ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​វ័យ​ក្មេង​របស់​បក្ស​ប្រជាជន​កម្ពុជា​ការពារ​ខ្លឹមសារ«ប្រជាធិបតេយ្យ​ក្នុង​បរិបទ​សភា​ឯក​បក្ស»


រូបឯកសារ៖ លោក សាយ​ សំអាល់​​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អង្គុយ​ស្តាប់សុន្ទរកថា​ លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន នៅ​ក្នុង​កម្មវិធីប្រារព្ធ​​សាទរ​ ការ​ដាក់​​បញ្ចូលប្រាសាទ​ សំបូរ​ព្រៃ​គុក​​ ក្នុង​បញ្ជីរ​បតិកភ័ណ្ធ​ពិភពលោក​, នៅ​ទីក្រុង​ភ្នំពេញ, នៅថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (អូន​ ឆេង​ប៉រ​/ VOA)
រូបឯកសារ៖ លោក សាយ​ សំអាល់​​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អង្គុយ​ស្តាប់សុន្ទរកថា​ លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន នៅ​ក្នុង​កម្មវិធីប្រារព្ធ​​សាទរ​ ការ​ដាក់​​បញ្ចូលប្រាសាទ​ សំបូរ​ព្រៃ​គុក​​ ក្នុង​បញ្ជីរ​បតិកភ័ណ្ធ​ពិភពលោក​, នៅ​ទីក្រុង​ភ្នំពេញ, នៅថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (អូន​ ឆេង​ប៉រ​/ VOA)

ខណៈ​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនង​ជា​នឹង​ក្រសោប​យក​ទាំង​១២៥​កៅអី​ក្នុង​រដ្ឋសភា​អាណត្តិ​ទី​៦ ​ក្រោយ​ការ​បោះ​ឆ្នោត​ទាំង​ប្រទាំង​ប្រទើស​កាលពី​សប្ដាហ៍​មុន មន្ត្រី​ជំនាន់​ក្រោយ​វ័យ​ក្មេង​មួយ​រូប​របស់​បក្ស​មួយ​នេះ​ ​គឺ​លោក​រដ្ឋ​មន្ត្រី​បរិស្ថាន សាយ សំអាល់​ ​បាន​សរសេរ​បទ​បរិយាយ​មួយ​ ផ្ញើ​ជូន​កាសែត​ក្នុង​ស្រុក​ដោយ​ព្យាយាម​ពន្យល់​ថា​ ​ប្រជាធិបតេយ្យ​ក្នុង​បរិបទ​សភា​ឯក​បក្ស មិន​មែន​ជា​រឿង​អ្វី​ចម្លែក​ពេក​នោះ​ទេ។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ ​សាយ សំអាល់ ​តាម​រយៈ​លិខិត​ផ្ញើ​ជូន​កាសែត​ក្នុង​ស្រុក​មួយ​ ​បាន​ធ្វើ​ការ​ការពារ​ ថាមិន​មែន​ជា​រឿង​ចម្លែក​អ្វី​ពេក​នោះ​ទេ​ ​សម្រាប់បែប​បទ​ដឹក​នាំ​តាម​បែប​«លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​បរិបទ​សភា​ឯក​បក្ស» ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ទំនង​ជា​បាន​ឈ្នះ​អាសនៈ​ទាំង​អស់​១២៥​ក្នុង​រដ្ឋសភា​ ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។

បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​នានា​ បាន​ធ្វើ​ការ​រិះគន់​ការ​បោះ​ឆ្នោតដែលគណ​បក្ស​ប្រជាជន​កម្ពុជាមាន​ប្រៀប​ ​កាលពី​ថ្ងៃ​ទី​២៩​ ​ខែ​កក្កដា​ ​ដែល​ប្រព្រឹត្ត​ទៅ​ជា​មួយ​នឹង​អ​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ផាត់​ចេញ​ ដែល​ធ្លាប់​ជា​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​ក្នុង​ធុង​ឆ្នោតនិង​ការ​រិះគន់​អំពី​កង្វះ​លំហ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស។

ក៏​ប៉ុន្តែ​នៅ​ក្នុង​អត្ថបទ​បរិយាយ​ទស្សនៈ​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​លើ​ទំព័រ​កាសែត​រស្មី​កម្ពុជា​ ​ដែល​ជា​កម្ម​សិទ្ធិ​របស់ប្រធាន​ព្រឹទ្ធសភា​ លោក ​សាយ ឈុំ​ ​ជា​ឪពុក​របស់​លោក​ លោក​ ​សាយ សំអាល់​ ​បាន​ហៅ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩​ ​ខែក​កក្កដា​ ​ថា​បាន​ប្រព្រឹត្ត​ទៅ​«ដោយ​សេរី និង​យុត្តិធម៌»។

មន្ត្រី​ជាន់​ខ្ពស់​វ័យ​ក្មេង​របស់​បក្ស​កាន់​អំណាច​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ ​ដែល​ជឿ​ជាក់​លើ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ​ទោះ​បី​ជា​មាន​យុទ្ធនាការ​រារាំង​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត​ក៏​ដោយ។​ ​អត្រា​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​៨២.៨៩%​នេះ​ ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​បរា​ជ័យ​របស់​ក្រុម​ប្រឆាំង​ ​ដែល​តែង​តែ​ប្រើ​លទ្ធិ​ប្រជាធិបតេយ្យ​មក​បោក​ប្រាស់​ប្រជា​ពលរដ្ឋខ្មែរ»។

បើ​យោង​តាម​តួ​លេខ​ចុង​ក្រោយ​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៩ ​ខែ​កក្កដា​ ​មាន​អត្រា​៨២.៨៩% ហើយ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​ប្រមាណ​៧៦.៧៧%​នៃ​សន្លឹក​ឆ្នោត​បាន​ការ​សរុប ដែល​ទំនង​ជា​នឹង​ក្រសោប​យក​អាសនៈ​ទាំង​អស់​១២៥​នៅ​រដ្ឋសភា។

នៅ​ក្នុង​បទ​បរិយាយ​ទស្សនៈ​ដដែល លោក​ ​សាយ សំអាល់​ ​បាន​ថ្លែង​ការពារ​លទ្ធផល​នេះ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ ​ការ​ជ្រើសរើស​អ្នកដឹក​នាំប្រទេស​ ​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ឆន្ទៈ​ប្រជា​ពលរដ្ឋតាម​រយៈ​ការ​បោះ​ឆ្នោត។ ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​គឺ​អាច​មាន​គណ​បក្ស​មួយ​ឈ្នះ​ក្នុង​សភា​គណ​បក្ស​ពីរ​ ​ឬ​គណ​បក្ស​ច្រើន។​ ​តាម​រយៈ​លទ្ធផល​នេះ​ សភា​ជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដែល​មាន​លក្ខណៈ​ជា​សភា​ឯក​បក្ស ឬ​សភា​ទ្វេ​បក្ស ឬ​សភា​ពហុ​បក្ស»។​

​មក​ដល់​ចំណុច​នេះ លោក​រដ្ឋ​មន្ត្រី​ ​សាយ សំអាល់​ ​បាន​ថ្លែង​បន្ត​ថា​វា​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​មាន​គណ​បក្ស​តែ​មួយ​គ្រប់​គ្រង​អាសនៈ​ក្នុង​រដ្ឋសភា​ក្នុង​បរិបទ​នៃ​របប​ប្រជាធិបតេយ្យ​គ្រប់​គ្រង​ដោយ​ការ​បោះ​ឆ្នោត។ លោក​បាន​លើក​ឧទាហរណ៍​អំពី​ការ​ឈរ​ជើង​កាន់​កាប់​អាសនៈ​ទាំង​អស់​តែ​ឯក​ឯង​របស់​គណ​បក្ស​អំណាច​ប្រជាជន​(PAP) នៅ​ប្រទេស​សិង្ហបុរី មក​ទល់​នឹង​ឆ្នាំ​១៩៨០ និង​ការ​ឈរ​ជើង​ផ្ដាច់​មុខ​របស់​ចលនា​នយោបាយ​សង្គម​រាស្ត្រ​និយម​នៅ​កម្ពុជា​មក​ទល់​នឹង​ឆ្នាំ​១៩៧០។​

លោក​ ​សាយ សំអាល់​ ​ជា​រដ្ឋ​មន្ត្រី​មាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​គណៈរដ្ឋ​មន្ត្រី​អាណត្តិ​ទី​ប្រាំ ដែល​ចូល​មក​កាន់​តំណែង​កំពូល​នៅ​ក្រសួង​បរិស្ថាន​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ លោក​រក្សា​បាន​ដំណែង​ឈរ​ជើង​បាន​ជាប់​ជួន ខណៈ​ដែល​មាន​ការ​រុះរើ​កែ​សម្រួល​សមាសភាព​គណៈរដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ការ​ងារ​កំណែ​ទម្រង់​ក្នុង​ក្រសួង​បរិស្ថាន​ទៀត​សោត ក៏​លោក​ ​សាយ សំអាល់​ ​បាន​ទទួល​ការ​ពោល​សរសើរ​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៀត​ផង។​

ការ​ថ្លែង​របស់​លោក​ ​សាយ សំអាល់​ ​មាន​ឡើង ​ខណៈ​ដែល​រដ្ឋ​អំណាច​ដែលដឹក​នាំដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ទុក​ការ​រិះគន់​របស់​លោក​ខាង​លិច​នៅ​មួយ​ដុំ ហើយ​ស្រវាស្រទេញ​កំណត់​ពេល​វេលា​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​ដំបូង​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ទី១៩​ ​ខែ​កញ្ញា​ ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​គណៈរដ្ឋ​មន្ត្រី​ថ្មី នៅ​ថ្ងៃ​ទី២០​ ​ខែ​កញ្ញា​ ​និង​សម័យ​ប្រជុំ​ដំបូង​នៃ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា។

ការ​ប្រកាស​កាលបរិច្ឆេទ​នេះ​ ​កើត​មាន​នៅ​ព្រម​ពេល​ជា​មួយ​នឹង​ការ​រិះគន់​ ​និង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ទៅ​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​លើក​នេះ។​ ​រដ្ឋការ​របស់ប្រធានាធិបតី​ ​ដូណាល់ ត្រាំ នៃ​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ហើយ​ក៏​បាន​សម្ដែង​មន្ទិល​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ដែល​កង្វះ​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ជំទាស់​ដែល​មាន​កម្លាំង​គាំទ្រ​នយោបាយ​ខ្លាំង។

ភាសា​ស្រដៀង​គ្នា​ ត្រូវ​បាន​គេ​ឮ​ផងដែរ​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស អូស្ត្រាលី កាណាដា នូវែលសេឡង់ អាល្លឺម៉ង់ បារាំង ចក្រ​ភព​អង់គ្លេស ស៊ុយអែត និង​សហភាព​អឺរ៉ុប ដែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បណ្ដាក់​កន្ទុយ​គ្នា​តាំង​តែ​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​បាន​បិទ​បញ្ចប់​មក។

គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ ខណៈ​ប្រធាន​គណបក្ស​គឺ​លោក កឹម សុខា កំពុង​ជាប់​ឃុំឃាំង​ប្រឈម​មុខ​នឹង​បទ​ចោទ​អំពី​គម្រោង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ រីឯ​មន្ត្រី​ជា​ក្បាល​ម៉ា​ស៊ី​ន​បក្ស​ចំនួន​១១៨រូប រង​បម្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​ដល់​ឆ្នាំ​២០​២២។​ ​បក្ស​មួយ​នេះ ​បាន​ហៅ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា កន្លង​ទៅ​ថា​ជា​«ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ» ព្រោះ​តែ​ខ្លួន​ត្រូវ​បាន​ផាត់​ចេញ​ពី​ទីលានប្រកួត។

ក៏​ប៉ុន្តែ​ នា​សប្ដាហ៍​កន្លង​ទៅ​នេះ បណ្ដា​ប្រទេស​ជិត​ខាង​នានា​ដូចជា ​ចិន ឡាវ និង​វៀត​ណាម បាន​បង្ហាញ​ជំហរ​អបអរ​ស្វាគមន៍​គាំទ្រ​ការ​បោះ​ឆ្នោត​លើក​នេះ។

តួ​យ៉ាង ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ប្រទេស​សិង្ហបុរី លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន Wang Yi បាន​ថ្លែង​នៅ​ចំពោះ​មុខ​សម​ភាគី​កម្ពុជា លោក ប្រាក់ សុខុន ថា​ចិន​នឹង​ជួយ​ការពារ​កម្ពុជា​តទល់​នឹង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ទាក់​ទង​នឹង​លទ្ធផល​ឈ្នះ​ដាច់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆោ្នត​ខាង​លើ​នេះ។​

កម្ពុជា និង​សិង្ហបុរី បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ឆ្នាំ​២០១៧ ស្ដី​អំពី​«ការ​ពិ​គ្រោះ​យោបល់​ខាង​នយោបាយ» ដែល​បើក​ផ្លូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មន្ត្រី​ជាន់​ខ្ពស់ និង​វ័យ​ក្មេង នៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​សិក្សា​ស្វែង​យល់​ផ្តោះ​ប្ដូរ​យោបល់​អំពី​បញ្ហា​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ដឹក​នាំ​រដ្ឋ។​

សិង្ហបុរី ជា​រដ្ឋ​ដែលដឹក​នាំដោយ​គណ​បក្ស​អំណាច​ប្រជាជន​តែ​មួយ​គត់​តាំង​ពី​ឆ្នាំ​១៩៥៩ មកទល់​នឹង​បច្ចុប្បន្ន។ រីឯ​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ស្ថិត​ក្នុង​អំណាច​តាំង​ពី​ឆ្នាំ​១៩៧៩មក​ដែរ។

ឆ្លើយតប​នឹង​មតិ​រិះគន់​ជា​ហូរហែ​អំពី​កង្វះ​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស លោក សាយ សំអាល់ ក៏​បាន​សរសេរ​បក​ស្រាយ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះទៀត​ថា៖​

«ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​តាម​មនសិការ​របស់​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​រំលោភ​ដល់​សិទ្ធិ​អ្នក​ដទៃ ឬ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ​ដែល​ច្បាប់​ហាមឃាត់​ ​ឬ​បំផ្លើស​ការ​ពិត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម»។​

លោក​ ​ហង្ស វិទូ​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​ប្រធាន​ស្ថាបនិក​របស់​«ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង»​បាន​យល់​ឃើញ​ថា ការ​ថ្លែង​របស់​លោក សាយ សំអាល់ នេះ កើត​មាន​ឡើង​នៅ​ចំ​ពេល​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា កំពុង​ត្រៀម​បើក​ទំព័រ​ថ្មី​នៃ​ការ​ដឹក​នាំរបស់​ខ្លួន​យ៉ាង​ហោច​ណាស់​ប្រាំ​ឆ្នាំ​ទៅ​មុខ​ទៀត ដោយ​ប្រឹង​ពុះពារ​កាត់​ឆ្លង​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល​បស្ចិម​លោក តែ​លោក​ថា​គំរូ​របស់​ប្រទេស​សិង្ហបុរី​ជា​សភា​ឯក​បក្ស​នោះ ទំនង​ជា​នឹង​មិន​អាច​ជោគ​ជ័យនៅ​កម្ពុជា​ឡើយ។​

«បើ​សិន​ជា​សភា​ឯក​បក្ស​ហ្នឹង​គាត់​ល្អ​ត្រឹម​ត្រូវ​ដូច​នៅ​ប្រទេស​សិង្ហបុរី លុបបំបាត់​ចោល​នូវ​អំពើ​ពុករលួយ រឿង​អ​យុត្តិធម៌​សង្គម ខ្ញុំ​ជឿ​ជាក់​ថា​សភា​ឯក​បក្ស​វា​អត់​អី​ទេ! តែ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពហុ​បក្ស​ដូច​នៅ​កម្ពុជា​រួម​រឹត​ទៅ​ដោយ​អំពើ​ពុករលួយ រួបរឹត​ទៅ​ដោយ​ការ​រើសអើង​ពណ៌​សម្បុរ​នយោបាយ ខ្ញុំ​គិត​ថា​មិន​អាច​ធៀប​ជា​មួយ​នឹង​សិង្ហបុរី​បាន​ទេ​បាទ! »។​

យ៉ាង​ណា​ក្ដី អ្នក​វិភាគ​រូប​នេះ​បាន​ថ្លែង​ថា វា​ល្មម​ដល់​ពេល​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា ងាក​មក​និយាយ​សម្រុះ​សម្រួល​ជា​មួយ​ក្រុម​អ្នក​នយោបាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​ ​ដែលអនុញ្ញាត​ឱ្យ​ខ្លួន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ជា​បន្ត ធានា​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​បាន​ប្រសើរ​ជាង​មុន និង​បង្ហាញ​នូវ​ភាព​ស្រប​ច្បាប់​នៅ​ចំពោះ​មុខ​ម្ចាស់ឆ្នោត និង​សហគមន៍​អន្តរជាតិទៀត​ផង៕​

XS
SM
MD
LG