ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​បទចោទ​លើ​ពួកគេ


រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)
រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)

សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​បុគ្គល​ម្នាក់​ឈ្មោះ ហេង ហ៊ុយ ដែល​គេ​ស្គាល់​ថា​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្ត​កោះកុង និង​ជា​ឧត្តម​សេនីយ៍​ផ្កាយ​២ បាន​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ទម្លាក់​បទ​ចោទ​លើ​ពួក​គេ ដោយ​អះអាង​ថា​ ពួកគេ​មិន​បាន​ «ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ដូចអ្វី​ដែល​តុលាការ​ធ្លាប់​ចោទ​ប្រកាន់​ឡើយ។

សកម្មជន​ដីធ្លី​ខេត្ត​កោះកុង អ្នក​ស្រី កើត នៅ អាយុ​៣៧​ឆ្នាំ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ​បាន​បើក​សវនាការសំណុំ​រឿង​របស់​សកម្មជន​ដីធ្លី​ ៩​ នាក់ ​ដែល​ជា​តំណាង​សហ​គមន៍​ដី​ធ្លី​ ១៩៧​គ្រួសារ ​នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មក​សាក​សួរ។ ក្នុង​សវនា​ការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកស្រី​ថា ​អ្នក​ស្រី​និង​តំណាង​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​សាក​សួរ​អំពី​មូល​ហេតុ​នៃ​ការ​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​កោះ​កុង។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «យើង​បាន​ឆ្លើយ​បំភ្លឺថា​ ដោយ​សារ​តែ​យើង​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ព្រះ​សីហនុ ​ដោយ​សារ​តុលាការ​ដំបូង​ខេត្ត​កោះកុង​កាត់​ក្តី​ឱ្យ​យើង​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ ហើយ​បង់​ប្រាក់​ពិន័យ​រួម​គ្នា​ទៀត​ គេ​និយាយ​អ៊ីចឹង»។

សកម្មជន​ដី​ធ្លី​រូប​នោះ​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ស្រី និង​សកម្មជន​ដី​ធ្លី​ទាំង​ ៩​ នាក់​ទៀត​ ដោយ​អ្នកស្រី​អះអាង​ថា ​វា​ជា​រឿង​អយុត្តិធម៌​មួយ​ដែល​សកម្មជន​ដី​ធ្លី​រង​ការ​ចោទ​ប្រកាន់​។

អ្នកស្រី កើត នៅ ថ្លែង​ថា៖ «ពួក​ខ្ញុំ​ផ្ទាល់​គឺ អយុត្តិធម៌​មែន​ទែន ដោយ​សារតែ​យើង​បាត់​បង់​ដី​ធ្លី​ហើយ​ មិន​មាន​ការ​ដោះ​ស្រាយ​អី​មួយ​ជាក់​លាក់​ មាន​តែ​ប្រព័ន្ធ​តុលា​ការ​កោះ​ហៅ​ហើយ​កោះ​ហៅ​ទៀត​ អ៊ីចឹង​ឈឺចាប់។ សំណូម​ពរ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ ហើយ​រក​ភាព​យុត្តិធម៌​ជូន​ពួក​យើង»។

សកម្ម​ជន​ដីធ្លី​ខេត្ត​កោះកុង​រូប​នេះ​បន្ថែម​ទៀត​ថា ​អ្នក​ស្រី និង​តំណាង​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ខណៈ​តុលាការ​តែង​តែ​កោះ​ហៅ​សកម្ម​ជនឱ្យទៅ​បង្ហាញ​ខ្លួន។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ពិបាក​មែន​ទែន! រាល់​ថ្ងៃ​សព្វ​ថ្ងៃ​ យើង​គឺ​បាត់បង់​ដី​ធ្លី​ហើយ​ត្រូវ​បាន​តុលា​ការ​កោះ​ហៅ​ទៀត។ យើង​បាត់​ទាំង​ប្រាក់​ចំណូល​ហើយ​បាត់​ទាំង​ដី​ធ្លី​អត់​មាន​ ដី​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត»។

បើ​តាម​សកម្មជន​ដី​ធ្លី​រូប​នោះ រាល់​ការ​កោះ​ហៅ​ពី​តុលា​ការ​ មិន​មាន​វត្តមាន​របស់​លោក ហេង ហ៊ុយ ដែល​ជា​ភាគី​ជម្លោះ ចេញ​មុខ​ផ្ទាល់​ទេ មាន​តែ​តំណាង​មេធាវី​របស់​លោក​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ តំណាង​សកម្មជន​ដី​ធ្លី​ម្នាក់​ទៀត អ្នក​ស្រី ដេត ហួរ អាយុ​៣៩​ឆ្នាំ បាន​ឱ្យ​ដឹង​ថា​ អ្នក​ស្រី​ក៏​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កោះ​ហៅ​សាក​សួរ​ដែរ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ អ្នកស្រី​អះអាង​ថា ​តុលាការ​ខេត្ត​កោះកុង​ហាក់​បី​លម្អៀង​ទៅ​ខាង​ភាគី​លោក ហេង ហ៊ុយ។

