ខុស​គន្លង​ប្រជា​ធិបតេយ្យ ​តាម​រយៈ​របាយ​ការណ៍​ជាក់​ស្តែង​ដែល​ពួកគេ​ប្រមូល​បាន៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG