ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត ​ប្រតិកម្ម​តប​​លោក ​សម​ រង្ស៊ី ​រឿង​រិះគន់​សមត្ថភាព


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

លោក ​ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​អះ​អាង​ថា ​លោកមាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹក​នាំ​ប្រទេស ​ទើបមន្រ្តី​គណបក្ស​កាន់​អំណាច​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​បេក្ខ​ជន​អនាគត​នាយក​រដ្ឋ​មន្ត្រី ​បន្ទាប់​ពី​ឪពុក​របស់​លោក។​

លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​បែប​នេះ ​ដោយ​ប្រតិ​កម្ម​តប​ទៅ​អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​លោក ​សម រង្ស៊ី ​ដែល​បាន​លើក​ឡើង​ថា​ លោក ​ហ៊ុន ម៉ាណែត ​មិន​មាន​ស្នាដៃ​អ្វី ​និង​ទទួល​បាន​តំណែង​តាម​រយៈ​ឪពុក​របស់​លោក។​

បើ​តាម​វីដេអូ​មួយ​ប្រមាណ​១២​នាទី​ ដែលលោក​ ហ៊ុន ម៉ាណែត ​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅ​ថ្ងៃ​ទី១៤ ​ខែ​កញ្ញា ​លោក ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា​៖ ​«លោក​អ៊ំ​ចូល​ចិត្ត​ធ្វើ​បាប​កូន​ក្មេង ​ចូល​ចិត្ត​វាយ​ប្រហារ​កូន​ក្មេង។ ​វាយ​ប្រហារ​ឪ​ខ្ញុំ ​ឪ​ខ្ញុំ​លែង​តប ​ហើយ​មក​វាយ​ប្រហារ​ខ្ញុំ​។ ​គាត់​វាយ​ថា ​ហ៊ុន ម៉ាណែត​ មក​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ហ្នឹង​ គឺ​បាត់​បង់​ឱកាស​យុវជន​ដទៃ​ទៀត​ជា​ច្រើន។​ ខ្ញុំថា​ ហ្ហេ!​ ខ្ញុំ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រទេស​ខ្មែរ​មាន​សមាស​ភាព​ [ដែល] អ្នក​មាន​សមត្ថ​ភាព​ច្រើន​ ហើយ​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជន​ក៏​មាន​សមាស​ភាព​ច្រើន​ដែរ​ ដែល​មាន​សមត្ថ​ភាព​ ប៉ុន្តែ​គណៈ​[កម្មាធិការ]​កណ្តាល​បាន​សមូហ​ភាព​ បាន​បោះ​ឆ្នោត​ជ្រើស​រើស​មនុស្ស​ម្នាក់​ ព្រោះ​គេ​អាច​រើស​បាន​តែ​ម្នាក់ ​ហើយ​គេ​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ»។​

​លោក​ ហ៊ុន ម៉ាណែត​ ​ត្រូវ​បាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​ជ្រើសរើស​ជា​ឯក​ច្ឆន្ទ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​ពេល​អនាគត​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​

លោក​ ហ៊ុន ម៉ាណែត ​ក៏​បាន​ចាត់​ទុកលោក​ សម រង្ស៊ី​ ថា ​មិន​មាន​ភាព​អៀន​ខ្មាស​ និង​ជា​អ្នក​នយោបាយគ្មាន​ចក្ខុ​វិស័យ ​ដែល​ដឹក​នាំ​គណ​បក្ស​ដើរ​ថយ​ក្រោយ។ ​លោក​ឌឺដង​ទៅ​លោក ​សម រង្ស៊ី​ ថា​ បើ​លោក​គាំទ្រ​គណ​បក្ស​ភ្លើង​ទៀន​ គួរ​ណាស់​តែ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ដែល​មាន​សមត្ថ​ភាព​ដឹក​នាំ​គណ​បក្ស ​ហើយកុំ​វាយ​ប្រហារ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​

​លោក​បន្ថែម​ថា៖ ​«បើ​មិន​ចេះ​វិភាគ​ថា ​ខ្លួន​មក​ពីណា​ មក​ដល់​ណា​ ហើយ​ទៅ​ណា​ទៀតគ្រប់​ពេល​នោះ​ទេ ​គឺម្តង​ទៅ​លិច​ម្តង​ទៅ​កើត​ តាម​អារម្មណ៍​ ​គ្មាន​ចក្ខុ​វិស័យ។ ប្រហែល​ អ៊ីចឹង​ហើយ​បាន​ធ្វើ​ឱ្យ​លោក​អ៊ំ​ម្តង​វាយ​ខ្ញុំ​រឿង​នេះ​ ម្តង​វាយ​ប្អូន​ខ្ញុំ ​ម្តង​វាយ​ឪពុក​ខ្ញុំ ​ព្រោះ​គ្មាន​ចក្ខុ​វិស័យ​ក្នុង​ការ​ដឹក​នាំ​បក្ស​បាន[ដែល]​កាន់​តែថយ​ទៅៗ។ ​រឿង​តែ​ប៉ុណ្ណឹង»។​

លោក ​ហ៊ុន ម៉ាណែត​ បច្ចុប្បន្ន ​មាន​តួនាទី​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។ ​ក្រៅ​ពី​នេះ​ លោកជា​ប្រធាន​យុវ​ជន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផង​ដែរ។ ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ លោក​បាន​ចេញ​មុខ​ជា​បន្ត​បន្ទាប់​ក្នុង​វេទិកា​នានា ​តំណាង​ឪពុក​របស់​លោក។​

លោក ​សម រង្ស៊ី ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កញ្ញា ​បា​ន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ភ្ជាប់​ជា​មួយ​រូប​ភាព​របស់​លោក​ ហ៊ុន ម៉ាណែត ​និងរិះ​គន់​ថា​ អ្វី​ដែល​លោក​ ហ៊ុន ម៉ាណែត ​បង្អួត​មនុស្ស​គ្រប់គ្នា​ គឺ​បាន​មក​ដោយ​សារឪពុក​របស់​លោក​ ដូច​ជា​បុណ្យ​ស័ក្តិ ​ការ​ចូល​រៀន​នៅ​សាលា​ទាហាន​អាមេរិក ​ដែល​បាន​មកពី​ការយោគ​យល់ ​និង​ថា ​សាលា​រៀន​នោះមិន​សូវ​គិត​ពី​ចំណេះ​ដឹង ​និង​សមត្ថ​ភាព​ពិត​ប្រាកដ​របស់​និស្សិត​ជា​ជន​ជាតិ​បរទេស​ ដែល​ជា​កូន​អ្នក​ធំ។​

លោក ​សម រង្ស៊ី ​បាន​បង្ហោះ​សារ​ជា​អក្សរ​ថា៖ ​«តែអ្វី​ដែល​ ហ៊ុន ម៉ាណែត ​មាន​ក្នុង​ដៃ​ពេល​នេះ​ដើម្បី​យក​មក​បង្អួត​គេ​ឯង ​គឺបាន​មកពី​ឪ​ទាំង​អស់។ ​បុណ្យ​សក្តិ​ក៏​ឪ​បំពាក់​ឱ្យ។ ​សូម្បី​តែ​លទ្ធភាព​បាន​ចូល​រៀន​សាលា​នៅ​សហ​រដ្ឋ​អាមេរិក ​ក៏​ចូល​តាម​ច្រក​យោគ​យល់​ (កូតា)ដែល​គេ​បើក​ឱ្យ​សម្រាប់​និស្សិត​ជាជន​ជាតិ​បរទេស»។​

លោក​ សម រង្ស៊ី ​រិះគន់​លោក ​ហ៊ុន ម៉ាណែត​បែប​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ប្រកាស​ថា លោកនៅ​តែ​គាំទ្រ​លោក ​ហ៊ុន ម៉ាណែត ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​បន្ទាប់​ពី​លោក​ឈប់​ធ្វើ។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជា​ពល​រដ្ឋក្នុង​ខេត្ត​សៀមរាប ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា៖ ​«បើទោះ​បីជា ​ហ៊ុន ម៉ាណែត ​ជាកូន​អ្នកណា​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​គាំទ្រ ហ៊ុន ម៉ាណែត​ដែរ​ ព្រោះ​លក្ខណៈ​សម្បត្តិ​របស់​វា​ គឺគ្រប់​គ្រាន់។​ វា​មិន​ស្ថិត​ក្នុង​ការ​ខ្ញុំ​គាំទ្រ​កូន​ខ្លួន​ឯង​ឯ​ណា។​ ខ្ញុំ​គាំទ្រ​អ្នក​ណា​ដែល​អាច​ដឹកនាំ​គណបក្ស​ប្រជាជន​បាន​ ដែល​អាច​ដឹកនាំ​កម្ពុជា​បាន»។​

លោក ​ហ៊ុន សែន ​បាន​បន្ថែម​ថា៖ ​«មួយ​ថ្ងៃៗ​ ឮ​តែ​ផ្ទេរ​អំណាច​ឱ្យ​កូន ​យ៉េ... ​អញ​មិន​មែន​បណ្តុះ​បណ្តាល​ឱ្យ​ធ្វើ​មេ​ចោរ​ឯណា?​ បើវា​មាន​លទ្ធ​ភាព​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ ​ឱ្យ​វា​ធ្វើ​ទៅ!​ ហើយ​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ បើ​សិន​ជា​កូន​ខ្ញុំ​មិន​គ្រប់លក្ខណៈ​សម្បត្តិ​ក៏​ខ្ញុំ​មិន​គាំទ្រ​ដែរ​ ហើយ​ខ្ញុំ​មិន​ឱ្យ​ប្រទេស​នេះ​បំផ្លាញ​ដោយ​ស្នាដៃ​កូន​របស់​ខ្ញុំ​ទេ។​ ឪពុក​កសាង​ កូន​ប្រឹង​បំផ្លាញ។ មិន​មែន​អ៊ីចឹង​ទេ​ អត់​ទេ។ ​ហើយ​ក៏​មិន​មែន​កូន​ស៊ី​កេរ​របស់​ឪ​ដែរ។ ​អាហ្នឹង​ជា​ការ​ជោគ​ជ័យ​ ជា​ការ​ខិត​ខំ»។​

​អ្នក​វិភាគ​នយោ​បាយ ​លោក​បណ្ឌិត​ មាស នី ​លើក​ឡើង​ថា​ អ្នក​នយោបាយ​កម្ពុជា​ទាំង​អស់​គួរ​តែ​បោះ​បង់​ចោល​គំនិត​គុំ​កួន​រឿង​ផ្ទាល់ខ្លួន​ ឬ​ការជេរ​ប្រមាថ​គ្នា ​ដោយត្រូវ​ងាយ​មកគិត​គូរ​ពី​ប្រយោជន៍​ជាតិ​ជា​ធំ ​ទើបកម្ពុជា​អាច​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ប្រទេស​ខ្មែរ​ត្រូវ​ការ​រក​នូវ​ឯក​ភាព​ជាតិ​ដែល​ខ្មែរ​រក​មិន​ទាន់​ឃើញ។ ​អ៊ីចឹង​សម្រាប់​នយោបាយ​ប្រមាថ​នេះ​ វា​អត់​អាច​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ជាតិ​បាន​ទេ។ ​ហើយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ អ្នក​នយោបាយ​ខ្មែរ​គួរ​តែ​ចាប់​ផ្តើម​និយាយ​អំពី​បន្ទាត់​នយោបាយ​ដែល​ក្រុម ​ឬ​បក្ស​នីមួយៗ​ត្រូវធ្វើ​ ត្រូវ​នាំ​ជាតិ​ទៅ​កន្លែង​ណា​វិញ​ ជាជាង​រវល់​មក​ធ្វើការ​គុំកួន​លើ​រឿង​ផ្ទាល់​ខ្លួន​ រៀង​ខ្លួន»។​

លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ ​កត់​សម្គាល់ស្រដៀង​គ្នានឹង​លោក​ មាស នី ​ដែរ ​ថា ​អ្នក​នយោបាយ​ទាំង​អស់គួរ​តែ​គិតគូរពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​ក្នុង​សង្គម​ និង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះរួម​គ្នា ​ជាជាង​ការ​យក​រឿង​បុគ្គល​មក​ហែក​ហួរ ​បង្អាប់ដៃគូ​ប្រជែង​នយោបាយ​ដើម្បី​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​នោះ៕

XS
SM
MD
LG