ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចាងហ្វាងសារព័ត៌មានមួយការពារសេចក្តីរាយការណ៍របស់ខ្លួន ខណៈរងការព្រមានប្តឹងពីឧកញ៉ា ឡេង ណាវ៉ាត្រា


រូបភាពនៃគេហទំព័ររបស់បណ្តាញសារព័ត៌មានអនឡាញខ្មែរខូវឺធីវី (KCTV) បង្ហាញអត្ថបទមួយពាក់ព័ន្ធនឹងឧកញ៉ា ឡេង ណាវ៉ាត់ត្រា។
រូបភាពនៃគេហទំព័ររបស់បណ្តាញសារព័ត៌មានអនឡាញខ្មែរខូវឺធីវី (KCTV) បង្ហាញអត្ថបទមួយពាក់ព័ន្ធនឹងឧកញ៉ា ឡេង ណាវ៉ាត់ត្រា។

ចាង​ហ្វាង​នៃ​ស្ថាប័ន​សារព័ត៌​មាន​មួយ​ដែល​មាន​ឈ្មោះ​ថា​ខ្មែរ​ខូវឺ​ធីវី​ (KCTV) ​បាន​ការពារ​ថា​ ព័ត៌មាន​ដែល​ស្ថាប័ន​នេះ​បាន​ចុះ​ផ្សាយ ​កាល​ពី​សប្តាហ៍​មុន​ គឺ​យោង​តាម​សម្តី​របស់​ប្រជា​ពលរដ្ឋ។

ស្ថាប័ន​ព័ត៌មាន​នោះ​កំពុង​រង​ការ​ព្រមាន​ប្តឹង​ផ្តល់​ពី​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ប្រសិន​បើ​ស្ថាប័ន​នោះ​មិន​លុប​ចោល​វីដេអូ​ព័ត៌មាន ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​កន្លង​ទៅ។​

កាល​ពី​ថ្ងៃ​ទី​ ២២​ និង​ទី​ ២៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០២២ ស្ថាប័ន​សារ​ព័ត៌មាន​ដែល​មាន​គណនី​ហ្វេសប៊ុក​ខ្មែរ​ខូវឺធីវី​ (KCTV Cambodia)​ បាន​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ឃ្លីប​វីដេអូ ​និង​អត្ថបទ​ដែល​បាន​រាយ​ការណ៍​ថា ​ក្រុម​ហ៊ុន​របស់​លោក​ ឡេង ណាវ៉ាត្រា ​បាន​ធ្វើ​ផ្លូវ​ចាក់​លុប​ព្រែក ​និង​វាយ​កម្ទេច​ស្ពាន ​នៅ​ឃុំ​បឹង​គ្រំ ​ស្រុក​ល្វាឯម ​ខេត្ត​កណ្តាល។ ​ការ​ចុះ​ផ្សាយ​នេះ​នាំ​ឱ្យ​មាន​ប្រតិកម្ម​ពី​លោក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ​ដែល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ជា​បន្ត​បន្ទាប់ ​និង​ព្រមាន​ប្តឹង​សារ​ព័ត៌មាន​អនឡាញ​នេះ​ផង​ដែរ។​

លោក​ មិន ឃឿន ​ចាង​ហ្វាង​នៃ​អង្គភាព​សារ​ព័ត៌មាន​ KCTV ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ថាប័ន​របស់​លោក​ត្រូវ​បាន​ព្រមាន​ប្តឹង​ពី​លោក​ ឡេង ណាវ៉ាត្រា ​ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ។ លោក​ជំរុញ​ឱ្យ​មាន​ការ​បក​ស្រាយ​ពី​លោក ​ឡេង ណាវ៉ាត្រា​ ព្រម​ទាំង​បង្ហាញ​ឯកសារ​ត្រឹម​ត្រូវ​ ដើម្បី​ឱ្យ​ស្ថាប័ន​កែ​តម្រូវ​ ប្រសិន​បើ​ព័ត៌មាន​ដែល​បាន​ផ្សាយ​កាល​ពី​កន្លង​ទៅ ​មិន​មែន​ជា​ការ​ពិត។​

