ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

CPP​ អាច​នឹង​ទទួល​កៅ​អី​សភា​ស្ទើរ​តែ​ទាំង​អស់​ ក្រោយ​មាន​អ្នក​បោះឆ្នោត​ជាង​៨០ %


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់​ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​បញ្ចប់​ទៅ​ដោយ​គ្មាន​វត្តមាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា ​គណបក្ស​ខ្លួន​កំពុង​ឈាន​ទៅ​ប្រមូល​យក​អាសនៈ​ទាំង​១២៥​ក្នុង​រដ្ឋសភា​ជាតិ​សម្រាប់​គ្រប់គ្រង​រយៈពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត។​ អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ ការណ៍​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​អន្តរជាតិ។

មន្ត្រីជាន់​ខ្ពស់​គណបក្ស​កាន់​អំណាចនៅ​ថ្ងៃ​ចន្ទ​នេះ​លើក​ឡើង​ថា​ ​តួលេខ​នៃ​លទ្ធផល​បោះ​ឆ្នោត​បឋម​បង្ហាញ​ថា ​មិន​មាន​គណ​បក្ស​នយោបាយ​ណាមួយ​អាច​ទទួល​បាន​អាសនៈ​រដ្ឋសភា​ ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ ​VOA​ ​នារសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​បើ​យោង​តាម​តួ​លេខ​នៃ​លទ្ធផល​បោះ​ឆ្នោត​បឋម​ ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.) បង្ហាញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​សភា​ច្រើន​លើស​លុប។

លោក​ ​សុខ ឥសាន បន្ថែមថា មិនមាន​គណបក្ស​នយោបាយ​ណា​មួយ​អាច​នឹង​ទទួល​បាន​កៅអី​ក្នុង​រដ្ឋសភា​ឡើយ តែ​លោក​មិនបញ្ជា​ក់​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ទាំង​១២៥​អាសនៈ​ ​ឬ​យ៉ាង​ណា​នោះ​ទេ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​ ​VOA​ ​លោក​ ​សុខ ឥសាន​ ​បញ្ជាក់​ថា៖​

«យើង​អត់​មាន​កំណត់​តួ​លេខ​បាន​ទេ​ ​ក្នុង​ខណៈ​ដែល​ ​គ.ជ.ប. ​មិន​ទាន់​បូក​សរុប​លទ្ធផល​ហើយ​បែក​ចែក​ទៅ​តាម​រូបមន្ត​ដែល​កំណត់​ក្នុង​ច្បាប់។ តែ​យើង​គ្រាន់​តែ​ដឹងថា​គណបក្ស​នីមួយៗ​ទទួល​បាន​សំឡេង​ឆ្នោត​រួច​ហើយ​តាម​រយៈ​ការ​ទទួល​សំឡេង​ឆ្នោត​នេះ​ទើប​យើង​អាច​ប៉ាន់ស្មាន​បាន ​តែ​មិន​អាច​ចង្អុល​តួលេខ​ណាមួយ​ជាក់​លាក់​បាន​ទេ​ ​ពី​ព្រោះ​វា​ជា​ការ​ល្មើស​ច្បាប់»។

កម្ពុជា​បាន​បញ្ចប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ត្រូវ​បាន​គេ​រំពឹង​ទុកជា​មុន​រួច​ទៅ​ហើយ​ថា​ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ​នឹង​ទទួល​បាន​អាសនៈ​រដ្ឋសភា​ភ្លូក​ទឹក​ភ្លូកដី​ បន្ទាប់​ពីគណបក្ស​ប្រឆាំង​ធំ​បំផុត​ត្រូវ​បាន​តុលាការ​រំលាយ។

អ្នក​បោះ​ឆ្នោត​ម្នាក់​រក​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី មុន​នឹង​ចូល​ទៅ​បោះ​ឆ្នោត ក្នុង​មណ្ឌល​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
អ្នក​បោះ​ឆ្នោត​ម្នាក់​រក​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី មុន​នឹង​ចូល​ទៅ​បោះ​ឆ្នោត ក្នុង​មណ្ឌល​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) ​បញ្ជាក់​ថា រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ចេញ​ពី គ.ជ.ប. នោះ​មិន​អាចយក​ជាការ​បាន​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

​«ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ចេញ​ពី​ ​គ.ជ.ប. មិន​ទាន់​ជា​ព័ត៌មាន​ផ្លូវ​ការ​ទេ​ ​សូម​ឲ្យ​ចាំ​ចំណុច​ហ្នឹង»។

សហរដ្ឋ​អាមេរិក​ ​អូស្រ្តាលី​ ​និង​កាណាដា​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះគន់​ការ​បោះ​ឆ្នោត​នេះ​ថា ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាពសេរី​ ​និង​យុត្តិធម៌​ ​ដោយ​សារ​មាន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​លើក្រុម​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន ការ​ប្រើ​ប្រាស់​ប្រព័ន្ធតុលា​ការ​ចាត់​ការ​ក្រុម​ជំទាស់​មុន​ការ​បោះ​ឆ្នោត​ជា​ដើម។​

សហរដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា ​ក្រោយ​ការ​បោះ​ឆ្នោត ដែល​ខ្លួន​ចាត់​ទុក​ថា មិន​បាន​រៀបចំ​ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ និង​ ​មិន​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ចូល​រួម​ការ​បោះ​ឆ្នោត។

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​លើក​ឡើង​ថា​ ​ការ​ប្រកាស​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ ​និង​អាសនៈ​រដ្ឋសភា​ភ្លូក​ទឹក​ភ្លូកដី ដោយ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។

លោក​បន្ថែម​ថា​ ​បើ​ទោះ​បីជា​គណបក្ស​កាន់​អំណាច​ត្រូវ​គ្រប់​គ្រង​រដ្ឋសភា​តែ​ម្នាក់ឯង ឬ​មាន​គណបក្ស​តូចៗ​ផ្សេង​ទៀត​ចូល​រួម​ជា​មួយ​ក្តី​ក៏​លោក​ថា​ ​រាល់​ការ​សម្រេច​ចិត្ត​ ​គឺ​ស្ថិត​លើ​គណ​បក្ស​កាន់​អំណាច​តែ​មួយ​ដដែល។

អ្នក​វិភាគ​រូប​នេះ​បន្ថែម​ថា​ ​លោក​បារម្ភ​ថា​លទ្ធផល​បោះ​ឆ្នោត​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​ពី​ស្ថាប័ន​អន្តរជាតិ​កាន់​តែ​ច្រើន​ថែម​ទៀត។

លោកបញ្ជាក់​ថា៖​

«ខ្ញុំ​ធ្លាប់​បាន​និយាយ​ពី​មុន​ហើយ​ថា បើ​សិន​ណា​ជាការ​បោះ​ឆ្នោត​នៅ​តែ​បន្ត​ដូច​ដែល​យើង​បាន​ឃើញ​មក​ដល់​ពេល​នេះ​ ​គឺ​រដ្ឋាភិបាល​កម្ពុជា​គឺ​ត្រូវ​តែ​អូស​រទេះ​ឡើង​ភ្នំ​ហើយ។ កាលណា​អូស​ឡើង​ភ្នំ វា​មាន​ការ​ពិបាក​ហើយ។ ហើយ​យើង​មិន​ដឹងថា ​វា​នឹង​រហូត​កាំ វា​នឹង​របូត​កង់​យ៉ាង​ម៉េច យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ហើយ​ដូចជា​ពាក្យ​ខ្មែរ​មួយ​បាន​និយាយ​ដែរ គឺ​នៅ​ពេល​ដែល​ទឹក​បាក់​ទំនប់ មិន​មាន​នរណា​មក​ទប់​បាន​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ទឹក​ស្រក​ទៅ​វិញ​យើង​នឹង​ឃើញ​ផល​ប៉ះពាល់​ធំ​ធេង»។

បើ​តាម​ការ​ប្រកាស​របស់​ ​គ.ជ.ប.​ ​នារសៀល​ថ្ងៃ​ចន្ទ​នេះ​បង្ហាញ​ថា​ ​តួលេខ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន​ជិត​៧លាន​នាក់​ ​ឬ​ស្មើ​នឹង​៨២.៨៩%​ ​ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចំនួន​ជិត​៨លាន៤​សែន​នាក់។

លោក​ ​មាស នី​ ​បន្ថែម​ថា​ ​លទ្ធផល​នៃ​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ដែល​មាន​រហូត​ដល់​ទៅ​ជាង​៨០​ភាគរយ​នេះ​ ​គឺជា​ចំនួន​ដែល​គួរ​ឲ្យ​ឆ្ងល់​ ​ខណៈ​ដែល​ការ​សង្កេត​របស់​លោក​ឃើញ​ថា​ អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ភាព​ស្ងប់ស្ងាត់​ជាង​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​យ៉ាង​ខ្លាំង។

សន្លឹក​ឆ្នោត​ឥត​បាន​ការ​មាន​ចំនួន​៩%​ ​ស្មើ​នឹង​ប្រមាណ​ជា​ជិត​៦​សែន​សន្លឹក​ ច្រើន​ជាង​សន្លឹក​ឆ្នោត​ឥត​បាន​ការ​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ ​ដែល​មាន​ត្រឹមតែ​ប្រមាណ​១សែន​៣ម៉ឺន​សន្លឹក។

តួលេខ​នេះ​កើនឡើង​ដល់​ទៅ​ជា​៤ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ត្រូវ​បាន​រំលាយ។​ ​ប្រភេទ​សន្លឹក​ឆ្នោត​ឥត​បាន​ការ​តាម​ការិយាល័យ​នីមួយៗ​ ​ជា​សន្លឹក​ឆ្នោត​ដែល​អ្នក​បោះ​គូស​ខ្វែង​ ​អ្នក​បោះ​ឆ្នោត​គូស​បន្ថែម​គណបក្ស​សង្គ្រោះជាតិ​ ​ឬ​គូស​សញ្ញា​ព្រះ​អាទិត្យ​ ​អ្នក​បោះ​គូស​រូប​ផ្កាយ​លើ​សន្លឹក​ឆ្នោត​ ​អ្នក​បោះ​គូស​គ្រប់​ប្រអប់​គណ​បក្ស​ជា​ដើម៕

XS
SM
MD
LG