ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ព្រួយ​បារម្ភ​លទ្ធភាព​ឆ្លង​បន្ថែម​ ក្រោយ​កម្មករ​ម្នាក់​មាន​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​សហជីព​នៅ​ថ្ងៃ​ពុធ​នេះបាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ហា​និ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លងរាត​ត្បាតជំងឺ​កូវីដ​១៩​ នៅ​តាម​រោងចក្រ​កាត់​ដេរ ក្រោយ​មាន​សេចក្តី​រាយការណ៍​ថា​ កម្មការិនី​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ

ស្ត្រី​ដែល​គេ​រាយ​ការណ៍​ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ​នោះ​គឺ ​ជា​កម្មករ​នៅ​រោងចក្រ​ឈ្មោះ ​Y & W Garment ស្ថិត​ក្នុង​ភូមិ​ព្រែក​ជ្រៃ​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ​ ក្រសួង​សុខាភិបាល​មិន​ទាន់​បញ្ជាក់​ថា ​តើ​មាន​កម្មករ​រោងចក្រ​ឆ្លង​ជំងឺ​កូវីដ​១៩ ​នេះ​នៅ​ឡើយ​ទេ។

លោក អាត់​ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ករណី​ឆ្លង​របស់​ស្ត្រី​ខាង​លើ​ ដែល​លោក​បាន​ដឹង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ កំពុង​បង្ក​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង ​ចំពោះ​លទ្ធ​ភាព​នៃ​ការ​ឆ្លង​ថ្មី​បន្ថែម​ទៀត​ ប្រសិន​បើ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​ទាន់​ពេល​ ស្រប​ពេលកម្មករ​នៅ​បន្ត​ទម្លាប់​ធ្វើ​ដំណើរ​រួម​គ្នា​ ឬ​ក៏​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​រួមគ្នា។​

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​ពេល​ហ្នឹង​គឺ​យើង​ពិត​ជា​មាន​ការ​បារម្ភ​ខ្លាំង​ ដោយសារ​តែ​យើង​មើល​ឃើញ​ស្ថានភាព​ហ្នឹង ​វាដូច​ជា​មិន​ល្អ​សោះ​។ កន្លែង​ដែល​កម្មករ​រស់​នៅ​ គឺ​វា​នៅ​ជុំ​គ្នា​ហើយ ​គាត់​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ គាត់​ធ្វើ​ការ​ជាមួយ​គ្នា​ គាត់​ប្រើ​បន្ទប់​ទឹក​ជាមួយ​គ្នា ​គាត់​ចេញចូល​មុខ​រោង​ចក្រ​ជាមួយគ្នា​ អ៊ីចឹង​បើសិន​ជា​មាន​ការ​ឆ្លង​មួយ​ហ្នឹង ​គឺ​យើង​បារម្ភ​មែន​ទែន ការ​ឆ្លង​ផ្សេង​ៗ​ទៀត»។

មេដឹកនាំ​សហជីព​រូបនេះ​បន្ថែម​ថា​ កម្មករ​គ្រប់​រោង​ចក្រ​នៅ​ពេល​នេះ​គួរ​កែ​ប្រែ​ទម្លាប់​ចាស់ៗរបស់ខ្លួន​ ទាំង​ការរស់​នៅ​ ធ្វើដំណើរ​ និង​ហូបចុក​ចំណីអាហារ​ ដើម្បី​ការ​ពារ​ការ​ចម្លង​ជំងឺកូវីដ​១៩ ហើយ​ភាគី​រោង​ចក្រ​ ក៏គួរតែ​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​សិន។

បើ​តាម​បញ្ជី​សមាជិក​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC) រោង​ចក្រ​ Y & W Garment ​ដែល​ផលិត​សម្លៀក​បំពាក់​ក្មេងៗ មាន​កម្មករ​ជាង ​៥៧០០ ​នាក់។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយ​ការណ៍​អំពី​ករណី​ឆ្លង​លើ​កម្មការិនី​ម្នាក់ ដោយ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ​ងី មានហេង ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។ សារព័ត៌មាន​បាន​រាយ​ការណ៍​ថា​ ស្រ្តី​នោះ​មាន​អាយុ​ ៤៨ ​ឆ្នាំ​ បាន​ឆ្លង​ពី​កូន​របស់​គាត់ ដែលជា​អ្នក​បើក​រថយន្ត​ឲ្យ​ជន​ជាតិ​ចិន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ​និង​លោក​ ងី ​មាន​ហេង ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចេញផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​ខ្មែរ​ម្នាក់​អាយុ ​៤៨ ​ឆ្នាំ មាន​អាសយដ្ឋាន​ក្នុង​សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ វិជ្ជមាន​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ថា ​ស្រ្តី​នោះ​ជា​កម្មការិនី​រោងចក្រ​កាត់​ដេរខាង​លើ ​ឬ​យ៉ាងណា។

មេប៉ុស្តិ៍​នគរ​បាល​សង្កាត់​ស្ពាន​ថ្ម លោក ​ឈឹម រ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ស្ត្រី​ដែល​ជា​កម្មករ​នៅ​រោង​ចក្រ​ខាង​លើ ​ត្រូវ​បាន​រក​ឃើញ​ថា ​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ ហើយ​ត្រូវ​បាន​យក​ទៅ​ព្យាបាល​តាំង​ពី​យប់​ថ្ងៃ​អង្គារ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​៖ «បាទ​វិជ្ជមាន​ហើយ​វិជ្ជមាន​ ហើយ​បាន​គេ​មក​យក»។

លោក​មិន​អាច​បញ្ជាក់​បន្ថែម​ថា ​មាន​មនុស្ស​ពាក់​ព័ន្ធ​ប៉ុន្មាន​នាក់​ ដែល​បុគ្គលិកសុខាភិបាល​យក​សំណាក​ទៅ​ពិនិត្យ ប៉ុន្តែ​លោក​ថា ស្វាមី​របស់​កម្មការិនី​នោះ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

លោកបន្ថែម​ថា៖ «យើង​អត់​ទាន់​ដឹង​ទេ​បង។ គេ​យកគាត់​ទៅ​សិន​ ហើយ​គេ​បាន​គេ​ស្រាវ​ជ្រាវ​ទៀត​ តើ​ពី​ណា​ដើរ​ជាមួយ​គាត់​នរណា​នៅ​ជា​មួយ​គាត់? ប៉ុន្តែ​ថ្ងៃ​មុន​ប្តី​គាត់​ក៏គេ​យក​ទៅ​ដែរ ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​»។

VOA មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​ហេង​ សួរ​ អ្នកនាំ​ពាក្យ​ក្រសួង​ការ​ងារ​បាន​ទេ។

វីអូអេ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​ភាគី​រោងចក្រ​តាម​រយៈ​លេខ​ទូរស័​ព្ទ​ និង​សារ​អ៊ីម៉េល​ ដែល​មាន​លើ​គេ​ហ​ទំព័រ​របស់​សមាគម GMAC ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​។

លោក ​ខេន លូ​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ GMAC មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​ព័ត៌​មាន​ជា​ផ្លូវ​ការ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ទៅ​លើ​ស្រ្តី​ជា​កម្មករ​ នៅ​រោងចក្រ​ខាង​លើ​ទេ។ លោក​បញ្ជាក់​ថា ​រោង​ចក្រ​នៅ​បន្ត​ដំណើរ​ការ​ជា​ធម្មតា។

លោក​មាន​ប្រសាសន៍​ថា៖ «​រោង​ចក្រ​ដូច​ដំណើរ​ការ​ធម្មតា ​តាម​ខ្ញុំដឹង»។

ប៉ុន្តែ​លោ ក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ពុធថា ​រោង​ចក្រ​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​ ហើយ​អគារ​មួយ​ដែល​ស្ត្រី​នោះ ​បម្រើ​ការ​ត្រូវ​បាន​បិទ ចំណែក​កម្មករ​ជា​ច្រើន​រយ​នាក់​ ត្រូវ​នាំ​ទៅ​ពិនិត្យ​សុខភាព។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​ខ្ញុំ​ដឹង​មក​ដល់​ម៉ោង​នេះ រោង​ចក្រ​បាន​ផ្អាក​ ហើយ​ផ្អាក​សកម្មភាព​ការ​ងារ​របស់​ខ្លួន​ហើយ​ ដោយ​ឲ្យ​កម្មករ​ឈប់​សម្រាក ​ដោយ​ទុក​លទ្ធភាព​ឲ្យមន្ត្រី​ជំនាញ​ធ្វើ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ នៅ​ក្នុង​អគារ​រោង​ចក្រ​ទាំង​អស់​នោះ​»។

មេ​ដឹកនាំ​សហជីព​រូប​នេះ ឲ្យ​ដឹង​ថា​ វា​ករណី​ឆ្លង​ដំបូង​នៅ​ក្នុង​ចំណោម​កម្មករ​រោងចក្រ ដែល​តម្រូវ​ឲ្យ​មាន​វិធាន​ការ​ហ្មត់​ចត់ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រហ័ស។

ក្នុង​សន្និសីទសារព័ត៌មាន​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ ដែល​ធ្វើ​ឡើង​ក្រោយ​ការ​បញ្ជូន​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ផលិត​ដោយក្រុម​ហ៊ុន ​AstraZeneca លោក​ស្រី​វេជ្ជ​បណ្ឌិត ​Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ក្តី​បារម្ភ​អំពី​ការឆ្លង​រាល​ដាល​កាន់​តែ​ច្រើន​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍ ដែល​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ មាន​មនុស្ស​ ៣៤ ​នាក់​ទៀត​វិជ្ជ​មាន​ជំងឺ​កូវីដ​១៩។

ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​ ២០​ កុម្ភៈ ​មាន​ចំនួន​ ៣៧៤ ​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ៕

XS
SM
MD
LG