ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ បញ្ជា​ឲ្យ​បង្កើត​ក្រុម​មេធាវី​ការពារ​ជន​រងគ្រោះ​ដែល​ជា​ស្រ្តី​ក្រីក្រ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ក្រុម​ស្រ្តី​ដែល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ជូន​ស្ត្រី​ជនរងគ្រោះ ប៉ុន្តែ​ពួក​គេ​បាន​អំពាវនាវ​ឲ្យ​ក្រុម​មេធាវី​នោះ​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព​ មិន​មាន​ការ​រើស​អើង។​

ក្រុម​អ្នក​ធ្វើការ​ផ្នែក​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​នៅកម្ពុជាសាទរ​ការ​ប្រកាស​បង្កើត​ក្រុម​មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដើម្បី​ការពារ​ស្រ្តី​រង​គ្រោះ​ក្រីក្រ ​តែ​ពួកគេ​បារម្ភ​ថា​ ​ការ​អនុវត្ត​អាចនឹង​មិន​ស្មើ​ភាព​គ្នា​ចំពោះ​ស្ត្រី​ទាំង​នោះ​ ដោយ​សារ​និន្នាការ​នយោបាយ។​

ការ​បង្ហាញ​ការ​សាទរ​របស់​ក្រុម​អ្នក​ធ្វើការ​ផ្នែក​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​ធ្វើ​ឡើង​ ​បន្ទាប់​ពី​លោក​ ហ៊ុន​ សែន ​កាលពី​ថ្ងៃទី​១៨ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​ប្រកាស​ឲ្យ​ដឹង​ពី​ចេតនា​របស់​លោក​ក្នុង​ការបង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ជូន​ស្រ្តី​ក្រីក្រ​ទូទាំង​ប្រទេស​ ​ក្នុង​កម្មវិធី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំរបស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី។

អ្នកស្រី​ រស់ សុភាព ​នាយិកាអង្គការ​យេនឌ័រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ​ប្រាប់​ VOA ​ថា​ ការ​ប្រកាស​បង្កើត​ក្រុម​មេធាវី​ការពារ​ស្រ្តី​រង​គ្រោះ​ក្រីក្រ​នេះ​អាច​កើត​ឡើង​ ដោយ​សារ​លោក​នាយក​រដ្ឋមន្រ្តី​ទទួល​ស្គាល់​ថា ​ស្រ្តី​នៅ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាំងការ​ប្រើ​ហិង្សា​ ការរើស​អើង ​និង​ផល​វិបាក​ក្នុង​ការ​ស្វែង​រក​សេវា​ផ្លូវ​ច្បាប់។​

អ្នកស្រី​បន្ថែម​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហាដោយស្មើភាព​ជូន​ស្រ្តី​ក្រីក្រ​ដែល​រង​គ្រោះពី​ការ​រំលោភ​ដីធ្លី​ និង​ស្រ្តី​ដែល​មាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា។​

អ្នកស្រីបញ្ជាក់​ថា៖​

«រាជ​រដ្ឋាភិបាល​គួរតែ​ស្តាប់​សម្តី​របស់​គាត់​ហើយ​ទៅ​មើល​ ហើយ​សិក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ចាត់​វិធានការ​ឲ្យបាន​ត្រឹមត្រូវនោះ​ ​ទើបបាន​ប្រជា​ពលរដ្ឋ​គាត់​បាន​ទទួល​សេវា​នេះ​ស្មើ​ភាព។ ​បើសិនជា​បែរ​ជា​យល់​ថា​ ​គាត់​តវ៉ា​ហ្នឹង​ជា​គណបក្ស​ប្រឆាំង​នោះ​ នោះ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ទទួល​រងគ្រោះ​ហើយ​រងគ្រោះ​ទៀត»។​

ទន្ទឹម​នឹង​ការ​សាទរ​ចំពោះ​ការ​បង្កើត​ក្រុម​មេធាវី​ការពារ​ស្រ្តី​ក្រីក្រ​ដែល​ជា​ជនរង​គ្រោះ​នោះ​ ​អ្នកស្រី​ រស់ សុភាព​ ក៏​បាន​បញ្ជាក់​ទៀតថា ​រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​បាន​រឹងមាំ​ផង​ដែរ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«មែនទែន​ទៅ​ប្រព័ន្ធ​ច្បាប់​ ​តុលាការ​អី​មាន​គ្រប់គ្រាន់​ហើយ ​បើសិន​ជា​យើង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​ពង្រឹង​ការ​អនុវត្ត​នៃ​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​តួនាទី​របស់​មេធាវី ​ក៏​ដូចជា​អ្នក​ដែល​ធ្វើការ​ផ្នែក​ច្បាប់ ​ប៉ូលិសអី​ជា​ដើម​ហ្នឹង​ វា​ជាជាង​បង្កើត​គណៈកម្មការ​កាន់​តែ​ច្រើន ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ទទួល​នូវ​តួនាទី​កាន់​តែ​ច្រើន​ ហើយ​គាត់​ពិបាក​ថា​ ​មិន​ដឹង​ថា ​តួនាទី​ណាមួយ​ដែល​គាត់​ធ្វើ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ»។​

ចំណែក​កញ្ញា​ ​សេង រាសី​ ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ (Silika)​ ដែល​ជា​អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្រ្តី​ ​លើក​ឡើង​ថា​ ការ​បង្កើត​ក្រុម​មេធាវី​ការពារ​ស្រ្តី​រងគ្រោះ​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​ ​ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​ក្នុង​តុលាការ​មាន​ភាព​រឹងមាំនិង​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោបាយ។ ​កញ្ញា​បន្ថែម​ដោយ​រំពឹង​ថា​ ក្រុម​មេធាវី​ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​ជន​រងគ្រោះ​ដែល​ជា​ស្រ្តី​ក្រី​ក្រ​នោះ​នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព ​និង​វិជ្ជាជីវៈ​សម្រាប់​ស្រ្តី​គ្រប់​រូប។​

កញ្ញា​និយាយថា៖​

«ទោះ​បីជា​ក្នុង​រូបភាព​ណា​ក៏​ដោយ​ សំខាន់​បំផុត​គឺ​ការកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​របស់​មេធាវី ​និង​វិជ្ជាជីវៈ​របស់​តុលាការ​ រួមជា​មួយ​នឹង​ភាព​ឯករាជ្យ​ហ្នឹង។ ​បើទោះបី​ជា​នៅ​ខាង​ក្នុង ​ក្រោម​រូបភាពជា​កញ្ចប់​ ដែល​បង្កើត​ឡើង​ដោយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ក៏​ដោយ​ បង្កើត​ឡើង​ដោយ​ខាង​ណា​ក៏​ដោយ ​ក៏​ត្រូវ​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គាត់​រៀង​ខ្លួន»។​

ក្រុម​អ្នកធ្វើ​ការ​ផ្នែក​លើក​ស្ទួយ​សិទ្ធិស្រ្តីបាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា​ ស្រ្តី​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់ ​និង​មិន​បាន​ទទួលសេវា​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ជាពិសេស​ក្នុង​ករណី​រង​នូវ​អំពើ​ហិង្សា​ផ្សេងៗ​ ស្រប​ពេល​ដែល​ចំនួន​ស្រ្តី​ជា​មេធាវី​នៅ​ក្នុង​វិស័យ​តុលាការ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។​

ក្នុង​កម្មវិធី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ផែន​ការ​សកម្មភាព​ការ​ងារ​ឆ្នាំ​២០១៩​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ​កាលពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ស្ថាប័ន​រដ្ឋ​ដែល​ពាក់ព័ន្ធ​ទាំង​អស់ធានា​នូវ​ភាព​យុត្តិធម៌​និង​ពន្លឿន​ការ​ដោះ​ស្រាយ​រឿងក្តី​ឲ្យ​បាន​ឆាប់​រហ័ស​ ជាពិសេស​សំណុំ​រឿង​ក្តី​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ស្ត្រី។​

លោក ​ហ៊ុន សែន ​បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកតាម​ន័យ​ដើម​ថា៖​

«ដើម្បី​ជួយ​ស្រ្តី​រងគ្រោះ​ទន់​ខ្សោយ​ឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​នឹង​ពិចារណា​ក្នុង​ការ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​របស់​សម្តេច​តេជោ ​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​ជា​ស្រ្តី​ក្រីក្រ»។​

ក្រោយ​ការ​ប្រកាស​នោះ​ អង្គភាព​ព័ត៌មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ផ្សាយ​ថា ​លោក ​ហ៊ុន សែន ​បានចាត់​តាំង​លោក ​គី តិច​ ប្រធាន​ក្រុម​មេធាវី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ធ្វើ​ជា​អ្នក​រៀបចំ​បង្កើត​ក្រុម​មេធាវី​នេះ។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ គី តិច​ បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

យ៉ាង​ណា​ក្តី​អង្គភាព​ព័ត៌មាន​ Fresh News ​បាន​ស្រង់​សម្តី​លោក ​គី តិច ​នា​ល្ងាច​ថ្ងៃ​ច័ន្ទថា​ ​ក្រុម​មេធាវី​ដែល​ផ្តួច​ផ្តើម​បង្កើត​ដោយ​លោក​នាយក​រដ្ឋមន្រ្តីនឹង​មានមេធាវី​ចំនួន​៣០​រូប​ចូល​រួម​ ​ភាគច្រើន​ជា​ស្រ្តី។​ លោក​បន្ត​ថា​ ទីស្នាក់​ការ​កណ្តាល​របស់​ក្រុម​មេធាវី​នោះគឺ​ស្ថិត​ក្នុង​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ហើយ​នឹង​មាន​មេធាវី​តាម​បណ្តា​ខេត្ត​នានា ​និង​ថ្នាក់​តំបន់​ដើម្បី​ត្រៀម​ជួយ​ដល់​ស្រ្តីតាម​ខេត្ត​ ដែល​រងគ្រោះ​ដោយ​អំពើ​រំលោភ​បំពាន​ណា​មួយ។​

ក្នុង​កម្មវិធី​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ក៏​បានជំរុញ​ឲ្យ​ក្រសួង​កិច្ចការ​នារី ​និង​ក្រសួង​យុត្តិធម៌​ រៀបចំ​កាត់​ទោស ​និង​ពិនិត្យ​សម្រួល​ការព្យួរទោស​ស្ត្រី​ជាប់​ពន្ធនាគារ ​ឲ្យ​ពួក​គេ​មាន​សេរីភាព​ឡើង​វិញ​ ប្រកប​ដោយ​ការ​យោគ​យល់ ​និង​អធ្យាស្រ័យ។

នៅ​ពេល​មិន​មាន​ការ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​សម្រាប់​ស្រ្តី​រង​គ្រោះ​នេះ​ ​ស្រ្តី​ជា​ច្រើន​នាក់​ដែល​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ផ្សេងៗ ក្នុង​នោះ​មាន​ការ​រំលោភ​ដីធ្លី​ បាន​ស្វែង​រកសេវា​ផ្លូវ​ច្បាប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ដែល​ជា​អង្គការ​មិន​រណប​រដ្ឋាភិបាល។​

ស្ត្រី​មួយ​ចំនួន​ក៏​ត្រូវ​បាន​អាជ្ញាធរចាប់​ដាក់​ក្នុង​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​នេះ​ តែ​ក្រោយ​ពី​មាន​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ ​ពួកគេ​ក៏ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាពវិញ៕

XS
SM
MD
LG