ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​នៅ​ក្នុង​ទីក្រុង Cox's Bazar ប្រឈម​ហានិភ័យ​នៃ​ការ​ជួញ​ដូរ​មនុស្ស


រូបឯកសារ៖ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កំពុង​តម្រង់ជួរដើម្បី​ទទួល​យក​​អំណោយ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ថ្ងៃ​ទី១​ កក្កដា ២០១៨។

អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​ខ្លួន​បាន​រាយការណ៍​ថា​ ជន​ភៀស​ខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង ​Cox's Bazar ប្រទេស​បង់ក្លាដែស​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ធ្លាក់​ក្នុង​អន្ទាក់​របស់​អ្នក​ជួញ​ដូរ​មនុស្ស​ ដែល​កេង​ប្រវ័ញ្ច​ផ្លូវភេទ និង​កម្លាំង​ពលកម្ម​របស់​ពួកគេ។

ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រហែល​មួយ​លាន​នាក់​រស់​នៅ​ក្នុង​ជំរំ​ដែល​គ្មាន​ការ​ឧបត្ថម​គ្រប់​គ្រាន់​ និង​គ្មាន​អនាម័យ​នៅ​ក្នុង​ទីក្រុង ​Cox's Bazar។ មនុស្ស​ជាង​៧សែន​នាក់​ បាន​ភៀស​ខ្លួន​ទៅ​ទីក្រុង​ Cox's Bazar ​ចាប់​តាំង​ពី​ខែ​សីហា ដើម្បី​គេច​ពី​អំពើ​ហិង្សា​ និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នៅ​ក្នុង​ការ​ភៀស​ខ្លួន​ដោយ​ប្រញាប់​ប្រញាល់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ភាគ​ច្រើន​នៃ​ជនភៀស​ខ្លួន​ទាំង​នោះ​បាន​មក​ដល់ប្រទេស​បង់ក្លាដែស​ ដោយ​គ្មាន​អ្វី​ទាំង​អស់​ក្រៅ​ពី​សម្លៀក​បំពាក់ក្នុង​បង្វេច​របស់​ពួកគេ។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​ប្រាប់​ថា ភាព​ក្រីក្រ​និង​កង្វះ​ឱកាស​ការងារ​ធ្វើ​ឲ្យ​ជនភៀស​ខ្លួន​ទាំង​នោះ​ងាយ​រងគ្រោះ​សម្រាប់​ការ​ជួញ​ដូរ​មនុស្ស។ អង្គការ​នេះ​ ប្រាប់​ទៀត​ថា​ ស្រ្តី​និង​ក្មេង​ស្រី​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ​ និង​ការ​រំលោភ​បំពាន​ដោយ​ហិង្សា។

អ្នក​នាំ​ពាក្យ​របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ ​លោក Pual Dillon​ បាន​ប្រាប់​វីអូអេ​ថា ​ស្រ្តី​និង​ក្មេង​ស្រី​ដែល​មាន​វ័យ​១១​ឆ្នាំ​ក៏​មាន កំពុង​តែ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ដោយ​ធ្វើ​ការ​តាម​ផ្ទះ​ដែល​មាន​សភាព​ដូចជា​ទាសករ។

លោក Dillon បាន​ថ្លែង​ថា៖ «មាន​ឧស្សាហកម្ម​រោងចក្រ​ផលិត​ជា​លក្ខណៈ​គ្រួសារ​ដែល​កំពុង​តែ​រីក​ដុះ​ដាល ដែល​នាំ​ឲ្យ​បុរស​វ័យ​ក្មេង​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ ​ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​ក្នុង​បរិយាកាស​ការងារ​ទាំង​នោះ។ បុរស​វ័យ​ក្មេង​ទាំង​នោះ​បាន​ទទួល​ប្រាក់​ឈ្នួល​ទាប ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង។ នៅ​ក្នុង​ករណី​មួយ​ចំនួន​ទៀត ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​តាម​ម៉ោង​ការងារ​ទៀង​ទាត់​ទេ»។

ដោយសារ​តែ​ការ​លាក់​បាំង​ធាតុ​នៃ​បទ​ល្មើស​ អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​កត់​ត្រា​បាន​តែ​ជន​រងគ្រោះ ​ដោយ​ការ​ជួញដូរ​មនុស្ស​តែ​៧៨នាក់​តែ​ប៉ុណ្ណោះ​ក្នុង​អំឡុង​ពេល​១០​ខែ​កន្លង​មក​នេះ។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ភ័ស្ភុតាង​ដែល​មិន​បាន​កត់ត្រា​ជា​ច្រើន​ដែល​បង្ហាញ​ថា​ មនុស្ស​រាប់​ពាន់​នាក់​ប្រឈម​នឹង​ហានិភ័យ​នៃ​រាល់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស។

អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ គឺ​ជា​ស្ថាប័ន​ដែល​ដឹកនាំ​កិច្ច​សម្រប​សម្រួល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ទីក្រុង Cox's Bazar។ លោក Dillon ប្រាប់​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែ​ពង្រីក​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។ សកម្មភាព​ទាំង​នេះ រួម​បញ្ចូល​ទាំង​ការ​ការពារ ការ​បង្កា និង​ការ​គាំ​ពារ​ផ្លូវ​ចិត្ត​ និង​សម្ភារៈ​ដល់​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​ជួញ​ដូរ​មនុស្ស និង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនរង​គ្រោះ៕

ប្រែ​សម្រួល​ដោយ យូ សុធារី។

អត្ថបទ​ទាក់ទង

XS
SM
MD
LG