ស្ថានភាពចង្អៀតរបស់ពន្ធនាគារនៅប្រទេសកម្ពុជា បានកំពុងក្លាយជារឿងគួរឲ្យបារម្ភមួយ ដែលតម្រូវឲ្យស្ថាប័នតុលាការ ពិចារណាជាថ្មីលើការឃុំខ្លួនបណ្តោះអាសន្ននៃជនសង្ស័យដែលបង្កបទឧក្រិដ្ឋមជ្ឈឹម ឬការឃុំខ្លួនណាមួយដែលមិនចាំបាច់សម្រាប់បន្តនីតិវិធីរបស់មន្ត្រីតុលាការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho)។
ប្រទេសកម្ពុជាត្រូវគេដឹងថា មិនទាន់បានដាក់ឲ្យអនុវត្តនូវការអនុវត្តទោសនៅតាមសហគមន៍ ជំនួសឲ្យការអនុវត្តទោសនៅពន្ធនាគារនោះទេ ហើយការអនុវត្តច្បាប់នៅប្រទេសនេះ ក៏មិនទាន់ត្រូវបានធ្វើឡើងដោយស្មើភាព ខណៈដែលតុលាការនៅប្រទេសនេះ ត្រូវគេដឹងយ៉ាងទូលំទូលាយថា មិនទាន់មានឯករាជ្យភាពពេញលេញនៅឡើយ។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារប្រទេសកម្ពុជា បានកើនឡើងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ហើយភាពចង្អៀតណែននៃអ្នកជាប់ពន្ធនាគារបានក្លាយជាបញ្ហាដ៏សំខាន់មួយ ដែលបង្កផលប៉ះពាល់មិនត្រឹមតែទៅលើអ្នកជាប់ឃុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលវិបាកដល់មន្ត្រីពន្ធនាគារ និងសង្គមជាតិទាំងមូល។ ចំនួនស្ត្រីដែលមានកូនអាយុក្រោម ៣ឆ្នាំ រស់នៅជាមួយក្នុងពន្ធនាគារ មានចំនួនច្រើនបំផុតមិនធ្លាប់មាន។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង ស្របពេលដែលអង្គការសិទ្ធិមនុស្សមួយនេះ ចេញរបាយការណ៍មួយមានចំណងជើងថា៖ «ពេលដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្តោះអាសន្នមិនចាំបាច់»។
លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រនេះអំពីការជាប់ឃុំស្ត្រីនិងកុមារថា៖
«អ្វីដែលលីកាដូកត់សម្គាល់ហើយបារម្ភនោះ ទាក់ទងនឹងស្រ្តីដែលមានកុមារតាមម្តាយ ដែលកុមារអាយុក្រោមបីឆ្នាំរស់នៅតាមម្តាយហ្នឹង មានការកើនឡើងច្រើន ហើយស្ត្រីមានផ្ទៃពោះក៏កើនដែរ ស្ត្រីដែលសម្រាលកូនក្នុងពន្ធនាគារហ្នឹងក៏មានការច្រើនឡើង។ អ៊ីចឹងកាលណាតែវាចង្អៀតណែន វាប៉ះពាល់ទៅដល់សុខភាពអ្នកទាំងអស់នោះ។ ហើយជាការកត់សម្គាល់ថា កុមារដូចជាក្រណាត់ស។ បើគាត់រស់នៅក្នុងពន្ធនាគារជាមួយម្តាយ គឺដក់ដាមទៅដោយស្នាមគំរូអាក្រក់ពីអ្នកជាប់ឃុំនោះ»។
លោក អំ សំអាត ថ្លែងទៀតថា មូលហេតុចម្បងមួយដែលបានធ្វើឲ្យពន្ធនាគារកាន់តែចង្អៀតនោះ គឺយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការបង្រ្កាបការជួញដូរគ្រឿងញៀន។ លោកថា កម្ពុជាក៏មិនទាន់ដាក់ឲ្យអនុវត្តទោស តាមសហគមន៍ ដែលអាចជួយបន្ថយចំនួនអ្នកទោសនៅក្នុងពន្ធនាគារ។
«មធ្យោបាយផ្សេងទៀតដែរ បើយើងមើលឧទាហរណ៍ថា ការកាត់ទោស ព្យួរ ឬក៏កាត់ទោសសហគមន៍ ឬក៏ពាក់កណ្តាលនៃទោសអីគឺ យើងអត់ទាន់ឃើញមានការអនុវត្តន៍ទេនៅក្នុង ប្រព័ន្ធតុលាការ យើងបច្ចុប្បន្ន អាហ្នឹងគឺ វាធ្វើឲ្យចង្អៀតណែននៃពន្ធនាគារហ្នឹងផងដែរបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនាំពាក្យពីររូបរបស់ក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេនៅថ្ងៃសុក្រនេះ។
នៅកម្ពុជា ទោះបីជាមានច្បាប់រឹងមាំ ដែលត្រូវបានបង្កើតឡើង ដើម្បីកម្រិតការឃុំខ្លួនបណ្តោះអាសន្នមុនពេលសវនាការ និងដើម្បីគោរពគោលការណ៍នៃការសន្មត់ជាមុនថាគ្មានទោស ប៉ុន្តែតាមរយៈការស្រាវជ្រាវរបស់អង្គការ លីកាដូ បុគ្គលដែលត្រូវបានចោទប្រកាន់នៅក្នុងបទល្មើសព្រហ្មទណ្ឌ ទោះជាក្នុងកម្រិតបទល្មើសមជ្ឈឹមកម្រិតស្រាលក៏ដោយ ក៏កម្រនឹងទទួលបានការដោះលែងឲ្យនៅក្រៅឃុំដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ស្តីពីការបញ្ឈប់ការឃុំខ្លួនបណ្តោះអាសន្នដែលមិនចាំបាច់របស់អង្គការសិទ្ធិមនុស្សលីកាដូ។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ បានរៀបរាប់បន្តថា ក្នុងពន្ធនាគារទាំង ១៨កន្លែង ដែលអង្គការលីកាដូ បានឃ្លាំមើល (១៨ ពន្ធនាគារ ក្នុងចំណោមពន្ធនាគារសរុប២៨ កន្លែង ទូទាំងប្រទេស) អ្នកជាប់ពន្ធនាគារច្រើនជាងមួយភាគបី គឺជាអ្នកដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ (៩.៥២៧ នាក់ ក្នុងចំណោម ២៥.៩២៦នាក់)។ នៅក្នុងពន្ធនាគារមួយចំនួន មានអ្នកជាប់ឃុំច្រើនជាងពាក់កណ្តាល មិនទាន់ត្រូវបានតុលាការបើកសវនាការជំនុំជម្រះនៅឡើយ។ ជនជាប់ចោទពីបទល្មើសព្រហ្មទណ្ឌ អាចត្រូវបានតុលាការដាក់ឲ្យជាប់ឃុំឃាំងមុនសវនាការមិនឲ្យលើសពីរយៈពេល ២២ខែ ឡើយ។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ បានឲ្យដឹងបន្ថែមថា ការប្រើប្រាស់ការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការច្រើនហួសហេតុ នឹងធ្វើឲ្យស្ថានភាពពន្ធនាគារដែលចង្អៀតណែនស្រាប់ ធ្ងន់ធ្ងរឡើង និងធ្វើឲ្យធនធានសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារ ដែលមានតិចតួចស្រាប់ កាន់តែខ្វះខាត។ ការណ៍នេះ នឹងផ្តល់ផលប៉ះពាល់ដល់ជនងាយរងគ្រោះមួយចំនួនដូចជា កុមារដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារឬស្រ្តីមានផ្ទៃពោះដែលសម្រាលកូន និងកូនរបស់ពួកគេក្នុងពន្ធនាគារ។
បច្ចុប្បន្ននេះមានស្ត្រីមានផ្ទៃពោះចំនួន ៣០នាក់ និងម្តាយចំនួនប្រហែលជា ១៣៥នាក់ កំពុងរស់នៅជាមួយកូនដែលមានអាយុក្រោម ៣ឆ្នាំ ចំនួនប្រហែលជា ១៣៨នាក់ ក្នុងពន្ធនាគារ ដែលអង្គការលីកាដូ កំពុងធ្វើការជាមួយ។ ប្រហែលជាពាក់កណ្តាលនៃស្ត្រីដែលបានជាប់ពន្ធនាគារទាំងអស់នោះ មិនទាន់ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសជាក់លាក់ណាមួយឡើយ។ នៅអំឡុងពេលនៃការវិវត្តរបស់កុមារ ស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលត្រូវបំបៅដោះកូន មិនសូវទទួលបានអាហាររូបត្ថម្ភបន្ថែមនោះទេ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ក្នុងន័យដើមថា៖ «ការប្រើប្រាស់នីតិវិធីដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ឲ្យបានត្រឹមត្រូវ សម្រាប់បទល្មើសតូចៗដែលមិនមានហិង្សា នឹងផ្តល់ប្រយោជន៍ដល់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌជារួម។ នេះនឹងលើកទឹកចិត្តឲ្យមានការចាត់អាទិភាពនៃរឿងក្តី ទៅតាមភាពធ្ងន់ធ្ងររបស់ករណីនីមួយៗ និងកាត់បន្ថយការងារច្រើនហួសហេតុរបស់ស្ថាប័នតុលាការ។ វិធីនេះក៏អាចផ្តល់ផលវិជ្ជមានដល់សង្គមផងដែរ ដោយកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ថែរក្សាចំណងគ្រួសារឲ្យនៅល្អ និងការពារកុមារពីការទទួលយកឥទ្ធិពលអវិជ្ជមានពីការរស់នៅក្នុងពន្ធនាគារ»។
កាលពីខែសីហា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឲ្យដឹងថា ក្រសួងយុត្តិធម៌នឹងដាក់អ្នកទោស ឬទណ្ឌិតមួយចំនួននៅទូទាំងប្រទេស ឲ្យធ្វើការងារសហគមន៍ ជំនួសឲ្យការជាប់ឃុំក្នុងពេលឆាប់ៗ បន្ទាប់ពីក្រសួងបញ្ចប់ការរៀបចំយន្តការ និងក្របខណ្ឌច្បាប់លម្អិត។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ការកំណត់នេះ មិនទាន់ត្រូវបានអនុវត្តនៅឡើយ៕