ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​បន្ត​លើក​ឡើង​ថា​សន្តិភាព​សំខាន់​ជាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

ខណៈ​រដ្ឋាភិបាល​កម្ពុជា​បន្ត​រង​ការ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​រាប់​ឆ្នាំ​មក​ហើយ​នោះ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​សរសើរ​អំពី​សន្តិភាព​នៅ​កម្ពុជា​ដែល​លោក​ថា​វា​សំខាន់​ជាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទៅ​ទៀត។​

អ្នក​រិះគន់​មួយ​ចំនួន​យល់​ថា​កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​នៅ​ឡើយ​ទេ​ដោយ​សារ​កម្ពុជា​មិន​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ក្នុងរាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ខែ​មីនា​នេះ​លោក​ហ៊ុន សែន​បាន​ចាត់​ទុក​សន្តិភាព​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ប្រទេស​ជាតិ​ដោយ​លោក​ប្រៀបធៀប​សន្តិភាព​របស់​កម្ពុជា​ទៅ​នឹង​ប្រទេស​ដែល​កំពុង​មាន​សង្រ្គាម​និង​មិន​ទាន់​មាន​សន្តិភាព​ដូច​ជា​ប្រទេស​អ៊ុយក្រែន​ លីប៊ី​ស៊ីរី​ អ៊ីរ៉ាក់​ស៊ូដង់ខាងត្បូងអាហ្រ្វិក​កណ្តាល​និង​ម៉ាលី​ជា​ដើម។នៅ​ពេល​និយាយ​អំពី​សន្តិភាព​នេះ​លោក​ហ៊ុន សែន​បាន​លើក​ឡើង​អំពី​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​កំពុង​រង​ការ​រិះគន់។​

លោក​ហ៊ុន សែន​ថ្លែង​ថា៖​«បើ​គ្មាន​សន្តិភាព​កុំ​និយាយ​ដល់​ការ​អភិវឌ្ឍ​ហើយ​កុំ​និយាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស»។​

រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ហើយ​គណបក្ស​ប្រឆាំង​នេះ​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨​ឡើយ។ លោក​ ហ៊ុន សែន​ ធ្លាប់​ថ្លែង​ថា ​បើ​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ផ្លាស់​ប្តូរ​គណបក្ស​របស់​លោក​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​នោះ​ ​នោះ​កម្ពុជា​អាច​ប្រឈម​នឹង​សង្រ្គាម។​

លោក ​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​ថ្លែង​ថា ​លោក​មិន​សូវ​បាន​គិត​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឡើយ​ដោយ​សារ​លោក​ចាត់​ទុក​សន្តិភាព​ជា​រឿង​សំខាន់​ជាង។​

លោក​បន្ថែម​ថា៖ ​«រហូត​ដល់​គេ​ថាយើង​និយាយ​តែ​ពី​សន្តិភាព​ ភ្លេច​គិត​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​[និង​]​សិទ្ធិ​មនុស្ស​បាទ!​ ខ្ញុំ​ទទួល​ស្គាល់​ហើយ។តែ​ខ្ញុំ​និយាយ​រឿង​សន្តិភាព​ហ្នឹង​មុន។​ខ្ញុំ​និយាយ​សន្តិភាព​ហ្នឹង​មុន។​ខ្ញុំ​អត់​មាន​អី​ខុស​ទេ»។​

លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា -វៀតណាម​អះអាង​ថា​ពាក្យ​សន្តិភាព​មិនមែន​ថា​ប្រទេស​គ្មាន​សង្គ្រាម​ឬ​គ្មាន​ការ​ផ្ទុះ​អាវុធ​ប៉ុណ្ណឹង​ទេ​ ប៉ុន្តែ​ត្រូវ​សម្លឹង​មើល​និង​ធានា​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ពេញ​លេញ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «សន្តិភាព​មិន​មែន​ប្រទេស​អត់​មាន​ការ​ផ្ទុះ​អាវុធ​ហើយ​យើង​ចាត់​ទុក​ថា​សន្តិភាព​ទាំង​ស្រុង​នោះ​ទេ។​វា​បូក​ផ្សំ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ប្រជា​ធិបតេយ្យ​ ហើយ​មាន​សេរីភាព​ទៅ​ដល់​ប្រជា​ពលរដ្ឋ។ ហើយ​ប្រជា​ពលរដ្ឋ​ទទួល​រង​គ្រោះ​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ មិន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ឬ​ការ​បង្ក្រាប​មក​លើ​ក្រុម​កូដករ​បាតុករ​ឬ​ធ្វើ​ឱ្យ​ប្រជា​កសិករ​បាត់​បង់​ដីធ្លី​បង្ហូរ​ទឹក​ភ្នែក​រាល់​ថ្ងៃ។​ ហើយ​រដ្ឋាភិបាល​មិន​គិត​ ​គិត​តែ​ថា​ប្រទេស​មាន​សន្តិភាព​ដោយ​គ្មាន​ការ​ផ្ទុះ​អាវុធ។អាហ្នឹង​មិន​ចាត់​ទុក​ថា​ជា​សន្តិភាព​ពេញ​លេញ​ទេ»។​

រូ​ប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូ​ប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ចំណែក​អ្នក​ស្រី​ ចក់ សុភាព ​នាយិកា​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ទទួល​ស្គាល់​ពី​គុណ​តម្លៃ​សន្តិភាព​ដោយ​មិន​មាន​សង្គ្រាម​ តែ​អ្នកស្រី​ថា​សន្តិភាព​នៅ​មិន​ទាន់​មាន​ពេញ​លេញ​ទេ​លុះត្រា​ណា​រដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​បាន​នូវ​«សន្តិ​ភាព​បែប​វិជ្ជមាន»​មួយ​ទៀតដូចជា​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​ការ​គោរព​នូវ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និ​ង​លទ្ធិ​ប្រជាធិបតេយ្យ​និង​កាត់​បន្ថយ​នូវ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។​

អ្នកស្រី​ថ្លែង​ថា៖​ «យើង​មិន​អាច​និយាយ​ថា​កម្ពុជា​នៅ​តែ​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​មិន​ឱ្យ​មាន​សង្គ្រាម​តែ​ប៉ុណ្ណឹង​គឺ​មិន​គ្រប់​គ្រាន់​ទេ​ គឺ​យើង​មាន​មោទនភាព​លើ​ខ្លួន​ឯង​ថា​លែង​មាន​សង្គ្រាម។ ​អ៊ីចឹង​ការងារ​ត្រូវ​បន្ត​នេះ​គឺ​ការ​កសាង​សន្តិភាព​ពេញ​លេញ​មួយ​សម្រាប់​ពលរដ្ឋ។​ អ៊ីចឹង​ការងារ​នេះ​សំខាន់​បំផុត​ដែរ​ពលរដ្ឋ​ត្រូវ​ទទួល​បាន​សេរីភាព​ពេញលេញ​ សេរី​ភាព​មូលដ្ឋាន​ដូច​ដែល​បាន​ធានា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហើយ​នឹង​លិខិត​តូបករណ៍​អន្តរ​ជាតិ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​ស្គាល់​បាន​ផ្តល់​សច្ចាប័ន​តាម​រយៈ​រដ្ឋ​ធម្មនុញ្ញ​យើង​ផង​ដែរ»។​

អ្នក​ស្រី​មើល​ឃើញ​ថា ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សេរី​ភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​គឺ​មាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ។​ អ្នកស្រី​បន្ត​ថា​ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ រដ្ឋាភិបាល​ត្រូវ​គោរព​តាម​ច្បាប់​នានា​និង​បទដ្ឋាន​គិត​យុត្តិ​ឬ​លិខិ​តូបករណ៍​នានា​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នោះ​កម្ពុជា​នឹង​អាច​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ។​

កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មីនា​ លោក​វិទិត ម៉ុន​តារបន​(Vitit Muntarbhorn)​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ថា​លម្ហ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​និង​លម្ហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​រួម​តូច​ទៅ​និង​ដើរ​ថយ​ក្រោយ​ដោយ​សារ​តែ​ការ​គ្រប់​គ្រង​បែប​ឯកបក្ស។​ លោក​បញ្ជាក់​ថា៖​«ទិដ្ឋភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នៅ​តែ​បង្ក​ការ​ព្រួយ​បារម្ភ​លើ​វិស័យ​ជា​ច្រើន​ជា​ពិសេស​ក្នុង​ពេល​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនាឆ្នាំ​នេះ»។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នក​រាយ​ការណ៍​ពិសេស​ប្រចាំ​នៅ​កម្ពុជា។​

អ្នក​រាយ​ការណ៍​ពិសេស​បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​រួម​ទាំង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​ជួប​ប្រជុំ។​

ជា​ការ​ឆ្លើយ​តប​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អ្នក​រាយ​ការណ៍​ពិសេស​ដោយ​ចាត់​ទុក​ថា​នេះ​ជា​របាយ​ការណ៍​មិន​ត្រឹមត្រូវ​និង​មិន​គ្រប់ជ្រុង​ជ្រោយ​ឡើយ ហើយ​ស្នើ​ឱ្យ​អ្នក​រាយ​ការណ៍​បង្ហាញ​«ភ័ស្តុតាង​រឹង​មាំ​ជាក់​ស្តែង»​ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​ចោទ​ប្រកាន់​នេះ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Fresh News ​នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា​នេះ។​ ឆ្លើយ​តប​នឹង​ការ​រិះគន់​អំពី​ការ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​វិញ​ តំណាង​អចិន្រ្តៃយ៍​បាន​អះអាង​ថា​ការ​ដឹកនាំ​នៅ​កម្ពុជា​«កើត​ចេញ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ដោយ​ប្រជាជន​តាម​បែប​ប្រជា​ធិបតេយ្យ​និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ»៕

XS
SM
MD
LG