លោក​ថ្លែង​ថា៖ ​«ចំពោះ​ការ​ព្រមាន​ប្តឹង​របស់​លោក​ ឡេង ណាវ៉ាត្រា ​ជា​សិទ្ធិ​របស់​គាត់​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ លោក​គួរ​តែ​ឆ្លើយ​បំភ្លឺ​ ឬ​ក៏​បង្ហាញ​ឯកសារ​ដែល​ត្រឹម​ត្រូវ​ចំពោះ​ទីតាំង​នោះ​ ឬ​ក៏​សកម្មភាព​ទាំង​អស់​នោះ​ ទៅ​កាន់​មហាជន​ ក៏ដូច​ជា​សារ​ព័ត៌មាន ​ដើម្បី​ឱ្យ​យើង​ខ្ញុំ​យោង​ប្រភព​ទាំង​អស់​នោះ ​យោង​ឯកសារ​ទាំង​អស់​នោះ​ផ្សាយ​កែ​តម្រូវ​ឡើង​វិញ​ ទើប​ជា​រឿង​ល្អ​ ព្រោះ​ការ​ផ្សាយ​កន្លង​មក​ ក្រុម​ការ​ងារ​យើង​បាន​ចុះ​ទៅ​ផ្ទាល់។ ​ យើង​បាន​យោង​ប្រភព​ប្រជាពល​រដ្ឋ​ សម្ភាស​ពួក​គាត់​ និង​[អ្នក]​ជំនាញ​មិន​មែន ​យើង​ឮ​គេ​ថា ​ឬ​ក៏​យក​ប្រភព​មិន​ច្បាស់​លាស់​ទេ»។​

បើ​តាម​លោក ​មិន ឃឿន​ ព័ត៌មាន​ដែល​ស្ថាប័ន​របស់​លោក​បាន​ចុះ​ផ្សាយ​ ជា​ការ​ពិត​ ដោយ​សារ​តែ​វា​ជា​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​បាន​អះអាង​ ហើយ​រូប​លោក​ក៏​មិន​មាន​ហេតុ​ផល​ណា​ត្រូវ​លុប​វីដេអូ​ព័ត៌មាន​នោះ​វិញ​ឡើយ។ ​ចាង​ហ្វាង​រូប​នេះ​អះអាង​ថា​ លោក​នៅ​មិន​ទាន់​ដឹង​ថា​ តើ​នឹង​មាន​ការ​សម្រុះ​សម្រួល​គ្នា​បែប​ណា​នៅ​ឡើយ​ទេ​ ខណៈ​លោក​បាន​ទាក់​ទង​ទៅ​លោក ​ឡេង ណាវ៉ាត្រា ​ដោយ​ផ្ទាល់​ តាម​ប្រព័ន្ធ​តេឡេក្រាម​ ដើម្បី​សុំ​ជួប​និយាយ​គ្នា​ផ្ទាល់ ​ប៉ុន្តែ​លោក​ថា​ លោក ​ឡេង ណាវ៉ាត្រា ​បាន​បដិសេធ ​ដោយ​ណែនាំ​ឱ្យ​ពិភាក្សា​គ្នា​ជាមួយ​មេធាវី​របស់​លោក​ជំនួស​វិញ។​

ទោះជា​យ៉ាងណា ​លោក ​មិន ឃឿន​ បាន​ទទូច​ឱ្យ​លោក​ ឡេង ណាវ៉ាត្រា ​កុំ​យក​រូបភាព​អ្នក​មិន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ទៅ​បង្ហោះ​ជា​សាធារណៈ ​និង​សរសេរ​អត្ថាធិប្បាយ​ ដោយ​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ពី​សាធារណ​ជន។​

នៅ​ក្នុង​លិខិត​ជូន​ដំណឹង​មួយ​របស់​ក្រុមហ៊ុន​ ឡេង ណាវ៉ាត្រា ​ទៅ​កាន់​សារ​ព័ត៌មាន​«ខ្មែរ​ខូវឺធីវី» ​ក្រុមហ៊ុន​បាន​ស្នើ​ឱ្យ​លុប​វីដេអូ ​និង​អត្ថបទ ​ជា​ពិសេស​ទទូច​ឱ្យ​កែ​តម្រូវ​ព័ត៌មាន​ហើយ​ចុះ​ផ្សាយ​ឡើង​វិញ ខណៈ​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​មិន​មាន​ការ​កែ​តម្រូវ។​

បើ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២ ​ ក្រុមហ៊ុន​របស់​លោក ​ឡេង ណាវ៉ាត្រា ​បាន​បញ្ជាក់​ថា៖​ «ដូច្នេះ​ខ្ញុំ​ស្នើ​សុំ​អង្គភាព​សារ​ព័ត៌មាន ​ដែល​មាន​គណនី​ហ្វេសប៊ុក​ផេក​ ខ្មែរ​ខូវឺធីវី​ (KCTV Cambodia )​ អនុវត្ត​តាម​ខ្លឹម​សារ​នៃ​កម្មវត្ថុ​ខាង​លើ​ជា​បន្ទាន់​ ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ព្យសន​កម្ម​កាន់​តែ​ធ្ងន់​ធ្ងរ​ ជាង​នេះ​បន្ត​ទៅ​ទៀត។ ក្រុមហ៊ុន​ហ្គាឡាក់​ស៊ី ណាវ៉ាត្រា​ គ្រុប​ នៅ​តែ​ធ្វើ​ពាក្យ​បណ្តឹង ដើម្បី​សង្គ្រោះ​សិទ្ធិ​ដែល​បាន​បំពាន​ពី​សំណាក់​អង្គភាព​អ្នក​សារព័ត៌មាន​គណ​នីហ្វេស​បុក​ផេក​ខ្មែរ​ខូវឺធីវី (KCTV Cambodia )​តាម​នីតិ​វិធី​ដដែល»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ឡេង ណាវ៉ាត្រា ​តាម​ប្រព័ន្ធ​ទូរសព្ទ ​និង​តេឡេក្រាម​បាន​នៅ​ឡើយ​ទេ។​

លោក ​ណុប វី ​នាយក​ប្រតិបត្តិ​សមាគម​ខេមបូចា ​លើក​ឡើង​ថា​ ព័ត៌មាន​ដែល​មាន​ប្រភព​ត្រឹម​ត្រូវ​ជា​មូលដ្ឋាន​មួយ​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត ​ដើម្បី​ស្វែង​រក​ការណ៍​ពិត​ពី​សំណាក់​ភាគី​ពាក់​ព័ន្ធ។​ លោក​បន្ថែម​ថា ​អ្វី​ដែល​ក្រុមហ៊ុន​គួរ​តែ​ធ្វើ​នោះ ​គឺ​ការ​បកស្រាយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ។​

លោក​បញ្ជាក់​ថា៖ ​«ដូច្នេះ​ត្រង់​ចំណុច​នេះ ​ ក្រុមហ៊ុន​គួរ​តែ​មាន​ការ​ឆ្លើយ​បំភ្លឺ​ទៅ​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន មិន​គួរ​ទៅ​គំរាម​កំហែង​ប្តឹង​ផ្តល់។​ បើ​សិន​យើង​គំរាម​កំហែង​ប្តឹង​ផ្តល់​អ៊ីចឹង ចុះ​ឧទាហរណ៍​ថា​ ក្រុម​ហ៊ុន​ដែល​រក​ស៊ី​មិន​ត្រឹម​ត្រូវ​ទៅ​រំលោភ​បំពាន​ដី​សាធារណៈ​ហ្នឹង​ ដែល​សុទ្ធ​តែ​មិន​អាច​ទទួល​រង​នូវ​ការ​សរសេរ​ ការ​រិះ​គន់​ឬ​មួយ​ក៏​ការ​សរសេរ​ព័ត៌មាន​ពី​អ្នក​សារ​ព័ត៌មាន​បាន​អ៊ីចឹង​ទាំង​អស់​ ឬ​មួយ​ក៏​យ៉ាង​ដូច​ម្តេច?»​

ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​សារ​ព័ត៌មាន​ខាង​លើ​ លោក​ ឡេង ណាវ៉ាត្រា ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​ធ្នូ ​ឆ្នាំ​ ២០២២ ​ថា​ គម្រោង​សាង​សង់​ផ្លូវ​នោះ ​គឺ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋ​ ដែល​លោក​ថា ​ដើម្បី​ប្រយោជន៍​សាធារណៈ​ ខណៈ​ថា​ក្រុមហ៊ុន​មិន​បាន​ធ្វើ​អ្វី​ខុស​ ដូច​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ឡើយ។​

លោក​សរសេរ​នៅ​ក្នុង​ន័យ​ដើម​ថា៖ ​«សូម​សារ​ព័ត៌​មាន​មេត្តា​យោគ​យល់​និង​កែ​តម្រូវ​ផង​ ព្រោះ​ការ​ចុះ​ផ្សាយ​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​កិត្តិយស ​និង​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​ បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​បុគ្គលិក​រាប់​ពាន់​នាក់​ និង​បាន​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ក្រុម​ហ៊ុន ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ។ បើ​សិន​ជា​បង​សារ​ព័ត៌មាន​មិន​កែ​តម្រូវ​នោះ​ទេ ​ជម្រើស​ចុង​ក្រោយ​មាន​តែ​បង្ខំ​ចិត្ត​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ​ការពារ​ភាព​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ ​ព្រោះ​មិន​មែន​ជា​រឿង​ពិត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG