សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានស្វាគមន៍វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ដែលបានមកដល់កម្ពុជា កាលពីយប់ថ្ងៃអង្គារ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកគាំទ្រការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX)។
កូវ៉ាក់គឺជាកម្មវិធីផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាសកល ដែលផ្ដួចផ្ដើមឡើងដោយអង្គការសុខភាពពិភពលោក (WHO)។
ក្រោមយន្តការកូវ៉ាក់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន៣២៤ ០០០ ដូស ដែលផលិតនៅប្រទេសឥណ្ឌា ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅយប់ថ្ងៃទី២ខែមីនា ឆ្នាំ២០២១។
យន្តការកូវ៉ាក់នឹងផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងសរុបចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភាខាងមុខ។ នេះបើយោងតាមការប្រកាសរួមគ្នារវាងក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេក្នុងតំបន់ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នេះ ពីយន្តការកូវ៉ាក់ ដែលប្តេជ្ញាផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព ដល់បណ្តាប្រទេស ដែលមានចំណូលទាបនិងមធ្យមចំនួន៩២នៅទូទាំងពិភពលោក។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយចំនួន ២ ពាន់លានដុល្លារក្នុងដំណាក់កាលដំបូង ជាការរួមចំណែកជាមួយយន្តការកូវ៉ាក់ ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩នេះ។
កន្លងមក សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយជាង ១១ លានដុល្លារដល់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងប្រទេសកម្ពុជាផងដែរ៕