ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ឱ្យ​ក្រសួង​ព័ត៌មាន​ណែនាំ​អ្នកសារព័ត៌មាន​អនឡាញ​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ប្រាប់​ឱ្យ​ក្រសួង​ព័ត៌មាន​ហៅ​អ្នក​សារព័ត៌មាន​អនឡាញ​មក​ណែនាំ​រឿង​វិជ្ជាជីវៈ បន្ទាប់ពី​មាន​ករណី​អ្នក​សារព័ត៌មាន​ម្នាក់​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​ពលរដ្ឋ​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​សប្តាហ៍។​

លោក​នាយក​រដ្ឋមន្រ្តី​លើកឡើង​ដោយ​សំដៅ​លើ​លោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ដែល​បាន​ប្រកែក​និង​ស្រែក​ចោទ​ប្រកាន់​បុរសម្នាក់​ថា​បាន​ធ្វើ​ខុស បន្ទាប់ពី​បុរស​ម្នាក់​នោះ​ជួយ​លើកម៉ូតូ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នៅ​គល់ស្ពាន​ជ្រោយ​ចង្វា។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយ​បន្ត​គ្នា​លើ​បណ្តា​ញ​សង្គម​ហ្វេសប៊ុក គេ​ឃើញ​បុរស​ដែល​ត្រូវ​បាន​លោក ​សុវណ្ណ រិទ្ធី ស្រែក​គំហក​ដាក់ ​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​មាន​កំហុស ដែល​បានលើក​ម៉ូតូ​ជា​វត្ថុតាង​ក្នុង​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​នោះ​ឡើង​ ហើយ​បាន​សំពះ​សុំទោស​លោក សុវណ្ណ រិទ្ធី ជាច្រើន​ដង។

ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ នៅថ្ងៃទី​ ២៦ ខែ​មករា ឆ្នាំ​ ២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា សម្តី​របស់​អ្នក​សារព័ត៌មាន មក​លើ​បុរស​ដែល​ជួយ​លើក​ម៉ូតូ​ជន​រងគ្រោះនា​ពេល​នោះ​ មិន​សម​ហេតុផល​ទាល់តែសោះ។ លោក​បន្ថែមថា ​កន្លង​មក​ក៏មាន​ករណី​អ្នក​សារព័ត៌មាន​ដែល​ឡាយ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក មិន​មាន​វិជ្ជាជីវៈ​ផង​ដែរ ដែល​លោក​ថា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​គួរ​មាន​ការ​ពង្រឹង​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​អនឡាញ​ទាំងនោះ។​

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «គួរតែហៅ​មក​ប្រជុំ​ដើម្បី​ពង្រឹង អ្នកណា​ដែល​ធ្វើ​សកម្មភាព​បែបនេះ កុំ​បណ្តោយ​ពេក។ កន្លង​ទៅ​យើង​បណ្តោយ​ជ្រុល។ ឥឡូវ កាញារីទ្ធ ល្មម​ហៅ​អ្នក​អនឡាញ​ទាំងប៉ុន្មាន​ទៅ​ចូល​អប់រំ។ ខុសម្នាក់​ឱ្យទៅ​ទទួល​បទពិសោធន៍​ទាំងអស់គ្នា​ ព្រោះ​អី​ជា​មេ»។

លោក ហ៊ុន សែន បាន​ថ្លែង​បន្ថែម​ថា ករណីមិនមាន​វិជ្ជាជីវៈ​ទាំងនោះ ត្រូវមាន​ត្រឹម​ការ​អប់រំណែនាំ​ តែ​មិន​អាច​មាន​ការ​ដក​អាជ្ញាបណ្ណ ឬ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ណាមួយ​ឡើយ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ប្រាប់ VOA ថា ក្រសួងនឹងរៀបចំ​ការ​បណ្តុះ​បណ្តាល និង​យន្តការ​អប់រំ​លើ​អ្នក​សារព័ត៌មានទាំង​នោះនា​ពេល​ខាង​មុខ​នៅ​ពេល​ដែល​ទទួល​បាន​កា​រណែនាំ​ពីរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ។​ ទោះយ៉ាង​ណា លោក​មិនទាន់​អាចបញ្ជាក់​ថា នឹង​ត្រូវ​រៀប​ចំ​ពេល​ណា​ជាក់លាក់​នៅ​ឡើយ។

លោក​ថ្លែងថា៖ «ពាក់ព័ន្ធ​ទៅនឹង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​កាលពី​ព្រឹកមិញ​នេះ គឺ​ក្រសួង​យើងនឹង​ទទួល​យកអនុសាសន៍​នេះ​មក​អនុវត្ត​ ហើយ​ការ​កំណត់​ចេញ​នូវ​យន្តការ​នៅ​ក្នុងការអប់រំ ឬ​ការ​បណ្តុះ​បណ្តាល​បងប្អូន​អ្នក​សារព័ត៌មាន ជាពិសេស​បងប្អូនអ្នក​សារព័ត៌មាន​អនឡាញនោះ​ គឺ​ខាង​យើង​នឹង​រង់ចាំ​ពី​ការ​ដឹកនាំ​ចង្អុល​បង្ហាញ​របស់ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បន្ថែម​ទៀត​ដែរ»។

កន្លងមក​ គេ​តែង​ឃើញ​អ្នកឡាយ​វីដេអូតាម​បណ្តាញ​សង្គម​មួយ​ចំនួន​ដែលតាំង​ខ្លួន​ថា​ ជា​អ្នក​សារព័ត៌មាន តែង​ប្រើ​សម្តី​មិន​សមរម្យ​ក្នុង​អំឡុង​ពេល​រាយការណ៍​ ខ្លះ​ចោទ​ប្រកាន់​ប្រភព​ ខ្លះ​បង្ហាញ​រូបភាព​ដែល​មិនគួរ​បង្ហាញ​ជាដើម។

លោក ម៉ៃ ទិត្យថារ៉ា សាស្ត្រា​ចារ្យ​ផ្នែក​សារព័ត៌មាន​នៃ​សាកល​វិទ្យាល័យ​កម្ពុជា លើក​ឡើង​ថា ការ​ណែនាំ​ឱ្យ​មាន​ការ​អប់រំអ្នក​សារព័ត៌មាន​ដែល​មិនមាន​វិជ្ជាជីវៈ ដោយ​មិនមាន​ដក​អាជ្ញាបណ្ណ​របស់​អ្នក​សារព័ត៌មាន​ទាំង​នោះ គឺជា​រឿងល្អ។

លោក​ថ្លែង៖ «យ៉ាងហោច​ណាស់​ក៏​ក្រសួង​លោកបាន​ណែនាំ​គាត់​ឱ្យ​ដឹង​ពី​ឥទ្ធិពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ​ ហើយ​ឱ្យ​គាត់​បាន​យល់​ដឹង​ខ្លះបន្ថែម​ទៀត​អំពី​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន ហើយ​ម្យ៉ាង​ទៀត គាត់​ក៏​គួរដឹងថា ​អ្នក​សារព័ត៌មាន​មិនមែន​ជា​អាជ្ញាកណ្តាល មិនមែន​ជា​អ្នក​សម្រេច​ដូច​ជា​ចៅក្រម ឬក៏​អីទេ។ អ៊ីចឹង​យើង​គួរដឹង​ពី​តួនាទី​របស់​ខ្លួនឯង​ជា​អ្នក​សារព័ត៌មាន ហើយ​ដឹង​ថា​ ឥទ្ធិពល​អ្នក​សារព័ត៌មាន​នៅ​សម័យ​ឌីជីថល​នេះ គឺវា​ជះ​ខ្លាំង​ណាស់ ជាពិសេស​គឺ​សម្រាប់​ប្រជាពលរដ្ឋខ្មែរយើង​ដែល​លោកមិនចេះ​ថ្លឹងថ្លែង​ព័ត៌មានបាន​ត្រឹម​ត្រូវ គឺ​មាន​ឥទ្ធិពល​ខ្លាំងប៉ះពាល់​ដល់​សង្គម​យើង​ទាំងមូល​តែម្តង»។

លោក ម៉ៃ ទិត្យថារ៉ា ថ្លែង​បន្ថែម​ថា ក្រសួង​ព័ត៌មាន​ក៏​គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​លើ​បុគ្គល​ដែល​ប្រើ​ទូរស័ព្ទ​ឡាយ​លើ​បណ្តាញ​សង្គម​ ហើយ​ចាត់​ទុក​ខ្លួនឯង​ថាជា​អ្នកសារព័​ត៌មាន​ ដើម្បីជៀសវាង​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់​អ្នក​សារព័ត៌មាន​ដែល​មានវិជ្ជាជីវៈ​ផ្សេងទៀត។

លោក អ៊ិត សូធឿត​ ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ (CCIM) លើក​ឡើង​ថា ក្នុង​ពេល​បច្ចុប្បន្ន អ្នក​សារព័ត៌មាន​ដែល​ប្រើ​ទូរស័ព្ទ​ឡាយ​លើ​បណ្តាញ​សង្គម​ភាគ​ច្រើន មិន​បានឆ្លងកាត់​ការ​បណ្តុះ​បណ្តាល​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ ជា​ហេតុធ្វើ​ឱ្យ​ពួកគេរាយការណ៍​ព័ត៌មាន​ដោយខ្វះខាតវិជ្ជាជីវៈ។​ លោក​ថ្លែង​បន្ថែម​ទៀត​ថា ក្រសួង​គួរ​សហការជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការ​អប់រំ​ណែនាំ​អំពីក្រម​សីលធម៌​វិជ្ជាជីវៈឱ្យ​បាន​ញឹកញាប់ ​និង​ផ្តោត​លើក្រម​សីលធម៌​វិជ្ជាជីវៈ​ពិត​ប្រាកដ។​

លោក​ថ្លែង​ថា៖ «យើង​គួរតែ​រៀបចំ​វគ្គបណ្តុះ​បណ្តាល​ណែនាំ​បង្ហាញពី​គោលការណ៍​ក្រម​សីលធម៌​វិជ្ជាជីវៈ​ឱ្យ​បាន​ច្រើន​ ប៉ុន្តែ​វគ្គហ្នឹង​ដូច​ខ្ញុំ​បញ្ជាក់​ម្តង​ទៀត គឺ​គួរតែ​ផ្តោត​លើ​វិជ្ជាជីវៈ ជាជាង​ផ្តោត​ទៅ​លើ​បញ្ហាអី​ផ្សេង។ អ៊ីចឹង​អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​ផ្តល់ជា​វគ្គ​បណ្តុះបណ្តាល​អីផ្សេងៗ​ទៅកាន់​ពួកគាត់​ដើម្បី​ឱ្យ​គាត់បាន​យល់ អ៊ីចឹង​វា​កាន់តែ​ប្រសើរ​ឡើង​ហើយ»។

បើ​តាម​លោក​ មាស សុភ័ណ្ឌ អ្នក​សារព័ត៌មាននៅ​កម្ពុជា​សរុប​មាន​ចំនួន​ជាង ​៥ ពាន់​នាក់។ ចំណែក​អង្គភាព​សារព័ត៌មានអនឡាញ​ដែល​មាន​គេហទំព័រ​ និង​ទូរទស្សន៍​អនឡាញមានចំនួន​ ៨៧៨ ស្ថាប័ន៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG