ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ហៅ​ការ​ទាមទារ​ឱ្យ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់ ជា​«ការ​ទាម​ទារ​ហួស​ហេតុ»


រូបឯកសារ៖ ស្រ្តី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​អាន​ការសែត​«​ប្រជាជន​»​​​​អំឡុង​ពេល​នៃ​ការ​រំឭក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​​។ (ឡេង ឡែន/វីអូអេ)
រូបឯកសារ៖ ស្រ្តី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​អាន​ការសែត​«​ប្រជាជន​»​​​​អំឡុង​ពេល​នៃ​ការ​រំឭក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​​។ (ឡេង ឡែន/វីអូអេ)

ក្នុង​ពេល​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នឹង​ត្រូវ​អនុម័ត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ប្រាកដ​នៅ​ក្នុង​ឆ្នាំ​២០២៤ ឬ​២០២៥។

នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​កាលពីកន្លង​ទៅ បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ពន្លឿន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ដើម្បី​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​អ្នក​សារព័​ត៌មាន ​អាច​ស្នើសុំ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ។​

លោក​ ហ៊ុន សែន បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ជួប​ជុំមួយ​ថា​ការ​យឺត​យ៉ាវ​នៃ​ការ​អនុម័ត​ច្បាប់​នេះ ដោយ​សារ​រដ្ឋា​ភិបាល​ចង់​ប្រមូល​មតិ​យោបល់​របស់​អ្នក​ពាក់​ព័ន្ធ ដើម្បី​ធានា​ថា​ច្បាប់​មួយ​នេះ បម្រើ​ផល​ប្រយោ​ជន៍​ទាំង​អស់​គ្នា។

លោក​ថ្លែង​ថា៖ «ក៏​ប៉ុន្តែ​យើង​បាន​សង្កេត​ឃើញ​ថា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ខ្លះ​ទាមទារ​ហួស​ហេតុ ទាមទារ​ជ្រុល។ ការ​ទាម​ទារ​ជ្រុល និង​ទាម​ទារ​ហួស​ហេតុ​នោះ​ហើយ ដែល​ទាមទារ​ឲ្យ​រដ្ឋមន្រ្តី​ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល»។

លោក ហ៊ុន សែន បន្ថែម​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ក្រសួង​យុត្តិធម៌ ដែល​ពិនិត្យ​ចំពោះ​ការ​ចែង​អំពីបទ​ល្មើស។

មុន​ជំនួប​នាយក​រដ្ឋមន្រ្តី​ជាមួយ​អ្នក​សារព័ត៌មាន ក្រុម​សង្គម​ស៊ីវិ​ល​បានលើក​ឡើង​ថា​ការ​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ឆាប់​ស្រប​តាម​ប​ទដ្ឋាន​អន្តរជាតិ​ នឹង​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ក្នុង​ការ​លើក​កម្ពស់​សេវា​សាធារណៈ ​និង​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់​វិស័យ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន​២៤ ដែល​ចេញ​ផ្សាយ​កាល ពីថ្ងៃ​សុក្រ​ សប្តាហ៍​មុន។

ពួកគេ​កត់​សម្គាល់​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បានព័ត៌មាន​នេះ ​បាន​អូស​បន្លាយ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​ ដែល​មក​ដ​ល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​៥​ឆ្នាំហើយ។ ដូច្នេះ​រដ្ឋា​ភិបាល​គួរ​តែ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ ​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​សម្រាប់​ប្រើ​ប្រាស់​។ ​

លោក ​ណុប វី ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា​ លើក​ឡើង​ថា​ការ​អនុម័ត​ច្បាប់​នេះ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល។ លោក​រិះគន់​ដំណើរ​ការ​នេះ «ហាក់​ដូច​ជា​យូរ​ពេក»។

លោក​ប្រាប់​វីអូអេ​ថា៖ «ជារួម​មិន​មែន​ជា​ការ​ទាមទារ​របស់សង្គម​ស៊ីវិល​ជ្រុល​ហួស​ហេតុ​ទេ ដែល​ជំរុញ​ឲ្យ​សេចក្តី​ព្រាង​ហ្នឹង​វា​នៅ​ជាប់​គាំង​នោះ ពីព្រោះ​សេចក្តី​ព្រាង​ហ្នឹង សង្គម​ស៊ីវិល​យើង​បាន​បញ្ចប់​នៅ​ក្នុង​ការ​ជជែក​គ្នា ដាក់​ធាតុ​ចូល​ហ្នឹង មាន​ការ​ព្រម​ព្រៀង​គ្នា​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន​របស់​រដ្ឋាភិបាល​ហ្នឹង តាំង​ពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ។ អ៊ីចឹង​រយៈ​ពេល​នៃ​ការ​ជាប់​គាំង​៤​ឆ្នាំ ឬ​ក៏​អាច​ទៅ​៦​ឆ្នាំ ឬ​ក៏​ច្រើន​ជាង​នេះ គឺ​មិន​មែន​រឿង​ទាក់ទង​នឹង​ខាង​សង្គម​ស៊ីវិល​ទេ គឺ​រឿង​ទាក់​ទង​ជាមួយ​នឹង​ខាង​បច្ចេកទេស​នៃ​ក្រុម​ការងារ​អន្តរ​ក្រសួង​របស់​រដ្ឋាភិបាល​ទេ»។

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះនឹង​អនុញ្ញាត​ឲ្យពលរដ្ឋ​ និង​អ្នក​សារ​ព័ត៌មាន​អា​ច​ស្នើ​សុំ​ព័ត៌មាន​នានា ដែល​មិន​មែន​ជា​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ ពី​មន្ត្រី​ផ្តល់​ព័ត៌មាន​នៅ​តាម​ស្ថាប័ន​រដ្ឋ។ ​ការណ៍​នេះ​នឹង​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ អាច​ទទួល​បាន​ព័ត៌មាន​ពិត​ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ចូល​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​បាន​ល្អ​ប្រសើរ។ នេះ​បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ក្រុម​អង្គការ​សង្គម​ស៊ីវិលក៏​បាន​ស្នើ​ចំណុច​មួ​យ​ចំនួន​ទៀត ​ដូច​ជា​សូម​ឲ្យ​នៅ​ក្នុង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ព័ត៌មាន​ណា​ខ្លះ​ ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់។ ​ក្រសួង​ មន្ទីរ ​និង​អង្គភាព​នានា​របស់​រដ្ឋ​ត្រូវ​បើក​ចំហព័ត៌មាន​សាធារណៈ​ឲ្យ​បា​ន​ទូលំ​ទូលាយ ​ជា​ពិសេស​តម្លៃ​សេវាកម្ម​នីតិ​វិធី​ក្នុង​ការ​ទទួល​បាន​សេវា ​និង​ពេល​វេលា​កំណត់​ដោយ​ច្បាប់​នៅ​កម្រិត​ថ្នាក់​ជាតិ​ កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច គម្រោង​អភិវឌ្ឍន៍​ធំៗ​ គម្រោង​លទ្ធកម្ម​សាធារណៈ​ថ្នាក់​ជាតិ ​បញ្ហា​ដីធ្លី ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​វិវាទ​ដទៃ​ទៀត។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍។

បន្ថែម​ពី​នោះ ពួក​គេ​ស្នើ​រដ្ឋា​ភិបាល​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ ជាពិសេស​យុវជន​ឲ្យចូល​រួម​ស្វែង​រក​ព័ត៌មាន​សាធារណៈ​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ពង្រឹង​ និង​បង្កើត​នូវ​យន្តការយក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដើម្បី​ធានា​ថា​ប្រជា​ពលរដ្ឋ​ ក្រុម​យុវជន​ ជន​មាន​ពិការ​ភាព ​និង​ជន​ជាតិ​ដើម​ភាគ​តិច ​ទទួល​បាន​នូវ​ព័ត៌មាន​ពេញ​លេញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG