ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ចង់​ឃើញ​ការបោះឆ្នោត​មួយ​ឆ្លុះបញ្ចាំង​ពី​សំឡេង​ចម្រុះ​នៅ​កម្ពុជា


នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វឹមីអូ គីស៊ីដា (Fumio Kishida) (ស្តាំ) អញ្ជើញ​ចុះ​ពិនិត្យ​ឆ្មាំ​កិត្តិយស នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​មក​កាន់​កម្ពុជា នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក ហ្វឹមីអូ គីស៊ីដា (Fumio Kishida) បាន​ពិភាក្សា​ជាមួយមេដឹកនាំ​រដ្ឋាភិបាលទីក្រុង​ភ្នំពេញ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​លើបញ្ហា​ជាច្រើន​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ​ វិបត្តិមួយចំនួនក្នុងតំបន់អឺរ៉ុប​ និងអាស៊ីគ្នេយ៍​។ បន្ថែម​ពី​នេះ មេដឹកនាំ​ជប៉ុន​រូប​នោះ ក៏​បាន​បន្ត​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​មតិចម្រុះ ខណៈ​កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនាខាង​មុខ។

លោក គីស៊ីដា ​បាន​មកដល់​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរថ្ងៃ​នៅ​កម្ពុជា​ តបតាម​ការអញ្ជើញ​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន។ ក្នុងពេ​ល​ចាប់ផ្តើម​ដំណើរទស្សនកិច្ចកាល​ពីថ្ងៃទី​២០ ខែមីនានេះ មេដឹកនាំ​ទីក្រុងតូក្យូ​លោក គីស៊ីដា បានជួប​ពិភាក្សា​ទ្វេភាគីជាមួយ​លោក ហ៊ុន​ សែន​ នៅវិមាន​សន្តិភាព​ និងផ្លាស់ប្តូរ​យោបល់លើវិបត្តិនៅ​អ៊ុយក្រែន​ និង​មីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​ទាំងពីរក្នុងវិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា​វិស័យ​សុខាភិបាល ​សេដ្ឋកិច្ច​ និងសន្តិសុខ។

មេដឹកនាំ​ទំាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​យោបល់​លើការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​ «ឥណ្ឌូ-ប៉ាស៊ី​ហ្វិកសេរី​ និងបើកចំហ» ដោយ​យោងតាម​នីតិរដ្ឋ​ ដើម្បីរួមចំណែក​ដល់សន្តិភាព​ និង​វិបុល​ភាពក្នុង​តំបន់​ និងពិភព​លោក។ នេះ បើ​តាម​សេចក្តី​ថ្លែងការណ៍រួម​របស់​មេដឹកនាំ​ទាំងពីរដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួងការ​បរទេស​កម្ពុជា​ និង​តាមទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

ពាក់ព័ន្ធ​នឹងសង្រ្គាម​នៅ​អ៊ុយក្រែន ​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ទទួលស្គាល់​ដោយ​បញ្ឆិត​បញ្ឆៀងថា​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​បានបង្ក​មហន្តរាយ​ដល់​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ដែល​មិន​ទទួល​យក​នូវ​ការ​កែប្រែ​ជាឯកតោ​ភាគី​ណាមួយ​ ចំពោះព្រំដែន​ដែល​ត្រូវបាន​ទទួល​ស្គាល់​ជាអន្តរជាតិ​ តាមរយៈ​ការ​ប្រើប្រាស់​កម្លាំង​នោះទេ។

សេចក្តីថ្លែង​ការណ៍​រួម​បាន​ផ្តល់​ការ​អធិប្បាយ​ក្នុងន័យ​ដើម​ថា៖ «នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ បាន​ទទូច​ឱ្យ​មាន​ការ​បញ្ឈប់​ការ​ប្រើ​កម្លាំង​ជាបន្ទាន់​ និង​ដកកម្លាំង​យោធា​ចេញ​ពីទឹកដី​អ៊ុយក្រែន»។

ចំពោះ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ឬភូមា​ មេដឹកនាំ​ទាំងពីរ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ដែល​ជាសមាជិក​សមាគម​អាស៊ាន​មួយនេះ ​និងអំពាវនាវ​ឱ្យបញ្ឈប់​ជាបន្ទាន់នូវ​អំពើហិង្សា ​បញ្ឈប់​ការ​នាំ​ចូល​អាវុធ​ និងស្នើ​គ្រប់​ភាគី​ទាំង​អស់​ឱ្យ​ធ្វើការ​អត់​ធ្មត់​ជា​អតិបរមា​ និង​ចាប់​ផ្តើម​ដំណើរការ​ចរចា​ សម្រាប់​ដោះស្រាយ​ប្រកប​ដោយ​សន្តិវិធីដោះលែង​អ្នក​ជាប់​ឃុំ​ដោយ​រឿង​នយោ​បាយ​ ក៏ដូច​ជា​ការ​វិល​ត្រឡប់​ទៅរក​ប្រក្រតី​ភាព​ និងប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ។ ​

​ក្រៅ​ពី​បញ្ហា​ខាង​លើ​ នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក ​គីស៊ីដា​ បានបង្ហាញ​បំណង​របស់​ជប៉ុន​ក្នុង​ការ​គាំទ្រ​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និងនីតិរដ្ឋ ​ដូច​ជា​ការ​រៀបចំ​ការ​បោះឆ្នោត​តាមវិធីមួយ​«ដែល​ឆ្លុះបញ្ចាំង​ពីសំឡង​ចម្រុះ​ពី​ប្រជាជន​កម្ពុជា» តាម​រយៈគម្រោង​នានា ​រួមមាន​ការ​លើក​កម្ពស់​កិច្ចសន្ទនារវាង​រដ្ឋាភិបាល​កម្ពុជា​ និងសង្គម​ស៊ីវិល ​ការ​ពង្រឹង​អភិបាលកិច្ច​តាម​រយៈការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ និងជំនួយ​បច្ចេកទេស​ផ្នែកច្បាប់​។

នៅត្រង់​បញ្ហា​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នេះ​ លោក ហ៊ុន សែន​ បាន​កោត​សរសើរ​ចំពោះការ​ខិត​ខំ​របស់​ប្រទេស​ជប៉ុនក្នុង​នាម​ជា​ប្រទេស​សម្របសម្រួល​ការតាក់​តែង​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​សេវា​ប្រឹក្សា​ និង​ជំនួយ​បច្ចេក​ទេស​សម្រាប់​កម្ពុជា​ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ នេះបើតាម​សេចក្តីថ្លែង​ការណ៍​រួមដដែល។

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពីអ្នកនាំពាក្យ​ក្រសួងការ​បរទេស​ និងសហប្រតិបតិ្តការ​អន្តរជាតិ​លោកជុំ សុន្ទរី ​ប៉ុន្តែ​មន្ត្រីនាំពាក្យ​រូបនោះ​ស្នើ​ឱ្យ​ទៅ​ប្រើប្រាស់​សេចក្តី​ថ្លែងការណ៍​របស់​មេដឹកនាំ​កម្ពុជា​ និង​ជប៉ុន​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​មក​កាន់​កម្ពុជា ​ ​លោក ​ហ៊ុន ម៉ាណែត ​កូនប្រុស​ច្បង​របស់​លោក​ ហ៊ុន សែន និងជាអគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ បានជួប​ជាមួយ​លោក ​Hayashi Yoshimasa​ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ កាលពី​ខែកុម្ភៈ។ ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ជប៉ុន​ចង់​ផ្តល់​ការ​គាំទ្រ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ទៅ​តាម​បែប​ប្រជាធិបតេយ្យ​និង​ភាព​ចម្រុះ​នៃ​ការ​ចូល​រួម​របស់​គណបក្ស។​

លោក​ Hayashi​ បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖​«ប្រទេស​ជប៉ុន​ចង់​ផ្តល់​ការ​គាំទ្រ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា​នា​ខែ​មិថុនា​ឆ្នាំ​[២០២២]​នេះ​និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ​ប្រព្រឹត្ត​ទៅ​តាម​បែប​ប្រជា​ធិបតេយ្យ​និង​ភាព​ចម្រុះ»។​

គួរបញ្ជាក់​ផងដែរថា​ប្រទេស​ជប៉ុន​ជា​ម្ចាស់​ជំនួយ​ទ្វេភាគី​ដ៏​ធំ​របស់​កម្ពុជា​ដែល​មាន​ចំនួន២៥%​នៃ​ជំនួយ​បរទេស​ក្នុង​រយៈពេល​ជាង១០ឆ្នាំ​ចុងក្រោយ​នេះ​ដែល​មាន​ចំនួន​សរុប​ប្រហែល៧២៥លាន​ដុល្លារ។ ជប៉ុនបាន​គាំទ្រ​តុលាការ​ខ្មែរ​ក្រហម ​ផ្តល់​ថវិកា​ដល់​ការដោះមីន ​ស្ថាបនា​ផ្លូវ​ថ្នល់ ស្ពាន​និង​កំពង់ផែ និង​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​ពេល​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ប្រទេស​ជប៉ុន​ក៏ស្ថិត​ក្នុង​ក្រុម​ប្រទេស Quad (ឬ​ដៃគូសន្ទនា​សន្តិសុខ​ចតុភាគី​) ដែល​ត្រូវបាន​បង្កើតឡើង​ ដើម្បីកាត់​បន្ថយ​ឥទ្ធិពល​ចិន​និង​គម្រោង​ក្រវាត់​ផ្លូវពាណិជ្ជកម្ម ​Belt and Road Initiativeរបស់​ចិន​ផងដែរ។​

​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​គីស៊ីដា​នៅទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ត្រូវ​បាន​មើល​ឃើញថា​បាន​រង​ការ​គំរាម​កំហែង​ពី​អន្ទាក់​បំណុល​ដ៏​ខ្លាំង​ ពីព្រោះ​តែ​ប្រាក់​កម្ចី​អភិវឌ្ឍ​របស់​ចិន​ដែល​កំពុង​បង្ខំ​ឱ្យលោក ​ហ៊ុន សែន ​វាយតម្លៃ​ឡើង​វិញ​នូវ​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​លោក​ខាង​លិច ​ដោយ​មានជប៉ុន គឺ​ជា​អ្នក​សម្រប​សម្រួល​។ នេះបើតាម​លោកCarl Shuster ​សាស្ត្រាចារ្យ​គោចរ​នៅឯ​សាកល​វិទ្យាល័យ​ Hawaii Pacific ​ដែល​បាន​ប្រាប់វីអូអេ​កាល​ពីពេលថ្មីៗ​នេះ​។

លោកប្រាប់​វីអូអេ​តាម​ន័យ​ដើម​ថា​៖ «ជប៉ុន​ កំពុង​ចាប់ផ្តើម​និយាយ​ម៉ឺងម៉ាត់។ អារម្មណ៍​ល្អ​ចំពោះ​ជប៉ុន​បាន​រីក​កាន់តែ​ធំ​ឡើង​ ពីព្រោះតែ​អាកប្បកិរិយា​របស់​ចិន​»។

លោក Shuster ​បន្ថែម​ទៀត​ថា៖ «លោក​ហ៊ុន សែន បាន​ដឹង​អំពី​ការពិត​ថាចិន មិន​មែន​ជា​ដៃគូ​មាន​សុវត្ថិភាព​ដូច​ដែល​លោក​បាន​គិត​កាលពី​មុន​ទេ។ ខ្ញុំ​គិតថា​លោក​ជឿ​ថា​ប្រសិន​បើ​លោក​អាច​យក​ការ​វិនិយោគ​របស់​ជប៉ុន​មក​ទប់​ចិន​បាន​ ពេលនោះ​អាច​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ទប់ទល់​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​បាន»។

ត្រឡប់​មក​ស្ថានភាព​សិទ្ធិមនុស្ស​ និង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជាដែល​គណបក្ស​នយោបាយ​ជំទាស់​ធំមួយ ​គឺគណបក្សសង្គ្រោះជាតិ​ត្រូវបាន​រំលាយ​ចោល​នោះ​ នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកា​ដូលោក ​អំ​ សំអាត ​និយាយ​ថា​ការបោះឆ្នោត​មួយ​ដែល​អាច​យក​ជា​ការ​បាន ​ល្គឹកណា​មាន​គណបក្ស​នយោបាយ​មាន​សំឡេង​គាំ​ទ្រពីប្រជាជន​ប្រហាក់​ប្រហែល​គ្នា​នៅក្នុង​ការបោះឆ្នោត។

«អ៊ីចឹង​គឺវាដូច​កីឡា​វាយ​ប៊ុក អ៊ីចឹង​កាលណា​តែ​គូប្រជែង​ប្រហាក់​ប្រហែល​គ្នា អ៊ីចឹង​គឺ​ការ​មើល​ទៅ​ ការតាម​ដាន​ និងការ​ពិនិត្យ​មើល​ គឺ​មាន​មនុស្ស​ច្រើន​ ដែល​ពិនិត្យ​ហើយ​ ហើយ​ឈ្នះ​ចាញ់​គេចាត់​ទុកថា​ វា​ជារឿង​មួយ​ ដែល​ល្អបំផុត។ អ៊ីចឹង​ការ​ប្រកួត​ប្រជែង​ហ្នឹង​ កីឡាករ​ដែល​ល្អដូច​គ្នា​ហើយទាល់តែ​អាប៊ីត [អាជ្ញា​កណ្តាល]​ហ្នឹង គឺស្ថិត​នៅក្នុង​អព្យាក្រឹត​ និង​យុត្តិធម៌​ដូច​គ្នាដែរ»។

បើ​តាម​លោក ​អំ​ សំអាត​ ប្រទេស​ជប៉ុន​មាន​តួនាទី​សំខាន់​មួយ​ក្នុងការ​សម្រប​សម្រួល​ឱ្យមានការ​បោះឆ្នោត​សេរី ​និងត្រឹម​ត្រូវមួយ​នៅកម្ពុជា​ ដូចអ្វី​ដែល​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​រៀបចំ​ កាលពី​ឆ្នាំ​១៩៩៣៕​

XS
SM
MD
LG