ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធី​ដោះស្រាយ​បញ្ហា​រំលោភ​ផ្លូវ​ភេទ​នៅ​ក្នុង​ស.រ.អា


វិធី​ដោះស្រាយ​បញ្ហា​រំលោភ​ផ្លូវ​ភេទ​នៅ​ក្នុង​ស.រ.អា
សូម​រង់ចាំ

No media source currently available

0:00 0:04:02 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិធី​ដោះស្រាយ​បញ្ហា​រំលោភ​ផ្លូវ​ភេទ​នៅ​ក្នុង​ស.រ.អា

ការរំលោភ​ផ្លូវភេទ កើត​មាន​ឡើង​នៅ​គ្រប់ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក។ សេចក្តី​រាយការណ៍​ព័ត៌មាន​ថ្មីៗ​នេះ​អំពី​ការរំលោភ​ភេទ​ដោយ​មនុស្ស​ទាំង​ក្រុម​នៅ​ក្នុង​ប្រទេសឥណ្ឌា និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​ក្នុង​សកល​វិទ្យាល័យ​នៃ​សរអា​បាន​រុញច្រាន​បញ្ហា​នេះឲ្យ​ឡើង​ជា​បញ្ហា​ចម្បង​មួយ។ វីអូអេ ធ្វើការ​ពិនិត្យ​មើល​មធ្យោបាយ​ខ្លះៗ​ដែល​ប្រជា​ពលរដ្ឋ​អាមេរិកាំង កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នេះ មាន​តាំង​ពី​ការ​យល់​ដឹង ការធ្វើ​សកម្មភាព​ និង​ការ​ផ្តើម​គំនិត​នៅ​ថ្នាក់​ខ្ពស់​បំផុត​នៃ​រដ្ឋាភិបាល។

នាង​ Lindsay​ Aramayo កំពុង​រៀន​វិធីការ​ពារ​ខ្លួន​ នៅ​មហា​វិទ្យាល័យ​មួយ​នៅ​ជាយ​ក្រុង​វ៉ាស៊ីនតោន​ (Washington)។​ នាង​ពន្យល់​ថា៖

«​ការ​រៀន​នេះ​ជា​វិធី​សាស្ត្រ​ល្អ​សម្រាប់​ខ្ញុំ​ ព្រោះ​ខ្ញុំ​អាច​ដឹង​ពី​ហេតុ​ការណ៍​នៅ​ក្នុង​សាលារៀន​ឯ​ទៀត​ ហើយ​អាច​ការ​ពារ​ខ្លួន​បាន»។​

ជា​ការ​ងាយ​យល់​ណាស់​ ថា​ហេតុ​អ្វី​បាន​ជា​ស្ត្រី​ក្មេង​ទាំង​នេះ​ចង់​ចេះ​ការពារ​ខ្លួន។​

ការ​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា​ រវាង​ឆ្នាំ​១៩៩៥​ នឹង​២០១៣​ ស្រ្តី​ក្មេង​អាយុ​ពី​ ១៨ ​ឆ្នាំ​ ទៅ​ ២៤ ​ឆ្នាំ​ បាន​ជូប​ប្រទះ​ការ​រំលោភ​ភេទ​ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ខ្ពស់​បំផុត​ ប្រៀប​ធៀប​នឹង​ក្រុម​ស្ត្រី​វ័យ​ផ្សេង​ទៀត។​

ករណី​ជា​ច្រើន​បាន​កើត​ឡើង​ នៅ​តាម​មហាវិទ្យាល័យ​និង​សាកល​វិទ្យាល័យ​នៃ​ប្រទេស​អាមេរិក។​ អ្នក​គ្រប់​គ្រង​សន្តិសុខ​បរិវេណ​សាលា​ លោក​ Daniel​ Carter​ ឲ្យ​ដឹង​ថា ​វិធី​ការ​ពារ​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ផ្លូវ​ភេទ​ តែ​មិន​ដោះ​ស្រាយ​ឬស​គល់​នៃ​បញ្ហា​នេះ​ទេ។​

«យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​វប្បធម៌​នៃ​ការ​អត់​អោន​ ដែល​បើក​ឲ្យ​ជន​ដៃដល់​ ដែល​ជា​មនុស្ស​ចម្លែក​ផង​និង​អ្នកស្គាល់​គ្នា​ផង​ អាច​រំលោភ​ភេទ​បាន​ជា​ថ្មី​ទៀត។​ យើង​មាន​សង្គម​មួយ​ដែល​ទទួល​យក​រឿង​អពមង្គល​បែប​នេះ​ ហើយ​បែរ​ជា​ធ្វើ​មិន​ឃើញ»។​

នៅ​ខែ​តុលា​ ឆ្នាំ២០០៨​ នាង​ Kassie​ Edwards​ ត្រូវ​បាន​គេ​ចាប់​រំលោភ​នៅ​សាកល​វិទ្យាល័យ​របស់​នាង​ នៅ​រដ្ឋ​ Florida​ ពេល​នាង​កំពុង​ធ្វើ​ការនៅ​បណ្ណាល័យ។​

«ខ្ញុំ​កាន់​សៀវ​ភៅ​ជា​ច្រើន​ក្បាល ​ដើម្បី​យក​ទៅ​ដាក់​ក្នុង​ទូ​សៀវ​ភៅ​វិញ។​ ពេល​នោះ​ខ្ញុំ​ឃើញ​បុរស​ម្នាក់​ ពាក់​អាវ​មាន​មួក​ ឋិត​នៅ​មិន​ឆ្ងាយ​ខ្ញុំ។​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ​ ហើយ​បាន​ដើរ​យក​សៀវភៅ​ទៅ​ទុក។​ ភ្លាម​នោះ​ បុរស​នោះ​ដើរ​មក​ពី​ក្រោយ​ខ្ញុំ​ ក្រៀក​ក​ផ្តួល​ខ្ញុំ​ ហើយ​ចាប់​រំលោភ​ខ្ញុំ»។​

នាង​ Kassie​ បាន​រាយការណ៍​ទៅ​ប៉ូលីស​ តែ​ជន​នោះ​មិន​ត្រូវ​ចាប់​ខ្លួន​ភ្លាម​ទេ​ ព្រោះ​ក្រោយ​មក​គាត់​បាន​រំលោភ​ស្ត្រី​បី​នាក់​ទៀត​ មុន​នឹង​ប៉ូលិស​ចាប់​ខ្លួន​ហើយ​កាត់​ឲ្យ​មាន​ទោស​ ពី​បទ​រំលោភ​ភេទ​និង​សម្លាប់​មិត្ត​ស្រី​របស់​គាត់។​

ក្រោយ​ពី​ការ​រំលោភ​ភេទ​ នាង​ Kassie​ បាន​ទាក់​ទង​ជា​មួយ​ជន​រង​គ្រោះ​ផ្សេង​ទៀត។​

«ការ​ដែល​ខ្ញុំ​និយាយ​ចេញ​ បាន​ជួយ​ឲ្យ​ជន​រងគ្រោះ​ឯ​ទៀត​យល់​ថា​ ពួក​គេ​មិន​ត្រូវ​អៀន​ខ្មាស់​ទេ។​

នាង​ Kassie​ បាន​ធ្វើការ​ជាមួយ​នឹង​រដ្ឋបាល​លោក​ អូបាម៉ា​ ដើម្បី​ធ្វើ​យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​តាម​សាកលវិទ្យាល័យ។​

យុទ្ធនាការ​នេះ ​មាន​រួម​សេចក្តី​ប្រកាស​ជា​សេវា​កម្ម​សាធារណៈ​ ដោយ​តារា​ភាពយន្ត​ តន្ត្រីករ​ និង​អ្នក​នយោបាយ​ រួម​ទាំង​លោក​ប្រធានាធិបតី។​

«ទាំង​ក្នុង​វិស័យ​កីឡា​ វប្បធម៌​ប្រជាប្រីយ​ និង​វិស័យ​នយោបាយ​ សង្គម​របស់​យើង​នៅតែ​មិន​ផ្តល់​តម្លៃ​គ្រប់​គ្រាន់​ឲ្យ​ស្ត្រី​ទេ។​ យើង​នៅ​តែ​មិន​ទាន់​ផ្តន្ទាទោស​ការ​រំលោភ​ផ្លូវ​ភេទឲ្យ​បាន​ខ្លាំង​ក្លា​ទេ។​ យើង​នៅ​តែ​រក​លេស។​ យើង​បែរ​មុខ​ចេញ។​ សារ​ទាំង​អស់​នេះ ​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ក្មេង​របស់​យើង​មាន​ការ​ភិត​ភ័យ»។

ពេល​នេះ​ ក្តី​សង្ឃឹម​គឺ​ថា​ នៅ​ថ្ងៃ​ណា​មួយ​ ស្ត្រី​គ្រប់​វ័យ​ទាំង​អស់​ នឹង​អាច​ដើរ​តាម​ផ្លូវ​ និងក្នុង​បរិវេណ​សាលា​របស់​សហរដ្ឋ​អាមេរិក​ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំង​អស់៕​

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG