ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​ សែន​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យល់​ពី​កិច្ច​ការ​មេធាវី​ការពារ​មេ​ខ្មែរក្រហម


នួន ជា និង​ ខៀវ សំផន នៅ​ក្នុង​អំឡុង​​​ពេល​សវនាការ​ខ្មែរក្រហម។
នួន ជា និង​ ខៀវ សំផន នៅ​ក្នុង​អំឡុង​​​ពេល​សវនាការ​ខ្មែរក្រហម។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​លោក​ហ៊ុន សែន ​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋខឹង​សម្បារ​នឹង​ក្រុម​មេធាវី​ការ​ពារ​ក្តី​ឲ្យ​អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បើ​ទោះ​បី​ជា​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ឧក្រិដ្ឋ​កម្ម​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ក៏ដោយ។

សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​សាលា​ក្តី​ខ្មែរក្រហម​កំពុង​កាត់​ទោស​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ដែល​ជា​អតីត​មេដឹកនាំ​អំណាច​កំពូល​ទី​២​របស់​ពួក​ខ្មែរ​ក្រហម​និង​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី​២។

អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ទាំង​ពីរ​ត្រូវ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពេល​ដែល​ពួក​គេ​កាន់​អំណាច​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩។

លោក​ហ៊ុន សែន ​បាន​លើក​នៅ​ក្នុ​ង​ពិធី​ចែក​សញ្ញាបត្រ​មួយ​ក្នុ​ង​ទី​ក្រុង​ភ្នំពេញ​ថាការ​ការពារក្តី​គឺជា​តួនាទី​របស់​មេធាវី​បើ​ទោះ​បី​ជាកូនក្តី​របស់​ខ្លួន​បាន​ប្រព្រឹត្ត​ខុសធ្ងន់​ធ្ងរ​យ៉ាងណាក៏​ដោយ។

«ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ទៅ​ខឹង​មេធាវី​ជនជាប់ចោទ​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម។ ទេ​សុំ​ប្រជា​ពលរដ្ឋ​របស់​យើង​កុំ​ខឹង​នឹង​មេធាវី​ការពារ​លោក​នួន ជា ​មេធាវី​ការពារ​លោកខៀវ សំផន ​មេធាវី​ការពារ​អ្នក​មុនៗ។ ​កុំ​ខឹង​គាត់។​ មុខ​នាទី​គាត់​ទោះបី​កូន​ក្តី​ខុស​ប៉ុណ្ណា​ក៏​ដោយ។​ រក​វិធី​ធ្វើ​ឲ្យ​ត្រូវ»។

​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​និង​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ហើយហៀប​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​លោក​ស សាវ៉ាន ​អតីត​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​ខៀវ សំផន ​នៅ​ក្នុ​ងសន្និសីទ​កាសែត​មួយ​នៅ​សាលាក្តីខ្មែរ​ក្រហម។​មូលហេតុគឺ​ដោយសារ​តែ​លោក​មេធាវី ​ស សាវ៉ាន ​និយាយ​កាន់​ជើង​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​រូប​នេះ។​ហើយ​ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ចាត់ទុក​ថា​ខៀវ សំផន ​មាន​កំហុស​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន។

​នួន ជា​និង​ខៀវ សំផន ​ដែល​មានវ័យ​ជាង​៨០​ឆ្នាំរៀងៗ​ខ្លួន​ត្រូវផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាលក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គទី១។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​នេះ​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​រិះ​គន់ការ​ធ្វើ​ពហិការ​មិន​ព្រម​ចូល​រួម​សវនាការ​របស់​ក្រុម​មេធាវីការពារ​ចុង​ចោទខៀវ សំផន ​និង​នួន ជា ​កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ។​លោក​បាន​ហៅ​ការ​ធ្វើ​ពហិការ​នោះ​ថា​គឺ​ជា​រឿង​ឆោត​ល្ងង់​និង​ជាការ​អូស​បន្លាយ​ពេល​វេលា​កាត់ទោស។

«សុំ​កុំ​ចេះ​តែ​ពហិការ។ បើ​ដូច្នេះ​តើ​ជាតិ​ណា​ទៅ​កាត់​បាន​(ចប់)?»

លោក សុន អរុណ ​សហមេធាវី​កម្ពុជា​ការពារ​ឲ្យ​នួន ជា ​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ពី​តួនាទី​របស់​មេធាវី​ការពារ​អតីត​មេដឹកនាំ​ជាន់​ខ្មែរក្រហម។​ ប៉ុន្តែ​លោក​ ហ៊ុន សែន ដែល​ជា​សមាជិក​គណៈមេធាវី​មួយ​រូប​ លោក​យល់​បញ្ហានេះ។

«នៅ​មានអ្នក​ខ្លះ​មិន​សូវ​ចូល​ចិត្ត​ចឹង​ដែរ។​ គេថា​មេ​ខ្មែរ​ក្រហម​ជា​មេ​ឃាតករ​សម្លាប់​ជនជាតិឯង​។អ្នក​ដែល​មិន​យល់​មិន​បាន​ដឹង​អំពី​ច្បាប់​នេះ​ចេះ​តែស្អប់​ពី​ព្រោះ​គេ​ស្អប់​ខ្មែរ​ក្រហម​ គេ​ស្អប់​មេធាវីដែរ‍»។

សំដី​របស់​លោក(ហ៊ុន សែន) ​មាន​ន័យ​ថា​លោក​យល់​ពី​ច្បាប់​និង​ក្រម​សីលធម៌​របស់​មេធាវី​ច្បាស់​លាស់​ពីព្រោះ​លោក​ជា​មេធាវី។ ​លោក​បាន​អាន​និង​រៀន​ដែរ»។
លោក ឡាត់ គី ​អ្នក​សម្រប​សម្រួល​កម្មវិធី​សាលាក្តី​ខ្មែរក្រហម​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​យល់​ថា ​នេះ​ជា​សារ​មាន​ប្រយោជន៍​សម្រាប់​សាធារណជន​ដែល​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​តាមដាន​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ផងដែរ។​ ប៉ុន្តែលោក​ឡាត់ គី ​មើល​ឃើញ​ថា​ ក្រុម​ប្រជាពលរដ្ឋ​មាន​ការយល់​ដឹង​ជា​មូលដ្ឋាន​បាន​ច្រើន​អំពី​ដំណើរការ​និង​តួនាទី​ក្នុង​ការ​កាត់​ក្តី​នៅ​ពេល​នេះ៕

XS
SM
MD
LG