ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់សារព័ត៌មានអនឡាញមួយឈ្មោះ ខ្មែរខូវឺធីវី (KCTV) ខណៈចាងហ្វាងសារព័ត៌មានមួយនេះមានជម្លោះជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា រឿងចុះផ្សាយអត្ថបទទាក់ទងនឹងការអភិវឌ្ឍរបស់ឧកញ៉ាម្នាក់នោះនៅក្នុងខេត្តកណ្តាល។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
ក្រសួងព័ត៌មានមិនបានបញ្ជាក់មូលហេតុចំៗនៃការសម្រេចលុបចោលអាជ្ញាបណ្ណនេះទេ ដោយគ្រាន់តែលើកឡើងថា សារព័ត៌មានមួយនេះ«បានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងជាអាណាព្យាបាលម្តងជាពីរដង ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបាននៅឡើយទេ។
កាលពីចុងខែធ្នូ ឆ្នាំ២០២២ ស្ថាប័នព័ត៌មានខូវឺធីវី (KCTV) រងការព្រមានប្តឹងផ្តល់ពីក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រសិនបើស្ថាប័ននោះមិនលុបចោលវីដេអូព័ត៌មាន ដែលបានចុះផ្សាយកាលពីកន្លងទៅ។
ស្ថាប័ននោះបានចុះផ្សាយព័ត៌មានជាឃ្លីបវីដេអូ និងអត្ថបទដែលបានរាយការណ៍ថា ក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា បានធ្វើផ្លូវចាក់លុបព្រែក និងវាយកម្ទេចស្ពាន នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ ការចុះផ្សាយនេះនាំឱ្យមានប្រតិកម្មពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានច្រានចោលការលើកឡើងនេះជាបន្តបន្ទាប់ និងព្រមានប្តឹងសារព័ត៌មានអនឡាញនេះផងដែរ។
លោក មិន ឃឿន ចាងហ្វាងនៃអង្គភាពសារព័ត៌មាន KCTV ធ្លាប់បានការពារអត្ថបទផ្សាយរបស់លោក និងជំរុញឱ្យមានការបកស្រាយពីលោក ឡេង ណាវ៉ាត្រា ព្រមទាំងបង្ហាញឯកសារត្រឹមត្រូវ ដើម្បីឱ្យស្ថាប័នកែតម្រូវ ប្រសិនបើព័ត៌មានដែលបានផ្សាយកាលពីកន្លងទៅ មិនមែនជាការពិត។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក មិន ឃឿន បាននៅឡើយទេ នាថ្ងៃសុក្រនេះ៕