ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋមន្រ្តី​ចាត់​វិធានការ​ឱ្យ​លោក ផែង វណ្ណៈ ទទួល​ស្គាល់​កំហុស និង​សុំទោស​ជា​សាធារណៈ


លោក ផែង វណ្ណៈ ជាអ្នក​សារព័ត៌មាន​​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ម្នាក់​។ (រូបថត​ពី​ទំព័រ Facebook Pheng Vannak)
លោក ផែង វណ្ណៈ ជាអ្នក​សារព័ត៌មាន​​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ម្នាក់​។ (រូបថត​ពី​ទំព័រ Facebook Pheng Vannak)

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​បាន​ស្នើ​ទៅ​ក្រសួង​ពាក់​ព័ន្ធ​ឱ្យចាត់​វិធាន​ការ​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​ទៅ​លើ​លោក​ ផែង វណ្ណៈ ​ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​មិន​សម​រម្យ ​ប្រមាថ​ មាក់​ងាយ ​និង​បៀត​បៀន​ទៅ​លើ​ស្ត្រី​អ្នក​សារ​ព័ត៌មាន។​

អង្គ​ការ​សង្គម​ស៊ីវិលទាំងនោះ​ ដែល​កំពុង​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ​និង​សម​ភាព​យេនឌ័រ​នៅ​កម្ពុជា​ក៏​សម្តែងការ​ខក​ចិត្ត ​និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​ប្រមាថរបស់លោក​ ផែង វណ្ណៈ ដោយ​ពួក​គេ​ចាត់​ទុកថា​ សកម្ម​ភាព​ប្រមាថ​មាក់​ងាយរបស់​លោក​ ផែង វណ្ណៈ ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ស្ត្រី​នោះបាន​ធ្វើ​ឱ្យប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិ​យស ​សេចក្តី​ថ្លែ​ថ្នូរ​របស់​បុគ្គល ​បន្ទាប​តម្លៃ​ស្ត្រី ​និង​សង្គម​ជាតិ​ទាំង​មូល ​និងប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​កិច្ច​ប្រឹង​ប្រែង​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សម​ភាព​យេនឌ័រ ​និង​ផ្តល់​ភាព​អង់​អាច​ដល់​ស្ត្រី។ ​នេះ​បើតាមលិខិត​ចំហមួយ​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤០​ស្ថាប័ន ​ដែល​ចុះ​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ។​

អង្គការ​ទាំង​នោះបញ្ជាក់​ក្នុង​លិខិត​ចំហថា៖ ​«...ដើម្បី​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ស្ត្រី ​ដែល​ទទួល​រង​ការ​ប្រមាថ ​និង​ការ​បៀត​បៀន​ រួមទាំង​បង្កើត​គម្រូភាព​ល្អ​នៅ​ក្នុង​សង្គម ​...​[ទី]​១ ​ក្រុម​ការងារ​តាម​ដាន​រាយ​ការណ៍​អំពើ​ហិង្សា​លើស្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី ​និង​ក្រសួង​ព័ត៌មាន​ចាត់​វិធាន​ការ​ចំពោះ​ទង្វើ​របស់​លោក​ ផែង​ វណ្ណៈ ​ដើម្បី​កែប្រែ​ការ​អនុវត្ត​ឱ្យ​ស្រប​តាម​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​ទប់​ស្កាត់​រាល់​មាតិកា ​ដែល​បង្កប់​នូវ​ខ្លឹមសារ​ប្រមាថ ​មាក់​ងាយ​ដល់​ស្ត្រី និង​បុគ្គល​គ្រប់​អត្ត​សញ្ញាណ​យេនឌ័រ ​កុំ​ឱ្យ​កើត​ឡើង​បន្ត​ទៀត»។​

លិខិត​ចំហ​នេះ​ត្រូវ​បាន​ដាក់​ជូន​ទៅ​អ្នកស្រី​ អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ​លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ អ្នកស្រី ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​លោក​ ជា វ៉ាន់ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍។​

អង្គការ​ទាំង​នោះ​ចាត់​ទុក​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប្រមាថ​របស់​លោក ​ផែង វណ្ណៈ ​ថា ​ជា​«ទង្វើ​ដែល​មិន​អាច​លើក​លែង​បាន ​អសីល​ធម៌ ​និង​បំពាន​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌​មាន»​ ជា​ពិសេស​បំពាន​ទៅ​លើ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី ​ដែល​ក្រសួង​កិច្ច​ការ​នារី ​និង​ក្រសួង​ព័ត៌មាន​បាន​រួមគ្នា​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០១៧។​

អង្គការ​ដែល​ចូលរួម​ដាក់​លិខិត​ចំហ​នោះ រួម​មាន​អង្គការ​យេនឌ័រ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ​អង្គ​ការ​ក្លា​ហាន ​អង្គ​ការ​បន្ទាយ​ស្រី ​អង្គការ​ NGO-CEDAW ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ជា​ដើម។​

ក្រៅ​ពី​នេះ ​អង្គការ​ទាំង​នោះ​ទាម​ទារ​ឱ្យ​បង្គាប់​ឱ្យ​លោក ​ផែង វណ្ណៈ​ ទទួល​ស្គាល់​កំហុស កែ​តម្រូវ​ពាក្យ​ពេចន៍​ប្រមាថ ​និង​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ។​

កញ្ញា​ បុណ្យ រចនា​ នាយក​ប្រតិបត្តិ​អង្គការ​ក្លាហាន ​ដែល​ចូលរួម​ដាក់​លិខិត​ចំហ​មួយ​នេះ​ជាមួយ​អង្គការផ្សេង​ទៀត​ សង្ឃឹម​ថា​ រដ្ឋមន្ត្រី​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ និងដោះ​ស្រាយ​បញ្ហានេះ​ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព កិត្តិយស​របស់​ស្រី្ត​ ​និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​មូល។

កញ្ញា​លើក​ឡើង​ថា៖ ​«យើង​ទទួល​ស្គាល់​ថា​ គាត់​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​របស់​គាត់​ ក៏​ប៉ុន្តែ​យើង​ចង់​ទាញ​ថា​ បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​មាន​សិទ្ធិ​សេរីភាព​ និង​សេចក្តី​ថ្លៃ​ថ្នូរ​រៀងៗ​ខ្លួន​ ដូច​ដែល​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​បាន​ទទួល​ស្គាល់​នឹង​ការ​ពារ​អ៊ីចឹង។​ អ៊ីចឹង​អ្វី​ដែល​លោក​ ផែង វណ្ណៈ បាន​លើក​ឡើង​ហ្នឹង​ វា​ហួស​ពី​ដែន​កំណត់​នៃ​ការប្រើ​ប្រាស់​សិទ្ធិ។ ​វា​ឈាន​ចូល​ទៅ​ដល់​ការ​ប្រមាថ​ មាក់​ងាយ​ ហើយ​នឹង​ជា​ការ​បៀត​បៀន​តាម​រយៈ​ពាក្យ​សម្តី»។​

កាល​ពី​កន្លង​ទៅ ​លោក​ ផែង វណ្ណៈ ​អ្នក​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម​ម្នាក់ ​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Vannak Pheng ​ក្នុង​អត្ថន័យបៀត​បៀនលើ​ស្ត្រី​អ្នក​សារ​ព័ត៌មាន​វីអូឌី​ដែល​បាន​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​នឹង​លោក​ ហ៊ុន ម៉ាណែត។​

ប៉ុន្តែ​មក​ដល់​ថ្ងៃ​ពុធ​នេះ ​សារដែល​លោក ផែង វណ្ណៈ​ បង្ហោះ​នោះត្រូវ​បាន​លុប​ចោល ​លែង​ឃើញ​មាន​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ត​ទៅ​ទៀត។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​លោក ​ផែង វណ្ណៈ​ តាម​រយៈ​ប្រព័ន្ធ​ទូរ​ស័ព្ទ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប។​
វីអូអេបាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នកស្រី​ ម៉ាន ចិន្តា ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី ​និង​អ្នក​ស្រី ​ស ស៊ីណែត ​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​អភិវឌ្ឍន៍សង្គម​នៃ​ក្រសួង​កិច្ច​ការ​នារី​ តែ​ទាក់​ទង​មិន​ទាន់​បាននៅ​ឡើយ​ទេ។​

លោក ប៉ែន បូណា ​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រសួង​ព័ត៌មាន​មិន​ចង់​ឃើញដាច់​ខាត​ចំពោះ​ការ​ជេរ​ប្រមាថ​គ្នា ​ប្រើពាក្យ​អសីល​ធម៌​ បើ​ទោះបី​ជា​អ្នក​កាសែត ​ឬ​ជា​ប្រជា​ពល​រដ្ឋ​សាមញ្ញ​ក៏​ដោយ។ ​លោក​បន្ថែម​ថា​ ​លោក ​ផែង វណ្ណៈ​ និយាយជា​លក្ខណៈ​បុគ្គល​ផ្ទាល់​ខ្លួន ​ដូច្នេះ​ក្រសួង​មិនមាន​ភារ​កិច្ច​នឹង​ទទួល​ខុស​ត្រូ​វ​ទង្វើរបស់​លោក ​ផែង វណ្ណៈ​ នោះ​ទេ ​ព្រោះនេះ​មិន​មែន​ជាប់​ពាក់​ព័ន្ធ​ការងារ​សារ​ព័ត៌មាន​ទេ ​បើទោះ​បី​ជា​លោក​ ផែង វណ្ណៈ មាន​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​ក្តី។​

លោក​បញ្ជាក់​ថា៖ ​«គាត់ [ផែង វណ្ណៈ]​ មាន​អាជ្ញា​បណ្ណសារ​ព័ត៌មាន។​ គាត់​មាន​អាជ្ញា​បណ្ណ​របស់​គាត់​ក្នុង​ពេល​ដែល​គាត់​[បំពេញ​]​ការងារ។ ​ប៉ុន្តែដូច​ខ្ញុំ​ប្រាប់​អ៊ីចឹង ​បើ​សិន​ជា​ទៅ​ណា ​និយាយ​ ឬ​គាត់​មាន​Status ​ឯក​ជន​ផ្សេង ​គាត់​ផុស​អី​ អា​ហ្នឹងក្រសួង​[ព័ត៌មាន]​អត់​មាន​ភារកិច្ច​នឹង​ទទួល​ខុស​ត្រូ​វ​ទង្វើ​របស់​គាត់​ទេ»។​

គួរ​បញ្ជាក់​ថា ​កាលពី​ខែ​មីនា ​ឆ្នាំ​២០២១ ​ ក្រសួង​ព័ត៌មានបាន​លុប​អាជ្ញា​បណ្ណ​គេហ​ទំព័រ​ឈ្មោះរបស់​លោក ​ផែង​ វណ្ណៈ​ www.phengvannaknews.com​ ក្នុង​ករណី​ជេរ​ប្រមាថ​ចំពោះ​ព្រះសង្ឃ។

បើ​តាម​លោក ​ប៉ែន បូណា លោក ​ផែង វណ្ណៈ​ ទទួល​បាន​អាជ្ញា​បណ្ណ​ព័ត៌មាន​ឡើងវិញ​ រហូត​មក​ពេល​នេះ៕

XS
SM
MD
LG