សម្រាប់អ្នកស្ដាប់វិទ្យុ Polskie ដែលជាបណ្ដាញផ្សព្វផ្សាយសាធារណៈរបស់ប្រទេសប៉ូឡូញ ចំណងជើងព័ត៌មាននៅលើវេបសាយរបស់វិទ្យុនេះហាក់ដូចជាចម្លែក ដែលសរសេរថា «សច្ចភាពដែលមិនអាចទទួលយកបាន៖ សហភាពអឺរ៉ុបនឹងដើរទៅមុខដោយគ្មានប៉ូឡូញ» និងចំណងជើងមួយទៀតដែលសរសេរថា «អ៊ុយក្រែននឹងមិនចូលរួមជាមួយសហភាពអឺរ៉ុបទេ»។
ការអត្ថាធិប្បាយអំពីការគាំទ្ររុស្ស៊ីនិងការប្រឆាំងនឹងការចូលរួមក្នុងសហភាពអឺរ៉ុបនេះមិនមានភាពស៊ីគ្នាជាមួយនឹងសេចក្ដីរាយការណ៍ជាធម្មតាទូទៅរបស់បណ្ដាញផ្សព្វផ្សាយនេះទេ។ ប៉ុន្តែ បើគេក្រឡេកមើលមួយភ្លែត វេបសាយនេះហាក់ដូចជាត្រឹមត្រូវពិតប្រាកដ។
ប៉ុន្តែ បើមើលឱ្យដិតដល់បន្តិច គេនឹងឃើញការពិត។ វេបសាយនេះមានអាសយដ្ឋាន polskieradio.icu។ ចំណែកឯអាសយដ្ឋានពិតប្រាកដរបស់វិទ្យុ Polskie គឺ polskieradio.pl។ការអត្ថាធិប្បាយនានាដែលគាំទ្ររុស្ស៊ីត្រូវបានបង្ហោះនៅលើវេបសាយរបស់រុស្ស៊ីដែលបន្លំឱ្យដូចវេបសាយពិតប្រាកដនេះ ដែលវេបសាយនេះត្រូវបានរចនាឡើងជាពិសេសដើម្បីធ្វើឱ្យអ្នកអានយល់ច្រឡំ។
រឿងរ៉ាវដែលបានកើតឡើងកាលពីខែមេសានេះគឺជាផ្នែកមួយនៃទិន្នាការវេបសាយក្លែងក្លាយដែលត្រូវបានប្រើនៅក្នុងយុទ្ធនាការបំភ្លៃព័ត៌មាន «ជាបន្តបន្ទាប់» អស់រយៈពេល ២ ឆ្នាំមកហើយ។ នេះបើយោងតាមអត្ថបទផ្សព្វផ្សាយមួយរបស់វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (IPI) ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី និងអង្គការសេរីភាពសារព័ត៌មានចំនួន ៣ ទៀតនៅទ្វីបអឺរ៉ុប។
ក្រុមអង្គការឃ្លាំមើលទាំងនេះបានបញ្ជាក់ថា ភ្នាក់ងាររុស្ស៊ីកំពុងបង្កើតវេបសាយព័ត៌មានក្លែងក្លាយដោយធ្វើត្រាប់តាមវេបសាយព័ត៌មានដែលមានកេរ្តិ៍ឈ្មោះល្អ ហើយបង្ហោះរឿងរ៉ាវមិនពិតនៅលើវេបសាយក្លែងក្លាយទាំងនោះ។
អ្នកស្រី Camille Magnissalis ដែលជាអ្នកឃ្លាំមើលការរំលោភបំពានសេរីភាពសារព័ត៌មាននៃសហព័ន្ធអ្នកកាសែតអឺរ៉ុប (EFJ) បានថ្លែងថា៖ «វាពិបាកនឹងដឹងណាស់ថាវាជាវេបសាយក្លែងក្លាយ ដូច្នេះយុទ្ធនាការរបស់ពួកគេពិតជាដំណើរការទៅមុខ។ ប្រសិនបើអ្នកមិនដឹង អ្នកអាចនឹងយល់ខុស»។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីខែកញ្ញាថា វេបសាយបែបនេះគឺជាផ្នែកមួយនៃ «យុទ្ធនាការដឹកនាំដោយរដ្ឋាភិបាលរុស្ស៊ីដើម្បីជះឥទ្ធិពលដ៏ទុច្ចរិតទៅបរទេស» ដែលគេស្គាល់ក្រៅផ្លូវការថា «Doppelganger» ដែលមានន័យសំដៅលើបុគ្គលដែលមានភិនភាគស្ទើរតែដូចបុគ្គលម្នាក់ទៀតទាំងស្រុង។
នៅពេលនោះ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសអំពី «ការរឹបអូសជាបន្ត» នូវដែនអាសយដ្ឋានអ៊ីនធឺណិតចំនួន ៣២ ដែលត្រូវបានប្រើប្រាស់នៅក្នុងយុទ្ធនាការ Doppelganger នេះ។
វេបសាយទាំងនោះមើលទៅដូចទៅនឹងវេបសាយព័ត៌មាននៅសហភាពអឺរ៉ុបដែលគួរឱ្យទុកចិត្ត ប៉ុន្តែតាមពិត វាបានធ្វើឱ្យអ្នកអានយល់ខុសតាមរយៈការចុះផ្សាយរឿងរ៉ាវដែលមានបំណងព្យាបាទនិងការឃោសនាជាច្រើន។ ខ្លឹមសារទាំងនោះតែងត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមអនឡាញតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មឬតាមរយៈទំព័របណ្ដាញសង្គមអនឡាញស្វ័យប្រវត្តិនានា។
អ្នកស្រី Magnissalis បានប្រាប់ VOA ថា៖ «ជារឿយៗ រឿងរ៉ាវទាំងនេះពាក់ព័ន្ធទៅនឹងរឿងនយោបាយ ពីព្រោះពួកគេចង់ជះឥទ្ធិពលលើមនុស្ស។ នៅទីបញ្ចប់ រឿងរ៉ាវទាំងនេះត្រូវបានគេបញ្ចូលទៅក្នុងទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយទាំងមូលហើយវានឹងមានឥទ្ធិពល»។
ក្រុមមួយដែលមានឈ្មោះថាក្រុមឆ្លើយតបរហ័សផ្នែកសេរីភាពប្រព័ន្ធផ្សព្វផ្សាយ (MFRR) បានរៀបរាប់អំពីយុទ្ធនាការបំភ្លៃព័ត៌មានរបស់រុស្ស៊ីនៅក្នុងរបាយការណ៍ពាក់កណ្ដាលឆ្នាំ ២០២៤ របស់ខ្លួនស្ដីពីការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមឆ្លើយតបរហ័សនេះរួមមានសមាជិកមកពីអង្គការឃ្លាំមើលសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅសហភាពអឺរ៉ុប ដែលរួមមានទាំងអង្គការ EFJ និងអង្គការ IPI ផងដែរ។
កាលពីឆ្នាំ ២០២៣ អត្ថបទព័ត៌មានមិនពិតជាច្រើនបានលេចឡើងនៅលើវេបសាយក្លែងក្លាយនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមឆ្លើយតបរហ័សដដែលនេះ។ នៅក្នុងឆ្នាំ ២០២៤ នេះ ការវាយប្រហារភាគច្រើនបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបន្លំធ្វើជាអ្នកកាសែតល្បីឈ្មោះទាំងមុខមាត់ រូបរាង និងសំឡេង។
ព័ត៌មានបែបនេះបានធ្វើឱ្យអ្នកទទួលបានព័ត៌មានបាត់បង់ទំនុកចិត្តជាទូទៅលើព័ត៌មាន និងបង្កើតនូវ «បរិយាកាសវឹកវរ» ក្នុងចំណោមអ្នកអានព័ត៌មាននៅទ្វីបអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍ដដែលនេះ។
ដែនអាសយដ្ឋានវេបសាយព័ត៌មានប្រឌិតទាំងនេះត្រូវបានទិញតាមរយៈការផ្ទេរប្រាក់តាមប្រព័ន្ធរូបិយបណ្ណឌីជីថល cryptocurrency ដែលអាចលាក់បាំងអត្តសញ្ញាណអ្នកទិញ ហើយកន្លែងផ្ទុកទិន្នន័យ crypto ដែលត្រូវបានប្រើប្រាស់មានជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។ នេះបើយោងតាមអត្ថបទរបស់អង្គការ IPI។
ប្រតិបត្តិការរបស់រុស្ស៊ីនេះបានដៅគោលដៅលើប្រទេសអ៊ុយក្រែន ប៉ូឡូញ និងអាល្លឺម៉ង់។ យុទ្ធនាការនេះក៏បានផ្ដោតគោលដៅលើប្រទេសបារាំងផងដែរនៅមុនការបោះឆ្នោតប្រធានាធិបតីបារាំងកាលពីរដូវក្ដៅឆ្នាំមុនតាមរយៈការបន្លំធ្វើជាវេបសាយសារព័ត៌មាន Le Monde។
ស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ VOA ក្នុងការសុំបញ្ចេញមតិនោះទេ។
លោក Karol Luczka មន្ត្រីផ្នែកតាមដាននិងតស៊ូមតិនៅអឺរ៉ុបខាងកើតនៃអង្គការ IPI បាននិយាយថា ខណៈពេលដែលយុទ្ធនាការបំភ្លៃព័ត៌មាននេះកំពុងរាលដាលនៅទូទាំងទ្វីបអឺរ៉ុបនៅពេលបច្ចុប្បន្ននេះ វេបសាយបន្លំបែបនេះបានចាប់ផ្ដើមលេចឡើងដំបូងនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានព្យាយាមកេងចំណេញទៅលើមតិសាធារណៈអំពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
បើយោងតាមលោក Luczka រឿងរ៉ាវក្លែងក្លាយនៅលើវេបសាយទាំងនោះជំរុញនូវគំនិតធំៗចំនួន ៣ គឺ អ៊ុយក្រែននឹងចាញ់សង្គ្រាម អ៊ុយក្រែននឹងអស់ធនធាន និងរដ្ឋាភិបាលអ៊ុយក្រែនពុករលួយ។
លោក Luczka បានបន្ថែមថា នៅមុនឆ្នាំ ២០២២ រុស្ស៊ីបានចេញផ្សាយព័ត៌មានប្រឌិតជាភាសារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ យុទ្ធនាការក្លែងបន្លំសម័យទំនើបនេះបានប្រើប្រាស់ភាសារបស់ប្រទេសដែលពួកគេដៅគោលដៅលើ។ ភាពខុសគ្នានេះបានធ្វើឱ្យអ្នកទទួលព័ត៌មានងាយនឹងជឿលើអ្វីដែលពួកគេកំពុងអាន៕