ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​ចំណាយ​១,៤​ពាន់​​​លាន​ដុល្លារ​ទប់​កូវីដ​ក្នុង​ឆ្នាំ២០២១​និង​ព្យាករ​សេដ្ឋកិច្ច​កើន​ត្រឹម​២,៤%


រូប​ឯកសារ៖ បុរសម្នាក់កំពុងដើរកាត់ខាងមុខផ្សារចាស់ ដែលត្រូវបិទដំណើរការលក់ដូរ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាល​ពី​​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ បុរសម្នាក់កំពុងដើរកាត់ខាងមុខផ្សារចាស់ ដែលត្រូវបិទដំណើរការលក់ដូរ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាល​ពី​​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​ព្រឹត្តិការណ៍​ឆ្លង​កូវីដ​ក្នុង​សហគមន៍​២០កុម្ភៈអាច​នឹង​នាំ​ឱ្យការ​ចំណាយ​របស់​រដ្ឋាភិបាល​លើការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​កើន​ហួស​ការ​រំពឹង​ទុក​ដល់​ទៅ១,៤​ពាន់លាន​ដុល្លារ ពេញមួយឆ្នាំ២០២១ និង​ទាញ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ត្រឹមតែ​២,៤%។

លោក ​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​តួលេខ​ខាង​លើ​ក្នុង​សិក្ខាសាលាអនឡាញ​មួយជាមួយ​រដ្ឋសភា កាល​ពី​ថ្ងៃ​អង្គារ ស្ដី​អំពី​បរិបទ​សេដ្ឋកិច្ច​ដើម្បី​រៀបចំ​ច្បាប់​ថវិកា​ឆ្នាំ​២០២២។​

រដ្ឋមន្ត្រី​រូបនេះ​បាន​ថ្លែង​ថា​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​បានបង្ខំ​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​វាយ​តម្លៃ​ពាក់​កណ្ដាល​ឆ្នាំ ដោយ​ទម្លាក់ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ពី​ដើមឆ្នាំ​ថា​អាច​កើន​ក្នុងអត្រា​៤% មក​ត្រឹម​២,៤%វិញ សម្រាប់​ឆ្នាំ​២០២១​នេះ។

លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «ដោយសារ​តែការ​ឆ្លងរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​បាន​និង​កំពុង​បន្ទុច​បង្អាក់​យ៉ាង​ខ្លាំង​ដល់​សកម្ម​ភាពពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​វិស័យ​លក់ដុំ​លក់រាយ​ដែល​ជា​សកម្មភាព​ប្រើប្រាស់ក្នុង​ស្រុក វិស័យ​សំណង់ និង​អចលនទ្រព្យ​បន្ត​ធ្លាក់​ចុះ​យ៉ាង​គំហុក»។​

លោក​ មាស សុខសេនសាន ​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ដោយថាជាប់​រវល់​ប្រជុំ ពេល​វីអូអេ​ទាក់ទង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

រូប​ឯកសារ៖ ទិដ្ឋភាពរាជធានីភ្នំពេញ ក្បែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែសីហា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
រូប​ឯកសារ៖ ទិដ្ឋភាពរាជធានីភ្នំពេញ ក្បែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែសីហា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

យ៉ាងណាក្ដី​ក្នុង​ឯកសារ​ក្រសួង​សេដ្ឋកិច្ច​ដែល​ប្រើប្រាស់​ក្នុង​សិក្ខាសិលា​កាល​ពី​ថ្ងៃ​អង្គារ ហើយ​ដែល​វីអូអេ​ទទួល​បាន ក្នុង​ចំណោម​ចំណាយ​លើ​កូវីដ​ចំនួន​១,៤​ពាន់​លានដុល្លា​រ ដែល​រដ្ឋ​ប៉ាន់​ប្រមាណ​នៅ​ឆ្នាំ​នេះ មាន​៧៤០​លាន​ដុល្លារ​ត្រូវ​ចំណាយ​លើ​កិច្ចការ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​កូវីដ។ ពី​ដើមឆ្នាំ​រដ្ឋាភិបាលគ្រោងចំណាយ​សរុប​លើ​កូវីដ​ត្រឹម​តែ​៧១៩​លាន​ដុល្លារ​តែ​ប៉ុ​ណ្ណោះ។

បើ​តាម​ឯកសារ​បទបង្ហាញ​ដដែល ក្នុង​ឆ្នាំ២០២២ រដ្ឋ​មាន​គម្រោង​ចំណាយ​សរុប​៣៤,៦​ទ្រីលាន​(លានលាន)​រៀល ឬ​ប្រមាណ​៨,៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​មាន​ប្រមាណ​៩១០​លាន​ដុល្លារ​ត្រូវ​បម្រុង​ទុក​ចំណាយ​លើ​កិច្ចការ​ប្រឆាំង​កូវីដ១៩។​

លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែម​កាល​ពី​ថ្ងៃអង្គារ​ថា​ថវិកាឆ្នាំ​២០២២​នេះ «មាន​ចរិតជា​ការ​ប្រឹង​ប្រែង​ប្ដូរផ្ដាច់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជាជនផង និង​កសាង​មូលដ្ឋាន​ដើម្បី​រស់នៅ​ជាមួយ​ជំងឺ​កូវីដ​១៩ផង ក្នុង​គោលដៅ​ស្ដារ​សេដ្ឋកិច្ច និង​ស្ដារ​ជីវភាព​ប្រជាជន​ឡើង​វិញ»។

ការណ៍​នេះ​អាស្រ័យ​លើ​យុទ្ធនាការ​បង្កើត​ភាព​ស៊ាំ​សហគមន៍​ទៅ​នឹង​ជំងឺ​កូវីដ១៩ តាម​រយៈការចាក់ពង្រាយ​ថ្នាំបង្ការ​ក្នុង​ចំណោម​ប្រជាជន ដែល​អាច​នឹង​សម្រេច​បាន​ក្នុង​ឆ្នាំ២០២១​នេះ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។

អ្នកស្រី ​ឃួន សុដារី អនុ​ប្រធានទី២​រដ្ឋសភា​បាន​លើក​ឡើងក្នុ​ង​សិក្ខា​សាលា ដោយ​ស្នើ​រដ្ឋាភិបាលឱ្យ​រក្សា​ការ​ឈរ​ជើង ពង្រឹង​ស្ថិរភាព​ថវិកា ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «សន្ដិសុខ​សេដ្ឋកិច្ច​គឺ​ជា​បញ្ហា​សន្តិសុខ​របស់​ជាតិ។ យើង​នឹង​មិន​អាច​រក្សា​បាន​នូវ​ឯករាជ្យ​ភាពជាតិ​និង​ស្វ័យភាព​ជា​យុទ្ធសាស្ត្រ ប្រសិន​បើ​សេដ្ឋកិច្ច​ជាតិ​របស់​យើង​មិន​មាន​ភាព​រឹង​មាំ និងភាព​ធន់​នោះ​ទេ»។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​៨លាន​៦សែន​នាក់។ រដ្ឋាភិបាល​មាន​គោល​ដៅ​ចាក់​ឲ្យ​បាន​១៣លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង​១៦លាន​នាក់។ បើ​តាម​ក្រសួង​សុខាភិបាល គិតត្រឹ​ម​ថ្ងៃសុក្រ កម្ពុជា​រកឃើញ​ការ​ឆ្លង​កូវីដ​សរុប​ចំនួន ៨៨.២៤២​ករណី និង​មាន​មនុស្ស​ស្លាប់ ១.៧៦២​នាក់។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​កាត់​បន្ថយ​ចំណាយ​ផង​ដែរ ដើម្បី​ទុក​ថវិកា​ជួយ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩។

រូប​ឯកសារ៖ ស្ត្រីពីរ​នាក់​ដើរ​កាត់រថយន្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
រូប​ឯកសារ៖ ស្ត្រីពីរ​នាក់​ដើរ​កាត់រថយន្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅលោក ព្រុំ សុខា រដ្ឋមន្ត្រី​មុខងារ​សាធារណៈ នៅ​សប្តាហ៍​នេះ​ លោក អូន ព័ន្ធមុនីរ័ត្ន​បានប្រកាស​ដែរ​ថា​នឹងមិន​មាន​ការ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់អាវុធ​បន្ថែម​នៅ​ឆ្នាំ​២០២២ទេ ដើម្បី​សន្សំ​សំចៃ​ការ​ចំណាយ​របស់​រដ្ឋ​លើ​ការ​ប្រយុទ្ធ​នឹង​កូវីដ​និងស្ដារសេដ្ឋកិច្ច។ តែ​វិធានការ​នេះត្រូវ​បាន​លើកលែង​ចំពោះ​ក្របខណ្ឌ​ក្រសួង​សុខាភិបាល។

បណ្ឌិត គី សេរីវឌ្ឍន៍​ អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​បាន​លើក​ឡើងថា​វិធានការ​កាត់បន្ថយ​ចំណាយ​ដូចយ៉ាង​ការ​ផ្អាករើស​មន្ត្រីថ្មី​ចូល​ក្របខណ្ឌ​រដ្ឋនេះ​បានបង្ហាញ​ពីភាព​«ម៉ឺងម៉ាត់​និងតឹងរ៉ឹង​»នៃ​យុទ្ធសាស្ត្រ​ចំណាយ​ថវិកា​របស់​រដ្ឋ​ក្នុង​បរិបទ​កូវីដ១៩​នេះ។

អ្នកជំនាញ​នៅ​ស្ថាប័ន​រដ្ឋ​រូប​នេះ​បន្តថា​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ដូច​ព្យាករណ៍​របស់ក្រសួង​នេះ​ដោយ​សារ​ការ​បន្ត​លំហូរ​នៃ​ការ​នាំចេញទំនិញ​ទៅ​ក្រៅ​ប្រទេស ចំ​ពេល​ប្រទេសនានា ដែល​កំពុង​រង​វិបត្តិ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ខ្លាំង​ជាង​កម្ពុជា ជួប​ភាព​រអាក់​រអួល​ក្នុង​ការ​ផលិត។

លោក គី សេរីវឌ្ឍន៍ បញ្ជាក់​ថា៖ «នៅ​ពេល​ដែលយើង​អាច​ចាក់វ៉ាក់សាំង​បាន​វិស័យ​ដែលយើង​អាច​រំដោះ​ត្រឡប់​មកវិញ​បានគឺ​គ្មាន​អ្វី​ក្រៅពី​វិស័យ​ដែល​មាន​ស្រាប់ទេ។ ទីមួយ​វិស័យ​ទេសចរណ៍ យើង​អាច​បើក​ឱ្យ​ដំណើរ​ការហើយ​បើ​គ្មាន​ទេសចរ​ពី​ក្រៅ​ស្រុក ទេសចរ​ក្នុង​ស្រុក​ជា​យុទ្ធសាស្ត្រ​ល្អ​បំផុត ដែល​បង្កើន​ចំណាយនិង​ផលិត​កម្ម​ក្នុង​ស្រុក»។

បណ្ឌិត ​គី សេរីវឌ្ឍន៍​ លើកឡើងថា​វិស័យ​ទ្រទ្រង់​គឺកសិកម្ម​និង​កសិឧស្សាហកម្ម​ដើម្បី​ជួយ​ដល់​ផលិត​កម្មក៏​សំខាន់ដែរ​ដែលរដ្ឋ​ត្រូវយក​ចិត្តទុកដាក់​ផ្នែក​ចរន្ត​និង​ស្ថិរភាព​ទីផ្សារ​ដើម្បី​បន្ធូរបន្ថយ​ការពឹង​ផ្អែកលើប្រទេស​ជិតខាង។

បើតាម​ឯកសារ​ដដែល​របស់​ក្រសួង​ហិរញ្ញវត្ថុ ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ២០២១​នេះ បំណុលរដ្ឋជំពាក់​បរទេស​កើន​ឡើង​ដល់​៩ពាន់​លាន​ដុល្លារ ហើយ​ត្រូវ​រំពឹង​ថា​នឹង​ឡើង​ហួស​១០ពាន់​លានដុល្លារ​ត្រឹម​ដំណាច់​ឆ្នាំ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG