ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ​ហ៊ុន សែន​ ប្រកាស​ប្រើ​យុទ្ធសាស្រ្ត​«រុញ​ទូក​បណ្តោយ​ទឹក» ​ដោយ​ប្រើ​លុយ ​និង​នារី​ជា​អន្ទាក់


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​សោរ៍ ​បាន​ថ្លែង​ថា ​លោក​បាន​ប្រើ​យុទ្ធ​សាស្រ្ត​«រុញ​ទូក​បណ្តោយ​ទឹក»​ដើម្បី​ជា​អន្ទាក់​សម្រាប់​អ្នក​នយោ​បាយ​ ដោយ​ក្នុង​នោះ​មាន​ការ​ផ្តល់​ប្រាក់ ​និង​នារី​ដើម្បី​បំពេញ​ការ​ចូលចិត្ត​របស់​ពួក​គេ។​

នេះ​ជា​ប្រតិ​កម្ម​របស់​នាយក​រដ្ឋមន្រ្តី​ទៅ​នឹង​អ្នក​រិះ​គន់​ដែល​ថា ​លោក​ ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​របស់​លោកគ្មាន​សមត្ថ​ភាព​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា ​លោក​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក​ដោយ​លោក​បាន​ឌឺ​ដង​ថា​ បើអ្នក​ញៀន​ល្បែង​គឺ​លោកឱ្យ​លុយ​លេងល្បែង​ថែម​ ហើយ​បើ​អ្នក​ចូល​ចិត្ត​នារី ​គឺ​លោក​រក​នារី​មក​តម្រូវ​ចិត្ត​តែ​ម្តង។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​អ្នក​ឯង​យល់​ថា​ ហ៊ុន ម៉ាណែត ​វា​អត់​បាន​ការ​ អ្នក​ឯង​បណ្តោយ​ឱ្យ​ទៅ!​ គេ​ហៅ​យុទ្ធ​សាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក។ អាហ្នឹង​ខ្ញុំ​ប្រើ​យូរ​ហើយ​អីតើ។ ​ខ្ញុំ​ថា​ អាពួក​ហ្នឹង​ណា៎ ​ វា​ដឹក​នាំ​បន្តិច​ទៀត​ វា​រលាយ​ហើយ។​ អ៊ីចឹង​កុំចាំ​បាច់​ទៅ​ប្រដៅ​វា។​ អាណា​ពូកែ​ខាង​ស្រី​ឱ្យ​លុយ​ថែម​ រៀប​ស្រី​ឱ្យ​ហ្អែង​បណ្តោយ​ទៅ។ អាណា​ពូកែ​ល្បែង​ជូន​លុយ​ឱ្យ​ចូល​ល្បែង​ទៅ!​ អញ​នៅ​អញ​ធ្វើការ​។ ​អាហ្នឹង​និយាយ​ឱ្យ​ជាក់​ស្តែង​អ៊ីចឹង​ហ្មង។​ អាហ្នឹង​គេ​ហៅ​ថា ​យុទ្ធ​សាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក​ដើម្បី​គ្រប់​គ្រង​វា»។ ​

លោក​ ហ៊ុន សែន ​បន្ថែម​ថា​ បើ​កាន់​តែ​រិះ​គ​ន់ ​លោក​កាន់​តែ​ដំណើរ​ការ​កាន់​តែ​លឿន​ ហើយ​បើ​ទោះ​បី​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​ក៏​លោក​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ផ្តល់​មតិ​យោបល់ ​ក្នុង​នាម​ជា​ប្រធាន​គណ​បក្ស។​

លោក​បន្ត​ថា៖​ «ហើយ​ចង់​អ្នក​ណា​ថា​អី​ថា​ទៅ!​ អ្នក​ឯង​ព្រុសតាម​ចិត្ត​ចុះ!​ ហើយ​ពាក្យ​ថា ​ព្រុស​ហើយ​ ​គេ​មិន​ដែល​ហៅ​ថា ​មនុស្ស​ទេ។ នាំ​គ្នា​ព្រុស​ទៅ!​ ព្រុស​ឱ្យ​វា​ឮបន្តិច​ទៅ!​ ព្រុស​កាន់​តែ​ខ្លាំង​ ដំណើរ​ការ​កាន់​តែ​លឿន​ ប្រាប់​អ្នក​ឯង​ឱ្យ​ច្បាស់។ ​អ្នក​ឯង​មក​រអ៊ូ​ថា​ លោក ​ហ៊ុន សែន​ ​កាន់​អំណាច​យូរ​ណាស់​ ចុះ​បើ​ហ៊ុន សែន​ដើរ​ចេញ​ រួច​ហើយ​ប្រគល់​ឱ្យ​កូន​ហ៊ុន សែន​ធ្វើ​វា​មាន​ទាស់​ក្បាល​អ្នក​ឯង​អី!​ ប្រជាជន​បោះ​ឆ្នោត​អីតើ»។

គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាលយល់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មិន​ចាំ​បាច់​ការពារ​កូន​របស់​ខ្លួន​នោះ​ទេ​ តែ​អ្វី​ដែលសំខាន់​គឺ​ត្រូវតែ​ធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និងយុត្តិ​ធម៌។​

លោក​ ​ថាច់ សេដ្ឋា ​ប្រធាន​ស្តីទី​គណ​បក្ស​ភ្លើង​ទៀន ​យល់​ឃើញ​ថា ​ការ​ប្រើ​ប្រាស់​វោ​ហារ​សព្ទ​ឌឺ​ដង​បែប​នេះ​វាល្អ​ជា​ជាងការ​ប្រើ​ប្រាស់​កម្លាំង​បាយ​ និង​ការ​ប្រើ​ប្រាស់​អំពើ​ទុច្ច​រិត​ណា​មួយ​ក្នុង​ការ​វាយ​គូ​ប្រកួត​ប្រជែង​នយោ​បាយ។​ លោក​បន្ត​ថា​ គណ​បក្ស​ភ្លើង​ទៀន​មិន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដែល​មា​នលោក ​ហ៊ុន សែន​ ​ឬ​បេក្ខភាព​អនាគត​នាយករដ្ឋ​មន្ត្រី​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ ហ៊ុន ម៉ាណែត នោះ​ទេ។ ​

លោក​ថ្លែង​ថា៖ ​«ទោះបី​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ អ្នក​ណា​ក៏ដោយ​ ក៏​ជា​គូ​ប្រកួត​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ដដែល»។​

ចំណែក​លោក​ គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​យល់​ឃើញ​ថា​ ពាក្យ​ពេចន៍​ឌឺ​ដង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ ​គ្រាន់​តែ​ជា​ចិត្ត​សាស្ត្រ ​និង​យុទ្ធ​សាស្ត្រ​មួយ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​លោក​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​គួរ​ខ្វាយ​ខ្វល់​រឿង​នេះ​ទេ​ គួរ​តែខ្វាយ​ខ្វល់​អំពី​ការរៀប​ចំ​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ឱ្យ​ប្រកដ​ដោយ​យុត្តិ​ធម៌​ ​ធានា​ថា​ គ្មាន​ការ​បំភិត​បំភ័យ​ប្រជា​ពល​រដ្ឋ​ និង​សកម្ម​ជន​នយោ​បាយ និង​ត្រូវ​បើក​ចំហ​សិទ្ធិ​នយោ​បាយ​ឱ្យ​មាន​ភាព​ទូលំ​ទូលាយ​សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​នា​ពេល​ខាង​មុខ​។ ​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ពុំ​ចាំ​បាច់​ខ្វល់​ខ្វាយ​ អ្នក​ដែល​មាន​មតិ​ផ្ទុយ​ អ្នក​ដែល​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បេក្ខភាព​លោក ​ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋ​មន្ត្រី​អនា​គត​អី​នោះ​ទេ ​ព្រោះ​វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ ​អ្វី​ដែល​លោក ​ហ៊ុន សែន​ គួរ​តែ​ខ្វាយ​ខ្វល់​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ​ការ​ធានា​ការ​ប្រកួត​មួ​យ​ដែល​មាន​យន្ត​ការ​ ឬ​ទី​លាន​ប្រកួត​ប្រកប​ដោយ​ស្មើ​ភាព​នឹង​សម​ភាព ​យុត្តិ​ធម៌​ គឺ​ជា​រឿង​មួយ​ចាំ​បាច់»។ ​

លោក​ ហ៊ុន ម៉ាណែត​ កាល​ពី​ថ្ងៃ​អាទិត្យ ​ក៏​បាន​បង្ហោះ​សារ​គាំទ្រ​នូវ​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន។ ​ឌឺដឹង​នឹង​អ្នក​រិះគន់​ លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ «អរគុណ​ចំពោះ​អស់​លោក​ទាំង​អស់​ដែល​តែង​តែ​ចំណាយ​អស់​នូវ​ពេល​វេលា កម្លាំង​កាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​គំនិត​ និង​រឿង​ផ្សេងៗ​ដើម្បី​រិះ​គន់ ​វាយ​ប្រហារ​ខ្ញុំ ​ព្រម​ទាំង​បាន​ជួយ​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មួយ​ចំនួន ​ដោយ​ឥត​គិ​ត​ថ្លៃ​ ដែល​ទាំង​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​អាច​រៀន​ចេះ​ការពារ ​និង​ពង្រឹង​ខ្លួន​ឯង​ឱ្យ​បាន​កាន់​តែ​រឹង​មាំ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG