ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​និង​លោក​ ​សម រង្ស៊ី​ ​ស្បថ​ដាក់​ជីវិត​លើ​​តួលេខ​​ពល​រដ្ឋ​ចេញ​ទៅ​បោះឆ្នោត


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ស្បថ​ថា​ឲ្យ​លោក​ស្លាប់ បើ​សិនជា​លទ្ធ​ផល​នៃ​ចំនួន​ប្រជា​ពល​រដ្ឋ​​ចេញ​ទៅ​​បោះឆ្នោត​ ​ជាលទ្ធ​ផល​ក្លែងក្លាយ។ លោក​ ​សម រង្ស៊ី​ ​ក៏​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​​​ឆ្លើយ​តប​នឹង​ការ​បបួល​ស្បថ​របស់​លោក​ ​ហ៊ុន សែន​ ​ថា​ ​ជា​វិធី​ឃ្លាត​ឆ្ងាយ​ពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​ជាក់ស្តែង។​

​នៅ​ថ្ងៃ​ចន្ទ​នេះ ​ថ្នាក់​ដឹកនាំ​នយោបាយ​ចាស់​ទុំ​ខ្មែរ​ពីរ​រូប ​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​លោក​ ​សម រង្ស៊ី​ ​បាន​ថ្លែង​ដៀមដាម​ស្បថស្បែរដាក់​ជីវិត​ ​ចំពោះ​តួលេខ​ដែល​ពល​រដ្ឋ​កម្ពុជាចេញ​ទៅ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា​ កន្លង​ទៅ។

ដោយ​មាន​ការរិះគន់​ជា​ច្រើន​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ដែល​គ្មាន​បក្ស​ប្រឆំាង​ចូលរួមលោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ​ ​បាន​ស្បថ​ឲ្យ​លោក​ស្លាប់​ ប្រសិន​បើ​លទ្ធ​ផល​នៃ​ចំនួន​ប្រជា​ពល​រដ្ឋចេញ​ទៅបោះឆ្នោត​ ​ជាលទ្ធ​ផល​ក្លែងក្លាយ​ ​ឬ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ការបំភ័យ​ពល​រដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ ​ដូច​ការ​ចោទ​របស់​ក្រុម​ជំទាស់។​

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ ក្នុង​ពិធី​ជួបជុំ​អត្ដពលិក​ ​និង​កីឡាករ​ ​កីឡាការិនី​ ​គ្រូបង្វឹក​ ​និង​ប្រតិភូ​កីឡា​ជាង​៧០​នាក់​ ​មុន​ពេល​ពួកគេ​ចេញ​ទៅ​ប្រកួត​កីឡា​ប្រចាំ​ទ្វីប​អាស៊ី​ ​(Asian Games)​ ​លើក​ទី​១៨។

ថ្លែងដោយ​មិនចំ​ឈ្មោះ​ ​តែ​សំដៅ​លើ​លោក​ ​សម រង្ស៊ី ​លោ​ក​នាយក​រដ្ឋមន្រ្តី​លើក​ឡើង​ថា៖​

«តើ​ពួក​អ្នកឯង​ហ៊ាន​ស្បថ​ឲ្យ​រន្ទះ​បាញ់​ ​ឲ្យ​ងាប់​ដោយសារ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ងាប់​ ​ហ៊ាន​ឬ​អត់?​ ​ឬ​ក៏​អន្តរាយ​ហ៊ាន​ឬ​អត់? ដែល​អ្នក​ឯង​ហ៊ាន​ចោទ​ថា​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​បំប៉ោង បំភិត​បំភ័យ​ត្រូវ​គេ​ស្អី​អ៊ី​ចេះ​អ៊ី​ចុះ​ហ៊ាន​ស្បថ​ឬ​អត់? ហ៊ាន​ស្បថ​ទេ? បើ​ហ៊ាន​ឥឡូវ​បង្ហោះ​តាម​ ​Facebook ទៅ។​ ​ខ្ញុំ​ក៏​ហ៊ាន​ស្បថ​ឲ្យ​ងាប់​តៃ​ហោង​ ​ឲ្យ​ងាប់​គ្រប់​ប្រភេទ តាម​ដែល​ងាប់​ទៅ​បាន​ឲ្យ​តែ​យមរាជ​ចង់​ខ្ញុំ​ងាប់​តាម​របៀប​ណា​ក៏​បាន»។

​ក្រោយ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​តែ​ប៉ុន្មាន​ម៉ោង​ ​លោក​ ​សម រង្ស៊ី​ ​ក៏​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ​ដោយឆ្លើយ​តប​នឹង​ការ​បបួល​ស្បថ​របស់​លោក​ ​ហ៊ុន សែន​ ​ថា​ ​ជា​វិធី​ឃ្លាត​ឆ្ងាយ​ពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​ជាក់ស្តែង។​ ​លោក​ ​សម រង្ស៊ី​ ​បន្ថែម​ថា​ ​លោក​នឹង​ស្បថ​ជាមួយ​លោក​ ​ហ៊ុន សែន​ ​តែ​លោកថា​សូម​ឲ្យ​មាន​វិទ្យាស្ថាន​ស្ទង់​មតិ​អន្តរជាតិ និង​ឯករាជ្យ​មួយ​ដើម្បីស្ទង់មតិ​ប្រជាពលរដ្ឋ​ពីការ​ចូលរួម​បោះ​ឆ្នោត​ ​និងមាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ដោយភាព​ត្រឹមត្រូវ​ជា​មុន​សិន។

លោក​ ​សម រង្ស៊ី​ សរសេរ​ថា៖​

«សូម​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ ​គ.ជ.ប.​ ​កុំ​បំផ្លាញ​ចោល​សន្លឹក​ឆ្នោត​ដែល​ប្រមូល​បាន​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស​ ​ដើម្បី​យក​មក​ពិនិត្យ​ ​និង​រាប់​ឡើងវិញ​ទាំងអស់​គ្នា ក្នុង​គោល​បំណង​ឃើញ​ឲ្យ​ច្បាស់​ថា សន្លឹកឆ្នោត​មោឃៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្វែង​ចោល​មាន​ចំនួន​ប៉ុន្មាន​ភាគរយ ហើយ​សន្លឹក​ឆ្នោត​ដែល​គេ​អះអាង​ថា​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពជា តើ​មាន​លក្ខណៈ​ជឿជាក់​បាន ឬ​ក៏​ក្លែង​បន្លំ។ ពេល​ពិនិត្យ និង​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​បែប​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ​មក​ចូលរួម​ផងដែរ ក្នុងនោះ​មាន​ទាំង​អ្នក​សង្កេតការណ៍​មក​ពី​ចលនា​សង្គ្រោះជាតិ​ផងដែរ»។

កម្ពុជា​ទើប​នឹង​បញ្ចប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦​ ​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​ជា​គណ​បក្សទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​ ​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​កន្លង​ទៅ។​ ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃទី២៩ ខែកក្កដាបង្ហាញ​ថា​ ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជាង​៨​លាន​៣​សែន​នាក់​ មាន​ពលរដ្ឋ​ជិត​៧​លាន​នាក់ ឬ​ស្មើ​នឹង​ជិត​៨៣%​ ​បានទៅ​បោះ​ឆ្នោត។​ ​ចំនួន​នេះ​ត្រូវ​បាន​ពលរដ្ឋ​ ​និង​អ្នក​នយោបាយ​មួយ​ចំនួន​ដាក់​ការ​មន្ទិល​សង្ស័យ។

​លោក​ ​សម រង្ស៊ី​ ​នា​ពេល​ថ្មីៗ​នេះ​ បាន​បង្ហោះ​សារ​ជាបន្ត​បន្ទាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​និយាយ​ថា​ ​គណ​បក្ស​កាន់អំណាច​ ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ​បាន​ក្លែង​បន្លំ​តួលេខ​អ្នក​ចេញ​ទៅ​បោះឆ្នោត​ ​ដោយ​លោកថា​ ​តួលេខ​នៃ​អ្នកចេញ​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៩ ខែ​សីហា​នេះ​ ​មាន​ចំនួន​តិចជាង​៥០​ភាគ​រយ មិនមែន​ជាង​៨២​ភាគ​រយ ដូចការ​ប្រកាស​នោះទេ។​ ​លោក​ក៏​បាន​បន្ថែមថា ប្រជាពលរដ្ឋ​ជាច្រើន​ត្រូវ​រង​គំនាប​ ​និងបង្ខំ​ចិត្តទៅ​ចូលរួម​ការ​បោះឆ្នោត ដែលលោក​ សម រង្ស៊ី ថា ជាការបោះឆ្នោត​ក្លែងក្លាយ។

លោក ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ថា​ ការលើក​ឡើង​អំពី​ការ​ស្បថស្បែរ​ ​គឺ​បង្ហាញ​ពី​ភាព​ឥត​ប្រយោជន៍​របស់​មេដឹកនាំ។​ ​លោក​បន្ថែម​ថា ​នាយក​រដ្ឋមន្រ្តីគួរ​ចំណាយ​ពេល​វេលាក្នុង​ការ​គ្រប់គ្រង​រដ្ឋ​ឲ្យ​បានល្អ ជាជាង​បបួល​នរណាម្នាក់​មក​ស្បថ។

អ្នកវិភាគ​នយោបាយ​ចាស់​ទុំ​រូប​នេះ​មាន​ប្រសាសន៍​ថា៖​

«សម្បថ​ធំ​ជាងគេ​នោះ​គឺ​សច្ចា​ប្រណិធាន​ចំពោះព្រះ​ភ័ក្រ្តព្រះ​មហាក្សត្រ​មុន​ឡើង​កាន់អំណាច​ហ្នឹង តើ​បាន​គោរព​អនុវត្ត​បាន​ត្រឹម​កម្រិត​ណា?​ ​យើង​គិត​តែស្បថស្បែរៗ​ ​ប៉ុន្តែ​សកម្មភាព​ជាក់​ស្តែង​វា​អត់។ នៅ​ពេល​ជាប់​ឆ្នោត​ហើយ​នាយ​ក​រដ្ឋមន្រ្តី​គេ​ត្រូវ​ចំណាយ​ពេល​វេលា ហើយផ្ចង់​អារម្មណ៍​ក្នុងការ​គ្រប់គ្រង​រដ្ឋ។ អាណត្តិ​ដែល​គេផ្តល់ឲ្យ​ហ្នឹងគឺ សម្រាប់​តែ​គ្រប់គ្រង​រដ្ឋទេ មិន​ត្រូវ​មក​ជជែកគ្នាបបួល​គេ​ឯង​ស្បថស្បែរ​អញ្ចឹង​ទេ។​ គិត​តែពីរឿង​ការគ្រប់គ្រង​រដ្ឋ​ឲ្យ​ល្អ​ទៅ នរណា​និយាយអី​និយាយ​ទៅ»។

ក្រោយ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ស្ថាប័ន​ ​និង​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ដែល​ប្រកាន់​យក​របប​លទ្ធិ​ប្រជាធិបតេយ្យ​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​ជា​បន្ត​បន្ទាប់។​ ​សហរដ្ឋ​អាមេរិក អូស្ត្រាលី​ ​កាណាដា​ ​នូវែលសេឡង់​ ​បារាំង​ ​អាល្លឺម៉ង់​ ​និង​សហភាព​អឺរ៉ុប បាន​ចោទ​សួរ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ ​ជា​មួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ្យ​នានា​ ​នៅ​មុន​ការ​បោះ​ឆ្នោត។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​គ.ជ.ប​ ​តែង​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរ​ជាតិ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ​និង​ថា​រដ្ឋាភិបាល​កម្ពុជា​ ​និង​ ​គ.ជ.ប​ ​បាន​អនុ​វត្តទៅ​តាម​ច្បាប់​ ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​រាជ​រដ្ឋា​ភិបាល​ថ្មី​និង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ព្រមទាំងកម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ​បាន​ធ្វើ​រួចរាល់​អស់​ហើយ។​ ​លោក​ថា​ ​ប្រសិនបើ​រាជ​រដ្ឋាភិបាល​អាច​បង្កើត​បានក្នុង​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ ​លោក​នឹង​ទៅ​ថ្លែង​ការណ៍​នៅ​អង្គការ​សហ​ប្រជាជាតិ​ ​ដែល​មាន​ទីតាំង​ក្នុងទីក្រុង​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក​ ​ដើម្បី​បង្ហាញ​អ្នក​ដែល​និយាយ​ថា​ លោក​អាចនឹង​ត្រូវ​អន្តរជាតិ​ចាប់​ខ្លួន៕​

XS
SM
MD
LG