ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា នឹង​នៅ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដដែល ខណៈ​បក្ស​កាន់​អំណាច​ត្រៀម​ដាក់​អ្នក​បន្ត​វេន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បញ្ជាក់​ជំហរជា​ថ្មីថា​ លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០២៣ ខណៈដំណើរការ​រៀបចំ​ក្រុមអ្នក​បន្តវេន​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច ​កំពុង​បោះ​ជំហាន​ទៅ​មុខ​ជា​បន្ត​បន្ទាប់។

នៅ​អំឡុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​ ៥១​ ដែល​តភ្ជាប់​ផ្លូវ​ជាតិ​លេខ ៤ និង​ផ្លូវ​ជាតិ​លេខ ៥ នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់អំណាច​ផង​នោះ ថ្លែងយ៉ាង​ដូច្នេះថា៖ «ថ្ងៃ​ណា​ខ្ញុំ​សម្រាក​ ខ្ញុំ​សម្រាក​ហើយ។ ហើយ​ខ្ញុំ​បាន​ប្រកាស​ហើយ ខ្ញុំ​ធ្វើ​រហូត​ដល់​ពេល​ខ្ញុំ​ឈប់​ចង់​ធ្វើ។ អាហ្នឹង​ គឺ​មាន​តែ​អ៊ីចឹង ព្រោះ​អត់​មាន​ទើស​ក្បាល​អាណា​ទេ។ កុំ​ឱ្យ​វា​ពិបាក​ពេក។ អា​រៀបចំចេះតែ​រៀបចំ​ហើយ ត្រៀម​គឺ​ត្រៀម​ហើយ។ គេ​ត្រូវ​តែ​ត្រៀម​ ព្រោះ​ធម្មតា​គេ​ត្រៀម​មនុស្ស​សម្រាប់​ការ​បន្ត​វេន​ស្អីៗ​ហ្នឹង។ ហើយ​ក្នុង​ឆ្នាំ ​២០២៣ ខ្ញុំ​នឹង​បន្ត​ក្នុង​ឋានៈ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​នៃ​ការ​បោះឆ្នោត​ជា​បន្ត​ទៀត»។

លោក ​ហ៊ុន សែន ដែល​កាន់​អំណាច​អស់រយៈពេល​ជាង​បួន​ទសវត្សរ៍ អះអាង​ថា ការ​ផ្ទេរ​អំណាច​ដល់​អ្នក​បន្ត​វេន ​គឺ​អាច​នឹង​ត្រូវ​ពិចារណា​ក្រោយ​ការ​បោះឆ្នោត និង​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​ក្នុង​ការ​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​ករណីមាន​ការ​ផ្លាស់ប្តូរ​អំណាច។ លោក​បន្ថែម​ថា នៅ​ពេល​លោក​លាឈប់​ពី​តំណែង​នាយករដ្ឋមន្រ្តី គឺ​លោក​មិន​ទាមទាម​ឱ្យ​អ្នក​បន្តវេន​មក​សួរ ឬ​សុំ​យោបល់​ពី​លោក​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ ឆ្នាំ​២០២១ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ត្រូវ​បាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​សម្រាប់​ពេល​អនាគត។

អ្នក​វិភាគ​នយោបាយ លោក សេង សារី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា បើ​ទោះ​បី​ជា​សារ​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន មិនមែន​ជា​សារថ្មី​មួយ​ក៏ដោយ ក៏​អត្ថន័យ​បង្កប់​នៅ​ក្នុង​សារ​នេះ ​គឺ​លោក​នាយករដ្ឋមន្រ្តី​ចង់​បង្ហាញ​ថា លោក​នៅ​មាន​ថាមពល​ ​និង​សមត្ថភាព​ពេញលេញ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត។

លោក សេង សារី​ បាន​ថ្លែង​ថា៖ «គាត់​ហាក់ដូចជារួចរាល់​នៅ​ក្នុង​ការ​រៀបចំ​បាន​ការ​ផ្ទេរ​អំណាច ប៉ុន្តែ​ដៃគូ​ប្រកួត​ប្រជែង​របស់​គាត់​ ដែល​ជា​ដៃគូ​ខ្លាំង​សំដៅ​ទៅ​លោក​ សម រង្ស៊ី​ កម្លាំង​នយោបាយ​របស់​លោក ​សម រង្ស៊ី​ ហ្នឹង ​នៅ​បង្ហាញ​នៅ​ខ្លាំង​នៅ​ឡើយ ដែល​គាត់​មិន​ប្រាកដ​ចិត្ត​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​ឱ្យ​កូន​ ប្រហែល​ជា​អាច​គិត​ថា អ្នកជំនាន់​ក្រោយ​របស់​គាត់​ហ្នឹង​មិន​អាច​ប្រយុទ្ធ​ ឬ​ក៏​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​នឹង​មនុស្ស​ជំនាន់​គាត់។ ដូច្នេះ​គាត់​ប្រហែល​ជា​ អាច​ជា​សារ​បង្ហាញ​ថា គាត់​ប្រហែល​នៅ​បន្ត​គ្រប់គ្រង​ស្ថានភាព​នៅ​កម្ពុជា»។

បើតាម​លោក​ សេង សារី​ ការ​ប្រកាស​បន្ត​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​របស់​លោក​ ហ៊ុន សែន គឺ​ដោយសារ​តែ​អ្នក​បន្តវេន​ពី​រូប​លោក​មិនទាន់​មាន​បទពិសោធន៍​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ និង​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ហាក់ដូចជា​មិន​អំណោយ​ផល​ដល់​ការ​ផ្ទេរអំណាច។

សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការ​សម្រេច​បន្ត​ឈរ​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន គឺ​ដោយសារ​អ្នក​នយោបាយ​ថ្មី​ ដូចជា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត​ មិន​ទាន់​មាន​ប្រជាប្រិយភាព​ បើ​ធៀប​ជាមួយ​អ្នក​នយោបាយ​ជើង​ចាស់​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។

លោក​បាន​ថ្លែង​ថា៖ «មិន​អាច​ផ្ទេរនៅ​មុន[ការ]​បោះឆ្នោត​ឆ្នាំ​ ២០២៣ ​នេះ​ទេ នេះ​គឺ​ជា ទស្សនៈខ្ញុំ​ផ្ទាល់ ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ ទី​មួយ​នៅ​ក្នុង​បក្ស ទី​ពី​រដើម្បី​ឱ្យ​បេក្ខជន​នាយករដ្ឋមន្រ្តី​ថ្មី​ ហ្នឹង​គាត់​មាន​លទ្ធភាព​ឈរ​ជើង​ ឬ​កាន់​ការងារ​ឱ្យ​បាន​ច្រើន​ពេញលេញ​ផង​ ហើយ​នឹង​មិន​ធ្លាក់​នូវ​ប្រជាប្រិយភាព​របស់​បក្ស​បាន​ច្រើន​ទៀត អាច​រក្សា​នូវ​ប្រជាប្រិយភាព​បាន​ច្រើន»។

វីអូអេ​ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​សុក្រ​នេះ។

គួរ​រំឭក​ផង​ដែរ​ កាល​ពី២៩ ខែ​ធ្នូ​ ឆ្នាំ​២០២១​ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​លើកឡើង​ថា នៅ​ពេល​ដែល​លោក​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី លោក​នឹង​ស្នើ​ច្បាប់​ដើម្បី​កំណត់​អាយុ​របស់​នាយករដ្ឋមន្រ្តី​ត្រឹម​៧០​ឆ្នាំ​ទៅ​តាម​ការ​ចង់​បាន​របស់​គូ​ប្រជែង​នយោបាយ​របស់​លោក​ គឺលោក សម រង្ស៊ី ​ដែល​កំពុង​រស់​នៅ​ឯក្រៅ​ប្រទេស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG