ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បន្ត​ការពារ​វ៉ាក់​សាំង​ចិន ខណៈ​ចាក់​វ៉ាក់​សាំង ​AstraZeneca ទទួល​ស្គាល់​ដោយ​ WHO


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បន្ត​ការពារ​គុណភាព​វ៉ាក់​សាំង​របស់​ប្រទេស​ចិន ឈ្មោះស៊ីណូហ្វាម ​(Sinopharm) ខណៈ​លោក​ចាក់​វ៉ាក់​សាំង Astra​Zeneca ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (​WHO)។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​មាន​តំណែង​ជា​រដ្ឋមន្រ្តី​ បាន​ចាក់​វ៉ាក់​សាំងរបស់​ក្រុម​ហ៊ុន​ Astra​Zeneca តាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​កូវីដ​១៩​ ជា​សកល​របស់​អង្គការ ​WHO ដែល​ហៅ​ថា​កូវ៉ាក់ ​(COVAX)។ វ៉ាក់សាំង​ Astra​Zeneca​ ចំនួន​ ៣២៤.០០០​ ដូស ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា ​កាល​ពី​យប់​ថ្ងៃ​អង្គារ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ ក្រោយ​ចាក់​វ៉ាក់សាំង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​មាន​អាយុ​ ៦៨ ​ឆ្នាំ បាន​ថ្លែង​ថា​ លោក​ចាក់​វ៉ាក់សាំង​ Astra​Zeneca នេះ ដោយ​សារវាមាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី​ ៦០ ​ឆ្នាំ​ឡើង។ លោក​ថា​លោក​មិន​អាច​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​បាន​ ដោយ​សារ​វា​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម ​៦០ ​ឆ្នាំ។

លោក ហ៊ុន សែន បាន​ចេញ​វិធាន​ការ​ថា​វ៉ាក់សាំង ​Astra​Zeneca នេះ ​អាច​ចាក់​បាន​តែ​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ ៦០ ​ឆ្នាំ​ឡើង​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា អ្នក​ដែល​មាន​ក្រោម​អាយុ​ ៦០ ​ឆ្នាំ ត្រូវ​ចាក់​វ៉ាក់​សាំង​របស់​ចិន​ឈ្មោះស៊ីណូហ្វាម។

លោក ហ៊ុន សែន បន្ត​ការពារ​វ៉ាក់សាំង​របស់​ចិន​ថា​៖ «អ្នក​ដែល​ចាត់​ទុក​ថា​វ៉ាក់សាំង​មក​សម្លាប់​មនុស្ស មិន​ចាំបាច់​ចាក់​ក៏​បាន​ដែរ។ ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​គ្នា​ធ្លាក់​ទៅ​ដល់​ស្ថានភាព​ហ្នឹង​ទេ។ បើ​គេគិត​ខុស​ហើយ យើង​គួរ​តែ​តម្រង់​ផ្លូវ​គេ​ឲ្យ​មក​រក​កន្លែង​ត្រូវ​វិញ​»។

លោក ហ៊ុន សែន បន្ថែម​ថា ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ជា​បញ្ហា​ទាក់​ទិន​នឹង​ «វេជ្ជ​សាស្រ្ត​បច្ចេក​ទេស» មិន​មែន​ជា​បញ្ហា​នយោបាយ​នោះ​ទេ។

ស្ថាន​ទូត​ចិន​ប្រចាំ​រាជធានីភ្នំពេញ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​អបអរ​សាទរ​លោក ហ៊ុន សែន និង​ភរិយា ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩។

ស្ថានទូត​បន្ត​ថា៖ «​ការ​ចាក់​វ៉ាក់សាំង ក៏​មិន​បែង​ចែក​ជា​ប្រទេស​ណា​ដែរ។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​ និង​ COVAX នឹង​អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា​រួច​ផុត​ពី​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​វីរុស​កូវីដ​១៩ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​នឹ​ងជំងឺ​មួយ​នេះ»។

គួរ​បញ្ជាក់​ថា កាល​ពីថ្ងៃ​ច័ន្ទ​ ប្រទេស​ចិន​បាន​ប្រកាស​ថា ​វ៉ាក់សាំង​ ៤០ ​ម៉ឺន​ដូស​ទៀត​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ដែល​អាច​ចាក់​មនុស្ស​ ២០ ​ម៉ឺន​នាក់ នឹង​មក​ដល់​កម្ពុជា នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ៕

XS
SM
MD
LG