ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្នើ​ជាថ្មី​ឲ្យ​នាយក​រដ្ឋមន្ត្រី​ពន្លឿន​អនុម័ត​​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​«សិទ្ធិ​ទទួល​បាន​ព័ត៌មាន»


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ចុច​ទូរស័ព្ទ​​ ក្នុងអំឡុង​ពេលចូលរួមពិធី​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ​នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​ ២៨ ​ខែ​មិថុនា ​ឆ្នាំ​ ២០១៦​ នា​រាជធានី​ភ្នំពេញ។ (ឡេង ឡែន​/VOA Khmer)
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ចុច​ទូរស័ព្ទ​​ ក្នុងអំឡុង​ពេលចូលរួមពិធី​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ​នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​ ២៨ ​ខែ​មិថុនា ​ឆ្នាំ​ ២០១៦​ នា​រាជធានី​ភ្នំពេញ។ (ឡេង ឡែន​/VOA Khmer)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ជា​ថ្មី​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ពន្លឿន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មានឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​ដើម្បី​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន ​អាច​ស្នើសុំ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ។​

ក្រុម​សង្គម​ស៊ីវិ​ល​លើក​ឡើង​ថា ការ​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ឆាប់​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ នឹង​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ក្នុង​ការ​លើក​កម្ពស់​សេវា​សាធារណៈ ​និង​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់​វិស័យ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន​២៤។

ពួកគេកត់​សម្គាល់​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បានព័ត៌មាន​នេះ ​បាន​អូស​បន្លាយ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​ ដែល​មក​ដ​ល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ ៥ ឆ្នាំហើយ។ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ ​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​សម្រាប់​ប្រើ​ប្រាស់។ ​

លោក ​ឡាំ សុជាតិ ​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោល​នយោបាយ​កម្ពុជា​ (API)​ ដែល​ជា​អង្គការ​ចូលរួម​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ដែរ​នោះ​ បាន​លើក​ឡើង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ បើ​ទោះ​បី​ជា​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ក៏​ដោយ ក៏សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​មិន​ទាន់​ឃើញអនុម័ត​នៅ​ឡើយ។​ ដូច្នេះ​លោក​យល់​ថា​ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​គួរ​តែ​អនុម័ត​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​ ដើម្បី​ដាក់ឱ្យ​ប្រើ​ប្រាស់ ព្រោះ​វា​មាន​សារៈសំខាន់ដែល​អាច​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​សិទ្ធិ​ស្នើសុំ​ព័ត៌មាន ​និង​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​ពី​មន្ត្រី​ព័ត៌មានតាម​ស្ថាប័ន​រដ្ឋ​ ព្រម​ទាំង​មាន​សារៈសំខាន់​ដល់​អ្នក​វិនិយោគ បូក​រួម​រដ្ឋាភិបាល​ផ្ទាល់​ទៅ​លើ​ផែន​ការ​អភិវឌ្ឍន៍​របស់​ជាតិ​ ប្រកប​ដោយតម្លា​ភាព​ និង​ចីរភាព។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«សង្គម​ស៊ីវិល​យើង​ចង់​ឃើញ​ច្បាប់​ហ្នឹង​អនុម័ត​ឲ្យ​បាន​ឆាប់​មុនបោះ​ឆ្នោត​ឆ្នាំ​ ២០២៣ ​ហ្នឹង។​ ហើយ​ការ​អនុម័ត​ច្បាប់​ហ្នឹង​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ​ ព្រោះ​ច្បាប់​ហ្នឹង​ចំណាយ​ពេល​ពិគ្រោះ​យោបល់​តាក់​តែង​យូរ​ឆ្នាំ​ហើយ»។

បើ​តាម​លោក​ ឡាំ សុជាតិ​ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​គឺ​ទាំង​ពលរដ្ឋ​ និង​អ្នក​សារ​ព័ត៌មាន​អាច​ស្នើ​សុំ​ព័ត៌មាន​នានា ដែល​មិន​មែន​ជា​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ ពី​មន្ត្រី​ផ្តល់​ព័ត៌មាន​នៅ​តាម​ស្ថាប័ន​រដ្ឋ។ ​ការណ៍​នេះ​នឹង​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ អាច​ទទួល​បាន​ព័ត៌មាន​ពិត​ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ចូល​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​បាន​ល្អ​ប្រសើរ។​

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ច្បាប់​ហ្នឹង​វា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ​មន្ត្រី​ផ្តល់​ព័ត៌មាន​ [ទៅ]​ដល់​ប្រជា​ពលរដ្ឋ​ គាត់​មាន​ភាព​ច្បាស់​លាស់​ថា​ ព័ត៌មាន​អ្វី​សម្ងាត់ ​[និង]ព័ត៌មាន​អ្វី​សាធារណៈ​ ដែល​ប្រជាពលរដ្ឋ​អាច​មក​ស្នើ​សុំ​ផ្ទាល់​បាន​ដោយ​ផ្ទាល់​ពី​ស្ថាប័ន​រដ្ឋ​នៅ​គ្រប់​កម្រិត ​ដោ​យ​មិន​ចាំ​បាច់​ឆ្លង​កាត់​អ្នក​សារ​ព័ត៌មាន​ផ្សព្វ​ផ្សាយ ​ឬ​ដោយ​រដ្ឋាភិបាលបើក​ចំហ​ជា​ប្រចាំ​ក្នុង​យន្តការ​របស់​រដ្ឋ​តែ​ម្តង​ ឬ​ក៏​តាម​រយៈ​អ្នក​សារ​ព័ត៌មានសុំ​ ហើយ​គាត់​បាន​យក​មក​ផ្សព្វ​ផ្សាយ​បន្ត​ដល់​ពល​រដ្ឋ​ ជា​ប្រចាំ​ផង​ដែរ»។​

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងស្តាប់ព័ត៌មានផ្សាយតាមវិទ្យុ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩។ (ខាន់ សុគុំមនោ/VOA Khmer)
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងស្តាប់ព័ត៌មានផ្សាយតាមវិទ្យុ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩។ (ខាន់ សុគុំមនោ/VOA Khmer)

លោក ​ឡាំ សុជាតិ ​បន្ថែម​ថា​ ធាតុ​ចូលក្នុង​សេចក្តី​ព្រាង​ច្បាប់​ ដែល​ដៃ​គូ​អភិវឌ្ឍន៍ ​និងក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ពិភាក្សា​ចូល​គ្នា កាល​ពី​ឆ្នាំ ២០១៨ ​ទាក់​ទង​ការ​កំណត់​នូវ​អ្វី​ជា​ព័ត៌មាន​សម្ងាត់​នោះ ត្រូ​វតែ​រក្សា​ទុក​ធាតុ​ចូល​នោះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដដែល​ ដោយ​មិន​ត្រូវ​ដក​ចេញ​នោះ​ទេ ​ព្រោះ​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​មួយ​នេះ​មាន​ស្តង់ដារ​ខ្ពស់ ​និង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។​

ការ​ស្នើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កើត​ឡើង​ ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ជួប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ នៅ​ថ្ងៃទី​ ១៤​ ខែ​មករា​ ឆ្នាំ​ ២០២៣ ​នេះ។​

សង្គម​ស៊ីវិល​ទាំង​នោះ​ក៏​បានស្នើ​ចំណុច​មួ​យ​ចំនួន​ទៀត ​ដូច​ជា​សូម​ឲ្យ​នៅ​ក្នុង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ព័ត៌មាន​ណា​ខ្លះ​ ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់។ ​ក្រសួង​ មន្ទីរ ​និង​អង្គភាព​នានា​របស់​រដ្ឋ​ត្រូវ​បើក​ចំហព័ត៌មាន​សាធារណៈ​ឲ្យ​បា​ន​ទូលំ​ទូលាយ ​ជាពិសេស​តម្លៃ​សេវាកម្ម​នីតិ​វិធី​ក្នុង​ការ​ទទួល​បាន​សេវា ​និង​ពេល​វេលា​កំណត់​ដោយ​ច្បាប់​នៅ​កម្រិត​ថ្នាក់​ជាតិ​ កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ គម្រោង​អភិវឌ្ឍន៍​ធំៗ​ គម្រោង​លទ្ធកម្ម​សាធារណៈ​ថ្នាក់​ជាតិ ​បញ្ហា​ដីធ្លី ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​វិវាទ​ដទៃ​ទៀត។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍។

បន្ថែម​ពី​នោះ ពួក​គេ​ស្នើ​រដ្ឋា​ភិបាល​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ ជាពិសេស​យុវជន​ឲ្យចូល​រួម​ស្វែង​រក​ព័ត៌មាន​សាធារណៈ​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ពង្រឹង​ និង​បង្កើត​នូវ​យន្តការយក​ចិត្តទុក​ដាក់​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដើម្បី​ធានា​ថា ​ប្រជា​ពលរដ្ឋ​ ក្រុម​យុវជន​ ជន​មាន​ពិការ​ភាព ​និង​ជន​ជាតិ​ដើម​ភាគ​តិច ​ទទួល​បាន​នូវ​ព័ត៌មាន​ពេញ​លេញ និងនៅ​មាន​ចំណុច​មួយ​ចំនួនទៀត ​ដែល​ពួក​គេ​ស្នើ​សុំ។ ​

សង្គម​ស៊ីវិល​ទាំង​នោះ​កត់​សម្គាល់​ថា​ ដំណើរ​ការ​នៃ​ការ​ផ្តល់​ និង​ទទួល​ព័ត៌មាន​ និង​សេវា​សាធារណៈ​ផ្សេងៗ​ ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​ប៉ះ​ពាល់​ជាយថាហេតុ​ដល់​សិទ្ធិ ​និ​ង​ផល​ប្រយោជន៍​នានា។ ពួកគេ​ក៏​លើកឡើង​ថា រដ្ឋបាល​ថ្នាក់​ជាតិ ​ថ្នាក់​ក្រោម​ជាតិ ​នៅ​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​បើក​ចំហ ​ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន។ ​

លោក ​ណុប វី ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា​ លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ព្រោះ​ខ្លឹម​សារ​សំខាន់​នៅ​ក្នុង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋទទួល​បាន​ព័ត៌មាន​សាធារណៈ ​ដែល​បាន​ពី​ស្ថាប័ន​រដ្ឋ ​ដែល​នឹង​ធ្វើ​ឲ្យពលរដ្ឋមាន​ភាព​សកម្មច្រើន​ជាង​ពេល​បច្ចុប្បន្ន ​ក្នុង​ការ​ចូល​រួម​ផ្តល់​យោបល់​ផ្សេងៗ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។​

លោក​បន្ថែមថា ​ច្បាប់​នោះ​ក៏​មាន​ការ​កំណត់​តួនាទី​ដល់​មន្ត្រី​ផ្តល់​ព័ត៌មាន​ក្នុង​ស្ថាប័ន​រដ្ឋ​ ​ដែល​ត្រូវផ្តល់​ព័ត៌មាន​ដល់​អ្នក​ស្នើ​សុំ​ព័ត៌មាន ដែល​ការណ៍​នេះនឹង​នាំឱ្យ​មាន​ភាព​ល្អ​ប្រសើរ ​ព្រោះ​ថាបច្ចុប្បន្ន​នេះ ​ការ​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ មន្ត្រី​រដ្ឋ​មិន​ទាន់​ផ្តល់​ព័ត៌មាន​ឲ្យបាន​ទូលំ​ទូលាយ​ដល់​អ្នក​ស្នើ​សុំនៅ​ឡើយ​ទេ។​

លោក​ថ្លែង​ថា៖ ​«នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើ​ង​ឃើញ​ថា​ នៅ​ពេល​មាន​ការ​ស្នើ​សុំ​ព័ត៌មាន​គឺ​ថា​ ស្ថាប័ន​មួយ​ចំនួន ​ក៏​លោក​បាន​ផ្តល់​ព័ត៌មាន​ ហើយ​ស្ថាប័ន​ជា​ច្រើន​ទៀត​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​ជូន​ទៅ​ដល់​អ្នក​ស្នើ​សុំ។​ អ៊ីចឹង​កន្លែង​ហ្នឹង ​វា​មាន​ប្រយោជន៍​ជាទូទៅ​នៅ​ក្នុង​ខ្លឹម​សារ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលព័ត៌មាន​ ទាំង​អ្នក​សារ​ព័ត៌មាន​ ទាំង​សាធារណៈ​ជន​ទូទៅ​ កម្មករ ​កសិករ ​ពលករ​គ្រប់គ្នា ​ដែល​គាត់​មាន​តម្រូវ​ការ​ក្នុង​ការ​ស្នើ​សុំ​ព័ត៌មាន​ គឺ​គាត់​អាច​ស្នើ​សុំ​បាន»។​

រូបឯកសារ៖ ស្ត្រីវ័យចំណាស់ម្នាក់កាន់​កាសែតមួយបង្ហាញដល់អ្នកសារព័ត៌មានវីអូអេ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩។ (ខាន់ សុគុំមនោ/VOA Khmer)
រូបឯកសារ៖ ស្ត្រីវ័យចំណាស់ម្នាក់កាន់​កាសែតមួយបង្ហាញដល់អ្នកសារព័ត៌មានវីអូអេ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩។ (ខាន់ សុគុំមនោ/VOA Khmer)

លោក​ មាស សុភ័ណ្ឌ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រសួង​ព័ត៌មាន​នៅ​បន្ត​ការ​រៀបចំ​បញ្ចប់​លើ​ខ្លឹម​សារ ​និង​នីតិវិធី​ផ្សេងៗ​ ដើម្បី​ដាក់​ស្នើ​សុំ​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់មួយ​នេះ​ទៅ​តាម​នីតិវិធី។​ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​នឹង​បញ្ចប់ ​និង​អនុម័តក្នុង​ពេល​ឆាប់ៗ​ ឬ​យ៉ាង​ណា​នោះ​ទេ ​ដោយលោក​បញ្ជាក់​ត្រឹម​តែ​ថា ក្រសួងកំពុង​ពិនិត្យ​មតិ​យោបល់​របស់​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​ក៏សូម​បញ្ជាក់​ផង​ដែរ​ថា​ ពាក់​ព័ន្ធ​នឹង​ដំណើរ​នៃ​ការ​រៀបចំ​ច្បាប់​សិទ្ធ​ទទួល​ព័ត៌មាន​មក​ដល់​ពេល​បច្ចុប្បន្ន​ ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​នូវ​ការ​ប្រជុំ​ពិគ្រោះ​យោបល់​លើ​ជំពូក​ទោស​បញ្ញត្តិរួច​ហើយ​ ប៉ុន្ដែ​នៅ​មាន​ចំណុច​សេស​សល់​តិច​តួច ​ដែល​ត្រូវ​ស្នើ​សុំ​ការ​សម្រេច​ពី​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ទាំង​ពីរ​ ហើ​យ​ក្រសួង​ក៏​កំពុង​ពិនិត្យ​លើ​មតិ​យោបល់​មួយ​ចំនួន​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​របស់​ភាគី​ពាក់​ព័ន្ធ​ផង​ដែរ»។​

លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​បាន​អនុម័ត​ក៏​ដោយ​ ក៏រាជ​រដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​យន្តការ​ចាំបាច់​នានា​តាម​រយៈ​ការ​បង្កើត​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ ទាំង​នៅ​ថ្នាក់​ជាតិ ​និង​នៅ​ថ្នាក់​ក្រោម​ជាតិ ​និង​ការ​បង្កើត​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល អ្នក​នាំ​ពាក្យ​តាម​ក្រសួង​ស្ថាប័ន​ និង​មន្ត្រី​ព័ត៌មាននៅ​គ្រប់​រាជធានី​ ខេត្ត ​ក្នុង​ការ​លើក​កម្ពស់​ និង​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នូវ​ការ​ផ្តល់​សេវា​សាធារណៈ ​និង​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។ ​

មាត្រា​ ៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដែល​វីអូអេ​ទទួល​បាន​ ចែង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ ​ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារណៈ ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ​ ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​លើក​លែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទ​បញ្ញត្តិ​ហាម​ឃាត់។​

សេចក្តី​ព្រាង​ច្បាប់​ឲ្យ​ដឹង​ថា​ ព័ត៌មាន​សម្ងាត់​ដែល​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​មិន​ផ្តល់​ឲ្យ​មាន​ដូចជា​ ព័ត៌មាន​បណ្តាល​ឲ្យ​អន្តរាយ ​និង​ប៉ះពាល់​ដល់​វិស័យ​សាធារណៈ​ និង​ឯកជន ​ដូច​ជា​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ ​និង​សន្តិសុខ​ជាតិ ​ដូច​ជា​ការ​នាំ​ចូល​ ការ​ផលិត​ ការ​រក្សា​ទុក ​និង​ការ​ប្រើប្រាស់​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ​ជា​ដើម ​ព្រមទាំង​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស ​ឬ​អន្តរជាតិ​ ព័ត៌មាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុជាតិ។​ ព័ត៌មាន​បណ្តាល​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ​ ការ​អនុវត្ត​ច្បាប់​ និង​ការ​សម្ងាត់​របស់​តុលាការ ​ដែល​ត្រូវ​យក​មក​អនុវត្ត។​ ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ឯកជន​ ព័ត៌មាន​សម្ងាត់​ដែល​ទាក់ទង​ទៅ​នឹង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ​និង​ដំណើរ​នៃ​ការ​តែង​តាំង​របស់​ស្ថាប័ន​សាធារណៈ ​និង​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​ ដែល​បទ​បញ្ញត្តិ​ហាម​ឃាត់។ ​

សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មាន​ចែង​ការ​ដាក់​ទោស​ទណ្ឌ​លើ​មន្ត្រី​ទទួល​បន្ទុក​សារ​ព័ត៌មាន​ ឬ​មន្ត្រី​ស្ថាប័ន​សាធារណៈ​ ដែល​អាក់​ខាន​ ឬ​ក៏​មិន​បាន​បំពេញ​តួនាទី​ភារកិច្ច​តាម​ខ្លឹម​សារ​នៃ​ច្បាប់​នេះ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG