ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​រំឭក​ឡើង​វិញ​ហេតុ​ការណ៍​បង្រ្កាប​ដោយ​​ហិង្សា​ឆ្នាំ​២០១៤ ​និង​ទាមទារ​យុត្តិធម៌


លោក​វន់ ពៅ​​ ប្រធានសមាគម​​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ហៅថា (IDEA) ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ កាលពីថ្ងៃទី​៣ ខែ​មករា​ ឆ្នាំ​២០១៩​ នៅទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី​/VOA)
លោក​វន់ ពៅ​​ ប្រធានសមាគម​​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ហៅថា (IDEA) ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ កាលពីថ្ងៃទី​៣ ខែ​មករា​ ឆ្នាំ​២០១៩​ នៅទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី​/VOA)

ស្នូរ​វាយ​ដំ​ ​និង​ស្នូរគ្រាប់​​កាំភ្លើង​បាន​លាន់​ឮ​ក្នុង​តំបន់​ឧស្សាហ​កម្ម​មួយ​ចំនួន​នៅ​​ទីក្រុង​ភ្នំពេញ​ កាលពី​ប្រាំ​ឆ្នាំ​មុន​ ដើម្បី​បង្រ្កាប​ក្រុម​បាតុករ​ ដែល​តវ៉ា​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ។ ​

សំឡេង​សត្វ​រៃយំបាន​លាន់​ឮ​រងំ​ក្នុងត្រចៀក​លោក​ចាន់ ពុទ្ធិសាក់​ ​នៅ​ពេល​ដែល​លោកត្រូវ​បាន​គេដាក់​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បួង​ឃ្មុំ​ កាលពី​រសៀល​ថ្ងៃទី​៣​ខែ​មករា​ឆ្នាំ​២០១៤។​ ​រហូត​មកដល់​ពេល​នេះ​ មាន​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​ តែ​លោក​ចាន់ ពុទ្ធិសាក់​មិន​អាច​បំភ្លេច​ថ្ងៃ​នោះ​បាន​នៅ​ឡើយ​ទេ។​

«វេលានោះ​ ​យើង​រន្ធត់​មែន​ទែន​ ថ្មើរ​នេះ​ គេ​បាន​បញ្ជូន​យើង​ចូល​ក្នុង​ភ្លូកក្នុង​ពន្ធនាគារ ​ហើយ​យើង​ក៏​មិន​មាន​អ្វី​ទេ​ មាន​ការ​សម្លឹង​តាម​មាត់​បង្អួច​ ហើយ​ឮ​តែ​សំឡេង​រៃយំ​ត្រហឹង​ អឺង​កង​ នឹក​ដល់​ផ្ទះ​តែ​ប៉ុណ្ណោះ»។​

សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍បឹងកក់​នៃ​ទីក្រុង​ភ្នំពេញ​ លោក​ចាន់​ ពុទិ្ធសាក់​ត្រូវ​បានចាប់​ឃុំ​ខ្លួនជាមួយ​នឹង​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ ​និង​កម្មករ​ចំនួន​២២​នាក់​ផ្សេង​ទៀត ​បន្ទាប់​ពី​លោក​បាន​ចូលរួម​ក្នុង​បាតុកម្ម​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើងប្រាក់​ឈ្នួល​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ។​

បាតុកម្ម​ដែល​បាន​ផ្ទុះ​ឡើងកាលពី​ចុង​ឆ្នាំ​២០១៣​ និងដើម​ឆ្នាំ២០១៤នោះ បាន​ក្លាយ​ជា​អំពើ​ហិង្សា​ ហើយ​ក៏​បាន​បង្ក​ឲ្យ​មនុស្ស​បួន​នាក់​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​មក​ដល់​សព្វ​ថ្ងៃ​នេះ។​

មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀតក៏​បាន​រង​របួស​ក្នុង​ហេតុការណ៍ដែល​កង​កម្លាំង​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១បាន​បើក​ការ​បាញ់រះ​មក​លើ​ហ្វូង​អ្នក​តវ៉ា។​

មុន​ពេល​ចាប់ខ្លួន​ក្នុង​ហេតុ​ការណ៍​ដ៏​ហិង្សា​នោះ​ ​លោក​ចាន់​ ពុទ្ធិសាក់​ និយាយ​ថា​ មាន​កម្មករ​ជាស្ត្រី​ជាច្រើន​រូប​ត្រូវ​បាន​លោក​ជួយ​ឲ្យរួច​ផុត​ពី​ការ​វាយ​ដំ​របស់​កង​កម្លាំង​មាន​សមត្ថ​កិច្ច។​

ការ​វាយ​ដំ​ និង​ការ​បាញ់​បង្រ្កាប​ដ៏​ហិង្សា​ពី​សំណាក់​ក្រុម​ទាហាន​ឆ័ត្រ​យោង​៩១១​ដែលគេ​ដឹងថា​ ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន​ និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ផ្សេង​ទៀត​នៅ​ត្រង់​ចំណុច​រោងចក្រ​យ៉ាកជីងនិង​ទីតាំង​ឧស្សហ​កម្ម​ លើ​កំណាត់​ផ្លូវ​វេង​ស្រេងនោះ​ ​ បានកន្លងផុត​ទៅប្រាំ​ឆ្នាំមក​ហើយ។​

លោក​ចាន់ ពុទ្ធិសាក់​ ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​ជា​លក្ខណៈ​អន្តរជាតិពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​នោះ​ បាន​និយាយ​ថា​ ព្រឹត្តិ​ការណ៍​ដ៏​ហិង្សា​នោះបាន​ធ្វើ​ឲ្យ​ពិភព​លោក​ដឹង​ពី​ស្ថាន​ភាព​រស់​នៅ​របស់​កម្មករ​ខ្មែរ។​

«យើង​ដឹង​ហើយ​ថា​ ពិភព​លោក​បាន​ជួយ​ឲ្យ​មាន​ការ​អន្តរាគមន៍​ នែ៎! ​ឲ្យ​មាន​សេរីភាព​ដល់​យើង​ នែ៎គឺ​ពិភព​លោក​បាន​ដឹង​អំពី​ថា​ ​កម្មករ​យើង​ហ្នឹង​មាន​សិទ្ធិ​សេរីភាពយ៉ាង​ម៉េច? មាន​ការ​គាប​សង្កត់​យ៉ាង​ម៉េច? ​ហើយ​ប្រាក់​ខែ​ហ្នឹង​ មាន​កម្រិត​ទាប​យ៉ាង​ណា? ​ប៉ុន្តែ​នៅពេល​នេះ​ យើង​ដឹង​ហើយ​ ពិភព​លោក​ក៏​ដឹង​ យើង​ក៏ដឹង​ទាំង​អស់​គ្នា​ ប្រាក់​ខែ​កម្មករ​ទាំងអស់​គ្នាកំពុង​ត្រូវ​បាន ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីគ្រប់​ស្ថាប័ន​បាទ។ ​អានេះ​ ដែល​ជា​មោទន​ភាព​របស់យើង...​ដែល​ជា​ការ​លះបង់​របស់​យើង​សម្រាប់​ជា​សកម្ម​ជន​សិទ្ធិ​មនុស្សក៏​ដូច​ជា​សកម្ម​ជន​ គឺ​សកម្ម​ជនធ្វើ​ការងារ​ក្នុង​សង្គម​ បាទ»។​

លោក​ថេង សាវឿន អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​ដែល​បាន​ជាប់​ក្នុង​ពន្ធនាគារ​ជាមួយ​លោក​ចាន់​ ពុទ្ធិសាក់​ កាលពី​ប្រាំ​ឆ្នាំមុននៅ​ខេត្ត​ត្បូងឃ្មុំនៅ​ព្រំដែន​វៀតណាម​ ​បាន​ថ្លែង​ថា​ ​បើ​គ្មាន​ថ្ងៃ​ទី​២​និង​៣​មករា​ឆ្នាំ​២០១៤​នោះ​ទេ​ មេ​ដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែននឹង​មិន​អើពើ​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​នោះ​ឡើយ។​

«ប្រសិន​បើ​មិន​មាន​ថ្ងៃ​ទី​២​ ថ្ងៃ​ទី៣​ទេ​ ប្រហែល​ជា​បង​ប្អូន​ដែល​ជា​កម្មករ​ កម្មការិនី​ គ្មាន​ភ័ព្វ​វាសនាត្រូវ​បាន​សម្តេច​នាយក​ចុះ​ជួប​ ហើយ​ផ្តល់​នូវអត្ថ​ប្រយោជន៍​កន្លង​ មក​ដល់​ពេល​បច្ចុប្បន្ន​ទេ​ ហើយ​ថ្ងៃ​ហ្នឹងគឺជា​ថ្ងៃ​មួយ​ដែល​ដាស់​គាត់​ឲ្យ​ភ្ញាក់»។

ការ​រំឭក​ឡើង​វិញ​នៃ​ហេតុ​ការណ៍​វាយ​បង្ក្រាប​របស់​កងទ័ព ​និង​កង​កម្លាំង​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ពណ៌នា​ឡើង​ដោយ​លោក​ចាន់ ពុទ្ធិសាក់ និង​លោក​ថេង សាវឿននោះ​ ​ត្រូវបាន​រៀបចំ​ឡើងក្នុង​ថ្ងៃប្រារព្ធ​ខួប​ប្រាំឆ្នាំ​នៃ​ការ​វាយ​បង្ក្រាប​យ៉ាង​ហិង្សា​ក្នុង​កន្លែង​ធ្វើការ​មួយ​ដែល​គេស្គាល់​ថា​ជា​«ផ្ទះ​សាមគ្គី»​ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ។​

ការ​ប្រារព្ធ​ខួប​នៃ​ការវាយ​បង្រ្កាប​នេះ​ក៏​បាន​ធ្វើ​ឡើង​ ដោយ​មាន​ការ​រំខានពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ក្នុង​ខណ្ឌ​សែន សុខ​ ដែល​បាន​ចុះមក​រុះរើ​រោង​តង់​សម្រាប់​រៀបចំ​ពិធី​ និង​បាន​ឃ្លាំមើល​ដំណើរការ​រៀបចំ​ពិធី​នោះ។

លោកវន់ ពៅ​ ​ប្រធាន​សមាគមសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬ​ហៅ​ថា IDEA​ដែល​ជាជន​រង​គ្រោះ​ ដោយ​ការ​វាយ​ដំ​ពី​កង​កម្លាំង​ទ័ព៩១១​ និង​ជា​អ្នកផ្តួច​ផ្តើម​រៀបចំ​ពិធី​រំឭក​ខួប​នេះ​ ​និយាយថា​ លោក​មិនខ្លាច​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ។​

ផ្ទុយ​ទៅវិញ​ លោក​វន់ ពៅបាន​ប្រាប់​អ្នក​ចូលរួម​រាប់សិប​នាក់​ដែល​ជា​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្សថា​ ហេតុ​ការណ៍​៣​មករាឆ្នាំ​២០១៤​គឺ​ជាស្នូរជួង​មួយ​បន្លឺប្រាប់​សហគមន៍​អន្តរជាតិ​ថា​ ប្រជាពលរដ្ឋខ្មែរ​មិន​អាច​ស៊ូទ្រាំ​នឹង​ការកេងប្រវ័ញ្ច​បាន​ទេ។​

«ថ្ងៃ​នេះដែរ​គឺ​ជា​ថ្ងៃដែល​យើង​ធ្វើ​ពលិកម្មដើម្បី​សិទ្ធិ​សេរីភាពរបស់​កម្មករ​ ដើម្បី​លក្ខខណ្ឌ​ការ​ងារ​របស់​កម្មករ។ ​វាជា​ស្នូរ​ជួង​ដើម្បី​បន្លឺ​ប្រាប់ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​រួម​គ្នា​ ដើម្បី​ទាម​ទារ​សិទ្ធិ​សេរីភាព​ លក្ខខណ្ឌ​ការងារ។ ​វា​ជា​ស្នូរ​ជួង​បន្លឺ​ប្រាប់​អន្តរ​ជាតិ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរនឹង​មិន​នៅ​ស្ងៀម​នោះ​ នឹង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ។ ​ ដរាបណា​ មាន​ភាព​អយុត្តិធម៌​នៅក្នុង​សង្គម​ ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​នៅ​ស្ងៀមបាន​ទេ។ ​កម្មករ​ខ្មែរ​ត្រូវការ​រស់​ ត្រូវ​ការ​លក្ខខណ្ឌ​ការងារ​សម​រម្យ»។​

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូបនេះ​អះអាង​ថា​ ទោះ​បី​ជា​អាជ្ញាធរ​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​កម្មវិធីនេះក៏ដោយ​ ​ក៏​លោក​នឹង​ជម្នះធ្វើ​ពិធី​នេះ​ទៀត​នៅ​ឆ្នាំ​ខាង​មុខ។ លោក​ថ្លែង​ថា​ រដ្ឋាភិបាល​មិន​អាច​ខ្ទប់​សំឡេង​ឈឺ​ចាប់​របស់​លោក​បាន​ទេ។​

កាលពីថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៩​ ក្រុមជនរងគ្រោះ​ និងសាច់​ញាតិនៃជន​រងគ្រោះ​ពីការ​បង្ក្រាប​ដ៏ហិង្សា​របស់​កម្លាំង​មាន​សមត្ថកិច្ច​ ក្នុង​នោះ​មាន​កង​ទ័ព​ឆ័ត្រយោង​៩១១​ផងនោះ​ ប្រារព្ធ​ហេតុ​ការណ៍បង្ក្រាបនេះ​ ដែលបាន​កើត​ឡើង​កាល​ថ្ងៃ​ទី២ និង​៣ ខែ​មករា ​ឆ្នាំ​២០១៤ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី​/VOA)
កាលពីថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៩​ ក្រុមជនរងគ្រោះ​ និងសាច់​ញាតិនៃជន​រងគ្រោះ​ពីការ​បង្ក្រាប​ដ៏ហិង្សា​របស់​កម្លាំង​មាន​សមត្ថកិច្ច​ ក្នុង​នោះ​មាន​កង​ទ័ព​ឆ័ត្រយោង​៩១១​ផងនោះ​ ប្រារព្ធ​ហេតុ​ការណ៍បង្ក្រាបនេះ​ ដែលបាន​កើត​ឡើង​កាល​ថ្ងៃ​ទី២ និង​៣ ខែ​មករា ​ឆ្នាំ​២០១៤ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី​/VOA)

​សាច់​ញាតិ​ជន​រងគ្រោះ​ ដែល​បាន​ស្លាប់​ និង​បាន​បាត់​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​បង្រ្កាប​ដ៏ហិង្សា​នោះ​ ក៏​នៅ​តែមិនអាច​បំភ្លេច​បាន​នូវ​ស្លាក​ស្នាម​អំពើ​ហិង្សា​ដ៏​ប្រល័យ​នោះ​ដែរ។ ​ពួក​គាត់​និយាយ​ថា​ គ្មាន​យុត្តិធម៌​សោះ​ឡើយសម្រាប់​ពួកគាត់​មក​ទល់នឹង​ពេលនេះ។

អ្នកស្រី​ឈាវ ផានិត​ ដែល​បាន​បាត់​បង់​ស្វាមីក្នុង​ហេតុ​ការណ៍​បង្រ្កាប​នោះ​ បាន​ថ្លែង​ថា៖​

«សូម​អរគុណ​ទៅ​ដល់​បងប្អូន​ទាំង​អស់​គ្នា​ ដែល​បាន​ចូលរួម​នៅ​ថ្ងៃ​នេះ ហើយ​ក៏​បាន​ហៅ​ពួក​ខ្ញុំ​មក​ដើម្បីគោរព​ដល់​ពួក​គាត់។ ​អ៊ីចឹង​នាង​ខ្ញុំ​ជា​ភរិយាក៏​មាន​ការ​សប្បាយ​ចិត្ត​មួយ​ ទោះបី​ជាយើង​ខ្ញុំ​មិន​ទាន់​បាន​យុត្តិធម៌សម្រាប់​ស្វាមីរបស់​នាង​ខ្ញុំ។ ​នាង​ខ្ញុំ​ក៏មាន​ភាព​សប្បាយ​ចិត្ត​ ដែល​អ្នក​ទាំង​អស់​គ្នា​មិន​បាន​បំភ្លេច​ពួក​គាត់​មក​ទល់​ថ្ងៃ​នេះ»។​

ចំណែក​លោក​ឃឹម សឿន ​វ័យ​៤៥​ ឆ្នាំ​ ឪពុក​បង្កើត​របស់​យុវជន​ឃឹម សុផា ដែល​បាន​បាត់​ខ្លួនកាល​វ័យ​១៦ឆ្នាំ​ និយាយ​ថា​ កូនប្រុសរបស់​លោក​គ្មាន​សង្ឃឹម​នឹង​រស់នោះ​ទេ​ ដោយសារ​តែ​កូន​ប្រុស​របស់​លោក​បាន​រង​គ្រាប់​កំាភ្លើង​ក្នុង​ពេល​បង្ក្រាប​កាលពី​ប្រាំ​ឆ្នាំ​កន្លង​ផុតទៅ។

«មិត្ត​ភ័ក្ត​វា​ឃើញ​គេ​បាញ់​ហ្នឹង ត្រូវ​ដើម​ទ្រូង​និង​ដួល​នៅ​ថ្នល់។ ​ហើយ​កូន​ខ្ញុំ​វា​ប្រាប់​ថា​ "ហ្ហែង​រត់​ទៅ​ មិនបាច់​នៅទេ​ មិនបាច់​យក​អញទេ!​ មើល​ទៅ​អញ​មិនរស់​ទេ!​‍” ដល់​ពេល​ហ្នុងទទួល​មិត្តភ័ក្ត​វា​រត់​ចោល​វាទៅ។ ​វា​បែក​តាំង​ពីថ្ងៃ​ ម៉ោង​ហ្នុង​ រហូត​ទល់​ឥឡូវ»។​

យុត្តិធម៌ក៏មិនទាន់​មាន​សម្រាប់​គ្រួសារ​របស់​លោក​ឃឹម សឿនផង​ដែរ​ ខណៈ​ដែល​ក្រុម​គ្រួសារ​លោក​មិនហ៊ាន​តវ៉ា​រកខុស​និង​ត្រូវ​ជាមួយ​រដ្ឋាភិបាល ព្រោះ​តែ​ខ្លាច​ការ​គំរាមកំហែង​ពីក្រុម​អាជ្ញាធរ។

ក្នុង​ហេតុ​ការណ៍​បង្រ្កាប​ដ៏​ហិង្សា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កាលពី​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នោះ​ មាន​ក្រុម​មេដឹក​នាំ​សហជីព​សំខាន់ៗ​ចំនួនប្រាំ​មួយ​នាក់​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោសឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈពេល​២​ឆ្នាំ​៦ខែ​ តែ​ទោស​ត្រូវព្​យួរ។​ កាលពី​ខែធ្នូ​ឆ្នាំ២០១៨ ពួកអ្នក​ទាំងប្រាំ​មួយ​នាក់​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកាត់​ទោស​ក្រោម​បទ​ចោទ​ជាច្រើន រួម​ទាំង​ការ​ធ្វើ​ឲ្យ​មានការ​កក​ស្ទះ​ចរាចរ។ ​

ទោះ​យ៉ាងណា​ ​ពួក​គេ​ក៏បាន​ថ្កោល​ទោស​ការ​កាត់ទោស​នេះ​ និង​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

បន្ថែម​លើ​នេះ​ ក្រុម​សហជីព​ទាំង​ប្រាំមួយ​នាក់​នេះ​ និង​អនុ​ប្រធាន​គណបក្ស​ជំទាស់​មួយ​រូប​គឺ​អ្នកស្រី​មូរ សុខហួរក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បើក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ទៅលើ​ហេតុ​ការណ៍​បង្ក្រាប​នេះ​ តែ​ត្រូវ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ នាយ​ឧត្តម​សេនីយ៍​ខៀវ​ សុភ័គច្រាន​ចោល​ ដោយ​អះអាង​ថា​ មាន​តែ​តុលាការ​ទេ​ទើប​អាច​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​បាន​ក្នុង​ករណី​នេះ។​

លោក​ខៀវ សុភ័គបាន​ថ្លែង​បញ្ជាក់​កាលពី​កន្លង​មក​ថា​ បាតុកម្ម​ដែល​មាន​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ក្រោយ​ការ​បោះឆ្នោតឆ្នាំ​២០១៣​នោះ​គឺ​មាន​ចរិត​ជា​កុបកម្ម​ និង​ជា​ចលនា​បដិវត្តន៍ ​ដែលគោល​ដៅចម្បង​របស់​វា គឺ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សលីកាដូ​ (Licadho) ​យល់​ថា​ កិច្ច​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ នៅ​តែ​ចាំ​បាច់​ដើម្បី​ដោះ​ស្រាយ​រាល់​មន្ទិល​ក្នុង​ព្រឹត្តិ​ការណ៍​បាតុកម្ម​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤ ដែល​ពោរពេញ​ដោយ​អំពើហិង្សា​នោះ។​

«ខាង​សង្គម​ស៊ីវិល​នៅតែ​ទទូច​ទាមទារឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ដោយ​ឯករាជ្យ​ដោយ​តម្លាភាព​ ដើម្បី​ស្វែង​រក​ការណ៍​ពិត​ក្នុង​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ ដែល​បាន​បាត់​បង់​ជីវិត​ ហើយ​នឹង​រងរបួស​ ឬក៏​ការ​ចាប់​ខ្លួននៅ​ក្នុង​ព្រឹត្តិ​ការណ៍ថ្ងៃទី​២ ​ថ្ងៃ​ទី​៣​ខែ​មករាឆ្នាំ​២០១៤​នោះ បាទ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះជឿ​ថា​ វប្បធម៌​និទណ្ឌភាព​នឹង​មិន​រសាត់​ចេញ​ពី​កម្ពុជា​នោះ​ឡើយ​ ហើយ​ថា​ ខ្យល់​បក់បោក​នៃ​សកម្ម​ភាព​ហិង្សា​នឹង​វិល​មក​ជាថ្មី​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ ប្រសិន​បើ​យុត្តិធម៌​មិន​អាចរកឃើញយុត្តិធម៌​សម្រាប់ជន​រង​គ្រោះ។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ មាន​ប្រសាសន៍​ថា​ ការ​ស៊ើប​អង្កេត​ណា​មួយ​ទៅ​លើ​ហេតុ​ការណ៍​ហិង្សា​កាលពី​ប្រាំ​ឆ្នាំ​មុន​នោះគឺ​ជា​ដែន​សមត្ថ​កិច្ច​របស់ក្រសួង​មហា​ផ្ទៃ​ និង​ស្ថាប័ន​តុលាការ។​

យ៉ាងណាក៏​ដោយ​ លោក​ផៃ​ ស៊ីផានក៏​យល់​ថា​ បាតុកម្ម​ដែល​បាន​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និងដើម​ឆ្នាំ​២០១៤​នោះគឺ​មាន​ទម្រង់​ជា​បដិវត្តន៍ពណ៌។​

អ្នក​នាំពាក្យ​រូបនេះក៏​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​មាន​ភស្តុតាង​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា​ បាតុកម្ម​នោះពិត​ជា​មាន​ចរិត​កុប្បកម្ម​ និង​បដិវត្តន៍​ពិត​ប្រាកដ​មែន។​

«បាទ​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់។ ​អា​ហ្នឹង​ជា​សមត្ថកិច្ច​របស់​តុលាការ​ បាទ។​ ហើយ​ជន​ដែល​ជា​មុខ​សញ្ញា​ នៅតែ​ត្រូវ​តាម​ការឃ្លាំមើល ​និង​ស្វែង​រក​ភស្តុតាង​បន្ថែម​របស់​តុលាការ»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ តែមិន​ទាន់​អាចទាក់​ទង​លោក​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

ការ​ប្រារព្ធ​ឡើង​វិញ​នូវ​ហេតុ​ការណ៍​បង្រ្កាប​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​លើ​បាតុកម្ម​នៅផ្លូវ​វេងស្រេង​ និង​តំបន់​ឧស្សាហ​កម្ម​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញេ​នេះ​ បាន​ធ្វើឡើង​ នៅ​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ប្រសិន​រដ្ឋាភិបាល​ប្រទេស​នេះ​មិន​ព្រម​កែ​ប្រែ​ដំណើរការ​ប្រជា​ធិបតេយ្យ​ ពោល​គឺ​កម្ពុជា​ត្រូវធ្វើ​យ៉ាង​ណា​ឲ្យមាន​លំហរ​សេរីភាព​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ។​

ប្រសិន​បើ​កម្ពុជា​មិន​អាច​ធានា​បាន​កិច្ច​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​នោះ​ទេ​ នោះ​កម្ពុជា​នឹង​ខាត​បង់​ប្រាក់​ពន្ធ​ចំនួន​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ឧស្សាហ​កម្ម​កាត់ដេរ​របស់​ខ្លួន​ ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ ​ដែល​ភាគ​ច្រើន​ជា​ស្រ្តីចំនួន​ជាង​៧០​ម៉ឺន​នាក់។​ ​នេះបើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នា​ពេល​កន្លង​មក៕

XS
SM
MD
LG