ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស៖​ រដ្ឋាភិបាល​កម្ពុជា​បង្អាក់​យុត្តិធម៌​ចោទ​ប្រកាន់​អតីត​កម្មាភិបាល​ខ្មែរក្រហម


លោក​ប្រ៉េដ អាដាំ ​(Brad Adams)​ (ឆ្វេង) នាយក​អង្គការ​ Human Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី​។
លោក​ប្រ៉េដ អាដាំ ​(Brad Adams)​ (ឆ្វេង) នាយក​អង្គការ​ Human Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី​។

អង្គការ​សិទ្ធិមនុស្ស​ Human Rights ​Watch​ បានចោទ​ប្រកាន់​ប្រទេស​កម្ពុជា​ថា​ កំពុង​បង្អាក់​យុត្តិធម៌​ទាក់ទង​នឹង​ដីការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​កម្មាភិបាល​ ខ្មែរក្រហម​ពីរនាក់​ក្នុង​សំណុំ​រឿង​ចំនួនពីរដាច់​ដោយ​ឡែក​ពីគ្នា​ ដែល​សង្ស័យ​ថា​ ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​ទសវត្សរ៍​១៩៧០។

ជន​សង្ស័យ​ទាំងពីរ​ដែល​ធ្លាប់​ធ្វើ​ជា​អភិបាល​ស្រុក​ និង​មេបញ្ជាការ​កងពល​យោធា​នោះ​គឺ​អ្នកស្រី​អ៊ឹម ចែម​ ​ជន​សង្ស័យ​នៃ​សំណុំ​រឿង​០០៤ ​និង​លោក​មាស មុត ​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣។​ ជនទាំង​ពីរ​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​ អន្តរជាតិ​គឺលោក​ម៉ាក ​ហាមែន ​(Mark Harmon)​ ចោទ​ប្រកាន់​កាលពី​ដើមខែ​មិនា​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​សម័យ​ខ្មែរក្រហម​ តែ​ដីការ​នោះ​មិនត្រូវ​គេ​អនុវត្ត​ក្នុង​ការ​ចាប់​ខ្លួនឬ​នាំ​ខ្លួន​នៅ​ឡើយ​ទេ​ ដែល​អង្គការ ​Human Rights ​Watch​ ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.ចោទ​ប្រកាន់​ថា ​ចៅក្រម​ភាគី​កម្ពុជា​ធ្វើតាម​គោល​នយោបាយ​មិន​សហការ​ ពុំ​បាន​បញ្ជូន​ដីការ​ទៅ​កាន់​ប៉ូលិស​លើ​ករណី​ទាំង​នេះ​ ​ទេ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បដិសេធ​មិន​ឲ្យ​ចាត់​វិធានការ​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ជា​ច្រើន​លើក​ហើយ​នោះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃច័ន្ទ​ លោក​ប្រ៉េដ អាដាំ ​(Brad Adams)​ នាយក​អង្គការ​ Human Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា៖​

«ការ​បដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា​មិន​សហការ​ក្នុង​ការ​នាំ​ខ្លួន​មេ​ដឹកនាំ​ខ្មែរ ក្រហម​មក​កាត់ទោស​នៅមុខ​តុលាការ​ដែលគាំទ្រ​ដោយ​អ.ស.ប.អាច​ជា​ឱកាស​ ចុង​ក្រោយ ​បន្ទាប់​ពីការ​រារាំង​ជា​ច្រើន​ឆ្នាំ​ ដូចជា​ការ​ពន្យារ​ពេល និងអំពើ​ពុក​រលួយ។ ​ប្រសិន​បើ​រដ្ឋាភិបាល​ខកខាន​មិនចាត់​វិធានការ​ឲ្យ​បាន​រហ័ស​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សហ​ចៅក្រម​បរទេស​ទេ​ ពេល​នោះ​វាជា​ពេល​វេលា​ដែល​ ​អ.ស.ប.បញ្ចប់​ការ​ចូលរួម​របស់​ខ្លួន​ ហើយជា​ពេល​វេលា​ដែល​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បញ្ឈប់​ការ​ផ្តល់​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម​ដែរ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​សុំ​អត្ថាធិប្បាយ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅថ្ងៃនេះ​ ដោយ​ទូរស័ព្ទខ្លះ​បាន​បិទ​ ហើយ​មន្ត្រី​ខ្លះ​មិន​និយាយ​អំពី​រឿង​នេះ​ទេ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​នៃ​សាសាក្តី​ខ្មែរក្រហម​ម្នាក់​បាន​ពន្យល់​អំពី​នីតិ​វិធី​ចំពោះ​ចំណាត់​ការ​នៃ​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤​នេះ​ថា៖​

«ទាក់ទង​ជាមួយ​នឹង​សំណុំ​រឿង​០០៣​ និង​០០៤​គឺ​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​ គាត់​បាននិង​កំពុង​តែ​បន្ត​ការងារ​របស់​ខ្លួន​ទៅតាម​នីតិវិធី​ ហើយ​បើសិន​ជា​នៅ​ ក្នុង​ករណី​ ដែល​មាន​ការ​ខ្វែង​យោបល់គ្នា​អី​ជា​ដើម​គឺ​នឹង​មាន​យន្តការ​ដោះស្រាយ​ នៅ​តាម​វិធាន​ផ្ទៃ​ក្នុង​នៃ​សាលាក្តី​ខ្មែរក្រហម​ហើយ​បាទ»។​

ជន​សង្ស័យ​ពីរនាក់​ផ្សេង​ទៀត​គឺ ​យឹម ទិតហៅតា ទិត​នៃ​សំណុំ​រឿង​០០៣ ​និង​អោម អាន ហៅ​តា​អាន​នៃ​សំណុំ​រឿង​០០៤។​

ជន​សង្ស័យ​ទាំងអស់​មិន​ត្រូវ​គេ​នាំយក​មក​កាន់​តុលាការ​នៅ​ឡើយ​ទេ​គឺ​ផ្ទុយ​គ្នា​ពី​ សំណុំ​រឿង​០០១​ និង​០០២ ​ដែលជន​សង្ស័យ​ត្រូវ​អាជ្ញាធរ​នាំយក​មក​កាន់​ តុលាការ​ភ្លាមៗ​ ក្រោយ​ពេល​ចេញ​ដីការ​ចោទ​ប្រកាន់​ទោស។​

ថ្លែង​ប្រាប់​វីអូអេ​ថ្មីៗ​នេះ​ អ្នក​ស្រីអ៊ឹម ចែម​ ជាជន​សង្ស័យ​ម្នាក់​ដែល​ត្រូវ​ចោទ​ ប្រកាន់​ទោស​ បាន​បដិសេធ​ថា​ គាត់​គ្មាន​ជាប់ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ទេ​ ហើយ​គាត់​តតាំង​នឹង​តុលាការ​ថា​ គាត់​នឹង​មិន​សហការ​ ឬ​មិន​ទៅ​បំភ្លឺ​អំពី​រឿងរ៉ាវ​កាលពី​អតីត​កាល​ទេ​នោះ។​

«ខ្ញុំ​អត់​ទៅ​ទេ​ ខ្ញុំ​អត់​មាន​អ្វី​ត្រូវ​នឹង​គេ​ចោទ​ហ្នឹង​ផង​ ព្រោះអី ​វា​អត់​ជាក់ស្តែង​ ​ហើយ​ខ្ញុំ​អត់​បាន​ធ្វើអី​ខុស​ដូច​គេ​ចោទ។ ​អញ្ចឹង​ខ្ញុំ​អត់​ទៅ​ទេ»។​

ប្រទេស​កម្ពុជា​និង​អ.ស.ប.ធ្លាប់​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​កិច្ច​សហការ​ជា​ ច្រើន​លើក​មក​ហើយ ​ហើយ​ចៅក្រម​អន្តរជាតិ​ខ្លះ​បាន​លាឈប់​ ហើយ​ម្ចាស់​ជំនួយ​ខ្លះ​ត្រូវ​គេ​ដឹង​ថា ​ធ្លាប់​មាន​ការ​រារែក​ក្នុង​ការ​ផ្តល់​ជំនួយ​ខ្លះ​ នៅ​ពេល​ប្រទេស​កម្ពុជា​បង្ហាញ​ការ​មិន​សហការ​ជាមួយ​ភាគី​អ.ស.ប.កាលពី​ប៉ុន្មាន​មុន​លើ​រឿង​ចោទ​ប្រកាន់​ជន​សង្ស័យ​សំណុំ​រឿង​បន្ថែម​គឺ​សំណុំ​រឿង​០០៣ ​និង​០០៤​ ដែល​មាន​ជនសង្ស័យ​៥​នាក់ ​តែ​ម្នាក់​គឺ​លោក​ស៊ូ ម៉េត​បានស្លាប់​ទៅ​ហើយ​នោះ។​

សាលាក្តី​ខ្មែរក្រហម​កំពុង​ដំណើរការ​កាត់ទោស​សំណុំ​រឿង​០០២ ​វគ្គទី២ ​ដែល​មាន​មេដឹកនាំ​កំពូលៗ​ចំណាស់ៗពីររូប​គឺ​នួន ​ជា​ អតីត​បងធំ​ទី២​ ​និង​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋខ្មែរក្រហម​ ពីបទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្មសំខាន់​ជាច្រើន​គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជាដើម​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ជាង​១លាន​៧សែន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់ឆ្នាំ​១៩៧៩៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG