ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​និង​សង្គម​ស៊ីវិល​បន្ត​ជំរុញ​ឱ្យ​តុលាការ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​ខេត្ត​កោះកុង​ឱ្យ​មាន​សេរីភាព


អ្នកស្រី ​អិន ធូ ​សមាជិក​សហគមន៍​ដីធ្លី១៩៧​ កំពុង​ត្រូវបាន​លួងដោយ​កូនប្រុស​ ក្រោយ​ការប្រកាស​សាលក្រម​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ខេត្តកោះកុង​១០នាក់ ​នៅថ្ងៃទី១៥​ ខែសីហា ​ឆ្នាំ២០២៣។ (​រូបភាពដោយអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ)
អ្នកស្រី ​អិន ធូ ​សមាជិក​សហគមន៍​ដីធ្លី១៩៧​ កំពុង​ត្រូវបាន​លួងដោយ​កូនប្រុស​ ក្រោយ​ការប្រកាស​សាលក្រម​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ខេត្តកោះកុង​១០នាក់ ​នៅថ្ងៃទី១៥​ ខែសីហា ​ឆ្នាំ២០២៣។ (​រូបភាពដោយអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ)

សាច់​ញាតិ ​និង​អង្គការ​សង្គម​ស៊ីវិល​បន្ត​ជំរុញ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះ​លែង ​និង​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្ម​ជន​ដីធ្លី​ចំនួន​៩​នាក់ ​បន្ទាប់​ពី​តុលាការ​កាល​ពី​ថ្ងៃអង្គារ​បាន​សម្រេច​ឱ្យ​សកម្ម​ជន​៧​នាក់​នៅ​ក្រៅ​ឃុំ​ និង​២​នាក់​ទៀត​បន្ត​ឃុំ​ខ្លួន។

សកម្ម​ជន​ដីធ្លី​ទាំង​៩​នាក់នោះ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ឆ្នាំ​២០២៣​ ​ត្រង់​ចំណុច​ប៉ុស្តិ៍​អូរ​ជ្រៅ ​ភូមិ​អូរ​ជ្រៅ ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កោះកុង​ឡើង​មក​រាជធានី​ភ្នំពេញ ​ដើម្បី​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្ម​ជន​ដីធ្លី​ចំនួន​៣០​នាក់ ​ដែល​តុលាការ​ខេត្ត​ បាន​ចោទ​ប្រកាន់​ពី​បទ​ផ្សេងៗ​កាល​ពី​កន្លង​ទៅ។​

មេធាវី​ការពារ​ក្តី​ឱ្យសកម្ម​ជន​ដីធ្លី​ទាំង​៩​នាក់នោះ ​បាន​ប្តឹង​ទាស់ទៅ​សាលា​ឧទ្ធរណ៍​ខេត្តព្រះ​សីហនុ​ដើម្បី​«ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន»។ ​លុះ​ដល់​ថ្ងៃ​អង្គារ ​ទី​២៩​ ខែ​សីហា សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ ដោយ​សម្រេច​អនុញ្ញាត​ឱ្យ​សកម្ម​ជន​ដីធ្លី​ខេត្ត​កោះកុង​ចំនួន​៩​នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ​ប៉ុន្តែ​ក្នុង​នោះ​មនុស្ស​២​នាក់ ​ត្រូវ​បន្ត​ឃុំ​ខ្លួន​ ដែល​រួម​មាន​សកម្ម​ជន​ដី​ធ្លី​ដែល​សកម្ម​គឺ​អ្នកស្រី​ផាវ​ ញ៉ើង ​និង​ អ្នកស្រី​សេង លីន ​ដោយ​សារ​ពួកគេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់​ពី​បទ​«បរិហារ​កេរ្តិ៍»​ មួយ​ទៀត ​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​វិវាទ​ដីធ្លី​ក្នុង​សហគមន៍​កាល​ពី​កន្លង​ទៅ។ ​នេះ​បើ​តាម​សាច់​ញាតិ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

