ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

កម្មករ​រោងចក្រ​កាត់ដេរ​ចង់​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ខណៈ​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ


រូប​ឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ជិះ​លើ​រថយន្ដ​ឈ្នួល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ (AP)

កម្មករ​មួយចំនួន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​បាន​លើក​ឡើង​ថា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២២ គួរតែ​ត្រូវបាន​ដំឡើង​ដើម្បី​ឆើ្លយ​តប​ទៅ​នឹង​ថ្លៃទំនិញ​ដែល​ចេះតែ​កើន​ឡើង​នៅ​ចំ​ពេល​ប្រទេស​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។

ការ​អធិប្បាយ​របស់​កម្មករ​រោងចក្រ​កាត់ដេរធ្វើ​ឡើង​ស្រប​ពេល​ក្រុម​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ​កំពុង​រួមគ្នាចរចា​ជាមួយ​ភាគី​និយោជក​និង​រដ្ឋាភិបាលទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២២​ឲ្យ​បាន​ពី​១៩២​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ដល់​២១៤,២​ដុល្លារ​ក្នុង​មួយ​ខែ ដែល​មាន​កំណើន​២២,២​ដុល្លារ

អ្នកស្រី រឿន ហាក់​ អាយុ​៣១ឆ្នាំ​ជាកម្មការិនី​នៅ​រោង​ចក្រ​ New Orient ដែល​ក្រោយ​មក​ប្តូរជា​ឈ្មោះ​ជា​រោង​ចក្រ​ឌីនលីង ក្នុងទីក្រុង​ភ្នំពេញ​កត់​សម្គាល់​ការ​កើន​ឡើង​ថ្លៃ​ខ្ពស់​នៃ​ទំនិញលើ​ទីផ្សារ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​និង​ភាគីពាក់​ព័ន្ធ​ផ្សេង​ទៀត​ពិចារណា​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី ដើម្បី​ឲ្យ​កម្មករអាច​លៃលក​បាន​លើ​អាហារហូប​ចុក​ប្រចាំ​ថ្ងៃ។

អ្នកស្រី​ រឿន ហាក់ ថ្លែង​ថា៖ «មួយម៉ឺន​[រៀល]ចឹង​យើង​អាចទិញ​ម្ហូប​ មួយ​ល្មមហូប​វាមិន​ជា​ឆ្ងាញ់​ពេក​ក៏មិន​ជា​អន់​ពេក​ដែរ​តែឡូវ​មួយម៉ឺន​ហ្នឹង​គ្រាន់​តែ​ទិញ​បន្លែ​និង​ត្រីហ្នឹង​ អត់​ទាំង​គ្រាន់​ផង​ហើយ​មាន​គ្រឿង​មាន​អី​ទៀត​ចឹង​វា​អត់​គ្រាន់​ទេ​មួយម៉ឺន​ក្នុងមួយ​ពេល»។

អ្នកស្រី​និយាយថា​កម្មករ​រង​ការ​លំបាក​ខ្លាំងផងដែរក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​ប៉ះពាល់ប្រាក់ចំណូល​របស់​កម្មករ​រោង​ចក្រ​នៅពេល​មាន​ការ​ផ្អាក​សកម្មភាព​ផលិតកម្ម។

អ្នកស្រី​និយាយ​ថា៖ «ពេល​ដែល​កូវីដ​នេះ​កម្មករ​យើង​កាន់​តែ​ជួប​ការ​ពិបាក​កាន់​តែ​ច្រើន​ទៀត។ ពិបាក​ដូច​ថា​ការ​ងារ​វា​អត់​ដំណើរ​ការហើយ​យើង​ខ្វះ​ខាត។ ណាមួយ​យើង​ជំពាក់​ធនាគារ អត់​មាន​លុយ​បង់​ធនាគារ។​ហើយ​កូន​ឈឺ​កូនអី​ អត់​មាន​លុយ​យក​កូន​ទៅ​ពេទ្យ»។​

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ត្រូវ​បាន​ដំឡើង​ត្រឹម​តែ​២ដុល្លារ​ប៉ុណ្ណោះ កាល​ពី​ការ​ចរចា​ឆ្នាំ​មុន ក្រោម​ហេតុ​ផល​នៃ​ផល​ប៉ះ​ពាល់​ខាង​សេដ្ឋកិច្ច​និង​សង្គម​ដែល​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

អ្នកស្រី​ ជា ធីតា​ ដែល​បម្រើ​ការងារ​ក្នុង​រោង​ចក្រ​កាត់ដេរ​មួយ​ក្នុង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ អស់​រយៈ​ពេល២០​ឆ្នាំ​មើល​ឃើញ​ការ​ចំណាយ​កាន់ខ្ពស់​លើ​ទំនិញនៅ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំជា​ពិសេស​រយៈ​ពេលដែល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ។

អ្នកស្រី​ពន្យល់ថា៖ «ទំនិញ​ថ្លៃ​ណាស់​សូម្បី​តែ​ឥឡូវ​យើង​កាន់​មួយ​ម៉ឺន​ទៅទិញ​ម្ហូប​សម្រាប់​ចង់ហូប​ឆ្ងាញ់​អី​អត់​បាន​ទេ។ សូម្បី​តែ​យើង​ញាំបាយ​ពេល​ព្រឹក​ហ្នឹង​ឥឡូវ​ហ្នឹង​មួយ​កញ្ចប់​និយាយ​ឲ្យ​អស់​ពី​មុន​វិញ​ដូច​ថា​តែ​១ពាន់​[រៀល]​ទេ​អាច​ញាំ​បាយ​បាន​ហើយ​ពេល​ព្រឹក​ឥឡូវ​មួយ​កញ្ចប់​៣ពាន់​[រៀល]ហើយ​នៅ​ទិញ​អី​ញាំ​ផ្សេង​ៗ​តិច​តួច​អី​ចឹង»។

រូបឯកសារ៖ កម្មករ​រោងចក្រពាក់ម៉ាស់ការពារនិងនាំ​គ្នា​ដើរ​ទិញ​ត្រីសាច់​នៅ​ក្នុង​ផ្សារ​ត្រី​មួយ ក្រោយ​ពី​ចប់​ម៉ោង​ការងារ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មករ​រោងចក្រពាក់ម៉ាស់ការពារនិងនាំ​គ្នា​ដើរ​ទិញ​ត្រីសាច់​នៅ​ក្នុង​ផ្សារ​ត្រី​មួយ ក្រោយ​ពី​ចប់​ម៉ោង​ការងារ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

អ្នកស្រី ធីតា រំពឹង​ថា​ភាគី​ពាក់​ព័ន្ធ​នឹង​ពិចារណា​ដំឡើង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១០​ដុល្លារ​ដែល​អាច​ជួយ​កម្មករ​ទប់​ទល់​បាន​នឹង​កំណើនថ្លៃ​ទំនិញ​នា​ពេល​បច្ចុប្បន្ន។

អ្នកស្រី​ថ្លែង​ថា៖ «ឆ្នាំមុន​ឡើង​បាន​តែ​២[ដុល្លារ]ហ្នឹង​អញ្ចឹង​គិត​ថា​វាឆ្នាំ​ហ្នឹង​ ជិត​បោះ​ឆ្នោត​ចឹង​ប្រហែល​ជា​លោ​អាច​ឡើង​បាន​១០​ដុល្លារ​ឬមួយ​៧ ៨​ដុល្លារ​អីចឹង។ បាន​ត្រឹម​៥​ដុល្លារ​វា​តិច​ពេក​ហ្នឹង​ណា៎!»។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក ប៉ាវ ស៊ីណា យល់​ស្រប​ជាមួយ​ការ​ត្អូញ​ត្អែរ​របស់​កម្មករ​អំពី​ទំនិញ​ឡើង​ថ្លៃ។

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា​នេះ​ជាហេតុផល​សម​សម្រប​មួយ​សម្រាប់​ការ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ក្នុង​ពេល​ប្រទេស​មិន​ទាន់​ឆ្លង​ផុត​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩។

លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា៖ «ស្ថានភាពនេះ​យើង​ត្រូវ​ពិនិត្យ​មើល​ថា​តើ​អ្នក​ណាដែល​រង​វិបត្តិ​ធ្ងន់​ធ្ងរ​ជាង ពីព្រោះ​កម្មករ​ជា​កម្លាំង​ផលិត​បើសិន​ជា​កម្លាំង​ផលិត​គាត់​ហូប​មិន​គ្រប់​គាត់​ខ្វះ​មុខ​ ខ្វះក្រោយថា​តើ​និយោជក​ខ្លួន​ឯង​ហ្នឹង​ធ្វើ​ម៉េច​ហ្នឹង​បាន​បង្កើន​ផលិត​ភាព​កើតដូច្នេះ​ខ្ញុំ​គិត​ថា​ចំណុច​នេះ​ភាគី​និយោជក​ត្រូវ​តែ​ពិចារណា​ហើយ​ទាំង​រដ្ឋាភិបាល​ទាំង​ក្រសួង​ការងារ​ក៏ដោយ ត្រូវ​តែ​គិតគូរ​ចំពោះ​សុខ​ទុក្ខ​ជីវ​ភាព​រស់​នៅ​របស់​បងប្អូន​កម្មករ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំត្រីភាគី​កាលពី​ថ្ងៃទី៧​កញ្ញា​ប្រាប់​វីអូអេថា​ភាគី​និយោជក​ក៏​មិនទាន់​បង្ហាញ​ចេតនា​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ផង​ដែរ ដោយ​លើក​ហេតុ​ផល​ថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​មិន​មែន​ជា​កិច្ច​ការ​អាទិភាព​ក្នុង​វិស័យ​កាត់ដេរ ក្នុង​ពេល​ប្រទេស​កំពុង​រង​ផល​ប៉ះ​ពាល់​ពី​ជំងឺ​កូវីដ​១៩។

មេដឹកនាំ​សហជីព​រូបនេះ​បន្តថា​នេះ​ជា​ទម្លាប់​របស់​ភាគី​និយោជក​ដែល​ជារឿយៗ​លើក​ឡើង​ពី​ផល​លំបាក​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល ទោះបី​ក្នុង​ស្ថាន​ភាព​មិន​មាន​ការ​ឆ្លង​ជំងឺ​រាត​ត្បាត ដូច​ពេល​បច្ចុប្បន្ន​ក្តី។ ប៉ុន្តែ​លោក​សង្ឃឹម​ថា​រដ្ឋាភិបាល​អាច​សម្រួល​យ៉ាង​ណា​ឲ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ថយ​ចុះ ដែល​អាច​ឲ្យ​កម្មករ​រស់​បាន​ប្រសិន​បើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​មិន​អាច​ធ្វើ​ទៅ​រួច​សម្រាប់​ឆ្នាំ​២០២២​នោះ។

លោក​ថ្លែង​ថា៖ «អ្នកខ្លះ​មាន​គ្នា​ធ្វើ​ការ​២​នាក់​នៅ​ក្នុង​មួយ​គ្រួសារ​ឥឡូវ​នៅ​សល់​តែ​ម្នាក់​អីចឹង។ ចឹង​វាដូច​ជា​ចំណាយ​ច្រើន​ជាង​មុនហើយអ្វីៗ​ថ្លៃ​ទៀត។ អីចឹង​បាន​ថា​វា​ត្រូវ​តែ​មាន​ការ​ដោះដូរ​ប្រសិន​ជា​ខាង​រដ្ឋាភិបាល​មិន​ដំឡើង​ប្រាក់​ឈ្នួល​ទេ​គឺ​ធ្វើ​ម៉េច​បញ្ចុះ​តម្លៃ​ទំនិញ​សព្វ​សារ​ពើ​ហ្នឹង​ឲ្យ​វា​នៅ​ក្នុង​កម្រិត​ទាប​ផង​[ខ្ញុំ]​គិត​ថា​វា​មិន​ជា​បញ្ហា»។​

ក្នុង​ជំនួប​ដំបូង​ស្តី​ពី​ការ​កំណត់ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២២រវាង​ភាគី​សហជីព​និយោជក​និង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃទី​៧​ខែកញ្ញា​មាន​ការ​បក​ស្រាយ​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម ក៏​ដូច​ជាកម្រិត​អតិផរណា​ឬ​ការ​កើន​ឡើង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងការ​ងារ​លោក​ហេង សួរ​បាន​នៅ​ឡើយ​ទេ។

អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឬ GMAC លោក ខេន លូ​យល់​ថា​កម្មករ​បាន​បង្ហាញ​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ដែល​ចង់​បាន​ប្រាក់​ឈ្នួល​ថ្មី​តែ​ការ​ចរចា​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «អាហ្នឹង​ជា​អ្វីដែល​កម្មករ​ចង់​បាន​ប៉ុន្តែ​យើង​អត់​ទាន់​ចរចា​ទេ​អត់​ទាន់​ ដឹង​ថា​ចុងក្រោយ​លទ្ធផល​ជា​យ៉ាង​ម៉េច​ទេ។ ហើយ​តម្លៃ​ទីផ្សារ​ឡើងមាន​ន័យ​ថា​ជា ​criteria [លក្ខណៈ​វិនិច្ឆ័យ]​មួយ​នៅ​ក្នុង​៧​រូបមន្ត»។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ការ​ប្រជុំ​ត្រីភាគី​ស្តីពី​ការកំណត់ប្រាក់​ឈ្នួល​អប្បបរមាដែល​មាន​ខាង​សហជីព​ និយោជក​និង​រដ្ឋាភិបាល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ថ្ងៃ​ទី២១ និង​ថ្ងៃ​ទី​២៨ ខែ​កញ្ញា តាមប្រព័ន្ធ​អនឡាញ​មុន​ពេល​មាន​ការ​កំណត់​ជា​ផ្លូវ​ការ​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី។

វិស័យ​កាត់ដេរសម្លៀក​បំពាក់ និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ។

វិស័យ​នេះ​បាន​ទទួល​រងផលប៉ះពាល់ពី​ការឆ្លង​រាតត្បាត​នៃជំងឺកូវីដ​១៩​មួយផ្នែក​និងមួយ​ផ្នែក​ទៀត​ដោយ​សារ​ការ​បាត់​បង់​២០%​នៃ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប កាលពី​ខែ​សីហា​ឆ្នាំ​២០២១ ក្រោយ​ការ​រក​ឃើញ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG