ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Human ​Rights ​Watch ​ថា​កម្ពុជា​ត្រូវ​ព្យាបាល​និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ


រូបស្ត្រីជនរងគ្រោះដោយសារការជះទឹកអាស៊ីដម្នាក់នៅកម្ពុជា ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា «‍ដូចរស់ក្នុងឋាននរក»​ អំពើហិង្សាដោយអាស៊ីដនៅកម្ពុជា របស់អង្គការ Human Rights Watch។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ Human ​Rights ​Watch ​រិះគន់​កម្ពុជា​ពី​ការ​ខកខាន​ក្នុង​ការ​ផ្តល់​ការ​ព្យាបាល​និង​យុត្តិធម៌​ដល់​ជន​រងគ្រោះ ​ដោយសារ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ។​ តែ​មន្ត្រី​រដ្ឋាភិបាល​វិញ​អះអាង​ថា ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​តឹងរឹង​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់ទឹក​អាស៊ីត​ជា​អាវុធ។

នៅក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human ​Rights​ Watch​ «ដូច​រស់​ក្នុង​ឋាន​នរក‍»​ ចំនួន​៤៨ ​ទំព័រ ​កាល​ពីថ្ងៃ​អង្គារ​ បាន​ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​ដើម្បី​គាំទ្រ​ផ្នែក​សុខាភិបាល​ សង្គមកិច្ច ​និង​សេវាកម្ម​ច្បាប់​ដល់​ជន​រងគ្រោះ​រួចពី​ស្លាប់​ ដោយសារ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ។ ​

ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ដោយសារ​ថា ​ជន​រងគ្រោះ​ត្រូវ​បាន​បដិសេធ​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ផង ​រង​សម្ពាធ​ហើយ​បង្ខំ​ឲ្យ​ទទួល​យក​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​ផ្ទុយ​ពី​ច្បាប់​អាស៊ីដ​ ដែល​បាន​អនុម័ត​កាល​ពីឆ្នាំ​២០១២​ ដែល​ចែង​ពី​ការ​ដាក់ទោស​ទណ្ឌជន​ល្មើស​តឹងរឹង​ និង​ជួយ​ព្យាបាល​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ផង។

លោក​ Brad Adam ​នាយក​អង្គការ​សិទ្ធិមនុស្ស ​យូមែនរ៉ៃវ៉ច( ​Human ​Rights ​Watch) ប្រចាំ​តំបន់​អាស៊ី ​បាន​ថ្លែង​ថា៖

«រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ដ៏​សំខាន់​រឿង​ច្បាប់​ស្តី​ពី​អាស៊ីដ​ ដោយ​បាន​បញ្ជាក់​តាម​ការ​សន្យា​យ៉ាង​ច្បាស់​ជាមួយ​នឹង​ជន​រងគ្រោះ​រួចពី​ការ​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ។ ​ការ​ខកខាន​របស់​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​ច្បាប់ នៅ​តាម​បណ្តា​ខេត្ត​នានា​ ក្រៅ​ពី​ទីក្រុង​ភ្នំពេញ​ ដើម្បី​នាំ​ខ្លួន​ជនល្មើស​មក​កាត់​ទោស​ឬ​ធានា​ការ​ព្យាបាល​សមរម្យ​និង​ធានា​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​ បាន​បន្សល់​ទុក​ការ​សន្យា​ជា​អាសាបង់​ ដែល​ធ្វើឲ្យ​ជន​រងគ្រោះ​មាន​ផលវិបាក​អស់​មួយ​ជីវិត»។

លោក​ ផៃ ស៊ីផាន​ រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី ​និង​ជា​អ្នក​នាំពាក្យ​បាន​ថ្លែង​ការពារ​រដ្ឋាភិបាល​របស់​លោក ​ប្រឆាំង​នឹង​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស ​Human ​Rights Watch ​ដោយ​បញ្ជាក់​ថា​ ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​ ក្នុង​ការ​សម្រេច​បាន​ជា​ច្បាប់​មួយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ​នៅ​កម្ពុជា។

«យើង​បាន​ធ្វើ​ច្បាប់​មួយ​ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ទឹក​អាស៊ីដ​ទៅលើ​រូប​បុគ្គល​ណា​មួយ​ដែល​ជា​ការ​ប្រើប្រាស់​មួយ​ប្រឆាំង​នឹង​ច្បាប់។​ នៅ​ពេល​ច្បាប់​ហ្នឹង​កើតឡើង​ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ដែល​បញ្ជ្រាប​ដល់​សហគមន៍ ​យើង​ឃើញ​មានការ​កាត់​បន្ថយ​ច្រើន​មែន​ទែន។​ រឿង​នេះ​ជា​ជោគជ័យ​នៃ​ច្បាប់‍»។

លោក​ថ្លែង​ផង​ដែរ​ថា​ កម្ពុជា​មាន​មន្ទីរ​ពេទ្យ​សាធារណៈ​ដែល​ព្យាបាល​តាម​លទ្ធភាព។ តែ​បច្ចេកទេស​ទំនើប​រឿង​ធ្វើការ​ព្យាបាល​កែកុន​ស្បែក​ ឬ​រឿងអ្វី​ផ្សេង​ទៀត​នោះ ​កម្ពុជា​មិន​មាន​ទេ។​ ដោយ​ឡែក​រឿង​យុត្តិធម៌​វិញ​ លោក​ ផៃ ស៊ីផាន ​បាន​លើក​ទឹកចិត្ត​ដល់​ជន​រងគ្រោះ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ទាំង​បី​ថ្នាក់។

«យើង​ឃើញ​មាន​ករណី​ខ្លះ​ យើង​ទទួល​បាន​កិច្ច​សហការ​ពី​ដើម​បណ្តឹង ​ហើយ​ជួន​កាល​ដើមបណ្តឹង​មិន​ចូល​សហការ​ជាមួយ​នឹង​ព្រះរាជអាជ្ញា​នោះ​ទេ​ ដែល​ករណី​ហ្នឹង​ត្រូវ​បាត់​បង់​ពាក់​កណ្តាលផ្លូវ ​ដែល​យើង​ប្រទះ​ឃើញ។​ តែ​ទោះ​ជា​យ៉ាងណា​យើង​កំពុងពង្រឹង​ការ​ប្រឆាំង​នឹងការ​ប្រើប្រាស់​ទឹកអាស៊ីដ​ជា​អាវុធ‍»។

តែ​របាយកាណ៍​អង្គការ ​Human ​Rights ​Watch ​ដដែល​ក៏បាន​បញ្ជាក់​ពី​ការ​ស្ទង់មតិ​របស់​ខ្លួន​ដោយ​ការ​និយាយ​ជាមួយ​មនុស្ស​៨១នាក់ ​រួមទាំង​ជន​រងគ្រោះ​រួចជីវិត​១៧​នាក់​ពី​ការ​វាយប្រហារ​ដោយទឹក​អាស៊ីដ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កំពង់ចាម​ សាច់​ញាតិ​ អ្នក​ច្បាប់ ​អ្នក​ជំនាញ ​និង​អ្នកលក់​ទឹក​អាស៊ីដ​ជាដើម​ផង។ ​អង្គការ​នេះ​ក៏​បាន​លើក​យក​រឿងរ៉ាវ​ស្ទើរ​តែ​គ្រប់​ករណី​ដែល​គ្មាន​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​រដ្ឋ​ និង​ទទួល​បាន​យុត្តិធម៌ ​ដែល​រួម​ទាំង​ករណី​របស់​អ្នកស្រី ​តាត ម៉ារីណា ​ដែល​រង​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ​ពី​ភរិយា​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ កាលពី​ឆ្នាំ​១៩៩៩។

ខ្លឹមសារ​មួយ​ផ្នែក​នៃ​របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា​ដោយ​សារ​ក្នុង​សង្គម​កម្ពុជា ​មាន​ការ​យល់​ឃើញ​ជា​ទូទៅ​មួយ​ថា​ ដើម​ចម​នៃ​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ គឺ​មក​ពី​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​ មាន​មនុស្ស​ជាច្រើន​រួម​ទាំង​មន្ត្រី​ប៉ូលិស ​និង​តុលាការ​ផង​ជា​ពិសេស​ក្នុង​ករណី​ជន​រងគ្រោះ​ជា​ស្ត្រី​ភេទ​ ដែល​តែងតែ​បង្ហាញ​ឥរិយាបថ​មក​លើ​ជន​រងគ្រោះ ​ក្នុង​របៀប​សន្មត​ទុក​ជា​មុន​ថា​ ជន​រងគ្រោះ​នោះ​សម​នឹង​គេ​ជះ​ទឹក​អាស៊ីដ​ព្រោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ ឬ​ជា​ «ស្រី​កំណាន់»​ របស់​ស្វាមី​នារី​ដទៃ។ ​ស្លាកស្នាម​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​អំពើ​វាយ​ប្រហារ ​ប្រែ​កា្លយ​ជា​តំណាង​ឲ្យ​«បាបកម្ម» របស់​ពួកគេ​ជា​រៀង​រហូត​ដែល​មិន​អាច​លុប​លាង​ជ្រះ​ ដោយ​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ជាច្រើន​មាន​អារម្មណ៍​កាន់​តែ​ឃ្លាត​ឆ្លាយ​ពី​សង្គម។

ជា​ឧទាហរណ៍​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​នេះ​ក៏បាន​លើក​យក​ករណី​មួយ​ទៀត​មក​បញ្ជាក់​ដែរ​គឺ ​ជន​រងគ្រោះ​ម្នាក់​ឈ្មោះ ​ស៊ុន សុខនី ដែល​ត្រូវ​បាន​ស្វាមី​វាយ​ប្រហារ​ដោយ​អាស៊ីដ ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៦​ ក្នុង​ផ្សារ​ដ៏​មមាញឹក​មួយ​ បាន​មាន​ប្រសាសន៍​ថា ​មនុស្ស​ម្នា​ដែល​នៅ​ជុំវិញ​នាង​ក្នុង​ពេល​កើត​ហេតុ​នោះ​មិន​ព្រម​ជួយ​នាង​ភ្លាមៗ​ទេ​រហូត​ទាល់​តែ​នាង​ពន្យល់​ពួកគេ​ថា​ នាង​គឺ​ជា​ប្រពន្ធ​របស់​បុរស​ដែល​ជះ​អាស៊ីដ​នោះ​មិន​មែន​ជា​ស្រី​កំណាន់​គេ​ទេ។​ នាង​បាន​បន្ថែម​ថា​ នៅ​ពេល​ហ្វូង​មនុស្ស​នៅ​ទីនោះ​ព្រម​ជឿ​នាង​ ពួកគេ​បែរ​ជា​ស្រែក​បណ្ដេញ​បុរស​ដែល​ប្រព្រឹត្ត​នោះ​ឲ្យ​រត់​គេច​ខ្លួន​ឲ្យ​បាន​មុន​ពេល​ប៉ូលិស​មក​ដល់​ទៅ​វិញ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG