ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន​វៀតណាម​រំឭក​ពី​តួនាទី​របស់​ទាហាន​វៀតណាម​ក្នុង​ការ​រំដោះ​កម្ពុជា​ ​មុន​ការ​ប្រារព្ធ​ថ្ងៃ​៧មករា


រូបឯកសារ៖ ផ្ទាំងអបអរ​ទិវា​៧​ មករា នៅ​កោះពេជ្រ ដែល​មាន​រូប​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​រាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ផ្ទាំងអបអរ​ទិវា​៧​ មករា នៅ​កោះពេជ្រ ដែល​មាន​រូប​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​រាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)

នៅពេល​ដែល​ការប្រារព្ធ​ខួបលើក​ទី​៤០​ឆ្នាំ​នៃការ​វាយផ្តួល​រំលំ​របប​ខ្មែរ​​ក្រហម​កំពុង​តែខិត​ជិត​ចូល​មក​ដល់​នោះ​ សារព័ត៌មាន​វៀតណាម​មួយ​ បាន​ចេញ​របាយ​ការណ៍​ រំឮកពីការ​ចួលរួម​របស់​ទាហាន​វៀតណាម​ក្នុងការ​ជួយ​រំដោះ​ប្រជាជន​ខ្មែរ​ពីរបប​ប្រល័យ​ពូជសាសន៍​ដែល​គេ​ចោទ​ថា​ បង្ក​ឡើង​ដោយ​ក្រុម​ខ្មែរក្រហម​នោះ។

រដ្ឋាភិបាល​ខ្មែរ​ និង​វៀតណាម​ បាន​ឯកភាព​គ្នា​កាលពី​ដើម​ខែ​ធ្នូនេះ​ថា​ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​នឹង​ប្រារព្ធ​ទិវា​ជ័យ​ជម្នះ​ថ្ងៃ​៧ មករា​ ឆ្នាំ​១៩៧៩​រួមគ្នា​ ខុស​ពី​បណ្តា​ឆ្នាំមុនៗ។

តួនាទី​របស់​កងទ័ព​ប្រទេសវៀតណាម​ ​នៅក្នុង​ជ័យ​ជម្នះ​របស់​ប្រទេស​កម្ពុជាដែល​បាន​ផ្តួល​រំលំរបប​ខ្មែរ​ក្រហម​កាលពី​ថ្ងៃទី៧មករា​ ឆ្នាំ​១៩៧៩​ ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​មិន​អាច​ប្រកែក​បាន​ឡើយ ហើយ​ជ័យ​ជម្នះ​នេះ​ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​សមិទ្ធិផល​ជាច្រើន​មក​ទល់​សព្វថ្ងៃ។​ ​នេះ​បើតាម​ការ​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ Vietnam News Agency ​(VNA)។

ក៏ប៉ុន្តែ​ អតីត​សមាជិក​គណៈកម្មការធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប​ដែលជា​អ្នកគាំទ្រមក​ពី​គណបក្ស​ជំទាស់​ យល់​ថា​ កងទ័ព​វៀតណាម​មិនមាន​បំណង​ជួយ​កម្ពុជា​ដោយ​ស្មោះត្រង់​នោះ​ទេ​ តែ​វៀតណាមបាន​ឆ្លៀត​ឱកាស​ដឹកនាំ​ទ័ព​វាយ​លុក​ចូល​ប្រទេស​កម្ពុជា​ គ្រា​ដែល​សហគមន៍​អន្តរជាតិ​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ​របស់​ប៉ុល​ ពត។

សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​វៀតណាម​ ដែល​បាន​ផ្សាយ​បន្តលើ​គេហទំព័រ​ព័ត៌មាន​វៀតណាម​ Vietnamplus ​កាលពី​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ បាន​ដកស្រង់​សម្តី​អ្នក​កាសែត​ខ្មែរ​ពីរនាក់ ដែល​បាន​និយាយ​ថា​ ប្រសិនបើ​គ្មាន​ទ័ព​ស្ម័គ្រ​ចិត្ត​របស់​វៀតណាម​មក​ជួយ​កម្ពុជា​ទេ​ នោះ​កម្ពុជា​មិន​អាច​យក​ឈ្នះ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ បានទេ​ ហើយ​ថា​ ព្រឹត្តការណ៍​នៃ​ការ​ជួយ​របស់​កងទ័ព​វៀតណាម​នេះ​ គឺ​ជា​ «ការណ៍​ពិត​មួយ​ដែល​មិនអាច​ប្រកែក​បាន​ឡើយ»។

