ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ឲ្យ​បិទ​ការធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ពី​ក្រុង​ព្រះ​សីហនុ​ទៅ​តំបន់​ផ្សេង


ទិដ្ឋភាពដងផ្លូវស្ងាត់ជ្រងំនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្តបានណែនាំឲ្យពលរដ្ឋផ្អាកធ្វើដំណើរចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។ (រូបថតដោយរដ្ឋបាលខេត្តព្រះសីហនុ)
ទិដ្ឋភាពដងផ្លូវស្ងាត់ជ្រងំនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្តបានណែនាំឲ្យពលរដ្ឋផ្អាកធ្វើដំណើរចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។ (រូបថតដោយរដ្ឋបាលខេត្តព្រះសីហនុ)

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ​ហ៊ុន សែន​ បាន​ចេញ​សារ​បន្ទាន់​មួយ​កាល​ពីយប់ថ្ងៃពុធ​ ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​បិទ​ជាបណ្តោះ​អាសន្ន​ការ​ធ្វើ​ដំណើរ​របស់ពលរដ្ឋ​ចេញ​ពី​ក្រុង​ព្រះសីហនុ​ ទី​ដែល​មាន​កម្រិត​ឆ្លង​ខ្ពស់​មួយ​គួរឲ្យ​ព្រួយ​បារម្ភ​នៃ​ជំងឺ​កូវីដ១៩​។

ក្នុង​ខ្សែអាត់​ជាសំឡេង​ដែល​មានរយៈពេល​ជាង​៤​នាទី​ មេដឹកនាំ​ប្រទេស​កម្ពុជា​រូបនេះ​ យល់​ថា​ ករណីឆ្លង​ដែល​កើនឡើង​នៅ​ក្នុងខេត្ត​ព្រះសីហនុ​ តម្រូវ​ឲ្យមាន​វិធានការ​បន្ទាន់​មួយ គឺត្រូវទប់ការ​បម្លាស់​ទីរបស់​ពលរដ្ឋ​ចេញ​ពីខេត្ត​ព្រះ​សីហនុ បន្ថែម​លើ​វិធានការ​ចាក់​វ៉ាក់សាំង​ដែល​កំពុង​បន្ត។

លោក​ ហ៊ុន សែន ​បន្ថែម​ថា​ ការចរាចរណ៍​ទំនិញ​ចេញពីខេត្ត​ជាប់មាត់​សមុទ្រមួយនេះ​ នឹង​មិនត្រូវបាន​ធ្វើ​ឲ្យអាក់​ខាន​ទេ​ ក៏ប៉ុន្តែពលរដ្ឋ​ដែល​ចង់ចាកចេញ​ពី​ខេត្តនេះ​ ទៅកាន់​ខេត្ត​ផ្សេង​ៗទៀត​ ដូចជា​ខេត្តកែប និង​កំពត​តាម​ផ្លូវ​ជាតិ​លេខ៤នោះ​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​។

«យើង​មិន​អាច​បិទ​បាន​ទាំង​ស្រុង​ទេ​ ដោយ​សារ​យើង​មិន​បិទក្រុង​ហ្នឹង​បាន​ទេ​ ដោយ​សារ​តែវាពាក់​ព័ន្ធ​ជាមួយ​នឹង​ការនាំចេញ​នាំ​ចូល​ទំនិញ។​ ប៉ុន្តែ​ចំពោះ​មនុស្ស​អាចនឹង​មានការ​តម្រូវ​ឲ្យមានការ​ខិត​ខំ​ ដើម្បី​នឹង​ទប់​ស្កាត់​នូវ​ការ​រីករាល​ដាល​ទៅកាន់​ខេត្ត​ផ្សេង​ ចម្លង​នឹង​កាត់​ខេត្ត​ផ្សេង​ អ៊ីចឹង​គឺសុំ​ឲ្យ​គេ​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ កុំ​ឲ្យ​ចេញ​មក​ក្រៅ​ ដូច​ជា​កែប ដូច​ជា​កំពត​ ឬ​ក៏​មក​តាម​ផ្លូវ​ជាតិ​លេខ​បួន​»។

វិធាន​ជាអាទិភាព​ដែល​នឹង​ធ្វើ​បន្តទៀត​នោះ​ គឺការ​ជំរុញឲ្យពលរដ្ឋរស់នៅ​ទីនោះ​ទៅទទួល​វ៉ាក់សាំង​ ដើម្បី​បង្ការ​ការ​ឆ្លង​បន្ថែម។​ នេះបើតាម​ការ​អំពាវនាវរបស់​លោក​នាយករដ្ឋ​មន្ត្រី។

លោក ​ហ៊ុន​ សែន ​ថ្លែង​យ៉ាង​ដូច្នេះ​៖ «វិធានការ​ទី​ពីរ​ គឺជំរុញការចាក់​វ៉ាក់​សាំង​ដែលនឹង​ត្រូវបន្ត​ ​វ៉ាក់សាំង​ទាំង​សម្រាប់​អ្នកដែល​ក្រោម​អាយុ៥៩​ឆ្នាំ​ ពី​៥៩ឆ្នាំ​ចុះ​ និង​ថែម​ទៅ​ AstraZeneca សម្រាប់​៦០ឆ្នាំ​ឡើង​ សម្រាប់​ប្រជាពលរដ្ឋ​ផង​ សម្រាប់​មន្ត្រី​រាជការ​ដែលមាន​អាយុ​លើស​ពី​៦០​ រាប់​ទាំង​ជន​ចូល​និវត្តន៍»។

បើតាម​ស្ថិតិ​ចុង​ក្រោយ​របស់​ក្រសួង​សុខាភិបាល​ គិតត្រឹម​ថ្ងៃទី​៤ ខែមីនា​ មានករណី​ឆ្លង​ថ្មី​ចំនួន​២៨​ករណី ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​។

ជារួម​ ករណី​ឆ្លង​ក្នុងព្រឹត្តិការណ៍​២០កុម្ភៈ​ បាន​កើន​ដល់​៤០២​ករណី​ ដែល​ភាគច្រើន​ជាពលរដ្ឋខ្មែរ​និង​ជនជាតិ​ចិនរស់​នៅក្នុងរាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ និង​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មីនា​នេះ មនុស្ស​ចំនួន​៨០នាក់ ត្រូវបាន​រក​ឃើញថា​ ​មានមេរោគ​បង្ក​ជំងឺ​កូវីដ​១៩​ ក្នុង​ខេត្ត​ដែល​ជាទិសដៅ​ទេសចរណ៍​សំខាន់​មួយផងដែរនោះ​។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ថា​ ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ដល់​មនុស្ស​ដែល​កំពុង​រស់​នៅ ធ្វើការ ប្រកប​អាជីវ​កម្ម​នៅ​ខេត្ត​ព្រះសីហនុ​«ក្នុង​ចំនួន​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ»។

លោក​ឧត្តមសេនីយ៍ទោ ​ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ មាន​ប្រសាសន៍ថា​ វិធាន​ការ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ចេញ​ពី​ខេត្ត​ព្រះសីហនុ​នេះ​ នឹង​ធ្វើ​ឡើង​តែ​«មួយ​រយៈ​ពេល»​ ហើយ​ការ​ប្រែ​ប្រួល​ខាង​មុខ​ អាស្រ័យ​លើ​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​។ វិធាន​ការ​ពិនិត្យ​នឹង​ធ្វើឡើង​នៅ​តំបន់​មួយ​ចំនួន​តូច​ដែល​ជា​ការ​កំណត់​របស់​រដ្ឋបាល​ស្រុក​ និង​ក្រុង​ព្រះ​សីហនុ​។

«តាម​គោល​ការណ៍​របស់​គណៈ​បញ្ជាការ​ឯក​ភាព​ គឺ​យើង​ត្រួត​ពិនិត្យ​ ដើម្បី​បើ​មិន​ចាំ​បាច់​កុំ​ឲ្យ​ចរាចរ​ចាក​ចេញ ដើម្បី​ជៀស​វាង​បញ្ហា​រាល​ដាល​មេរោគ​ កូវីដ​ហ្នឹង​មួយ​រយៈ​ពេល​ទេ​ ហើយ​រហូត​ដល់​ថ្ងៃ​សេចក្តី​ជូន​ដំណឹង​វិញ​នោះ​ ក្រុម​ការងារ​ឯកឧត្តម​អភិបាលខេត្ត​រៀប​ចំ»។ ​

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​រូបនេះ​បន្ថែម​ថា​ កម្លាំង​នគរបាល​នឹង​ផ្តើម​វិធាន​ការ​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ចេញ​ពី​ខេត្ត​ព្រះសហីនុ​ នៅ​ពេល​មាន​សេចក្តី​ណែនាំរបស់​អភិបាល​ខេត្ត។

ទិដ្ឋភាពដងផ្លូវស្ងាត់ជ្រងំនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្តបានណែនាំឲ្យពលរដ្ឋផ្អាកធ្វើដំណើរចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។ (រូបថតដោយរដ្ឋបាលខេត្តព្រះសីហនុ)
ទិដ្ឋភាពដងផ្លូវស្ងាត់ជ្រងំនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្តបានណែនាំឲ្យពលរដ្ឋផ្អាកធ្វើដំណើរចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុ។ (រូបថតដោយរដ្ឋបាលខេត្តព្រះសីហនុ)

លោក​ស្រី ជាប សុធារី​ មន្ត្រី​សម្រប​សម្រួល​របស់​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំខេត្ត​ព្រះ​សីហនុ​លើក​ឡើង​ពី​ការ​បារម្ភ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​រក​ប្រាក់​ចំណូល​របស់​អ្នក​រត់​រថ​យន្ត​តាក់​ស៊ី​និង​អ្នក​ដែល​ត្រូវ​ធ្វើដំណើរ​ចេញពីខេត្ត​ព្រះសីហនុ​ ដើម្បី​បំពេញ​ភារកិច្ច​ចាំបាច់​របស់​ខ្លួន​នៅ​តំបន់​ផ្សេង ឬ​ក៏មក​ពិនិត្យ​សុខភាព​នៅ​រាជធានី​ភ្នំពេញ​។

«​ប៉ុន្តែ​បើ​សិន​ជា​អីចេះ​ អាហ្នឹង​ក៏​ល្អប្រសើរ​ដែរ​ថា​ ឲ្យ​អ្នក​ខាង​ប្រកប​មុខរបរ​រក​ស៊ី​តាក់​ស៊ី​ គាត់​ធ្វើ​ការ​សម្អាត​ ហើយ​មាន​ទឹក​អាល់​កុល​ ម៉ាស​អីហ្នឹង​ ហើយ​ចង់​និយាយ​ថា​ តាក់​ស៊ី​ រាល់​ដង​ជិះមនុស្ស​ច្រើន​ តែ​ឥឡូវ​អាច​ដូច​ថា​ ជិះ​ទៅ​តាម​ចំនួន​ដែល​អាច​ដាក់​បាន​ដូច​ថា​គម្លាត​គ្នា​ តាម​ធម្មតា​ប្រទេស​គេ​តាក់​ស៊ីមួយ​គេ​ជិះ​គ្នា​តែ​៤​នាក់​ តែ​តាក់​ស៊ី​ស្រុក​យើង​មិន​មែន​ជិះ​៤​នាក់​ទេ​...ដាក់​អស់​»។

ស្នងការប៉ូលិស​ខេត្ត​ព្រះសីហនុ​លោក​ជួន​ ណារិន ប្រាប់​វីអូអេ​បន្ថែមថា​ បុគ្គល​ដែល​មិន​អនុវត្ត​តាម​បម្រាម​ធ្វើ​ដំណើរចេញ​ចូល​ខេត្ត​ជា​បណ្តោះ​អាសន្ន​នេះ​ នឹង​ត្រូវ​ទទួល​ការ​ឆ្លើយ​តប​ជាមួយ​វិធានការ​ផ្សេងៗតាម​អនុក្រឹត្យ​ស្តីពី​វិធាន​ការ​ចត្តា​ឡីស័ក ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១។

លោក​ ឃាង ភារម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​នឹង​មិនត្រូវ​បាន​អនុញាត​ឲ្យចាក​ចេញ​ផុត​ពី​ព្រំ​ប្រទល់​ខេត្ត​ព្រះសីហនុ​ទៅកាន់​ទីតាំងផ្សេង​ទៀត​ តាមគ្រប់​រូប​ភាព​នៃ​មធ្យោបាយ​ធ្វើដំណើរ​។

«អ៊ីចឹង​បាន​ន័យ​ថា​ ច្រកសំខាន់​ៗ​ ដែល​ត្រូវ​ចេញ​ចូល​ឆ្លង​កាត់​ ចេញ​ពី​ខេត្ត​និង​ចូល​មក​ខេត្ត​ព្រះសីហនុវិញ​នោះ​ គឺត្រូវ​បាន​បិទផ្អាក​ជា​បណ្តោះ​អាសន្ន។ អ៊ីចឹង​ ទាំង​យើងនិយាយ​ទៅ​ ទាំង​មនុស្ស​ ដែល​គាត់យើង​និយាយ​ថា​ គ្រប់​មធ្យោបាយ​ទាំង​អស់»។

លោក​បញ្ជាក់​ថា ស្រុកជា​ច្រក​ចេញចូល​ខេត្តព្រះសីហនុ​សំខាន់​ៗ ដែលនឹង​ត្រូវបិទផ្អាក​ជាបណ្តោះអាសន្ន​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ លើកលែង​តែ​រថយន្តដឹកទំនិញ​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ​ រួម​មាន​ស្រុក​កំពង់​សិលា​ មានព្រំប្រទល់​ជាប់ខេត្ត​កំពង់​ស្ពឺ​តាម​ផ្លូវ​ជាតិ​លេខ​បួន និង​ជាប់​ខេត្ត​កោះកុង​នៅត្រង់ចំណុចផ្លូវ​បំបែក​ស្រែ​អំបិល​ និងស្រុក​ព្រៃនប់​ ដែល​មានព្រំប្រទល់​ជាប់ខេត្ត​កំពត​នៅ​ត្រង់​ចំណុច​ត្រពាំងល្ពៅ​៕

XS
SM
MD
LG