ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​៥៥នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ចិន​ វៀតណាម​និង​ម៉ាឡេស៊ី


រូបឯកសារ៖ ស្ត្រីកម្ពុជាម្នាក់ដែលធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី រៀបរាប់ពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម កាលពីខែសីហា ឆ្នាំ២០១១។

ពលករ​ ​និង​ពលការិនី​ខ្មែរ​ចំនួន​២២នាក់ ​ដែល​បាន​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​មក​ដល់​កម្ពុជា​ ​កាលពី​ថ្ងៃទី​២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ​និងពលរដ្ឋ​ចំនួន​៣១នាក់​ ​ដែល​បាន​ចូល​ទៅ​ស្នាក់​នៅ​ និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុស​ច្បាប់​នៅក្នុង​ប្រទេស​វៀតណាម​ ​បាន​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា​ ឆ្នាំ​២០១៨។​

ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់​ ​ក្នុង​នោះ​មាន​ស្ត្រីខ្មែរ​ពីរនាក់​ដែល​បាន​រៀបការ​ដោយ​ខុស​ច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​ ​ត្រូវបាន​ជួយ​សង្គ្រោះ​ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​និង​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​អ្នក​នាំពាក្យ​របស់​ក្រសួង​នេះ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ចុះថ្ងៃ​ទី​១៧​ ខែ​កញ្ញា​នេះ​ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ​ពលរដ្ឋ​ទាំងនោះ​ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ស្ថានតំណាង​ក្នុងប្រទេស​បីផ្សេង​គ្នា​ រួមមាន​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​ពលករ​ ​និង​ពលការិនី​ខ្មែរចំនួន​២២នាក់ ​ប្រទេស​វៀតណាម​ដែល​មានពលរដ្ឋ​ខ្មែរ​ចំនួន​៣១នាក់​ ក្នុង​នោះ​មាន​កុមារ​២៣នាក់​ ​និង​ប្រទេស​ចិនជាទី​ដែល​ស្ត្រីខ្មែរ​ពីរនាក់​មក​ពីខេត្ត​កំពង់​ចាម​ និង​ត្បូង​ឃ្មុំ​«ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​ចិន។​ ​ស្ត្រី​ទាំង​ពីរ​នាក់​ បានត្រឡប់​មក​ដល់​កម្ពុជា​នៅរសៀល​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨»។​

ពលករ​ ​និង​ពលការិនី​ខ្មែរ​ចំនួន​២២នាក់ ​ដែល​បាន​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​មក​ដល់​កម្ពុជា​ ​កាលពី​ថ្ងៃទី​២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ​និងពលរដ្ឋ​ចំនួន​៣១នាក់​ ​ដែល​បាន​ចូល​ទៅ​ស្នាក់​នៅ​ និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុស​ច្បាប់​នៅក្នុង​ប្រទេស​វៀតណាម​ ​បាន​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា​ ឆ្នាំ​២០១៨។​

លោក​ ​កេត សោផាន់​ ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ស្ថានតំណាង​នៅ​ក្រៅ​ប្រទេស​ ​បាន​សហការ​ជាមួយ​អាជ្ញាធរ​របស់​ប្រទេស​នីមួយៗ​ ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​ទាំងនោះ។​ ​លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ខិតខំ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​បញ្ហា​ប្រឈម​នានា​ សម្រាប់​ការ​ចាកចេញ​ពី​ប្រទេស​ដើម្បី​រក​ការងារ​ធ្វើ​ដោយខុស​ច្បាប់​ តាំង​ពី​ថ្នាក់​ភូមិឃុំ តែ​ពលរដ្ឋ​នៅតែ​បន្ត​ចាកចេញ​ដដែល។​

«គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធទាំង​អស់​ហ្នឹង​គឺ​ បង្កើន​ការ​យក​ចិត្តទុកដាក់​ណាស់​ផ្សព្វផ្សាយ​ទាំង​ក្នុងផ្នែក​តាម​ប្រព័ន្ធ​ តាម​ទូរទស្សន៍​ក្តី​ មើល​ព័ត៌មាន​ជា​កាសែត​រាល់ថ្ងៃ​ក្តី​ តាម​មូលដ្ឋាន​យើងនៅក្នុង​ថា្នក់​ខេត្ត​ស្រុកឃុំ​ ដល់​ភូមិ​ គឺ​ពួកគាត់​បាទ​ពន្យល់ មាន​កម្មវិធី​ជាមួយ​ពលរដ្ឋ​ហ្នឹង​ យើង​ញឹកញាប់​ណាស់​ ធ្វើម៉េច​ កុំឲ្យ​ជឿតាមពាក្យ​អូស​ទាញ​របស់​គេ​ ប៉ុន្តែ​ ជាធម្មតា​ ពេលខ្លះ​ អ្នកខ្លះ​គាត់​ចង់​សាកល្បង»។

អ្នកនាំពាក្យ​រូបនេះ​ មិនមាន​ព័ត៌មាន​លម្អិត​ ទាក់​ទិន​ស្ថានភាព​ផ្លូវចិត្ត​ និង​សង្គម​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាំង​៥៥នាក់​នោះ​ទេ។​

លោក​ ​ឌី ថេហូយ៉ា​ ​មន្ត្រី​កម្មវិធី​នៃ​អង្គការ​ការពារ​សិទ្ធិ​ពលករ​សង់ត្រាល់​ ​មាន​ប្រសាសន៍​ថា​ បញ្ហា​ខ្វះ​ការងារ​ធ្វើ​ក្នុងស្រុក​ និង​ផលវិបាក​ខាង​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​បាន​ជំរុញ​ឲ្យពួក​ធ្វើ​ចំណាក​ស្រុក​ទាំង​បង្ខំ​ចិត្ត។​

«កត្តា​ទីមួយ​ គាត់​មិនមាន​ឱកាស​បាន​ទទួល​ការងារ​ធ្វើ​ នៅ​ស្រុក​ខ្មែរ​ កត្តា​ទីពីរ​ គឺ​ជា​កត្តា​មួយ​ដែល​គាត់​ខ្វះខាត​ជីវភាព​ គាត់​ត្រូវ​ជំពាក់​បំណុល​ទេ​ ​យើង​ឃើញ​គាត់​ជំពាក់បំណុល​ ​money lender [អ្នក​ឲ្យ​ប្រាក់​គេ​ខ្ចី] អ្នក​ឲ្យ​ខ្ចី​បុល​តាម​ភូមិ​ផង​ អ្នក​ខ្លះ​ក៏ជំពាក់​ Microfinance [មីក្រូហិរញ្ញវត្ថុ] ​bank​ ធនាគារ​អីជាដើម។ អ៊ីចឹង​កត្តា​ទាំង​អស់នេះ​ដែល​ខ្ញុំបាន​ជម្រាប​ជូន​ហ្នឹង​ គឺជា​កត្តា​មួយ​ដែល​ជំរុញ​ ឲ្យ​គាត់​ត្រូវតែ​ចំណាកស្រុក​ ហើយ​ការ​ចំណាកស្រុកនេះ​ ហើយ​ការ​ចំណាកស្រុក​នេះ​ យើង​មើល​ឃើញថា​ មិនមែន​ចំណាក​ស្រុក​ដោយ​ ជា​ជម្រើស​ទេ។ ពាក្យថា​ ចំណាកស្រុក​ ដែល​ជា​ជម្រើស​មាន​ន័យ​ថា​ម៉េច​ យើង​មាន​ជម្រើសនៅ​នេះ​ហើយ​ ប៉ុន្តែ​ជម្រើស​វាល្អ​ យើង​ទៅរក​ហ្នុង​ ក៏ប៉ុន្តែ​នេះ​ គេ​ហៅ​ថា​ ចំណាកស្រុក​គឺ​បង្ខំចិត្ត»។​