លោក​ ​កែវ ចាន់ដារា​ ​អគ្គនាយក​រង​ទីភ្នាក់​ងារ​ព័ត៌មាន​ ​AKP​ ​របស់​រដ្ឋាភិបាល​ខ្មែរ​ត្រូវបាន​ស្រង់​សម្តី​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវបាន​ប្រែសម្រួល​ជា​ភាសាខ្មែរ​ថា​ប្រជាជន​កម្ពុជា​និង​ពិភពលោក​បាន​ទទួល​ស្គាល់​ថា ​ប្រសិនគ្មានជ័យ​ជម្នះ​៧ មករា​ ឆ្នាំ​១៩៧៩ទេ​ ក៏​គ្មាន​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ​ខ្មែរ​នោះ​ឡើយ។

លោក​ត្រូវបាន​ស្រង់​ប្រសាសន៍​បន្ថែម​ក្នុង​ន័យដើម​ថា៖

«ហើយ​បើគ្មាន​ជំនួយ​ពី​បងប្អូន​ និង​សមមិត្ត​វៀតណាម​នោះទេ​ ប្រទេស​កម្ពុជា​ក៏នឹង​មិន​អាច​សម្រេច​ជោគជ័យ​ចុងក្រោយ​ និង​សមិទ្ធិផល​នានា​ដូច​ថ្ងៃ​នេះដែរ។

លោក​កែវ ចាន់​ដារា​ បាន​បន្ត​ថា៖​

«នេះជា​ការណ៍​ពិត​មួយ​ ដែលមិន​អាចសួរ​ដេញ​ដោល​បាន​ទេ»។

លោក​ទាវ សារៈមុនី​ ​និពន្ធ​នាយក​កាសែត​រស្មីកម្ពុជា​ បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ ​ថា​បើគ្មាន​ជ័យ​ជម្នះ​ និង​ការ​គាំទ្រ​ពី​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ ព្រមទាំង​គណបក្ស​ រដ្ឋ​ រដ្ឋាភិបាលនិង​ប្រជាជន​វៀតណាម​ ពី​ឆ្នាំ​១៩៧៩ ​ដល់​ឆ្នាំ​១៩៨៩​ទេ​ នោះ​ប្រជាជាតិ​កម្ពុជា​ និង​ប្រជាជន​ មិន​អាច​រស់​រាន​មាន​ជីវិត​ និង​អភិវឌ្ឍ​បាន​ដូច​ថ្ងៃ​នេះឡើយ​ ​ជាពិសេស​នៅ​ក្រោយ​ថ្ងៃ​រំដោះ​ ដែល​កម្ពុជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​ពីរ​ គឺ​កសាង​ជាតិ​ និង​ទប់ស្កាត់​ការ​វិល​មក​វិញ​របស់​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ទៅកាន់​ប្រទេស​វៀតណាម​ កាលពី​ដើម​ខែ​ធ្នូ​នេះ​ លោក​ ​ហ៊ុន សែន​ ​និង​ក្រុម​មេដឹកនាំ​វៀតណាម​ ​បាន​ឯកភាព​គ្នា​រៀប​ចំ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ឆ្នាំ នៃ​ការ​តស៊ូ​រួម​គ្នា​ ​ដើម្បី​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត។

ការ​ឯកភាព​គ្នា​នេះ​ ត្រូវ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​មួយ​ចំនួន​ យល់​ថា វា​នឹង​ជា​ព្រឹត្តិការណ៍​កម្រ​មួយ​ នៅគ្រា​កម្ពុជា​កំពុង​ងាក​ទៅចាប់​ដៃ​ជាមួយ​ប្រទេស​ចិន។

លោក​បណ្ឌិត មាស នី​ អ្នកឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​ប្រាប់ VOA ​ក្រោយ​ការ​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន​ នៅ​វៀតណាម​កាល​ពីដើម​ខែធ្នូ​នោះ​ថា​ ការ​ត្រៀម​រៀប​ចំ​ខួប​៤០ឆ្នាំ​នៃ​ការវាយ​ផ្តួលរំលំ​របប​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម​នេះ​ គឺ​វៀតណាម​ចង់​ដាស់​តឿន​ខ្មែរថា​ មិន​ត្រូវ​ភ្លេច​គុណ​វៀតណាម​ នៅ​ពេល​កម្ពុជា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ប្រឹង​រំកិល​ខ្លួន​កាន់​តែ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​នោះ។

សម្រាប់​លោក​រ៉ុង ឈុន​ ដែល​ជា​អតីត​សមាជិក​របស់​ គ.ជ.ប.​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​តុលាការ​កម្ពុជា​រំលាយ​ចោល​កាល​ពី​ឆ្នាំមុន​នោះ​ បា្រប់​ VOA ​នៅថ្ងៃ​សុក្រនេះ​ថា​ វៀតណាម​មិន​ដែល​មាន​ចិត្ត​ស្មោះត្រង់​នឹង​ខ្មែរ​ឡើយ​ ហើយ​ការ​ជួយ​រំដោះ​ប្រជាជន​ខ្មែរ​ពី​របប​ខ្មែរ​ក្រហម​នោះ​ គឺ​ជា​ការ​ឆ្លៀត​ឱកាស​មួយ​ប៉ុណ្ណោះ។

«បើសិន​ជា​វៀតណាម​ ជួយ​កម្ពុជា​ដោយ​ស្មោះ​ គឺ​នៅពេល​ដែល​វាយ​បែក​របប​ខ្មែរ​ក្រហម​ហើយ​នោះ​ ពេល​ហ្នឹង​ត្រូវ​ប្រគល់​អ្វីៗ​ឲ្យ​កម្ពុជា​គ្រប់គ្រង​ដឹកនាំ​ ហើយ​ខ្លួន​ត្រូវ​ដកទ័ព​ចេញ​ពី​កម្ពុជា​ទៅ​ មិន​ត្រូវ​ បន្ត​គ្រប់គ្រង​នៅ​លើ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​នោះទេ»។

លោក​ថ្លែង​ថា ​ការណ៍​ដែល​វៀតណាម​បាន​ជួយ​ខ្មែរ​ពីឆ្នាំ​១៩៧៩ ​ដល់​ឆ្នាំ​១៩៨៩​នោះ​ គឺ​ធាតុពិត​ ជា​ការ​ជួយ​ជ្រែង​របស់​សហភាព​សូវៀត​ ដែល​ជា​អ្នក​ពង្រីក​ឥទ្ធិពល​របស់​លទ្ធិ​កម្មុយនិស្ត​ខ្លួន​នៅ​ទូទាំង​ពិភព​លោក​នាពេល​នោះ។​ ​លោកមាន​ប្រសាសន៍​ថា​វៀតណាម​ព្រមដក​ទ័ព​ចេញពី​កម្ពុជា​ ដោយ​សារ​តែ​ការ​ដួល​រលំ​របស់​សហភាព​សូវៀត។

​«ខ្មែរ​ក្រហម​ក៏ទទួល​ឥទ្ធិពល​កុម្មុយនិស្ត​ ​ហើយ​ពួក​ដែល​យួន​ដែល​វាយ​ចូល​ ​វាយចូល(បណ្តេញ)​ខ្មែរ​ក្រហម​ ហើយ​ចូល​មក​គ្រប់គ្រង​ហ្នឹង​ក៏​ទទួល​ឥទ្ធិពល​កុម្មុយ​និស្ត​ពី​សូវៀត​ដែរ​ដូចគ្នា​បាទ។​ ​ប៉ុន្តែ​នៅពេល​ដែល​សូវៀត​ត្រូវបាន​ដួល​រលំ​ទៅ​ ​ហើយ​ខាង​អន្តរជាតិ​ ខាង​ប្លុក​សេរី​ហ្នឹង​គេ​ គិតគូរ​អំពី​បញ្ហា​កម្ពុជា​ហ្នឹង​ បាន​រុញ​ច្រាន​ឲ្យ​យួន​ហ្នឹង​ បាន​ដក​ទ័ព​ចេញ​ពី​កម្ពុជា​បាទ»។

លោក​រ៉ុង ឈុន​ ​ថ្លែង​បន្ថែម​ទៀត​ថា ការ​អភិវឌ្ឍន៍​ដែល​បាន​កើត​មាន​មក​ដល់​សព្វថ្ងៃ​ គឺ​បាន​មក​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ​ដែល​បើក​ផ្លូវ​ឲ្យ​កម្ពុជា​មានការ​បោះឆ្នោត​តាម​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ ​និង​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ ​មិន​បាន​និយាយ​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ដែល​ជា​កិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ចំនួន​១៩ក្នុង​ការ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នោះទេ។​ តែ​ទីភ្នាក់​ងារ​ព័ត៌មាន​វៀតណាម​ដដែលនេះ​ បាន​បញ្ចប់​សេចក្តី​រាយការណ៍​របស់ខ្លួន​ ដោយ​ការ​ស្រង់​សម្តី​អ្នក​កាសែត​អូស្តា្រលី​ម្នាក់​ឈ្មោះ​ ​Peter Starr​ ​ថា​ជោគជ័យ​នៅ​ថ្ងៃទី​៧មករា​ ឆ្នាំ​១៩៧៩​ គឺ​ត្រូវបាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​ពល​រដ្ឋ​កម្ពុជា​ ​ខណៈ​ដែល​វា​បញ្ជាក់​ពី​សេរីភាព​ ​និង​ការ​គេច​ចេញ​របស់​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG