លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈឱ្យកៀកប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀសការតវ៉ាណាមួយដែលអាចកើតឡើងនៅរាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចបានប្រមាណ២ខែកន្លះ ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលរបស់លោកបន្តកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងដំណាក់រដ្ឋាភិបាលអាណត្តិទី៧ ដែលនឹងផ្តោតសំខាន់លើការពង្រឹងយន្តការដែលមានស្រាប់ ជាជាងការពង្រីក។ ទាក់ទងនឹងការដោះស្រាយទំនាស់ដីធ្លី លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬរដ្ឋបាលខេត្ត ត្រូវចាត់អ្នកទទួលខុសត្រូវឱ្យបានច្បាស់លាស់ និងត្រូវខិតខំផ្សារភ្ជាប់ជាមួយពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ហើយចំណុចចុងក្រោយ ម្ចាស់ការដោះស្រាយបញ្ហា សូមក្តាប់ឱ្យជាប់នូវរាល់បញ្ហា ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយខិតខំព្យាយាមដោះ កុំឱ្យ[ពលរដ្ឋ]ឡើងដល់តាខ្មៅកាន់ញត្តិ បាតុកម្មលើករូបថតខ្ញុំ លើករូបថតសម្តេចតេជោ សម្តេចគតិ ជួនកាលមកមុខក្រសួងមហាផ្ទៃលើករូបថត។ សូមដោះស្រាយនៅមូលដ្ឋាន»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា យន្តការនៃការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ តាមវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវការពេលវេលា ការរៀបចំនីតិវិធីច្បាស់លាស់ និងការបង្កើនសមត្ថភាពមន្ត្រីនៅតាមមូលដ្ឋាន ដើម្បីកុំឱ្យការផ្តល់សេវាសាធារណៈតាមមូលដ្ឋាន ត្រូវបានអាក់ខាន និងប្រឈមហានិភ័យណាមួយ។
លោក ហ៊ុន ម៉ាណែត ក៏បានណែនាំទៅក្រសួង ស្ថាប័នទាំងអស់ ត្រូវបែងចែកឱ្យដាច់អំពីសិទ្ធិអនុវត្តការងារ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីអនុវត្តការងារ និងការដោះស្រាយបញ្ហាតាមមូលដ្ឋាន។
លោកថ្លែងថា៖ «អ៊ីចឹងការផ្តល់សិទ្ធិ ឬលក្ខខណ្ឌ ជូនដាវទៅហើយ សុំកាប់ផង។ ផ្តល់លទ្ធភាពទៅហើយ សូមប្រើប្រាស់ឱ្យត្រូវគោលដៅ ដើម្បីបម្រើការវះកាត់ក្នុងការដោះស្រាយបញ្ហាបម្រើប្រជាពលរដ្ឋ។ ខ្វះការបំប៉នអ្វីផ្សេងៗ គឺយើងស្នើសុំមកថ្នាក់ជាតិ ដើម្បីយើងជួយពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងបច្ចេកទេសមួយចំនួន យើងនឹងខិតខំផ្តល់ជូន ព្រោះសមត្ថភាពមួយចំនួនត្រូវការធនធានថ្នាក់ជាតិ ដើម្បីជួយបន្ត បន្ថែមលើអ្វីដែលយើងមាន»។
លោកបញ្ជាក់បន្ថែមថា៖ «អ៊ីចឹង គឺការដោះស្រាយ [ឬ]ម្ចាស់ការនេះ គឺខំធ្វើយ៉ាងណា កុំរង់ចាំបទបញ្ជា គឺសូមធ្វើ។ ហើយសូមម្តងទៀត គឺក្រសួង ស្ថាប័នដែលមិនទាន់ មានការណែនាំច្បាស់លាស់អំពីសិទ្ធិ ញែកឱ្យដាច់អំពីស្ថាប័នជាតិ និងក្រោមជាតិ គឺសូមធ្វើយ៉ាងណា ដើម្បីញែកឱ្យដាច់ ហើយបង្កើនប្រសិទ្ធភាព និងផ្តល់សិទ្ធិជូនគាត់ក្នុងការអនុវត្តដោះស្រាយបញ្ហា»។
បើតាមលោក ហ៊ុន ម៉ាណែត ការផ្តល់សិទ្ធិអំណាចដល់ថ្នាក់ក្រោមជាតិ ក៏ដោយសារតែមន្ត្រីមូលដ្ឋានអាចដឹងពីតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ និងអាចដោះស្រាយបញ្ហាតាមមូលដ្ឋាន ដូចជាការទប់ស្កាត់ល្បែងស៊ីសង គ្រោះទឹកជំនន់ និងបទល្មើសផ្សេងៗទៀតដែលកើតក្នុងមូលដ្ឋាននីមួយៗ។
រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់តាំងពីឆ្នាំ២០០២មក។
វិមជ្ឈការគឺជាការដែលរដ្ឋាភិបាលប្រគល់ឱ្យក្រុមប្រឹក្សានូវភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច និងធនធាន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មូលដ្ឋាន ហើយក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋមូលដ្ឋានលើបញ្ហាទាំងនោះ។ ចំណែកវិសហមជ្ឈការ ជាការដែលរដ្ឋាភិបាល ឬក្រសួងស្ថាប័នរដ្ឋ ធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័ននោះ។ នេះបើតាមឯកសារដែលផ្សព្វផ្សាយដោយក្រសួងមុខងារសាធារណៈ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ដើម្បីពង្រឹងវិមជ្ឈការ ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលគួរកាត់បន្ថយការចុះបេសកម្មរបស់មន្ត្រីថ្នាក់ជាតិទៅតាមមូលដ្ឋាន ដោយបង្វែរធនធានថវិកាដល់មូលដ្ឋានឱ្យបានច្រើន ដើម្បីអនុវត្តជាក់ស្តែង ជាមួយសិទ្ធិអំណាច និងការទទួលខុសត្រូវ និងផែនការច្បាស់លាស់ ដោយកុំឱ្យមានតែផែនការនៅលើក្រដាស។
លោកកត់សម្គាល់ថាកន្លងមក ផែនការការងារមូលដ្ឋានដែលមានកញ្ចប់ថវិកាធំៗ គឺមិនងាយធ្លាក់ដល់ដៃរដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ ដូច្នេះបញ្ហានេះក៏ជាឧបសគ្គមួយផងដែរ។ ក្រៅពីនេះ លោកថាមន្ត្រីដែលបម្រើការនៅតាមឃុំសង្កាត់ ក៏ត្រូវពង្រឹងសមត្ថភាព និងត្រូវបែងចែងពេលវេលាឱ្យបានច្បាស់លាស់ ទាក់ទងការងារបម្រើសេវាសាធារណៈ និងការបម្រើការងាររបស់គណបក្ស។
លោកបញ្ជាក់ថា៖ «អ៊ីចឹងបើសិនជាយើង ចង់ពង្រឹងវិមជ្ឈការ ទាល់តែយើងធ្វើអ៊ីចឹង កាត់បន្ថយការចុះរបស់ថ្នាក់ជាតិ ហើយយើងយកលុយទៅទៅដល់ថ្នាក់មូលដ្ឋានឱ្យបានច្រើន អាហ្នឹងបានយើងអាចទៅរួច»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងថាមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រាន់តែរៀបចំផែនការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែមិនទាន់មានសិទ្ធិអំណាចពេញលេញក្នុងការដោះស្រាយវិវាទដីធ្លី ដែលជាទំនាស់ផលប្រយោជន៍រវាងពលរដ្ឋ និងអ្នកមានអំណាចឡើយ។ លោកស្នើរដ្ឋាភិបាលគួរតែបង្កើតច្បាប់ស្តីពីទំនាស់ផលប្រយោជន៍ ដើម្បីបង្កភាពងាយស្រួលក្នុងការដោះស្រាយទំនាស់ដីធ្លីរវាងអ្នកមានអំណាចនឹងប្រជាពលរដ្ឋ។
លោកប្រាប់វីអូអេថា៖ «កម្ពុជាគួរតែមានច្បាប់ ស្តីពីទំនាស់ផលប្រយោជន៍ មានន័យថាការអនុវត្តការងាររបស់មន្ត្រីមានអំណាចនៅក្នុងជួររដ្ឋបាលសាធារណៈក្តី នៅក្នុងជួរមន្ត្រីនយោបាយក្តីហ្នឹង គួរគិតមើលអំពីថាតើការងាររបស់ពួកគេ ធ្វើម៉េច ដើម្បីកុំឱ្យមានទំនាស់ផលប្រយោជន៍។ ជាពិសេសបើពាក់ព័ន្ធ ជាមួយនឹងជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ថាតើត្រូវចាត់ទុកជាករណីប៉ុណ្ណា»។
បើតាមលោក សន ជ័យ ដើម្បីធានាប្រសិទ្ធភាពការងារ ជាពិសេសការដោះស្រាយទំនាស់ផលប្រយោជន៍ រដ្ឋាភិបាលអាណត្តិទី៧ត្រូវតែហ៊ានដាក់ទោសមន្ត្រី ឬហៅថា«កាត់សាច់ស្អុយចេញ»។ លោកបន្ថែមថា បើសិនរដ្ឋាភិបាលមិនអាចមានវិធានការតឹងរ៉ឹងបែបនេះទេ នោះការថ្លែងរបស់នាយករដ្ឋមន្រ្តីអំពីវិមជ្ឈការ និងវិសហមជ្ឈការ បាន«ត្រឹមពិរោះស្តាប់»តែប៉ុណ្ណោះ ហើយលទ្ធផលក៏មិនខុសគ្នាពីអាណត្តិមុនៗឡើយ៕