លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានប្រកាសថារដ្ឋាភិបាលរបស់លោកកំពុងប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសកែទម្រង់សេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែអ្នកតាមដានសង្គមជំរុញឲ្យរដ្ឋាភិបាលកែលម្អសេរីភាពនយោបាយនិងប្រជាធិបតេយ្យនៅក្នុងប្រទេស។
លោក ហ៊ុន សែន ដែលកាន់អំណាចប្រមាណ៣៦ឆ្នាំមកហើយ បានថ្លែងបែបនេះក្នុងពិធីបើកពិព័រណ៍ចិនអាស៊ានតាមប្រព័ន្ធអនឡាញកាលពីព្រឹកថ្ងៃសុក្រ។
លោក ហ៊ុន សែន ថ្លែងថា៖ «សម្រាប់កម្ពុជា ទោះបីត្រូវបានចាត់ទុកថាជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ចនិងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់នឹងវិបត្តិនាពេលអនាគត»។
លោក ហ៊ុន សែន បានថ្លែងអំណរគុណដែលទីក្រុងប៉េកាំងបានផ្តល់ជំនួយជាវ៉ាក់សាំង និងជួយសម្រួលលក់វ៉ាក់សាំងជាអាទិភាពសម្រាប់កម្ពុជា ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះ ប្រជាជនកម្ពុជាជាង១១លាននាក់បានចាក់ថ្នាំបង្ការជំងឺនេះរួចហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា តាមរយៈការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កម្ពុជារំពឹងថាអាចនឹងសម្រេចបានភាពស៊ាំសហគមន៍ និងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ«នាពេលឆាប់ៗ»។
លោកបញ្ជាក់ថា៖ «ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះ ជាមួយនឹងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញនិងអនុវត្តវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់»។
ការថ្លែងខាងលើរបស់នាយករដ្ឋមន្ត្រីទាក់ទិននឹង«ការដ្ឋានកំណែទម្រង់»លើផ្នែកសេដ្ឋកិច្ចនិងសង្គមនេះ កើតមានឡើងចំពេលដែលលិខិតូបករណ៍និងប្រព័ន្ធសេវាសាធារណៈមួយចំនួនត្រូវបានគេណែនាំឱ្យដំណើរការប្រើប្រាស់នាពេលថ្មីៗនេះ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋសភាដែលមានតែតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់សំខាន់ៗដោយប្រើពេលតែមួយថ្ងៃ ក្នុងនោះក៏មានផងដែរ សេចក្ដីព្រាងច្បាប់ស្ដីពីការវិនិយោគ ដែលត្រូវជំនួសច្បាប់ចាស់ដែលដំណើរការពីឆ្នាំ១៩៩៤មក។
រដ្ឋាភិបាលធ្លាប់បានថ្លែងថាច្បាប់ថ្មីនេះ ផ្ដោតលើការកែលម្អបរិយាកាសសម្រាប់វិនិយោគិន និង«បង្កើតក្របខណ្ឌគតិយុត្តដែលមានភាពបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុន»ដែលក្នុងនោះក៏រាប់បញ្ចូលផងដែរ ការកាត់បន្ថយពេលវេលាចុះបញ្ជីវិនិយោគ និងពាណិជ្ជកម្ម។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ទើបបានដាក់ចេញនាដើមខែកញ្ញានេះ នូវ«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទីពីរ»ដែលជំរុញការផ្ដល់សេវាចុះបញ្ជី ស្នើសុំអាជ្ញាបណ្ណនិងការអនុញ្ញាតអាជីវកម្មនានា តាមច្រកចេញចូលតែមួយលើបណ្ដាញអនឡាញ។
សេដ្ឋកិច្ចកម្ពុជារងនូវការធ្លាក់ចុះក្នុងអត្រា៣,១% ដោយសារវិបត្តិកូវីដកាលពីឆ្នាំ២០២០ ហើយត្រូវរំពឹងថានឹងឡើងមកវិញក្នុងអត្រា២,៤%។ នេះបើយោងតាមការវាស់វែងនិងព្យាករណ៍របស់ក្រសួងហិរញ្ញវត្ថុដដែល។
ដោយសារតែវិបត្តិកូវីដ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានព្យាករថាអាចមានបណ្ដាជនកម្ពុជាប្រមាណ១លាន៣សែននាក់រអិលធ្លាក់ក្រោមបន្ទាត់ក្រីក្រសាជាថ្មី ជាផលរំខានផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីវិបត្តិរ៉ាំរ៉ៃនៃសុខភាពសកលមួយនេះ។
ចាប់តាំងពីចុងខែមិថុនាឆ្នាំ២០២០មកទល់នឹងចុងខែសីហាឆ្នាំ២០២១កន្លងទៅ រដ្ឋបានអនុវត្តប្រព័ន្ធគាំពារសង្គមដ៏ក្មេងខ្ចីរបស់ខ្លួនតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋបានប្រមាណជាង២លាន៦សែននាក់ គិតជាទឹកប្រាក់ជាង៤០០លានដុល្លារអាមេរិក។ នេះបើយោងតាមស្ថិតិបង្ហាញដោយក្រុមប្រឹក្សាជាតិគាំពារសង្គម។
ស្របពេលនឹងការព្យាយាមរបស់រដ្ឋាភិបាលក្នុងការបង្ហាញទម្រង់លូតលាស់នៃកំណែទម្រង់ផ្នែកសេដ្ឋកិច្ចនិងសង្គមខាងលើ អ្នកតាមដាននៅកម្ពុជាក៏បានស្នើឱ្យរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់លើការបើកទូលាយនៃសេរីភាពនយោបាយ និងសិទ្ធិបញ្ចេញមតិដែលត្រូវបានរិះគន់ថារឹតត្បិតយ៉ាងខ្លាំង ក្រោយការរំលាយគណបក្សសង្រ្គោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
បណ្ដាសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សនិងសហគមន៍មូលដ្ឋានប្រមាណ៦០កាលពីថ្ងៃទី២៤ ខែសីហាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅការចាត់វិធានការច្បាប់លើអ្នករិះគន់ អ្នកការពារសិទ្ធិមនុស្សនិងបរិស្ថាន និងតាក់តែងច្បាប់ចម្រូងចម្រាសមួយចំនួនថាជា«និន្នាការរបស់រដ្ឋាភិបាលដែលផ្តោតទៅលើអំណាចរបស់ខ្លួនជាជាងផលប្រយោជន៍និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថាការគោរពសិទ្ធិពលរដ្ឋនិងសេរីភាពនយោបាយ ផ្ដល់ការជ្រោមជ្រែងដល់កំណែទម្រង់សេដ្ឋកិច្ចសង្គមមួយដែលយូរអង្វែងនិងប្រកបដោយនិរន្តរភាព។
លោកថ្លែងថា៖ «ទិសដៅធំមួយគឺការភ្ជាប់គ្នារវាងលម្ហប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សដែលទាំងនោះជាមូលដ្ឋាននៃការទាក់ទាញការវិនិយោគ ជាពិសេសអ្នកវិនិយោគដែលមកពីបណ្ដាប្រទេសប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញ»។
នៅលើបញ្ហាអំពើពុករលួយវិញ កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមសន្ទស្សន៍ដែលធ្វើដោយអង្គការតម្លាភាពអន្តរជាតិ៕