អតីតគណៈស្រុកព្រះនេត្រព្រះក្នុងសម័យខ្មែរក្រហមគឺអ្នកស្រីអ៊ឹម ចែមបានច្រានចោលការចោទប្រកាន់របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅថ្ងៃពុធនេះ ហើយបានប្រកាសថា អ្នកស្រីនឹងមិនចូលបំភ្លឺដល់តុលាការនៅពេលចាំបាច់ណាមួយនោះទេ។
កាលពីថ្ងៃអង្គារម្សិលមិញនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមគឺលោកម៉ាក ហាម៉ុន (Mark B.Harmon ) បានដាក់អ្នកស្រីអ៊ឹម ចែមជាជនសង្ស័យម្នាក់ក្នុងចំណោមជនជាប់សង្ស័យសំណុំរឿង០០៤ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ ដោយចោទប្រកាន់អ្នកស្រីពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក្នុងពេលជាមួយគ្នានោះដែរ សហចៅក្រមសញ្ជាតិអាមេរិកបានចោទលោកមាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកជាជនជាប់សង្ស័យក្នុងសំណុំរឿង០០៣ថា ជាប់ពាក់ព័ន្ធនឹងបទមនុស្សឃាត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ទាក់ទងតាមទូរស័ព្ទនៅថ្ងៃនេះ អ្នកស្រីអ៊ឹម ចែមបានសម្តែងការមិនពេញចិត្ត ហើយចាត់ទុកថា ការចោទប្រកាន់របស់សាលាក្តីខ្មែរក្រហមគឺខុសពីការពិត។
«ចេះតែមកចោទខ្ញុំទទេៗ។ ចោទខុស ព្រោះខ្ញុំអត់បានអនុវត្ត អត់បានធ្វើអញ្ចឹង។ ឥឡូវរកអ្នកចោទហ្នឹងឃើញប្តឹងឡើងតុលាការ»។
អ្នកស្រីអ៊ឹម ចែម អាយុ៧២ឆ្នាំស្ថិតក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃសម័យកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម។ លោកចៅក្រមស៊ើបអង្កេតអន្តរជាតិគឺលោកម៉ាក ហាម៉ុនបានរកឃើញថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនៅមន្ទីរសន្តិសុខភ្នំទ្រយោង ការដ្ឋានស្ពានស្រែង ការធ្វើមនុស្សឃាត ការដាក់ជាទាសករ ការសម្លាប់រង្គាល ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយជាដើម។
ថ្វីបើបែបនេះក្តី អ្នកស្រីអ៊ឹម ចែមបានប្តេជ្ញាចិត្តថា នឹងមិនចូលបំភ្លឺនៅតុលាការចំពោះការចោទប្រកាន់មកលើអ្នកស្រីនោះទេ។
«ខ្ញុំនឹងមិនទៅបំភ្លឺនោះទេ»។
នេះជាលើកទី១ហើយដែលសាលាក្តីខ្មែរក្រហមបានបង្ហាញឈ្មោះជនជាប់សង្ស័យពីរនាក់ដំបូងក្នុងចំណោមជនជាប់សង្ស័យចំនួនប្រាំនាក់ក្នុងសំណុំរឿង០០៣ និង០០៤។ សំណុំរឿងបន្ថែមទាំងពីរនេះត្រូវរដ្ឋាភិបាលកម្ពុជាប្រឆាំងជំទាស់ ដោយព្រមានពីការកើតសង្គ្រាមស៊ីវិលឡើងវិញ ប្រសិនបើមានការចោទប្រកាន់ជនជាប់សង្ស័យដែលជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមនោះ។
ដំណាលគ្នានេះដែរ សហចៅក្រមស៊ើបអង្កេតអន្តរជាតិក៏បានរកឃើញថាលោកមាស មុតជាប់ពាក់ព័ន្ធនឹងការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យធ្វើជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងពូជសាសន៍ ដែលប្រព្រឹត្តទៅនៅមន្ទីរសន្តិសុខឥន្ទ្រញាណ នៅខេត្តកំពង់សោម ខេត្តក្រចេះ និងមន្ទីរសន្តិសុខស ២១ ឬគុកទួលស្លែង រួមទាំងបទឧក្រិដ្ឋដែលប្រព្រឹត្តលើជនបរទេសមួយចំនួនដូចជាជនជាតិថៃ វៀតណាម និងជនបរទេសផ្សេងទៀតនៅលើដែនកោះនិងដែនសមុទ្រកម្ពុជា។
កូនប្រុសរបស់អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមរូបនេះគឺលោកមាស សុភ័ស មិនធ្វើអត្ថាធិប្បាយណាមួយចំពោះការចោទប្រកាន់ដោយតុលាការលើឪពុករបស់លោកនោះទេ។
«ខ្ញុំអត់មានទស្សនៈអ្វីទាំងអស់។ អត់មានអ្វីត្រូវនិយាយទេ។ លោកអាចជួបជាមួយមេធាវីបានគឺលោកអាង ឧត្តម»។
លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់លោកមាស មុត មានប្រសាសន៍ថា ក្រុមការពារក្តីរបស់លោកកំពុងរៀបចំការងារក្តីនេះនៅឡើយ។ ហើយលោកបញ្ជាក់ថា នៅពេលនេះសាលាក្តីខ្មែរក្រហមបានអនុញ្ញាតឲ្យលោកចូលឆែកសំណុំរឿងកូនក្តីរបស់លោកបានហើយ។
កាលពីប៉ុន្មានថ្ងៃមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហាញជំហរជាថ្មីម្តងទៀតប្រឆាំងទៅនឹងការចោទប្រកាន់អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមបន្ថែមទៀតក្នុងសំណុំរឿង០០៣និង០០៤ ស្របពេលដែលភាគីកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមនៅតែរក្សាជំហរមិនសហការក្នុងការស៊ើបអង្កេតជាមួយសហចៅក្រមបរទេសក្នុងសំណុំរឿងទាំងពីរ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ពន្យល់ថា នៅក្នុងនីតិវិធីជាទូទៅ សហចៅក្រមស៊ើបអង្កេតអាចចាត់វិធានការរួមគ្នាទាក់ទងនឹងការចេញដីកាចាប់ខ្លួន ឬឃុំខ្លួន ប៉ុន្តែក្នុងករណីមានការខ្វែងយោបល់គ្នា ក្នុងនីតិវិធីច្បាប់ ក៏បានអនុញ្ញាតឱ្យចៅក្រមណាម្នាក់អាចអនុវត្តនូវនីតិវិធីទាំងពីរនេះបាន៕