ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាជ្ញាធរក្រុង​និង​មន្ត្រី​សិទ្ធិមនុស្ស ខ្វែង​គំនិត​គ្នា​ជាថ្មី​ទៀត​រឿង​ហិង្សា​លើ​កូដករ​ណាហ្គាវើលដ៍


រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

សាលារាជធានីភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ បានថ្លែងការពារ​វិធានការ​រដ្ឋបាល​ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់សាធារណៈ​ក្នុង​ទីក្រុង​ ​និង​បាន​ច្រានចោល​ការ​ផ្សព្វផ្សាយ​«ព័ត៌មាន​មិន​ពិតមួយចំនួន»​ ដែល​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​រាជធានីបានប្រើ​អំពើ​ហិង្សា​លើ​ក្រុមបាតុករ​ដែល​ជា​អតីត​បុគ្គលិក​ ឬបុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

ក៏ប៉ុន្តែ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ បាន​រិះគន់​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ថា ​ជា​ចេតនា​ នៃ​ការ​បំបិទ​សិទ្ធិសេរីភាព​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ក្នុង​ការ​តស៊ូមតិ​រក​ដំណោះស្រាយ​ចំពោះវិវាទ​ការងារ​រវាង​ថៅកែ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ និង​បុគ្គលិក​ ដែល​បាន​អូសបន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។

បើ​តាម​សេចក្តីប្រកាស​របស់​អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះថ្ងៃទី​២៣​ ខែ​មីនា​ កូដករ​ដែល​ជា​អតីត​បុគ្គ​លិក​ និង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បានចាត់​ទុក​ជា​បាតុករ​ ដែល​គឃ្លើន​នឹង​ការ​ណែនាំ​ និង​អប់រំ​ជា​ច្រើន​លើក​ច្រើនសារ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​បន្ត​ចេញមក​ធ្វើ​ការ​ប្រមូល​ផ្តុំ​ខុសច្បាប់​តាម​ទី​សាធារណៈ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា​ បាតុករ​មិន​ត្រឹមតែមិន​បាន​ស្តាប់​តាម​ការ​ណែនាំ​ទេ​ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​បន្ត​បំពាន​ធ្វើសកម្មភាព​ខុសច្បាប់​បន្តបន្ទាប់​ តាម​ការ​រៀបចំ​របស់​អ្នកដឹកនាំ​រឿង​ «ដើម្បី​កេងចំណេញ​រូបភាព​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន​ រហូត​ឈាន​ដល់​ការ​បង្កើត​ឈុត​ឆាក​សម្តែង​ជា​ជន​រងគ្រោះ​ក្រោម​រូបភាពផ្សេងៗ» ហើយ​ចោទ​ប្រកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​ពួកគេ​ នៅ​ពេល​ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​អញ្ជើញ​ពួកគេ​ឱ្យ​ឡើង​រថយន្ត​ទៅ​ធ្វើការ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖ «ជាក់​ស្តែង​ក្រុម​បាតុករ​ទៅវិញ​ទេ ដែល​បាន​បន្ត​ប្រមូលផ្តុំ​តាម​សេនារិយោ​ដែល​បាន​រៀប​ចំ​ទុក​ ធ្វើ​ការ​ក្រាញ​ននៀល​ ប្រើ​ពាក្យ​ពេចន៍​អសុរោះ អាកប្បកិរិយា​ និង​កាយវិការ​មិន​សមរម្យ​ដាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​បញ្ឆេះ​កំហឹង​ និង​ត្រៀម​ចាំ​ផ្តិត​យក​រូបភាព​ផ្សេងៗ​ទុក​ធ្វើការ​ចោទ​ប្រកាន់»។

យ៉ាង​ណាក្តី​ អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន​ បកស្រាយ​ផ្ទុយ​ពី​ការ​ផ្តល់​សេចក្តី​ពន្យល់​របស់​រដ្ឋបាល​រាជធានី​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នានា​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ប្រើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​លោក​ឃុន​ ថារ៉ូ​ បាន​កត់សម្គាល់​ថា​ ជា​ទម្លាប់​ដែល​មន្ត្រី​រាជធានី​ ជារឿយៗ​មិន​ទទួល​ស្គាល់​នូវ​អំពើ​ហិង្សាដែល​បាន​កើត​ឡើងលើ​កូដករ​នា​ពេល​កន្លង​មក​នោះ​ និង​ថា​មន្ត្រី​តែងតែ​ប្រើបាស់​ស្នៀត​នៃ​ការ​ចោទប្រកាន់​ផ្សេងៗ​មក​បំបិទ​សិទ្ធិតវ៉ា​របស់​កូដករ។

លោក​បន្ថែម​ថា៖ ​«ហើយ​ចំពោះ​ករណីនេះ ​ខ្ញុំ​គិត​ថា ​យើង​មាន​ភ័ស្តុតាង​ច្បាស់​លាស់​ហើយ​នៅ​វីដេអូ​ ដែល​មាន​ការ​ឡាយ​ [Facebook Live] ដោយ​កម្មករ​ និយោជិត ​អំពី​ទម្រង់​នៃ​ការ​ប្រើប្រាស់​ហិង្សា​ទាំង​ឡាយ​មកលើ​កូដករ។​ បើ​យើង​និយាយ​ទៅ​គឺ​គាត់​បាន​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ហើយ​គាត់បាន​ទៅ​ឈរ​នៅ​មុខ​ទីតាំង​ក្រុមហ៊ុន ​អាហ្នឹង​វា​ជា​សិទ្ធិ​ជាមូលដ្ឋាន​របស់​គាត់​ក្នុង​ការ​ធ្វើ​កូដកម្ម​ ប៉ុន្តែ​អាជ្ញាធរ​ទៅ​វិញ​តើះ ដែល​គាត់​ព្យាយាម​រារាំ​ង ទប់ស្កាត់ មិន​ឱ្យមា​នការ​ជួបជុំ​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​ហ្នឹង»។

នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត យល់​ស្រប​ជាមួយ​នឹង​ការ​អត្ថា​ធិប្បាយ​របស់​មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌលសង់ត្រាល់ និង​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថែម​ទាំង​បាន​រារាំង​អ្នក​សារព័ត៌មាន​ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​មិន​ឱ្យ​ផ្តិត​យក​រូបភាព​នៃ​ការ​តវ៉ា​របស់​ក្រុម​កូដករ។

លោក​ប្រាប់​វីអូអេ​ថា៖ «កន្លែង​ចំណុចហ្នឹង​ហើយ​ ដែល​គេមើល​ឃើញ​ថា​ វា​ជារឿង​មួយ​ដែល​មិន​សមស្របសោះ​ពីព្រោះ​ ការ​អនុវត្តនេះ វានៅ​ទីសាធារណៈ​ ហើយ​មិនមែន​ជា​ការ​បង្ក្រាប​ទៅលើ​បទល្មើស​ឧក្រិដ្ឋ​ ឬ​ក៏បទ​ល្មើស​ជាក់ស្តែង​ណា​ដែល​ត្រូវ​អនុវត្ត​ ហើយ​ប៉ះពាល់​ទៅដល់​នីតិវិធី​ទេ។ វា​ជា​ការ​ឃ្លាំមើល​ និង​យក​ព័ត៌មាន​ទៅ​លើ​កូដករ​ ឬក៏​កូដ​កម្ម​ វាអត់​មាន​អ្វីដែល​ខុស​ច្បាប់ ដែលត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ថត​ ឬក៏​មិន​ឱ្យ​ចូល​ជិត​នោះ​ទេ»។

បើ​តាម​ការ​បញ្ជាក់​របស់​កូដករ​ និង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​បាន​បន្ត​ឃ្លាំមើល​សកម្មភាព​កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ មាន​កូដករ​មួយចំនួន​ត្រូវ​បាន​រុញច្រាន​យ៉ាង​ហិង្សា​ក្នុង​អំឡុង​ពេល​នៃ​កូដកម្ម​ និង​មាន​កូដករ​ជា​ស្ត្រីម្នាក់​បាន​រង​របួស​ត្រង់​ផ្ទៃមុខ ក្នុង​រយៈពេល​នៃ​ការ​តវ៉ា​ពីរ​ថ្ងៃ​ជាប់ៗគ្នា​ចុង​ក្រោយ​នេះ។

កូដករ​មួយរូប​អាយុ​៣០ឆ្នាំ ​កញ្ញា ម៉ែន សុថីវឌ្ឍនៈ បាន​បង្ហាញ​ការ​សោកស្តាយ និង​ឈឺចាប់​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ហិង្សារបស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

កញ្ញា​និយាយថា ៖ ​«និយាយ​រួម​ទៅ គឺ​នៅ​ពេល​កូដករ​កាន់​កាមេរ៉ា​ នៅ​លើឡាន​គឺ​គាត់​ព្យាយាម​វាយ​ វាយ​កូដករ​ឱ្យ​ធ្លាក់​ទូរសព្ទ។ ហើយ​នៅ​មាន​ពេល​ខ្លះទៀត​ គាត់​មាន​រូបភាព​ឆក់​ទូរ​សព្ទ​កូដករ​ទៀត»។

កញ្ញា​បន្ថែម​ថា៖ «វា​ឈឺ​ចាប់​ ចំពោះ​កូដករ​យើង​ដែល​ខាង​អាជ្ញាធរ គាត់​អត់​ព្យាយាម​ឈរ​នៅ​ចំណុច​កណ្តាល​ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ទេ​ ប៉ុន្តែ​គាត់​បែរ​ជាព្យាយាម​រារាំង​កូដករ ​ហើយបែរ​ជា​ប្រើ​អំពើ​ហិង្សា​លើកូដករ​ដែល​ជា​ស្រ្តី»។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍កញ្ញា​ ឈឹម​ ស៊ីថរប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ការ​ប្រកែក​ម្តង​ហើយ​ម្តងទៀត​របស់​អាជ្ញាធរ​ ចំពោះ​ទង្វើ​ហិង្សា​របស់​ខ្លួន​លើ​ក្រុមកូដករ​ បាន​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ ក្នុង​វិវាទ​ការងារ​ដែលបានផ្ទុះឡើង​តាំង​ពី​ឆ្នាំមុន។

កញ្ញា​ថ្លែងថា៖ «យើង​មាន​ភ័ស្តុតាង​ យើង​មា​នវីដេអូ យើង​មាន​អ្វីទាំង​អស់ ដែល​បាន​បង្ហាញ​ការ​ពិត​ថា​តើ​អ្នក​ណា​អ្នកបៀតបៀន​អ្នកណា។ ហើយ​គាត់​នៅ​តែ​ប្រកែក​ដដែលៗ អ៊ីចឹង​មែនទែន​ទៅ​ខ្ញុំ​មិនដឹង​ថា​ត្រូវ​ឆ្លើយ​តប​យ៉ាង​ម៉េច​ពីព្រោះ​យើង​មើល​ឃើញ​ថា ការ​ដែល​មិន​ទទួល​ស្គាល់​ បដិសេដ​ មិន​ទទួល​ស្គាល់ បដិសេដ អី​ទាំង​អស់​ហ្នឹង គឺ​ជា​អ្វី​ដែ​លពួក​គាត់​តែងតែធ្វើ​ ហើយ​បើ​ខ្ញុំ​ប្រៀប​ធៀប​ទៅ​ដូច​ជំងឺ​មហារីក​ ព្យាបាល​លែង​ជាហើយ»។

អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក ​ម៉េត​ មាសភក្តី​ លើកឡើង​ថា​ សេចក្តី​ប្រកាស​របស់​សាលារាជធានី​ដែល​បាន​ចេញផ្សាយ​កាលពី​យប់ថ្ងៃ​ពុធ​គ្រប់​គ្រាន់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អត្ថាធិប្បាយ​នានារបស់​សង្គម​ស៊ីវិល​មួយ​ចំនួន។ ​

កូដកម្ម​ដែល​កំពុង​បន្ត​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​ចុះ​បញ្ជី​នៅផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​ ១.៣២៩​ នាក់​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២១។ នេះ​បើ​តាម​បុគ្គលិក​ និង​សកម្មជន​សហជីព​នៅ​ក្រុមហ៊ុន៕

XS
SM
MD
LG