នៅក្នុងថ្ងៃទីពីរនៃការបង្ហាញខ្លួនជាសាធារណៈក្រោយទទួលជ័យជម្នះភ្ល្លូកទឹកភ្លូកដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអង្វរពលរដ្ឋខ្មែរទាំងអស់កុំរើសអើងនិងស្អប់ខ្ពើមគ្នា ជៀសវាងការបង្កឲ្យមានជម្លោះណាមួយកើតឡើង រវាងអ្នកបានទៅបោះឆ្នោត និងមិនទៅបោះឆ្នោត។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកសូមអង្វរដល់ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត សូមកុំប្រកាន់នឹងអ្នកមិនបានទៅបោះឆ្នោត និងថាអ្នកដែលមិនបានទៅបោះឆ្នោត សូមកុំចោទអ្នកដែលទៅបោះឆ្នោតថាជាជនបរទេស។
ថ្លែងទៅកាន់កម្មករ-កម្មការិនីក្នុងជំនួបជាថ្មីលើកទី១ក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ដែលបានប្រកាសត្រៀមខ្លួនកាន់អំណាចបន្ត៥ឆ្នាំទៀតបញ្ជាក់ថា៖
«ខ្ញុំសូមអង្វរករចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះកម្មករ កម្មការិនីរបស់យើងមិនត្រូវធ្វើការរើសអើងណាមួយចំពោះអ្នកដែលបានទៅបោះឆ្នោត និងអ្នកដែលមិនបានទៅបោះឆ្នោតនោះទេ […] ទោះបីហេតុផលដោយកត្តាធុរៈផ្ទាល់ខ្លួននិងដោយកត្តានយោបាយក៏ដោយចុះ មេត្តាសុំកុំធ្វើការរើសអើង និងការស្អប់ខ្ពើមគ្នា ដែលអាចបង្កើតឲ្យមានជម្លោះនៅតាមភូមិឃុំ ក៏ដូចជាជម្លោះនៅតាមសហគមន៍នានា រាប់ទាំងជម្លោះតាមរោងចក្រដែលអាចមើលមុខគ្នាមិនត្រង់»។
លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ប្រជាពលរដ្ឋ និងកម្មករកម្មការិនីទាំងអស់ដែលបានទៅបោះឆ្នោត ថាបានចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកក៏បានលើកឡើងថា ការបោះឆ្នោតឆ្នាំ២០១៨ មានភាពស្ងប់ស្ងាត់ និងសុខសុវត្ថិភាព ខុសគ្នាឆ្ងាយទៅនឹងការបោះឆ្នោតឆ្នាំ២០១៣ ដែលពោរពេញដោយភាពច្របូកច្របល់ និងការភិតភ័យសម្រាប់ប្រជាពលរដ្ឋ។
កម្ពុជាទើបនឹងបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតឆ្នាំ២០១៧កន្លងទៅ។
លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យបង្ហាញថា ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៨លាន៣សែននាក់ មានជិត៧លាននាក់ ឬស្មើនឹងជិត៨៣% បានបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលដឹកនាំប្រទេសអស់រយៈពេលជាង៤០ឆ្នាំមកហើយនោះ ទទួលបានសំឡេងឆ្នោតយ៉ាងច្រើនលើសលុប និងកំពុងឈានទៅគ្រប់គ្រងរដ្ឋសភាជាតិដោយឯកបក្ស ក្នុងពេលឆាប់ៗ។
នៅមុនការបោះឆ្នោត លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយរួមទាំងការព្រមានថាអ្នកដែលមិនទៅបោះឆ្នោត តែយកទឹកថ្នាំខ្មៅមកលាបដៃបន្លំថាបានទៅបោះ ត្រូវប្រឈមនឹងការមានទោស ព្រមទាំងការចាត់វិធានការផ្លូវច្បាប់មួយចំនួន លើអ្នកដែលបង្ហោះសារថាមិនទៅបោះឆ្នោតជាដើម។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង ថ្លែងក្នុងកម្មវិធី Hello VOA ពិសេសនៅយប់ថ្ងៃពុធនេះថា តួលេខនៃចំនួនប្រជាពលរដ្ឋចេញទៅបោះឆ្នោត និងតួលេខផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត គឺសុទ្ធតែជាតួលេខក្លែងក្លាយ ដែលលោកថា ជាការរៀបចំដោយគណបក្សកាន់អំណាចប៉ុណ្ណោះ។
លោក សម រង្ស៊ី ដែលតែងអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត ដោយថា ការបោះឆ្នោតនោះគឺជាការបោះឆ្នោតក្លែងក្លាយ បាននិយាយថា៖
«ស្រុកខ្មែរឥលូវក្រោមការដឹកនាំរបស់លោក ហ៊ុន សែន លទ្ធិប្រជាធិបតេយ្យក៏ក្លែងក្លាយ នីតិរដ្ឋក៏ក្លែងក្លាយ អភិវឌ្ឍន៍ក៏ក្លែងក្លាយ បោះឆ្នោតក៏ក្លែងក្លាយ ដូច្នេះគាត់ធ្វើអ្វីក៏ក្លែងក្លាយទាំងអស់។ អញ្ចឹងហើយបានអន្តរជាតិគេថាល្មមហើយ ល្មមឈប់ល្បែងហ្នឹងហើយ ធ្វើអ្វីធ្វើឲ្យពិតប្រាកដ។ ហើយអ្វីដែលយើងចង់បានដើម្បីដោះស្រាយបញ្ហានោះ គឺឈប់បោះឆ្នោតក្លែងក្លាយ លុបចោលទៅអាលទ្ធផលបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃអាទិត្យហ្នឹង គឺរៀបចំការបោះឆ្នោតមែនទែន»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ VOA កាលពីថ្ងៃពុធថា នឹងមិនមានការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិទី៦នេះឡើយ ទោះបីជាមានប្រតិកម្មពីមជ្ឈដ្ឋានមួយចំនួនដែលមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះក៏ដោយ។
តុលាការកំពូលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០១៧ បានរំលាយគណបក្សសង្គ្រោះជាតិទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន។
ចំណែកនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការបញ្ចៀសសង្គ្រាមនៅកម្ពុជា។
យ៉ាងណាក៏ដោយគេឃើញថា ក្រោយការបោះឆ្នោតដែលមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ស្ថាប័ន និងសហគមន៍អន្តរជាតិមួយចំនួនដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្ដីថ្លែងការណ៍រិះគន់ជាបន្តបន្ទាប់។ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់ បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចោទសួរអំពីភាពស្របច្បាប់នៃការបោះឆ្នោតដែលបានកើតមានជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្ក្រាបអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា នៅមុនការបោះឆ្នោត។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជានិងគ.ជ.ប តែងច្រានចោលការរិះគន់របស់អន្តរជាតិថាមិនបានឆ្លុះបញ្ចាំងពីការពិត និងថារដ្ឋាភិបាលកម្ពុជា និង គ.ជ.ប បានអនុវត្តទៅតាមច្បាប់ ស្របតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយសម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាលនៃប្រទេសដែលរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាមិនបានបញ្ជូនអ្នកសង្កេតការណ៍មកសង្កេតមើលការបោះឆ្នោត ប៉ុន្តែបែរជាប្រកាសថា ការបោះឆ្នោតនេះមិនសេរី និងមិនយុត្តិធម៌ទៅវិញ៕