អ្នក​ការពារ​សិទ្ធិ​ពលករ​រូប​នេះ​បន្ថែម​ ​ថា​ ​កម្ពុជា​មាន​យន្តការ​នានា​ដើម្បី​ការពារ​សិទ្ធិ​ពលករ​នៅក្រៅ​ប្រទេស​ តែ​ពលរដ្ឋ​នៅតែ​ប្រ​ឈម​នឹង​ការ​ជួញដូរ​ និង​កេងប្រវ័ញ្ច​ ដោយសារ​ការ​អនុវត្ត​យន្តការ​ទាំង​នោះ​ មិនមាន​ប្រសិទ្ធភាព​នៅ​ឡើយ។​ ​លោក​បាន​បន្ត​ថា​ ស្ថានតំណាង​កម្ពុជា​នៅប្រទេស​នានា​ ក៏​ប្រឈម​នឹង​កង្វះ​លទ្ធភាព​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​ការ​កេងប្រវ័ញ្ច​ និងការ​បោក​បញ្ឆោត​ទាំង​នោះ។​

«​សមត្ថភាព​ លទ្ធភាព​របស់​អង្គទូត​របស់​យើងហ្នឹង​ គឺ​លោក​មាន​ដែនកំណត់​ មាន​ន័យថា​ម៉េច​ ដូច​ជា​នៅ​ស្រុក​ថៃ​ ​យើង​មាន​ទូតនៅបាងកក​អ៊ីចឹង​ វាអាច​មាន​ស្ថាន​កុងស៊ុល​ មួយ​ ពីរ​ អីចឹង។ ក៏ប៉ុន្តែ​វា​អត់​អា​ច​ឆ្លើយ​តប​នឹង​ចំនួន​ និង​បញ្ហា​ហ្នឹង​បានទេ​ នៅ​ម៉ាឡេក្តី​ ចំនួន​នៃ​ពលរដ្ឋ​របស់​យើង​ ទាំង​គាត់​ទៅ​ កាល​មិន​ទាន់​មាន​ឯកសារ​ ទាំង​អ្នកមាន​ឯកសារ​អីហ្នឹង​វា​ចូល​បួនដប់​ម៉ឺន​នាក់​ជាង​ ហើយ​ចឹង​បុគ្គលិក​ទូត​ត្រឹមតែ​ប៉ុន្មាន​នាក់​ អ៊ីចឹង​វា​អត់​អាច​ឆ្លើយតប​នូវ​តម្រូវការ​នូវបញ្ហា​ដែល​កើត​ឡើង​បាន​ទេ»។​

ទាក់​ទិន​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ស្ត្រី​ចេញទៅធ្វើការ​នៅប្រទេស​ម៉ាឡេស៊ី​ បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​កម្ពុជា​ចំនួន​ប្រមាណ​៨.០០០​នាក់​ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយ​ស្រប​ច្បាប់។ ហើយកាល​ពីខែ​មិថុនា​ ឆ្នាំ​ ២០១៨​ ប្រទេស​កម្ពុជា​បានបញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​ បន្ទាប់​ពី​បាន​បិទ​អស់​រយៈពេល​៦ឆ្នាំ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​សិទ្ធិ​ពលករ​សម្តែង​ការ​ព្រួយបារម្ភ​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​ដាក់​យន្តការ​ត្រឹម​ត្រូវ​ដើម្បី​ការពារ​ពលការិនី​ទាំង​នោះ​នៅ​ឡើយ​ទេ។​

ក្រៅ​ពី​ការ​ងារ​បម្រើ​តាម​ផ្ទះនេះ​ ការងារ​ដែល​ពលករ​ខ្មែរ​ទៅ​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​ គឺ​ជា​ប្រភេទ​ការងារ​ដែល​គ្មាន​ជំនាញ​ ដូច្នេះ​ពួកគេ​ទទួល​បាន​ប្រាក់ខែ​តិចតួច​បើ​ប្រៀបធៀប​នឹង​ពលករ​ដែល​មក​ពី​ប្រទេស​ដទៃ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ដែល​ឃ្លាំមើល​បញ្ហា​ចំណាកស្រុក​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​កន្លង​មក៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG