ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះ​រាជ​អាជ្ញា​សាលាក្តី​ខ្មែរក្រហម​​ប្រកាស​វិធានការ​ចំពោះ​សាក្សី​​ផ្តល់​សក្ខីកម្ម​មិន​ពិត

  • គង់ សុឋានរិទ្ធ

លោក​នីកូឡាស គុមជាន ​(Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​សញ្ជាតិ​អាមេរិក​នៅ​សាលាក្តី​ខ្មែរ​ក្រហម។

សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​បាន​ព្រមាន​សាក្សី​ ដែល​ជាអតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​មួយ​រូប​ថា ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សាក្សី​រូប​នេះ ​ប្រសិន​បើ​សាក្សី​«និយាយ​កុហក»​នោះ។​

លោក​នីកូឡាស គុមជាន ​(Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​សញ្ជាតិ​អាមេរិក​ បាន​ព្រមាន​ដូច្នេះ​នៅ​ក្នុង​សវនាការ​នៃ​សំណុំ​រឿង​០០២​ វគ្គ​ទី​២​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ខណៈ​ពេល​ដែលសាក្សី​គឺ​លោក​នាង អ៊ូច​បាន​បដិសេធ​អំពី​តួនាទី​ដែល​ត្រូវ​តុលាការ​ដៅ​ថា​ គាត់​ជា​អតីត​ចៅហ្វាយ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ ​នៅ​ស្រុក​ត្រាំកក់​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ច្រើន ​ជា​ពិសេស​នៅ​គុក​ក្រាំង​តាចាន់។​

លោក​គុមជាន​បាន​បញ្ជាក់​តាមរយៈ​អ្នក​បក​ប្រែ​ដោយ​ព្រមាន​ត្រង់ៗ​ថា៖ «លោក​បាន​ស្បថ​ហើយ ​ហើយ​លោក​អាច​នឹង​ត្រូវ​ចោទ​ប្រកាន់​ដោយសារ​តែ​លោក​កុហក»។​

នេះ​ជាលើក​ទី​១​ ដែល​សហ​ព្រះរាជ​អាជ្ញា​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​នឹង​ការ​ផ្តល់​សក្ខីកម្ម​មិន​ពិត។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ លោក​នីកូឡាស​ គុមជាន ​បាន​និយាយ​ធានា​ថា​ សាក្សី​គឺ​លោក​នាង អ៊ូច​នឹង​មិន​ក្លាយ​ជា​ជន​ជាប់​សង្ស័យ​បន្ថែម​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ ដោយ​សារ​តែ​តួនាទី​នៃ​អតីត​កាល​របស់​លោក​នោះ​ទេ។​

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២ ​ដែល​ចាប់ផ្តើម​ជា​ពិសេស​លើ​ឧក្រិដ្ឋ​កម្ម​នៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់ ​ឬហៅ​ថា​ គុក​ក្រាំង​តាចាន់​នៃ​ស្រុក​ត្រាំកក់។​ មនុស្ស​ជាង​១៥.០០០​នាក់​ត្រូវ​គេ​ដឹង​ថា ​ត្រូវ​បាន​សម្លាប់​នៅ​ទីនោះ។​

លោក ​នាង អ៊ូច​ បានប្រកែក​ថា​ ​លោក​មិនមែន​ជា​អតីត​លេខា​បក្ស​ ឬ​គណៈ​ស្រុកនោះ​ទេ​ ពី​ព្រោះ​មិន​ដែល​មាន​ការ​តែង​តាំង​រូប​លោក​ជា​ផ្លូវ​ការ​នោះ​ឡើយ។​ ក្រៅ​ពី​នោះ​ សាក្សី​ដដែល​បាន​ច្រាន​ចោល​ព័ត៌​មាន​មួយ​ចំនួន​ ដែល​សហ​ព្រះ​រាជ​អាជ្ញា​បរទេស​យក​មក​បង្ហាញ​ ថ្វីដ្បិតតែ​ជន​ជាប់​សង្ស័យ​មួយ​ចំនួន​ទៀត ​ដូចជា​អ្នក​ស្រី​អ៊ឹម ចែម ​និងតាអាន​ក្នុង​សំណុំ​រឿង​០០៤​ត្រូវ​បាន​បញ្ជាក់​រួច​ហើយ​ក្តី។​

​យោង​តាម​វិធាន​៣៦​នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរក្រហម​ ការ​ផ្តល់​សក្ខី​កម្ម​ដោយ​ភូតកុហក​នឹង​ត្រូវ​ដាក់​ទោស​តាម​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា។ ​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​៥៤៥​ចែង​ថា ​«សក្ខីកម្ម​ភូត​កុហក​ដែល​បាន​ស្បថ​នៅ​មុខ​តុលាការ ​ឬ​នៅមុខ​មន្ត្រី​នគរបាល​យុត្តិធម៌»នឹ​ង​ត្រូវ​ដាក់​ទោស​ពី​២​ទៅ​៥​ឆ្នាំ​ឬ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៤​ទៅ​១០​លាន​រៀល​ ឬស្មើ​នឹង​១០០០​ទៅ​២៥០០​ដុល្លារ​អាមេរិក។​

លោក​ឡាស អលសិន ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​កិច្ច​ការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​ ឲ្យដឹង​ថា ​មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​ចោទ​ប្រកាន់​អំពី​កំហុស​របស់​សាក្សី ​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​មុន​ថា ​តើ​ខ្លួន​មាន​សមត្ថ​ភាព​ដាក់​ទណ្ឌកម្ម​លើ​សាក្សី​រូប​នោះ​តាម​អំណាច​ក្រម​ព្រហ្ម​ទណ្ឌ​ ឬ​យ៉ាងណា​ ឬ​ក៏​នឹង​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅកាន់​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ជាតិ។​

លោក​គង់ សំអុន ​សហ​មេធាវី​កម្ពុជា​របស់​ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​នៃ​សម័យ​ខ្មែរ​ក្រហម បាន​ហៅ​ការព្រមាន​របស់សហ​ព្រះ​រាជអាជ្ញា​ថា​ ជា​ការ​គំរាម​កំហែង​ដល់​សាក្សី។​

«ខ្ញុំ​មើល​ឃើញ​ថា ​វាជា​ការ​គំរាម​កំហែង​ដល់​សាក្សី​ទៅ​វិញ​ទេ ​អ្វី​ដែល​តំណាង​សហ​ព្រះ​រាជ​អាជ្ញាធ្វើ​វិធាន​ដែល​ត្រូវ​ចាត់​ការ​លើ​សាក្សី​នោះ»។​

លោក​សហ​ព្រះរាជ​អាជ្ញានីកូឡាស គុមជាន​បាន​ច្រាន​ចោល​ការ​យល់​ឃើញ​បែប​នេះ​ ដោយ​ចាត់​ទុក​ថា​ នេះ​ជា​នីតិវិធី​ ដែល​គេ​ដឹង​ឮ​គ្រប់​គ្នា​និង​ជា​វិធី​ដ៏​មាន​សារៈសំខាន់។​

សូម​បញ្ជាក់​ថា ​ក្នុង​ការ​ផ្តល់​សក្ខី​កម្ម​នៅ​ថ្ងៃ​នេះ ​លោក​នាង អ៊ូច​បញ្ជាក់​ថា ​មាន​គណៈ​ប្រតិភូ​ពី​ប្រទេស​ចិន​ និង​ពី​ប្រទេស​ស៊ុយអែត​មក​បំពេញ​ទស្សន​កិច្ច​នៅ​ស្រុក​ត្រាំកក់​របស់​លោកផង​ដែរ៕

XS
SM
MD
LG