ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សង្គម​ស៊ីវិល​​​អបអរ​សាទរ​​ការ​ចោទ​ប្រកាន់​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម

  • គង់ សុឋានរិទ្ធិ

លោក​មាស មុត ​អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម ​ក្នុង​សំណុំ​រឿង​០០៣។

ក្រុម​អង្គការក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​បាន​ស្វាគមន៍​ការ​ដាក់​ជន​ជាប់​សង្ស័យ​ដែល​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហមពីរ​នាក់​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​ឲ្យ​ស្ថិត​នៅ​ក្រោមការ​ត្រួត​ពិនិត្យដោយ​កំបាំង​មុខ​ ក៏​ប៉ុន្តែ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ​ នៅ​តែសម្តែង​ការ​ព្រួយ​បារម្ភ​អំពីការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​លើ​ដំណើរ​ការ​កាត់​ទោស​ពួក​គេ។​

កាល​ពី​ថ្ងៃ​ទី​៣​ខែ​មិនា ​សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​គឺ​លោក​ម៉ាក ហាម៉ុន​បាន​ចោទ​ប្រកាន់​ជន​ជាប់​សង្ស័យ​គឺ​លោក​មាស មុត ​អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម ​ក្នុង​សំណុំ​រឿង​០០៣​ ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​បទ​មនុស្ស​ឃាត។​ ដោយ​ឡែក​អ្នក​ស្រី​អ៊ឹម ចែម ​អតីត​គណៈ​ស្រុក​ព្រះ​នេត្រ​ព្រះ​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ និង​ឧ​ក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​FIDH ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​ចាត់​ទុក​ថា ​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​សង្ស័យ​ថ្មី​នេះ​គឺជា​ការ​ជឿន​លឿន​មួយ។ ​ប៉ុន្តែ​ដំណាល​គ្នា​នេះ​ អង្គការ​ដដែល​លើក​ឡើង​ថា ​នៅ​មាន​«ការ​ព្រួយ​បារម្ភធ្ងន់​ធ្ងរ​មួយ​ចំនួន​ទៀត​ជុំវិញ​ការ​ប៉ុន​ប៉ង​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​និង​កង្វះ​តម្លាភាព»​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។​

​ដោយ​ឡែក​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ (CHRAC)​ ​ដែល​មាន​អង្គការ ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ចំនួន​២១​ជា​សមាជិក ក៏​បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជាការ​វិវត្ត​ទៅ​មុខ​មួយ​ជំហាន​ទៀត​នៃ​សំណុំ​រឿង​ចម្រូង​ចម្រាស់​ទាំង​ពីរ។​ ដំណាល​គ្នា​នោះ​ គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ក៏​បានសម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​គឺ​លោក​យូ ប៊ុនឡេង ​និង​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​គឺ​លោក​ម៉ាក​ ហាម៉ុន។​សហចៅ​ក្រម​អន្តរជាតិបាន​សម្រេច​ចិត្ត​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​០០៣​ និង​០០៤​ជា​ឯកតោ​ភាគី​ ​ខណៈ​ដែល​សហចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​មិន​ចង់​ឲ្យ​មានចំណាត់​ការ​នីតិ​វិធី​តុលាការ​លើ​ជន​សង្ស័យ​បន្ថែម ​ស្របតាម​ជំហរ​របស់​រដ្ឋាភិបាល។​

គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​បាន​បង្ហាញ​ពី​ភាព​មិន​ស្មើ​គ្នា​រវាង​សំណុំ​រឿង​០០១ ​និង​០០២​ដែល​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នេះ​ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពី​ចោទ​ប្រកាន់ ​ប៉ុន្តែ​សំណុំ​រឿង​បន្ថែម​ពីរ​ចុង​ក្រោយ​មិន​បាន​ប្រព្រឹត្ត​ស៊ី​សង្វាក់​បែប​នេះ​ទេ។​

ហេតុ​ដូច្នេះ​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្មបាន​អំពាវនាវ​«ជា​បន្ទាន់»​ដល់​សហ​ចៅ​ក្រម​ស៊ើប​អង្កេតជាតិ​ឲ្យ​សហការ​ជា​មួយ​សម​ភាគី​អន្តរជាតិ​ដើម្បី​បញ្ចប់​កិច្ច​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣​ និង​០០៤ ដោយ​សារ​សហចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​មាន​កាតព្វ​កិច្ច​ក្នុង​រឿង​នេះ។​ មួយ​វិញ​ទៀត​ បណ្តុំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រំឭក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ដែល​បាន​សន្យា​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្សអង្គការ​សហ​ប្រជាជាតិដែល​ថា នឹង​អនុញ្ញាត​ឲ្យ​កិច្ច​ដំណើរ​ការ​នីតិ​វិធី​នៃ​សំណុំ​រឿង​ចម្រូង​ចម្រាស់​ទាំង​ពីរ​នេះ​ដំណើរ​ការ​ដោយ​មិន​មាន​ការ​ជ្រៀត​ជ្រែក​ណា​មួយ។ ​ជាង​នេះ​ទៀត​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ខ្មែរ​បញ្ឈប់​ការ​ប៉ុន​ប៉ង​ណា​មួយ​ដែល​បង្ក​ឥទ្ធិ​ពល​លើ​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤។​

លោក​ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា​ នោះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​ ដែល​មិន​ត្រឹម​ត្រូវ ស្រប​ពេល​ដែល​រដ្ឋា​ភិបាល​ត្រៀម​សហការ​ជាមួយ​សាលាក្តី​ខ្មែរ​ក្រហម​នោះ។​

«ការ​បារម្ភ​របស់​ពួក​គេ​កើត​ឡើង​តាំង​ពីមុន​ការ​បង្កើត​តុលាការ​ខ្មែរ​ក្រហម​ម្ល៉េះ។ ​ប៉ុន្តែ​គួរ​តែ​វាយ​តម្លៃ​ខ្ពស់​ថា​ រាជ​រដ្ឋា​ភិបាល​មិន​មាន​អំណាច​ណា​ ដែល​ជ្រៀត​ជ្រែក​ក្នុង​តុលាការ​ខ្មែរ​ក្រហម​នោះ​ទេ។​ ហើយ​រាជ​រដ្ឋា​ភិបាល​គ្មាន​អ្វី​ក្រៅ​ពី​អនុវត្ត​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​ដើម្បី​ចូល​រួម​សហការ​ជាមួយ​នឹង​តុលាការ​តែ​ប៉ុណ្ណោះ»។​

ជា​មួយ​គ្នា​នេះ ​លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទាក់​ទង​នឹងការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​នោះ​ទេ។ ​ទោះ​ជា​យ៉ាង​ណា ​លោក​បញ្ជាក់​ថា​ បើ​ទោះ​ជាមាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុងការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេតសម្រាប់​សំណុំរឿង០០​៣​ និង​០០៤ប៉ុន្តែ​កិច្ច​ស៊ើប​អង្កេត​នៅ​តែ​បន្ត ​ដោយ​មិន​មាន​ការ​រារាំង​នោះ​ទេ។​

«ការ​ខ្វែង​គំនិត​គ្នា​នេះ​មិន​មែន​មានន័​ថា ​ចៅ​ក្រម​ទាំង​ពីរ​មិន​ធ្វើ​ការ​ជាមួយ​គ្នា​ទេ។​ ផ្ទុយ​ទៅវិញ​ គាត់​កំពុង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ស្អិត​ល្មួត»។​

នេះ​ជា​លើក​ទី​១​ហើយ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​បានបង្ហាញ​ឈ្មោះ​ជន​ជាប់​សង្ស័យ​ពីរ​នាក់ក្នុង​ចំណោម​ជន​ជាប់​សង្ស័យ​ចំនួនប្រាំ​នាក់​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤។

កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានបង្ហាញ​ជំហរ​ជាថ្មី​ម្តង​ទៀត​ប្រឆាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់អតីតកម្មាភិ​បាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បន្ថែម​ទៀត​ ស្រប​ពេល​ដែល​ភាគី​កម្ពុជា​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​តែ​រក្សា​ជំហរ​មិន​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ជាមួយ​សហ​ចៅក្រម​បរទេស​ក្នុង​សំណុំ​រឿង​ទាំង​ពីរ៕

XS
SM
MD
LG