អ្នក​ស្រី​ថ្លែង​ថា៖ «បើ​យើង​បែង​ចែក ទៅ​ខាង​សាលា​ឧទ្ធរណ៍​គាត់​ចោទ​ប្រកាន់​យើង​ដែល​គាត់​មិន​បាន​ស្តាប់​អត្ថន័យ​ពួក​យើង​បាន​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​ គាត់​យក​តែ​តាម​ចម្លើយ​របស់​លោក ​ហេង ហ៊ុយ ចោទ​ប្រកាន់​មក​ប្រជា​ពលរដ្ឋ។ គាត់​អត់​យក​សាក្សី​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​តានី ពិត​ប្រាកដ​ដែល​គាត់​រស់​នៅ​ភូមិ​តានី អ៊ីចឹង​គាត់​អត់​យក​សាក្សី​រស់​ទេ បែប​ជា​តុលាការ​កោះកុង​យក​ចម្លើយ​តែ​ [លោក]​ហេង ហ៊ុយ ម្នាក់»។

អ្នកស្រី ដេត ហួរ សង្ឃឹម​ថា ​សាលា​ឧទ្ធរ​ណ៍​ខេត្ត​ព្រះសីហនុ​នឹង​ទម្លាក់​បទ​ចោទ​មក​លើ​អ្នកស្រី​និង​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង នៅ​ពេល​ប្រកាស​សាល​ដីកា​នា​ខែ​វិច្ឆិកា​ខាង​មុខ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មើល​ឃើញ​សាលា​ឧទ្ធរណ៍​ថ្ងៃ​នេះ​[សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍] គាត់​សួរ​ពួកយើង​ពី​រឿង​បាន​បរិហារ​កេរ្តិ៍​[លោក] ហេង ហ៊ុយ ទេ? យើង​បាន​ញុះញង់​ទេ? ជាក់​ស្តែង​ខ្ញុំ​ចរចា​ខ្ញុំ​មិន​បាន​ញុះញង់​ មិន​បាន​បរិហារ​ទេ យើង​និយាយ​រឿង​ពិត។ អ៊ីចឹង​ខ្ញុំ​ស្តាប់​ទៅ​គឺ សាលា​ឧទ្ធរណ៍​គាត់​ដូច​ជា​គាត់​មិន​យក​ទោស​យើង​ធ្ងន់ធ្ងរ​ទេ ខ្ញុំ​គ្រាន់​តែ​សន្និដ្ឋាន​ ហើយ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ ថា​សាលា​ឧទ្ធរណ៍​ នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​ខ្ញុំ និង​បង​ប្អូន​យើង»។

អ្នកស្រី​បន្ត​ទៀត​ថា ​ប្រសិន​បើ​តុលាការ និង​ក្រសួង​ពាក់​ព័ន្ធ​មិន​ផ្តល់​ភាព​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​សារ​ដី​ធ្លី​ទេ នោះ​កាន់​តែ​ធ្វើ​ឱ្យ​កើត​មាន​ការ​រំលោភ​សិទ្ធិ​លើ​ប្រជាពលរដ្ឋ​ ព្រម​ទាំង​ធ្វើ​ឱ្យ​កំណើន​នៃ​អត្រា​ការ​ជំពាក់​បំណុល​កាន់​តែ​កើន​ឡើង​ថែម​ទៀត។

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លោក លឹម ស៊ីណាត ប្រាប់​វីអូអេ​ថា​តុលាការ​នឹង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង ហ៊ុយ ភាគី​ជម្លោះ​ដីធ្លី​បាន​ដែរ។

សកម្ម​ជន​ដីធ្លី​ទាំង​ ៩ ​នាក់​នេះ ក្នុង​នោះ​ម្នាក់​បាន​ស្លាប់ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់​ពី​បទ ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ឆ្នាំ​២០២៣ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កោះ​កុង​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្ម​ជន​ដីធ្លី។ ប៉ុន្តែ​តុលាការ​ឃុំ​ខ្លួន​សកម្មជន​ ៣ នាក់​តែ​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​អ្នក​ទាំង​៣ត្រូវ​បាន​តុលាការ​ដោះលែងឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

គួរ​បញ្ជាក់​ថា​ កាល​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០​២៣ សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ចេញ​សាល​ក្រម​ផ្ដន្ទា​ទោស​ពួក​គាត់​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​មួយ​ឆ្នាំ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG