អង្គការសិទ្ធិមនុស្ស Human Rights Watch បានជំរុញឲ្យរដ្ឋាភិបាលបង់ក្លាដែសពិចារណាឡើងវិញអំពីគម្រោងរបស់ខ្លួននៅក្នុងការបញ្ជូនជនភៀសខ្លួន Rohingya ទៅកាន់កោះដ៏តូចមួយដែលគ្មានមនុស្សរស់នៅ។
អង្គការ Human Rights Watch បានបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះថា កោះ Bhasan Char ដែលសម្បូរដោយព្រៃកោងកាង និងស្មៅ «បានដុះឡើងនៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដោយសារដីល្បាប់ដែលហូរមកពីទន្លេ Meghna របស់ប្រទេសបង់ក្លាដែស»។
នៅក្នុងរបាយការណ៍កម្រាស់ ៦៨ ទំព័រ របស់អង្គការ Human Rights Watch នេះ ដែលមានចំណងជើងថា «បង់ក្លាដែសគឺមិនមែនជាប្រទេសរបស់ខ្ញុំ៖ ស្ថានភាពលំបាករបស់ជនភៀសខ្លួន Rohingya មកពីប្រទេសមីយ៉ាន់ម៉ា» អ្នកជំនាញនានាបានប៉ាន់ប្រមាណថា កោះ Bhasan Char អាចនឹងលិចទឹកទាំងស្រុងនៅពេលណាដែលមានរលកធំៗដែលបណ្ដាលមកពីខ្យល់ព្យុះ។
អង្គការ Human Rights Watch បានបន្ថែមទៀតថា កោះ Bhasan Char គឺមិនមែនជាជម្រើសតែមួយគត់សម្រាប់បញ្ជូនជនភៀសខ្លួន Rohingya ទៅនោះទេ ដោយសារតែមានកន្លែងចំនួន ៦ ផ្សេងទៀត ដែលគេបានកំណត់។
របាយការណ៍របស់អង្គការ Human Rights Watch នេះ បានបញ្ជាក់ថា កោះ Bhasan Char នេះ «ទំនងជាផ្ដល់លទ្ធភាពតិចតួចប៉ុណ្ណោះសម្រាប់ការអប់រំ និងសេវាសុខភាព និងផ្ដល់ឱកាសតិចតួចប៉ុណ្ណោះសម្រាប់ការរស់នៅ ឬក៏ការចិញ្ចឹមជីវិតដោយខ្លួនឯង»។
អង្គការនេះបានបន្តទៀតថា កង្វះការធានាឲ្យបាននូវសេរីភាពនៃការធ្វើដំណើរទៅនិងមកពីកោះ Bhasan Char នេះ និងទីតាំងនៅដាច់ឆ្ងាយពីគេរបស់កោះនេះ «អាចនឹងធ្វើឲ្យកោះនេះក្លាយទៅជាមណ្ឌលឃុំឃាំងបាន»៕