​ការ​បើក​សវនាការ​បណ្តឹង​ឧទ្ធរណ៍​ នៅ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ​ គឺ​ដោយ​សារ​ខេត្ត​កោះកុង​ មាន​តែ​តុលាការ​សាលា​ដំបូង​តែ​ប៉ុណ្ណោះ។​

កូន​ប្រុស​របស់​អ្នក​ស្រី ​ផាវ ញ៉ើង​ គឺ​លោក ​ហង់ វាសនា ​ដែល​អះអាង​ថា ​លោក​បាន​ចូល​ទៅ​ស្តាប់​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា​ សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ ​បាន​សម្រេច​ដោះ​លែង​ឱ្យ​សកម្ម​ជន​ដីធ្លី​ខេត្ត​កោះកុង​ចំនួន​៩​នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។​ ប៉ុន្តែ​លោក​ថា ​ អ្នកស្រី​ សេង ​លីន និង​ម្តាយ​របស់​លោក​គឺ​អ្នកស្រី​ ផាវ​ ញ៉ើង ​ដែល​ស្ថិត​ក្នុង​ចំណោម​សកម្ម​ជន​ទាំង​៩​នាក់​នោះ​ គឺ​តុលាការ​មិន​ដោះ​លែង​នោះ​ទេ។​

លោក​ ហង់ វាសនា​ ក៏​បាន​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​សកម្ម​ជន​ទាំង​ពីរ​ដែល​កំពុង​ត្រូវ​បាន​តុលាការ​បន្ត​ឃុំ​ខ្លួន​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ លើ​សកម្ម​ជន​ដីធ្លី​ទាំង​៩​នាក់។ ​លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ និង​បន្ត​ឃុំ​ខ្លួន​សកម្ម​ជន​ដីធ្លី​បែប​នេះ ថា​ជា​រឿង​អយុត្តិ​ធម៌។ ​

លោក​ថ្លែង​ថា៖​ «អ្វី​ដែល​យើង​ចង់​បាន ​គឺ​ការ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ ជាមួយ​ការ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​ហ្នឹង​ ព្រោះ​ការ​ដែល​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ វា​មិន​មែន​ជា​ការ​ផ្តល់​យុត្តិធម៌​ ដែល​យើង​ចង់​បាន​តែ​ម្យ៉ាង​ទេ​ ទោះ​បី​វា​ជា​ដំណាក់​កាល​មួយ​របស់​តុលាការ​ក៏​ដោយ​ក្តី ក៏​ប៉ុន្តែ​យើង​សង្ឃឹម​ថា ​យើង​នឹង​ទទួល​បាន​ការ​ដោះលែង​ហើយ​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​គាត់ តាម​រយៈ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​អស់​ ទៅ​កាន់​គាត់»។ ​

លោក​ ហង់ វាសនា​ បន្ត​ថា​ ​រដ្ឋា​ភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ហ៊ាន​ការពារ​សម្បត្តិ​រដ្ឋ ​ដោយ​មិន​មែន​ចាប់​ចង​ និង​ឃុំ​ពល​រដ្ឋ​ដាក់​ពន្ធនាគារ​បែប​នេះ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​វា​អយុត្តិ​ធម៌​ខ្លាំង​មែន​ទែន​ ដោយ​សារ​តែ​ម៉ាក់​របស់​ខ្ញុំ ​ក៏​ដូច​ជា​សហគមន៍​ផ្សេង​ទៀត ​គឺ​កាល​ដែល​យើង​ប្តឹង​ផ្តល់​ទៅ​លើ​បញ្ហា​ឱ្យ​រដ្ឋ​ក៏​ដូច​ជា​ខាង​តុលាការ​ចុះ​មក​ស៊ើប​អង្កេត​រឿង​ការ​បាត់​បង់​ដី​ ការ​យក​ដី​រដ្ឋ​លក់​នេះ ​គឺ​ជា​ការ​ព្យាយាម​ការ​ពារ​នូវ​ទ្រព្យ​សម្បត្តិ​រួម ទ្រព្យ​សម្បត្តិ​របស់​ជាតិ​ អ៊ីចឹង​គួរ​ណាស់​តែ​មាន​ការ​លើក​ទឹក​ចិត្ត»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង​ លោក ​វ៉ៃ ភីរម្យ ​បាន​នៅ​ឡើយ​ទេ។​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ យូ ទិត្យវឌ្ឍនៈ ​អគ្គ​ព្រះ​រាជ​អាជ្ញារង​នៃ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ​ និង​ លោក ​លឹម ស៊ីណាត ​អគ្គ​លេខាធិការ​រដ្ឋបាល​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះ​សីហនុ ​បាន​នៅ​ឡើយ​ទេ។​

សកម្ម​ជន​ដីធ្លី​ទាំង​៩​នាក់​ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ​ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស។ ​ចំណែក​សកម្ម​ជន​ចំនួន​៧​នាក់​ក្នុង​ចំណោម​៩​នាក់ ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​កោះកុង ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ឬ​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​និង​ត្រូវ​ឆ្លើយ​តប​រាល់​ការ​កោះ​ហៅ​របស់​តុលាការ។​ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែនករុណា ​លើក​ឡើង​ថា ​អាជ្ញាធរ​ត្រូវ​តែ​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ប្រជា​សហគមន៍​ ដោយ​មិន​មែន​យក​ច្បាប់​មក​ដាក់​គំនាប​លើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​នោះ​ទេ។ ​លោក​បន្ថែម​ដោយ​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្ម​ជន​ដីធ្លី​ទាំង​នោះ​ ហើយ​រដ្ឋា​ភិបាល​គួរ​ងាក​មក​ដោះ​ស្រាយ​បញ្ហា​ ​ដោយ​ភាព​ស្មោះ​ត្រង់ ​និង​តម្លា​ភាព។​

លោក​ថ្លែង​ថា៖ ​«វា​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​ភាព​របស់​ពួក​គាត់។ ​ជា​ធម្មតា​គាត់​មាន​វិវាទ​ដីធ្លី ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​រត់​រក​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​រក​ដំណោះ​ស្រាយ​ជូន​គាត់។ ​ហើយ​មិន​ត្រឹម​តែ​មិន​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​ទេ ​ទៅ​ជា​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​ពួក​គាត់​ ដោយ​ប្រើ​ប្រាស់​នូវ​យន្ត​ការ​ផ្លូវ​ច្បាប់​ក្នុង​ការ​ប្តឹង​ផ្តល់​ដាក់​ទោស​ទណ្ឌ ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គាត់​ទៅ​ទៀត»។​

បើ​តាម​លោក ​ស៊ឹង សែនករុណា​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​ពល​រដ្ឋ ​ឬ​ប្រជា​សហគមន៍​ គឺ​មិន​មែន​ជា​ជំរើស​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នោះ​ទេ ​ប៉ុន្តែ​វា​បង្ក​ទៅ​ជា​ការ​រិះគន់​ជា​ហូរ​ហែរ​ទៅ​វិញ។​

គួរ​បញ្ជាក់​ថា​ សកម្ម​ជន​ដីធ្លី​ទាំង​នោះ ​និង​ពល​រដ្ឋ​ចំនួន​១៩៧​គ្រួសារ​មក​ពី​ឃុំ​ជីខ​លើ ​និង​ជីខ​ក្រោម ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ​តែង​តែ​មក​តវ៉ា​ជា​បន្ត​បន្ទាប់​ស្វែង​រក​ការ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម ​និង​សំណង់ ​និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត ​ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​រឿង​វិវាទ​ដីធ្លី​របស់​ពួក​គេ​ ដែល​ពួក​គេ​ថាត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ហេង ហ៊ុយ ​រំលោភ​យក​តាំង​ពី​ឆ្នាំ​២០០៧៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG