កម្មករក្នុងវិស័យកាត់ដេរមួយចំនួនត្អូញត្អែរថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាបាន ៦ ដុល្លារបន្ថែមសម្រាប់ឆ្នាំ ២០២៣ មិនអាចជួយសម្រួលដល់ជីវភាពរបស់ពួកគេបាននោះទេ ប្រសិនបើតម្លៃទំនិញនៅតែបន្តឡើងថ្លៃ។
ការត្អូញត្អែររបស់ពួកគេធ្វើឡើង បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរក្នុងឆ្នាំ ២០២៣ ត្រូវបានដំឡើងត្រឹម ២០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ពោលគឺកើនឡើង ៦ ដុល្លារ បើធៀបនឹងឆ្នាំ ២០២២។
កញ្ញា ធួង ស្រីម៉ី កម្មការិនីផ្នែកអ៊ុត នៅរោងចក្រមួយស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លើកឡើងថា ប្រាក់ឈ្នួលគោល ២០០ ដុល្លារនេះ ក្នុងស្ថានភាពបច្ចុប្បន្នមិនអាចជួយឱ្យការរស់នៅរបស់កញ្ញាបានប្រសើរឡើងនោះទេ ដោយសារតម្លៃទំនិញលើទីផ្សារក៏ឡើងថ្លៃជាបន្តបន្ទាប់។
កម្មការិនីវ័យ ២៨ ឆ្នាំរូបនេះបន្ថែមថា ជារៀងរាល់ខែកញ្ញាតែងចំណាយជាង ២០០ដុល្លារ បើទោះបីជាកញ្ញាព្យាយាមចាយត្បិតត្បៀតក៏ដោយ។ កញ្ញាស្នើឱ្យរដ្ឋាភិបាលជួយទប់ស្កាត់តម្លៃទំនិញ កុំឱ្យឡើងថ្លៃខ្លាំងពេក។
កញ្ញា ធួង ស្រីម៉ី បានថ្លែងថា៖ «ទំនិញគឺគេឡើងថ្លៃមកស្រឺតៗ ទំនិញឡើងហើយបានប្រាក់ឈ្នួលយើងឡើងតាមក្រោយ ដូចទំនិញទីផ្សារឡើងថ្លៃមុនអ៊ីចឹង ប្រាក់ឈ្នួលយើងឡើងតាមក្រោយ សាំងថ្លៃ ឡើងអីអ៊ីចឹង។ អ៊ីចឹងមានតែស្នើសុំខាងរដ្ឋាភិបាលទប់ស្កាត់កុំឱ្យប្រេងឡើង ខាង [ទំនិញ] ទីផ្សារឡើងថ្លៃអ៊ីចឹងហា៎បង»។
ចំណែកកញ្ញា នយ សារ៉ាន់ កម្មការិនីធ្វើការនៅរោងចក្រហុងវ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លើកឡើងដែរថា ប្រាក់ឈ្នួលដែលឡើងបានត្រឹម ២០០ ដុល្លារអាមេរិកនេះ គឺនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងតម្លៃទំនិញលើទីផ្សារក្នុងពេលបច្ចុប្បន្ន។
កញ្ញាថ្លែងថា៖ «ការចំណាយទៅលើអាហារ ទឹកភ្លើង និងចំណាយផ្សេងៗក្នុងមួយខែៗ គឺអស់ច្រើន បើប្រៀបធៀបនឹងប្រាក់ខែគោលតែ ២០០ ដុល្លារ អត់មានលុយបន្ទាប់បន្សំ លុយពួកខ្ញុំធ្វើការក្រៅម៉ោង ឬក៏ថែមម៉ោងវិញ គឺលុយហ្នឹងចាយមិនគ្រប់ទេ»។
ដូចគ្នានឹងកញ្ញា ស្រីម៉ី ដែរ កញ្ញា នយ សារ៉ាន់ ចង់ឱ្យរដ្ឋាភិបាលជួយសម្រួលធ្វើយ៉ាងណាទប់ស្កាត់ កុំឱ្យទំនិញគ្រប់ប្រភេទឡើងថ្លៃ។
កញ្ញា នយ សារ៉ាន់ ថ្លែងថា៖ «ដូចពួកខ្ញុំជាកម្មករអត់មានអីទេ គ្រាន់តែចង់ស្នើសុំដល់រដ្ឋាភិបាលជួយសម្រួល កុំឱ្យប្រាក់ខែឡើងតែបន្តិចបន្តួច ហើយថ្លៃផ្ទះ ទឹកភ្លើងឡើងថ្លៃ ហើយទំនិញទីផ្សារ អាហារប្រចាំថ្ងៃឡើងខ្ពស់អ៊ីចឹង ហ៎ាបង»។
ប្រាក់ឈ្នួលគោលអប្បបរមាកំណត់ដោយយោងលើលក្ខខណ្ឌវិនិច្ឆយចំនួន ៧ ចំណុច រួមមានស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ លើកឡើងថា រដ្ឋាភិបាលអាចទប់ស្កាត់ការឡើងថ្លៃប្រេងសាំង ទឹក អគ្គិសនី ព្រមទាំងទំនិញផ្សេងៗជាដើម តាមរយៈការឧបត្ថម្ភធន និងទប់ស្កាត់ការនាំចូលទំនិញផ្សេងៗ ដើម្បីសម្រួលដល់ជីវភាពរបស់កម្មករ។
លោកថ្លែងថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលអាចធ្វើបាន ដូចជាការទប់តម្លៃទឹក តម្លៃភ្លើង និងតម្លៃសាំងអីផ្សេងៗដែលអាចទប់បាន។ ឧទាហរណ៍ដូចជាឧបត្ថម្ភធន ឬក៏យកពន្ធ កម្រិតពន្ធដើម្បីបន្ថយការឡើងថ្លៃហ្នឹងបាន។ ហើយដូចជារឿងអង្ករ រឿងអីហ្នឹង ស្រុកខ្មែរយើងធ្វើបាន អ៊ីចឹងវាមិនគួរអីឡើងថ្លៃទេ។ អ៊ីចឹងទប់ស្កាត់តែការឡើងថ្លៃសាច់ និងការនាំចូលនូវសម្ភារៈមួយចំនួនពីប្រទេសមួយចំនួន ដែលអាចទប់បានទៅ។ ខ្ញុំគិតថា សុទ្ធតែអាចធ្វើបាន»។
លោកថ្លែងបន្ថែមថា ប្រសិនបើតម្លៃទំនិញនៅតែខ្ពស់ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅតែទាប នោះកម្មករនឹងត្រូវបង្ខំចិត្តធ្វើការងារច្រើនម៉ោង ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។
លោក អាត់ ធន់ បានថ្លែងថា៖ «ធ្វើឱ្យសុខភាពគាត់ចុះខ្សោយ គាត់អាចប្រឈមនឹងជំងឺ ហើយអាចបាក់កម្លាំង។ ហើយមួយទៀត គាត់អាចនឹងមិនមានកម្លាំងផលិតបានលឿន ឬក៏មានគុណភាព ដើម្បីប្រកួតប្រជែងប្រទេសក្នុងតំបន់នោះទេ។ ហើយចុងក្រោយអាចថា នៅពេលដែលស្ថានភាពធ្វើការច្រើន បរិយាកាស អត់ល្អ ហើយមានជំងឺច្រើន អាចប៉ះពាល់ដល់ការចំណាយផ្សេងៗ ការព្យាបាលផ្សេងៗ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារប្រាប់ VOA តាមបណ្តាញសង្គម WhatsApp ថា ការកើនប្រាក់ឈ្នួលពី ១៩៤ ដុល្លារ ទៅ ២០០ ដុល្លារ អាចជួយកម្មករកម្មការិនីបានខ្លះ ហើយថា ប្រាក់ដែលពួកគេធ្វើថែមម៉ោង ក៏នឹងបានច្រើនជាងមុនដែរ។
លោក ហេង សួរ លើកឡើងទៀតថា ការជួយទប់ស្កាត់តម្លៃទំនិញឡើងថ្លៃ និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដើម្បីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាល គឺបានអន្តរាគមន៍ច្រើននៅក្នុងការទប់ស្កាត់ការឡើងថ្លៃទំនិញនៅពេលកន្លងមក ហើយយើងបន្តទប់ស្កាត់ និងអន្តរាគមន៍បន្ថែមទៀត ហើយការជួយអន្តរាគមន៍នេះមិនមែនសំដៅតែលើក្រុមមនុស្សណាមួយទេ គឺសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។ ដូចជាថ្លៃអគ្គិសនី គឺមិនមានឡើងថ្លៃទេ ទៅបីជាប្រទេសគេមានការឡើងថ្លៃអគ្គិសនី ប៉ុន្តែក្នុងប្រទេសកម្ពុជាមិនមានការឡើងថ្លៃអគ្គិសនីទេ»។
ក្រោយបញ្ចប់ការប្រជុំកំណត់ប្រាក់ឈ្នួល កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអំពាវនាវឱ្យអ្នកលក់ដូរ និងអ្នកផ្តល់សេវាកម្មទាំងអស់ កុំដំឡើងថ្លៃ ដើម្បីសម្រួលដល់ការចំណាយរបស់កម្មករកម្មការិនី៕
កម្មករកាត់ដេរត្អូញត្អែរថាប្រាក់ឈ្នួលគោល ២០០ដុល្លារ មិនប្រសើរនោះទេ បើទំនិញបន្តឡើងថ្លៃ
ភ្នំពេញ —