ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត ​ថា​​ វា​មិន​ខុស​ឡើយ​ បើ​​លោក​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក


រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក ​ហ៊ុន ម៉ាណែត​ ដែល​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ការ​ពារ​ខ្លួន​ថា​ ការ​ជ្រើស​រើស​លោក​ឱ្យក្លាយ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​អនា​គត ​និង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​វេន​ពី​ឪពុក​លោក​គឺ​មិនខុសគោល​ការណ៍​ប្រជា​ធិបតេយ្យ​ឡើយ។​

នេះ​ជា​ប្រតិ​កម្ម​តប​របស់​លោក​ទៅ​នឹង​ការ​រិះ​គន់​របស់​អ្នក​វិភាគ​មួយ​ចំនួន​អំពី​រឿង​ស្នង​តំណែង​ និង​ថា​ លោក​នឹង​អាចដឹក​នាំ​ប្រទេស​កម្ពុជា បែប​ផ្តាច់​ការ​ដូច​ឪពុក​របស់​លោក។​

​លោក ​ហ៊ុន ម៉ាណែត ​នៅថ្ងៃ​អង្គារ​នេះ​ បាន​បង្ហោះ​វីដេអូ​មួយ​ ដែល​មាន​រយៈ​ពេល​ជិត​១០​នាទី ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​ដោយ​លោក​បាន​ថ្លែង​ថា​ ​ការ​បន្ត​វេន​ជា​អ្នក​នយោបាយ ​ឬ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រីដឹក​នាំ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត ​គឺ​មិន​មាន​អ្វី​ខុស​នោះ​ទេ ​ព្រោះ​លោក​ថា ​គណបក្ស​បោះ​ឆ្នោត​គាំទ្រ​រូប​លោក​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​បន្ត​វេន។ ​លោក​បន្ថែម​ថា ​នៅ​ថ្ងៃ​ខាង​មុខ ​ប្រសិន​បើ​លោក​ក្លាយ​ជានាយក​រដ្ឋ​មន្ត្រី​ក៏​បាន​មក​ពី​ការ​គាំទ្ររបស់​ប្រជា​ពល​រដ្ឋ។​

លោក ​ហ៊ុន ម៉ាណែត​ ថ្លែង​ថា៖​ «ការ​ជ្រើស​រើស​ខ្ញុំ​ជា​បេក្ខ​ភាព​នេះ ​គឺ​មាន​ការ​គាំទ្រ​ពី​អង្គ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​ធ្នូ ​ឆ្នាំ​២០២១។​ ទី​ពីរ​ ​ផ្នែក​ទៅ​លើ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​តែង​តាំង​ខ្ញុំ​ [និង]​ជ្រើស​តាំង​ខ្ញុំ​ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​មិន​មែន​ជ្រើស​តាំង​ខ្ញុំ​ជា​នាយក​រដ្ឋ​មន្ត្រី​ទេ។​ បេក្ខ​ភាព​បាន​ន័យ​ថា​ មាន​សិទ្ធិ​ឱ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ [គឺ]​រឿង​តែ​ប៉ុណ្ណឹង​ អត់​មាន​អ្វី​ខុស​ទេ។ ​អ៊ីចឹង​អនុ​លោម​តា​ម​នេះ ​គ្មាន​អ្វី​ខុសពី​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ទេ។​ ហើយ​ចង់​អ្នក​ឯង​ថា ​ផ្តាច់​ការ​អី​ [គឺ​មិន​សំខាន់]​ រឿង​សំខាន់​ប្រជា​ពល​រដ្ឋ​ទេ​តើ​[អ្នក​គាំទ្រ]»។​

លោកបាន​ចាត់​ទុកអ្នក​វិភាគ​មួយ​ចំនួន​ថា ​ជា​អ្នកវិភាគ«​បែប​ស៊ីអារម្មណ៍» ​មិន​មែន​វិភាគ​បែប​វិទ្យា​សាស្រ្ត​នោះ​ទេ ​ទាក់​ទិន​នឹង​ការ​វាយ​ប្រហាររូប​លោកជា​បន្ត​បន្ទាប់​អំពីការ​បន្ត​វេន ​ឬ​ស្នង​តំណែង​ជាអនាគត​នាយក​រដ្ឋ​មន្ត្រី​ និង​រិះគន់​ថា លោក​នឹង​ដឹក​នាំ​បែប​ផ្តាច់​ការ​ដូច​ឪពុក​របស់​លោក។​

លោក ​ហ៊ុន ម៉ាណែត ​ការ​ពារ​ខ្លួន​ថា ​ការ​បន្ត​តំណែង​នយោបាយ​គឺមិន​មែន​ជា​រឿង​ចម្លែក​ទេ​ ដែល​កូន​ចៅ​របស់​អ្នក​នយោបាយ​ទទួល​យក​អាជីព​អ្នក​នយោបាយ​ ឬ​ធ្វើ​ជា​មេ​ដឹក​នាំ​ប្រទេស​ណា​មួយ។​

​លោក​ប្រតិ​កម្ម​តប​ថា៖ ​«គេ​វាយ​ខ្ញុំ​ថា​ ឥឡូវ​ហ៊ុន ម៉ាណែត​ [គឺ]​គណ​បក្ស​ប្រជាជន​ ដែល​ត្រូវ​[ជ្រើស​រើស​ឱ្យ]បន្ត​វេន​ពី​ឪគឺ​បន្ត​វេន​របៀប​ផ្តាច់​ការ​ ហើយ​គេ​យក​រូប​ភាព​នៅកូរ៉េ​ខាង​ជើង​[ប្រៀប​ធៀប]។​ តើ​នេះ​ជា​ការ​វិភាគ​បែប​វិទ្យាសាស្ត្រ​ ឬ​វិភាគ​បែប​ស៊ី​អារម្មណ៍។​ គាត់​ចេញ​មក​ថា​ ខុស​រួច​ទៅ​ហើយ ​ផ្តាច់​ការ​រួច​ទៅ​ហើយ។ ​គាត់​ថា​ ការ​បន្ត​វេន​ ការ​បន្ត​ពូជ​ពង្ស​ ត្រកូល​នេះ​ ​គឺ​មាន​តែ​ប្រទេស​ផ្តាច់​ការ​ដូច​កូរ៉េ​ខាង​ជើង​ទេ​ ដែល​ធ្វើ»។​

លោក​ ហ៊ុន ម៉ាណែត ​ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​ត្រូវ​បាន​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ឯក​ច្ឆន្ទ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​ពេល​អនាគត​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១។ ​ក្រៅ​ពី​នេះ​ លោក​ជា​ប្រធាន​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ លោក​បាន​ចេញ​មុខ​ជា​បន្ត​បន្ទាប់​ក្នុង​វេទិកា​នានា​តំណាង​ឪពុក​របស់​លោក។​

នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន ​ក៏​បាន​បង្ហោះ​វីដេអូ​របស់​លោក ​ហ៊ុន ម៉ាណែត ​ដែល​ប្រតិកម្ម​ទៅ​នឹង​អ្នក​វិភាគ ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ផង​ដែរ។​

លោក ​ថាច់ សេដ្ឋា ​ប្រធាន​ស្តីទី​គណ​បក្ស​ភ្លើង​ទៀន ​កត់​សម្គាល់​ឃើញ​ថា​ មូល​ហេតុ​ដែល​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ដែល​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដឹកនាំរដ្ឋា​ភិបាល​បែប​ផ្តាច់​ការ​ គឺ​ដោយ​សារ​ប្រជាជន​មើល​ឃើញ​ពី​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ ​ការ​គំរាម​កំហែង​ ​និង​រឹត​ត្បិត​សេរី​ភាព ​ឬ​សិទ្ធិ​សេរី​ភាព​របស់ប្រជា​ពល​រដ្ឋ ​ជាពិសេស​លើ​សកម្ម​ជន​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណ​បក្ស​កាន់​អំណាច។ ​លោក​បន្ថែម​ថា​កម្ពុជា​មិន​ទាន់​បាន​គោរព​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ​ ដូច្នេះ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​តែ​គោរព​សិទ្ធិ​បញ្ចេញ​មតិ ​និង​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ។​

លោក​ថ្លែង​ថា៖​ «បើ​សិនក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ ​គេ​ត្រូវ​គោរព​ឆន្ទៈ​ប្រជា​ពល​រដ្ឋ​ គោរព​ការ​បញ្ចេញ​មតិ​ប្រជា​ពល​រដ្ឋ ​ផ្ទុយ​ទៅ​វិញ​នៅ​កម្ពុជា​មាន​អ្នក​ទោស​មនសិការ​ជាច្រើន​ត្រូវ​បាន​ជាប់​ពន្ធនាគារ ​ដោយ​សារ​គ្រាន់តែមាន​និន្នាការ​ផ្ទុយ​ពី​គណ​បក្ស​កាន់​អំណាច»។​

លោក​បន្តថា​ គណ​បក្ស​ប្រជាជនដែល​កំពុង​ដឹក​នាំ​ប្រទេស​ត្រូវ​តែ​ធានា​ផង​ដែរ​នូវ​កា​រ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ ​ឱ្យ​មាន​ភាពសេរី ​ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌​ ​ចៀស​វាង​ការ​គំរាម​កំហែង​ ការ​ចាប់​ចង ​ការ​បំភិត​បំភ័យ​មក​លើ​គណ​បក្ស​ប្រឆាំង​ និង​ត្រូវ​ទម្លាក់​ចោល ​និងដោះ​លែងអ្នក​ទោស​មនសិការ​ទាំ​ងអស់​ដើម្បីឱ្យ​ពួកគេ​អាច​ចូល​រួមប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ។​

ចំណែក​អ្នក​វិភាគ​នយោបាយ ​លោក​បណ្ឌិត​ មាស នី ​លើក​ឡើង​ថា​ នីតិវិធី​ក្នុង​ការ​ជ្រើស​រើស​តែង​តាំង​លោក ហ៊ុន ម៉ាណែត ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត​ គឺ​មិន​មាន​អ្វី​ខុស​នោះ​ទេ​ ប៉ុន្តែ​អ្វីដែល​សំខាន់​ថា​ តើ​ក្នុង​គណបក្ស​មាន​តម្លា​ភាព​ក្នុង​ការ​ជ្រើស​រើស​ដែរ​ ឬ​ទេ។​

​ទាក់​ទង​ការ​រិះ​គន់​ថា​ រដ្ឋាភិបាល​កម្ពុជាដឹកនាំបែប​ផ្តាច់​ការ ​លោក ​មាស នី ​បញ្ជាក់​ថា​ វា​ចៀស​មិន​ផុត​ទេ ​ដោយ​សារ​រដ្ឋា​ភិបាល​បានរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ​បង្ក្រាប​សកម្ម​ជន​នយោ​បាយ ​និង​បំបិទ​សិទ្ធិ​សេរី​ភាព​ជាដើម។​ ដូច្នេះ​បើ​មិន​ចង់​ឱ្យ​មាន​ការ​រិះ​គន់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​ រដ្ឋា​ភិបាល​ត្រូវ​តែ​បើក​លម្ហ​សេរី​ភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។​

លោក​ថ្លែង​ថា៖ ​«ប្រសិន​បើ​វា​មាន​ការបន្ធូរ​បន្ថយ​ច្រើន​ទៅ​លើ​សេរី​ភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ អ្វី​ផ្សេងៗ​ ខ្ញុំ​គិត​ថា​ វា​នឹង​អាច​ឱ្យ​ពលរដ្ឋ​ចាប់​ផ្តើម​មើល​ឃើញ​អំពី​ភាព​ផ្លាស់​ប្តូររវាង​អ្នក​ដឹក​នាំ​បច្ចុប្បន្ន ​និង​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយៗ​អ៊ី​ចឹង»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កញ្ញា ​ឆ្នាំ​២០២២ ​ លោក​ ហ៊ុន ម៉ាណែត ​ក៏​បាន​អះអាង​ដែរថា​ លោក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ ទើបគណបក្ស​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​បេក្ខ​ជន​អនាគត​នាយក​រដ្ឋ​មន្ត្រី ​បន្ទាប់​ពី​ឪពុក​របស់​លោក​ដែល​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG